តួសេចក្តីនៃសារណា

តួសេចក្តី ជាផ្នែកមួយកាន់តែមានសារសំខាន់ ព្រោះថាតូសេចក្តី ស្មេរត្រូវអធិប្បាយ ពន្យល់បំភ្លឺ ខ្លឹមសារ អត្ថន័យ រៀបរាប់សាច់រឿងលម្អិត ស៊ីជម្រៅ ។ នៅក្នុងតួសេចក្តីនេះ ស្មេរ លើកយក ទ្រឹស្តីដែលទាក់ទងនឹងប្រធានបទ មកបកស្រាយ ពន្យល់ លើកជាអំណះអំណាង មានទាំង ទស្សនកថា និង បដិទស្សនកថា រិះគន់ទស្សនៈ និងសំយោគទស្សនកថា   រួមទាំងវិធីសាស្រ្តអនុមានញែក អនុមានរួម ប្រកបដោយវិចារណកិច្ច និងតក្កវិជ្ជា។ លើសពីនេះទៅទៀត ស្មេរត្រូវដាក់បង្ហាញពីកិច្ចការស្រាវជ្រាវកើតចេញពីការធ្វើអង្កេត ធ្វើជាពិសោធន៍(ប្រសិនបើមាន) ដោយបង្ហាញលទ្ធផល​រួមទាំងការធ្វើវិភាគ ស្វែងរកមូលហេតុនៃបញ្ហា និងដំណោះស្រាយផងដែរ។

អាស្រ័យហេតុនេះ ការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ ច្បាស់លាស់ ទាមទារស្មេរធ្វើប្លង់លម្អិតឱ្យមានភាពប្រទាក់ ស៊ីសង្វាក់គ្នា ព្រមទាំងតក្កវិជ្ជាផង ។ ការប្រើប្រាស់ចំណងជើងជំពូក ផ្នែក កថាខណ្ឌ ក៏មិនត្រូវ ប្រើប្រាស់ពាក្យច្រំដែល ជាន់គ្នាដដែលៗ ផងដែរ។ 

ការរៀបចំប្លង់លម្អិតក្នុងតួសេចក្តី

ទម្រង់ប្លង់អាចមានរបៀបផ្សេងៗ អាស្រ័យដោយស្មេរមានចំណូលចិត្ត។ នេះជាទម្រង់ប្លង់ខ្លះៗ ។

ទម្រង់ទី១ ជាទម្រង់ ប្រើអក្សរ និងលេខ ( ជំពូក១ ផ្នែក១ កថាខណ្ឌ១ ក ខ )  ដូច្នេះ វាមាន      លក្ខណៈល្អម៉្យាងដែលអនុញ្ញាតឱ្យស្មេរធ្វើការបកស្រាយមិនមានការច្រឡំ និង ផ្តល់ដល់មិត្តអ្នកអានងាយយល់ និងងាយចាប់បាននូវខ្លឹមសារដោយងាយស្រួល និងចងចាំបាន។ 

ជំពូក១……………………………

 ផ្នែក១……………………

 កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក……………………………

ខ……………………………

ផ្នែក២……………………

កថាខណ្ឌ១…………………………

ក………………………………

ខ………………………………

កថាខណ្ឌ២……………………………

ក………………………………

ខ………………………………

ជំពូក២……………………………

ផ្នែក១……………………

កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក……………………………

ខ……………………………

 ផ្នែក២……………………

កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក…………………………

ខ…………………………

ទម្រង់ប្លង់ទី២ ជាទម្រង់ប្លង់មួយដែលប្រើលេខសុទ្ធសាធ ( ១., ១. ១, ១. ២, …) ដែលមានស្មេរជាច្រើនតែងតែប្រើប្រាស់វា។ ដោយសារតែវាប្រើប្រាស់លេខសុទ្ធទាំងអស់ ដូច្នេះ ទម្រង់នេះនាំឱ្យ មានគុណវិបត្តិមួយចំនួន គឺ វាធ្វើឱ្យស្មេរ និងអ្នកអានមានការច្រឡំ ភាំងភាន់ ពិបាកអាន និងនាំឱ្យម្ចាស់សំណេរងាយភាន់ណាស់ ។

ជំពូក១………………………………

១ ១…………………………

១ ១ ១……………

១ ១ ១ ១ ………………

១ ១ ១ ២………………

១ ១ ២……………

២ ១ ១ ១ ………………

២ ១ ១ ២………………

 

