បណ្ណសារចំណាត់ក្រុម៖ នីតិសាធារណ៖
នីតិរដ្ឋមនុញ្ញ នីតិរដ្ឋបាល នីតិហិរញ្ញវត្ថុសាធារណៈ នីតិអន្តរជាតិសាធារណៈ
រដ្ឋធម្មនុញ្ញថ្មីរបស់ហុងគ្រីកំពុងធ្វើឲ្យសហភាពអឺរ៉ុបព្រួយបារម្ភ
ប្រភព៖ RFI (http://www.khmer.rfi.fr/hungary-new-constitution-draws-concerns )
រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងបានទាមទារឲ្យគណៈកម្មការអឺរ៉ុបពិនិត្យមើលឡើងវិញ អំពីរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសហុងគ្រី ដែលអាចផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃចន្ទ ប្រជាជនហុងគ្រីប្រមាណជា ១០ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋធម្មនុញ្ញថ្មី ដែលគេយល់ថា កំពុងតែនាំហុងគ្រីទៅរករបបដឹកនាំបែបផ្តាច់ការ។
|
សេចក្តីរាយការណ៍របស់ សេង ឌីណា
04/01/2012 |
គណបក្សរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban ដែលបានឈ្នះឆ្នោតទទួលបានសំឡេងភាគច្រើន ២ភាគ៣ ក្នុងសភាហុងគ្រី កាលពីខែឧសភា ឆ្នាំ២០១០ បានរៀបចំសរសេររដ្ឋធម្មនុញ្ញថ្មី កាលពីខែមេសា ឆ្នាំ២០១១។ រដ្ឋធម្មនុញ្ញថ្មីនេះទើបនឹងចូលជាធរមាន កាលពីថ្ងៃទី១ មករា ២០១២កន្លងទៅនេះ។
នៅថ្ងៃចន្ទ ទី២ មករា នៅពេលដែលរដ្ឋាភិបាលកំពុងរៀបចំពិធីអបអរសាទររដ្ឋធម្មនុញ្ញថ្មី ក្រុមប្រឆាំងប្រមាណជិត ១០ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅក្នុងរដ្ឋធានីប៊ុយដាប៉ែស ដើម្បីប្រឆាំងនឹងរដ្ឋធម្មនុញ្ញថ្មី ដែលពួកគេយល់ថា កំពុងតែប្រែក្លាយហុងគ្រីឲ្យទៅជាប្រទេសផ្តាច់ការ ដោយបានកាត់បន្ថយអំណាចក្រុមប្រឹក្សាធម្មនុញ្ញ កាត់បន្ថយឯករាជ្យនៃប្រព័ន្ធតុលាការ ព្រមទាំងរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ។ អង្គការ Amnesty International រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ព្រមទាំងសហភាពអឺរ៉ុប ក៏ធ្លាប់បានរិះគន់រដ្ឋធម្មនុញ្ញថ្មីនៃដែរ។
កាលពីថ្ងៃអង្គារ ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសបារាំងបានទាមទារឲ្យគណៈកម្មការអឺរ៉ុប ធ្វើការត្រួតពិនិត្យមើលថា តើរដ្ឋធម្មនុញ្ញថ្មីរបស់ហុងគ្រីស្របនឹងគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់សហភាពអឺរ៉ុបដែរឬទេ? យោងតាមអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប នៅពេលនេះ គណៈកម្មការអឺរ៉ុបកំពុងតែធ្វើការសិក្សាលម្អិតលើរដ្ឋធម្មនុញ្ញថ្មីនេះហើយ។
គួរបញ្ជាក់ថា ហុងគ្រី គឺជាសមាជិកសហភាពអឺរ៉ុប។ កាលពីខែធ្នូកន្លងទៅនេះ ដោយសារតែភាពចម្រូងចម្រាសជុំវិញរដ្ឋធម្មនុញ្ញថ្មី គណៈកម្មការអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្រេចផ្អាកកិច្ចចរចាជាមួយរដ្ឋាភិបាលហុងគ្រី លើកញ្ចប់ថវិកាប្រមាណ ១៥ ទៅ២០ពាន់លានអឺរ៉ូ ដែលគេគ្រោងផ្តល់ឲ្យហុងគ្រី ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច៕