១ ២…………………………

២ ១ ១……………

២ ១ ១ ១ ………………

២ ១ ១ ២………………

២ ១ ២……………

២ ១ ២ ១ ………………

២ ១ ២ ២………………

ជំពូក២………………………………

២ ១…………………………

២ ១ ១……………

២ ១ ១ ១ ………………

២ ១ ១ ២………………

២ ១ ២……………

២ ១ ២ ១ ………………

២ ១ ២ ២………………

២ ២…………………………

២ ២ ១……………

២ ២ ១ ១ ………………

២ ២ ១ ២………………

២ ២ ២……………

២ ២ ២ ១ ………………

២ ២ ២ ២………………

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

សេចក្តីផ្តើមនៃសារណា

សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖

. លំនាំបញ្ហាៈប្រយោគប្រទាក់ (l’ accroche)  

លំនាំបញ្ហានេះ ជាប្រយោគសំដៅទាក់ទាញអ្នកអាន។  វាជាផ្លូវមួយនាំចូលទៅប្រធានបទនៃសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖

  • អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
  • យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
  • ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ អ្នកជំនាញឯកទេសពិសេសណាមួយ
  • ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។

២ ចំណូលបញ្ហាៈ

​          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude)  អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។

. ចំណោទបញ្ហាៈ (la problématique)

ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។

តើអ្វីទៅជាចំណោទបញ្ហា?

ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទ ហើយផ្តល់ជាអ័ក្ស ​ជាមុខព្រួញនៃការស្រាវជ្រាវ ហើយវាអនុញ្ញាតដល់ការបំភ្លឺ បញ្ជាក់នូវអំណះអំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។

ក. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈសមហេតុសមផលដែលបង្កើតជាការពិភាក្សា)

ខ. បង្កើតចំណោទបញ្ហា គឺបំផ្លែងប្រធានបទជាសំណួរ  មានន័យថាៈ

  • បំផ្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
  • ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​

. ប្រកាសប្លង់ៈ(l’annonce de plan)

ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ? ( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)។

កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) ឬ/និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។

លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។

 

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

 

ចំនុចសម្គាល់មួយចំនួនសម្រាប់សរសេរសារណា( Mémoire)

សារណា ជា ប្រភេទឯកសារមួយបែបជាកិច្ចការសំណេរដែលនិស្សិតបញ្ចប់ឆ្នាំសិក្សាចងក្រងរៀបរៀងតាក់តែងឡើង និងការពារ លើប្រធានបទមួយ ដើម្បីបញ្ជាក់ពីសមត្ថភាពចំណេះដឹងចំណេះធ្វើ ក្រោយពីពួកគេបានសិក្សាជាច្រើនឆ្នាំមក(បរិញ្ញាបត្រ ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ)  លើវិស័យណាមួយ ហើយត្រូវបានគណៈកម្មការពិនិត្យ វាយតម្លៃ ផ្តល់ជាពិន្ទុ និទ្ទេស សម្រាប់ផ្តល់សញ្ញាបត្រដល់និស្សិតដែលបានសិក្សាលើជំនាញ ឬកម្រិតណាមួយ។ សារណាមាន សារណាសម្រាប់កម្រិតបរិញ្ញាបត្រ និងសារណាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ។

.ប្រភេទសារណា

តើសារណាមានប្រភេទបែបណាខ្លះ?

. ១. គន្ថរចនាសារណា ( le mémoire-compilation)

និស្សិតជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវមួយ ដោយប្រមូលផ្តុំទៅលើចំនុចសំខាន់នៃទ្រឹស្តីដែលធ្វើការបកស្រាយទៅលើចំណោទបញ្ហា។ និស្សិតធ្វើការវិភាគនិងធ្វើការបង្ហាញបកស្រាយរិះគន់ ។ការខិតខំប្រឹងប្រែងរបស់និស្សិតផ្តោតទៅលើការបង្ហាញសមត្ថភាពយល់ដឹងពីការងារដែលពួកគេបានធ្វើ យល់ដឹងពីសញ្ញានីយការណ៍(ការដឹងដោយវិញ្ញាណ)នៃទស្សនៈផ្សេងៗ និងយល់ដឹងពីសិល្បៈនៃបទបង្ហាញពីស្ថានភាពលើការពិភាក្សាដោយបញ្ជាក់ពីឥរិយាបទផ្ទាល់ខ្លួន។

. ២. សារណាស្រាវជ្រាវ( le mémoire-recherche)

និស្សិត សិក្សា ស្រាវជ្រាវលើប្រធានបទថ្មីមួយ ឬ ប្រធានបទរុករកគំហើយខ្លះៗ ។ ប្រភេទសារណានេះ  តម្រូវឱ្យមានការដំណើរការធ្វើអង្កេតលក្ខណៈជាសារជាតិ ជានិច្ចកាល ជាការស្រាវជ្រាវសម្អាង   លើការពិសោធន៍ ។ និស្សិតត្រូវចុះទៅទីកន្លែងស្រាវជ្រាវផ្ទាល់ ។

. ៣. សារណាវិភាគលើបទពិសោធន៍( le mémoire-analyse d’éxpérences)

សារណាបែបនេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់នៅពេលដែលនិស្សិត​បានប្រតិបត្តិនូវកម្មសិក្សា  ឬក៏និស្សិតធ្លាប់មានបទពិសោធន៍ក្នុងសកម្មភាពការងារណាមួយ ។     សារណាប្រភេទនេះ សង្កត់ធ្ងន់ទៅលើការបង្ហាញពីបទពិសោធន៍​ ការធ្វើការវិភាគ ជានិច្ចកាលទៅលើការធ្វើការប្រៀបធៀបជាមួយការងារដែលមានសកម្មភាពស្រដៀងគ្នា ។ ជាញឹកញាប់ សារណាទម្រង់នេះ បើកច្រកទៅរកការតាក់តែងជាសំណើដោយផ្តល់ទៅលើការតាមដាន អង្កេត ហើយថែមទាំង តម្រង់ទិសទៅលើសកម្មភាពការងារ។

.តើយើងត្រូវជ្រើសរើសប្រភេទប្លង់ណាមួយ?

ប្លង់សារណាអាចប្រែប្រួលទៅតាមប្រធានសារណា ទៅតាមវិស័យនីមួយៗ ។ ប្លង់រៀបចំយ៉ាងណាឱ្យមានទំនាក់ទំនងនឹងប្រធាន ចំណោទបញ្ហា ។ ​នេះជាប្រភេទប្លង់មួយចំនួនដែលយើងអាចយកមកប្រើប្រាស់ៈ

ប្រភេទប្លង់ វិធីសាស្រ្ត
ប្លង់កាលប្រវត្តិវិជ្ជា ធ្វើការរៀបតាមកាលបរិច្ឆេទ តាមជំនាន់ សម័យកាលដោយរៀបចំឱ្យមានលក្ខណៈបញ្ជាក់យ៉ាងច្បាស់លាស់
ប្លង់តាមទិដ្ឋភាពនិងលក្ខណៈវិនិច្ឆ័យ ជម្រើសនៃជ្រុងមួយចំនួនដែលប្រធានបទខិតជិត នៅកៀកក្បែរ
ប្លង់បែបទស្សនៈ បង្ហាញរាល់ទស្សនៈ គំនិត យោបល់
ប្លង់ពណ៌នា ពណ៌នាតាមផ្នែកនីមួយៗ
ប្លង់ប្រៀបធៀប បង្ហាញភាពដូច និងភាពខុសគ្នា
ប្លង់ពិភាក្សា បញ្ជាក់ជា២ផ្នែកៈបញ្ជាក់ពី គំនិតស្រប និងគំនិតជំទាស់
ប្លង់វិចារវិទ្យា ពន្យល់ជា៣ផ្នែកៈទស្សនកថា បដិទស្សនកថា និង សំយោគទស្សនកថា
ប្លង់វិទ្យាសាស្រ្ត ហេតុការណ៍  សម្មតិកម្ម ការពិនិត្យផ្ទៀងផ្ទាត់សម្មតិកម្ម  ដំណោះស្រាយ
ប្លង់វេជ្ជវិនិច្ឆ័យ បញ្ហា វិភាគស្ថានភាព ស្រាវជ្រាវដំណោះស្រាយ និងធ្វើការសម្រេច
ប្លង់ (SOSRA) ស្ថានភាព សង្កេត អារម្មណ៍ ការគិតពិចារណា សកម្មភាព

ប្រភពៈEckenschwiller,M.,L’Ecrit universitaire,Les Editions d’Organisation, 1994,p47.

.ត្រូវជៀសវាងការប្រើប្រាស់ បុរិសសព្វនាមៈ  ខ្ញុំ   យើង   គេ

សំណេរ សារណា និក្ខេបទ ត្រូវតែ ប្រកាន់យក អបុគ្គលិកលក្ខណៈ មិនចំពោះនរណាម្នាក់ មិនមែនជារបស់នរណាម្នាក់ឡើយ

ការប្រើប្រាស់ បុរិសសព្វនាម ខ្ញុំ  វាហាក់ដូចជា ក្រអឺតក្រទម អំណួតអួតអាង និង មានលក្ខណៈ     មជ្ឈត្តិកៈ(ដែលគិត និយម ថា ខ្លួនជាអ្នកឆ្នើមក្នុងលោក)។ ម៉្យាងវិញទៀត  ការប្រើ ពាក្យ ខ្ញុំ នេះ វាពិតជាគ្រោះថ្នាក់ ពីព្រោះថា អ្នកសរសេរសារណា និក្ខេបទ ប្រឈមនឹងការបញ្ចូល ទាញយកគំនិត     ទស្សនៈ យោបល់របស់អ្នកដទៃដែលគំនិតទាំងនោះ វាមិនមែនជារបស់អ្នកសរសេរឡើយ វាជា សម្តី គំនិតដែលរៀមច្បង អ្នកសរសេរជំនាន់ចាស់ គេបានសរសេរទុក មុនអ្នកសរសេរទៅទៀត។

ការប្រើប្រាស់នូវ សព្វនាមបុរិសៈ យើង ក៍ត្រូវជៀសវាងផងដែរ ។

ពាក្យ គេ មានលក្ខណៈអបុគ្គលិកលក្ខណៈមែន តែវា ទូលំទូលាយណាស់ ​វាផ្តល់នូវចំណាប់អារម្មណ៍មួយដែលមានភាពមិនច្បាស់លាស់ ។

អាស្រ័យហេតុនេះ អ្នកសរសេរត្រូវជៀសវាង ការប្រើពាក្យ  ខ្ញុំ យើង គេ  ។

ឧទាហរណ៍ ឃ្លាត្រូវជៀសវាងៈ ខ្ញុំ​ (យើង) បានកំណត់ទំហំផ្ទៃដី៣ហិតា។

អ្នកត្រូវសរសេរៈ ទំហំផ្ទៃដីត្រូវបានកំណត់៣ហិតា។

 

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

 

បរមាធិប្បាយគតិយុត្ត

ប្រធានៈ ការទទួលខុសត្រូវតាមកិច្ចសន្យា និងការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

សេចក្តីផ្តើមៈ

ការទទួលខុសត្រូវតាមកិច្ចសន្យា ខុសពីការទទួលខុសត្រូវដោយអំពើអនីត្យានុកូល តាមគោលការណ៍របស់វានីមួយៗ ។    ចំពោះការទទួលខុសត្រូវ តាមកិច្ចសន្យា     ការជួសជុលសំណងការខូចខាតមានមូលហេតុកើតចេញពី ការមិនប្រតិបត្តិ​កាតព្វកិច្ចឬក៏ការប្រតិបត្តិមិនបានត្រឹមត្រូវនូវកាតព្វកិច្ចតាមកិច្ចសន្យា។ ចំណែកឯ ការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)វិញ សំណងជួសជុលព្យសនកម្ម មានមូលហេតុកើតចេញពីអត្ថិភាពនៃទោសកម្ម ឬក៏ឧបទោសកម្មដែលអនុញ្ញាតឱ្យជនរងគ្រោះទទួលបានសំណងជួសជុលព្យសនកម្ម។

         តើភាពខុសគ្នានៃប្រភពលើការទទួលខុសត្រូវនេះ នាំមកនូវការអនុវត្តនូវរបបគតិយុត្តខុសគ្នាឬយ៉ាងណា?

ទាក់ទងនឹងរឿងនេះ វាមានការពិភាក្សាដែលកើតចេញពី  គំនិតពីរក្រុម​គឺ ក្រុមឯកនិយម និងក្រុមទ្វេកនិយមដែលបានជំទាស់នឹងទ្រឹស្តីនាចុងសតវត្សទី១៩ រហូតដល់ ទសវត្ស៣០។​ ទ្រឹស្តីវិទូនៃក្រុមឯកនិយម បានសង្កត់ទៅលើ កាតព្វកិច្ចនីត្យានុកូលសម្រាប់ធ្វើជាសំណងជួសជុល ។ រីឯក្រុមទ្វេកនិយម ផ្អែកលើការជំទាស់នៃប្រភព គឺ ច្បាប់​និងកិច្ចសន្យា។

នៅទសវត្ស៣០ មានអ្នកនិពន្ធជាច្រើនបានផ្តល់ជាគំនិតនៃការធ្វើសំយោគដែលមានទស្សនៈដូចប្រព័ន្ធបច្ចុប្បន្ន។​ ប្រព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយ   ភាពខុសគ្នារវាងការទទួលខុសត្រូវតាម​កិច្ចសន្យា និងការទទួលខុសត្រូវដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)(ជំពូក១)។  ប៉ុន្តែ យើងមានការកត់សម្គាល់នូវភាពខុសគ្នាស្តួចស្តើងមួយចំនួន(ជំពូក២)។

តួសេចក្តី

ជំពូក១ៈ ការបញ្ជាក់ពីភាពខុសគ្នា

ផ្នែក១ៈ ខ្លឹមសារនៃភាពខុសគ្នា

កថាខណ្ឌ១ៈ ភាពខុសគ្នាក្នុងលក្ខខណ្ឌនៃការប្រតិបត្តិលើ  ការទទួលខុសត្រូវតាមកិច្ចសន្យានិងអំពើអនីត្យានុកូល

ក. ការដាក់កំហិតជាគោលការណ៍បង្ខំ ក្នុងរឿងកិច្ចសន្យា ប៉ុន្តែវាមិនចាំបាច់សម្រាប់រឿងនីតិបដិលោមការណ៍ទេ(អំពើអនីត្យានុកូល)។

ខ. ថិរវេលានៃអាជ្ញាយុកាល មិនដូចគ្នាជានិច្ចនោះទេ។

គ. ភស្តុតាង​មានលក្ខណៈងាយស្រួលក្នុងរឿងនីតិបដិលោមការណ៍(អំពើ​អនីត្យានុកូល)។   ​ប៉ុន្តែ វាខុសគ្នា ក្នុងរឿងកិច្ចសន្យា ដែល​ភស្តុតាងជា គតិយុត្តការណ៍​ ដោយសេរី ។

ឃ. ច្បាប់កើតថ្មី ត្រូវយកមកអនុវត្តភ្លាម    សម្រាប់ការទទួលខុសត្រូវ   នីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។ ចំណែកឯ​ការទទួលខុសត្រូវ តាមកិច្ចសន្យា វិញ ជា គោលការណ៍ វាមិនទាក់ទងទេ ។ វាទាក់ទងតែនឹងច្បាប់ណាដែលកិច្ចសន្យាបានបង្កើតឡើងនាពេលនោះ ។

ង. លក្ខណៈវិនិច្ឆ័យនៃ  ការទទួលខុសត្រូវតាមកិច្ចសន្យា ឬដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)​ អាចដើរតួនាទីនៅក្នុងការកំណត់នៃយុត្តាធិការ  សមត្ថភាពដោយនីតិជាតិ និងដោយនីតិអន្តរជាតិឯកជន។

លើសពីនេះទៅទៀត ចំពោះនីតិអន្តរជាតិឯកជននេះ វាត្រូវបានកំណត់ដោយច្បាប់អនុវត្តផងដែរ(loi applicable) ។

កថាខណ្ឌ២ៈភាពខុសគ្នាក្នុងអានុភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា និងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)

វាមានភាពខុសគ្នាបីដែលត្រូវគូសបញ្ជាក់ដោយឡែកពីគ្នាៈ

ក. អត្ថិភាពនៃទណ្ឌកម្មដោយឯកទេសកម្មកិច្ចសន្យា​( ការរំលាយកិច្ចសន្យាដោយការមិនប្រតិបត្តិកាតព្វកិច្ច (resolution pour inexécution) អញ្ញត្រកម្មនៃការមិនប្រតិបត្តិកាតព្វកិច្ច (exception d’inexécution ) ការកែ លស់កិច្ចសន្យា (réfaction du contrat ) ដោយចៅក្រម។

ខ. អលទ្ធភាពលើការជួសជុលព្យសនកម្មមិនបានដឹងជាមុន (le dommage imprévisible) ក្នុងរឿងកិច្ចសន្យា។

គ. អប្រសិទ្ធិភាពនៃប្រការ(ខ) ព្រមព្រៀង ឬ ប្រការ(ខ)កម្រិតលើការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ផ្នែក២ៈ ការដាក់ការប្រតិបត្តិនៃភាពខុសគ្នា

កថាខណ្ឌ១ៈ វិធាននៃការមិនត្រួតគ្នាលើការទទួលខុសត្រូវ

ក. វិធាននៃការមិនត្រួតគ្នា   លើការទទួលខុសត្រូវ មានន័យទី១គឺ  យើងមិនអាចប្រមូលផ្តុំ បញ្ចូលគ្នា នូវវិធានទាំងឡាយសម្រាប់ការទទួលខុសត្រូវទាំងពីរបានទេ។​ ដូច្នេះ ជាលក្ខណៈបញ្ជា យើងត្រូវជ្រើសរើស វិធានណាមួយ មកអនុវត្ត​ ឬមួយវិធាននៃការទទួលខុសត្រូវតាមកិច្ចសន្យា​ឬមួយវិធាននៃ

ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ខ. ម៉្យាងវិញទៀត សាលាវិនិច្ឆ័យ បានធ្វើការសម្រេចថា វិធានមិនត្រួតគ្នាមានវិបាក(អានុភាព)សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល) ដាច់ដោយឡែក ចេញពី កំហុសដែលត្រូវបានប្រពឹត្តក្នុងការប្រតិបត្តិកាតព្វកិច្ចដែលបានកើតចេញពីកិច្ចសន្យា។

កថាខណ្ឌ២ៈ វិបាក(អានុភាព)នៃវិធានៈ ភាពចាំបាច់នៃការកំណត់យ៉ាងច្បាស់លាស់ពីវិសាលភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា

ដើម្បីស្គាល់នូវដែនកំណត់នៃការអនុវត្តលើការទទួលខុសត្រូវតាមកិច្ចសន្យា ​យើងត្រូវផ្តល់ជាខ្លឹមសារនៃវិសាលភាពកិច្ចសន្យា។នៅក្នុងរឿងនេះ យើងត្រូវត្រួតពិនិត្យ យ៉ាងពិតជាដោយឡែកៈ

ក. កិច្ចសន្យាមួយត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ( សំណួរនៃបុរេកិច្ចសន្យា)

ខ. យើងមានវត្តមាននៃកាតព្វកិច្ចតាមកិច្ចសន្យា(​យុត្តិសាស្រ្តបានបង្កើននូវចំនួនកាតព្វកិច្ចដែលជាបន្ទុករបស់អ្នកវិជ្ជាជីវៈ(អ្នកមានជំនាញ មុខរបរ) ។

គ. ការមិនប្រតិបត្តិកាតព្វកិច្ចមិនអាចដាក់ទោសលើកូនបំណុល​ ហើយ​ជាការដាក់ទណ្ឌកម្មដល់ម្ចាស់បំណុល( បញ្ហាលើអានុភាពមិនដាច់ខាតនៃកិច្ចសន្យា)។

ជំពូក២ៈ ភាពស្តួចស្តើងនៃការខុសគ្នា

ផ្នែក១ៈ ការដាក់ជាចំណោទលើភាពសមហេតុផលនៃការខុសគ្នា

កថាខណ្ឌ១ៈ ភាពដូចគ្នានៃលក្ខខណ្ឌប្រតិបត្តិ

ក. សរព័ន(បណ្តុំ)នៃកំហុស​ជាធម្មតា ត្រូវយកមកគិត ទោះបីមានកម្រិតនៃទំងន់របស់វាយ៉ាងណាក៏ដោយ។

ខ. សំណងជួសជុលលើព្យសនកម្មផ្លូវចិត្ត​ត្រូវបានទទួលយក​ក្នុងរឿងកិច្ចសន្យា​ក៏ដូចក្នុងរឿងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

គ. ចំណងហេតុផល​ត្រូវបានដឹង​ដោយវេទយិតភាព(ដោយងាយនឹងចាប់អារម្មណ៍)ដូចគ្នាសុទ្ធសាធ ក្នុងប្រភេទទាំងពីរនៃការទទួលខុសត្រូវ។

កថាខណ្ឌ២ៈ ភាពដូចគ្នាក្នុងអានុភាព

ជាបឋមយើងអាចធ្វើការកត់សម្គាល់ថា គោលការណ៍នៃសំណងជួសជុលទាំងស្រុងលើការខូចខាត  ត្រូវបានអនុវត្តលើប្រភេទណាមួយនៃការទទួលខុសត្រូវ។

ជាសរុប វាមានអត្ថិភាពនៃនីតិរួមនៃការទទួលខុសត្រូវរដ្ឋប្បវេណីដែលត្រូវពង្រឹង និងភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវ ស្ថិតជាអាថ៌កំបាំង មើលមិនឃើញ ងងឹតសូន្យ ។

ផ្នែក២ៈ ការផ្លាស់ប្តូរនៃភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ

បំលាស់ទីកន្លែងដែលត្រូវបានចោទប្រកាន់ តិចឬច្រើននៃភាពខុសគ្នារវាងការទទួលខុសត្រូវទាំងពីរ ជាលក្ខណៈរួមចំពោះរបបពិសេសនៃការទទួលខុសត្រូវ។​យើងអាចផ្តល់ជាឧទាហរណ៍ពីរៈ

កថាខណ្ឌ១ៈ. ច្បាប់បារាំងឆ្នាំ១៩៨៥ស្តីពីគ្រោះថ្នាក់ចរាចរណ៍

ច្បាប់ត្រូវយកមកអនុវត្ត គឺច្បាប់នេះ ទោះបី បុគ្គលត្រួវបានដឹកជញ្ជូនតាមរយៈកិច្ចសន្យាក៏ដោយ។

កថាខណ្ឌ២ៈបទបញ្ជាសហភាពអ៊ឺរ៉ុប ស្តីពីផលិតផលគ្រោះថ្នាក់

មាត្រា១​នៃបទបញ្ជាចុះថ្ងៃទី២៥ កក្កដាឆ្នាំ១៩៨៥ ទាក់ទងនឹងការទទួលខុសត្រូវនៃផលិតផលគ្រោះថ្នាក់បានបញ្ញត្តថាៈផលិករ​ត្រូវទទួលខុសត្រូវលើព្យសនកម្មដែលបានបង្កឡើងដោយផលិតផលរបស់គេ។

ដូច្នេះ ភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវបានដឹង ធ្វើការកំណត់បែងចែកនោះទេ។

បទបញ្ជាសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ចូលទៅក្នុងនីតិជាតិផងដែរ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

កូនអើយកូនម៉ែ កូនត្រូវតែខំសិក្សា !

បទជាប់ទង

ដំបូកខ្ពស់ ព្រោះកណ្តៀរ វាពូនដី
កកើតថ្មី បីកន្លែង កែងផ្ទះចាស់
អែបសសរ តកន្ទុយ រុយសុំខ្មាស
មីរដេរដាស់ ប៉ះជញ្ជាំង ផ្ទាំងសិលា។

ទឹកស្រក់តត់ ដក់ពេញព្រៀប ជ្រាបបំពង់
ក្ងោកឆោមយង់ លង់សម្ផស្ស គាស់ចិន្តា
ស្រមោចពាំ នាំអង្ករ ចរយាត្រា
មិនសង្កា ថាមិនអត់ ខ្សត់ទ្រព្យា ។

បុត្រប្រុសស្រី ខ្មីឃ្មាតខំ ដំលត់ខ្លួន
កុំលាក់ពួន ស្ងួនម៉ែសុំ កុំរេរា
ខំរៀនសូត្រ ស្មូតអានចាប់ ស្តាប់គ្រប់គ្នា
រាល់វេលា ជាឱកាស ច្បាស់មិនសូន្យ ។

ពៅមាសម៉ុម សុំតែគិត ស្និទ្ធសិក្សា
ត្រូវឧស្សាហ៍ ចារត្រងត្រាប់ ស្តាប់ណាកូន
វិជ្ជាទ្រព្យ គាប់ផងគ្នា វាជាក្បូន
ដាក់សណ្តូន ប្អូនចំលង ចងជាស្ពាន ។

ចាប់ចំណេះ ចេះនិយាយ ទាយឱ្យច្បាស់
ភ្លឺស្រឡះ ដាស់អារម្មណ៍ ខំខិតរៀន
យកពុទ្ធិ រិះគិតស្តាប់ ប្រាប់ជាទាន
កើនវាល់លាន មានជាទ្រព្យ គាប់ជានិច្ច ។

ចូរកូនអើយ កើយស្នាលស្និទ្ធ ជិតស្រមោច
ទ្រព្យមិនដោច ហោចកណ្តៀរ វារមិនគេច
កុំជាន់ស្នាម តាមសត្វរៃ ព្រៃកើតលិច
ការណ៍រំលេច ពេជ្រពន្លឺ ភ្លឺចែងចាំង ។

ការណ៍ = ទង្វើ ខិតខំ ព្យាយាម រៀនសូត្រ

AAAAAAAAAAAAAAAAAsdfffgdgdaghhghg

ចូរប្អូនជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវជាងគេហើយដែលត្រូវនឹងសំណួរខាងក្រោមនេះ ៖

 

. កំហុសកិច្ចសន្យា ជាកំហុសដែលប្រព្រឹត្តៈ

ក/ ដោយកូនបំណុលជាប់កិច្ចសន្យា​ ក្នុងការប្រតិបត្តិកាតព្វកិច្ច

ខ/ ដោយបុគ្គលម្នាក់​ ឬ ដោយតតិយជន ឬដោយភាគី ដែលមានទំនាក់ទំនងជាមួយកិច្ចសន្យា

គ/ ក្នុងពេលចុះកិច្ចសន្យា

 

. ការរលុបប្រតិសកម្ម ( l’effacement rétroactif) នៃកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាមានសុពលភាព ហើយការរលុបនោះកើតមានដោយសារការមិនប្រតិបត្តិនៃតាវកាលិកដោយភាគីណាមួយ   វាទាក់ទងនឹងៈ

ក/ ការបដិសេធនៃកិច្ចសន្យា( la résiliation du contrat)

ខ/ ការរំលាយកិច្ចសន្យា( la résolution du contrat)

គ/ មោឃភាពនៃកិច្ចសន្យា( la nullité absolue du contrat)

ឃ/ ការលុបចោលនៃកិច្ចសន្យា( la nullité relative du contrat)

 

. លោកស្រី ភី ធានី ជាមេធាវី នៃក្រុមមេធាវី ចម្រើនសិទ្ធិ មិនបានប្រតិបត្តិនូវកិច្ចនីតិវិធីមួយដែលមានសារៈសំខាន់។ ក្រោយពីចាញ់ក្តីមក អតិថិជនរបស់លោកស្រី អាចទទួលបានជា សំណងព្យសនកម្ម ដែរឬទេ?

ក/ ពិតហើយ ទទួលបានសំណង

ខ/ មិនពិតទេ មិនទទួលបានសំណងទេ

 

. កំសត់ ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ។ ចារីបង្កហេតុ និងជនរងគ្រោះបានធ្វើជា   កិច្ចសម្រុះសម្រួលមួយ ដោយកំសត់ព្រមទទួលយកនូវសំណងព្យសនកម្មយ៉ាងរហ័ស  ដោយទទួលយកនូវចំនួនទឹកប្រាក់ស្តួចស្តើង។ ពីរ បី ខែក្រោយមក កំសត់ ធ្វើការតវ៉ាបដិសេធៈ

 

ក/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ា ដោយមូលហេតុការភាន់ច្រឡំនីតិ ឬដោយមូលហេតុហិតវិបរិត

ខ/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ាដោយមូលហេតុ ការបន្លំបោកប្រាស់ ឬដោយមូលហេតុនៃ

ការភាន់ច្រឡំលើកម្មវត្ថុនៃបណ្តឹង។

គ/ កិច្ចសម្រុះសម្រួលមិនអាចតវ៉ាបានទេ

ឃ/ កិច្ចសម្រុះសម្រួលមិនមានតម្លៃគតិយុត្តទេ

 

សំណួររៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

សាទរខួបទី៦២ ទិវាបុណ្យឯករាជ្យជាតិ

បទពាក្យ ៨

ថ្ងៃប្រាំបួន វិច្ឆិកា ថ្ងៃបុណ្យជាតិ

ញាតិព្រោងព្រាត ចូលរួម យ៉ាងកុះករ

ខួបហុកពីរ រីករាយ និងអបអរ

ថ្ងៃបវរ  សុខសាន្ត ជូនប្រជា។

ក្រោមមេឃខៀវ ជំនោរ ពពកផាត់

នាំរសាត់ រសាយ ជ័យទិវា

មហាជន មន្រ្តី  ជួបជុំគ្នា

មិត្តមីងមា ញញឹម សែនសប្បាយ។

ឮសម្លេង សូរសៀង ក្រុមត្រែទ័ព

ផ្លុំយ៉ាងជាប់ រន្ទឺ ឮសព្វសាយ

ពង្សាវតា ចម្រៀង    ខ្មែរបរិយាយ

ជនទាំងឡាយ ចងចាំ ជាប់ចិន្តា។

ព៌ណប៉េងប៉ោង ចម្រុះ ក្រហមស

ក្រងលម្អ    មានទាំង កម្រងផ្កា

បក្សាព្រាប  ឈ្មោលញី ក្នុងហត្ថា

ប៉ងប្រាថ្នា សុំសុខ សាន្តសួស្តី។

ព្រះមហា ក្សត្រយាង   អុជទៀនជ័យ

ថ្ងៃប្រពៃ ឧត្តម នាំសេរី

ចូលមានដល់ ប្រជា ទាំងប្រុសស្រី

ផ្តល់រស្មី ចាំចែង ភ្លឺពណ្ណរាយ។

ក្រោមសម្លេង ពីរោះ សូរសំនៀង

រងំសៀង វង់ភ័ក្រ្ត ស្រស់ពព្រាយ

សំណុំផ្តុំ  ប៉េងប៉ោង  សត្វព្រាបលាយ

ចាប់ពង្រាយ បង្ហោះ លើវេហា។

ក្រោមជំនោរ ខ្យល់បក់ ពីខាងជើង

ទៀនជ័យភ្លើង ភ្លឺជះ  រន្ទាលផ្កា

ប៉ោងប៉េងហោះ ត្រដែត នាំអក្ខរា

ដែលបានចារ ខ្លឹមសារ ជ័យមង្គល។

០៩ វិច្ឆិកា ២០១៥

IMG_0286

ជើងទំព័រ ( footnote / base de page )

បទពាក្យ ៩

មើលជើងមេឃ រែងរលឹក នឹករំពៃ
ដើរជើងព្រៃ រៃវាយំ ឃ្មុំក្រេបផ្កា
មើលជើងភ្នំ នឹកស្រណោះ វង់ភក្រ្តា
ស្រស់ជីវ៉ា ផ្កាព្រឹក្សព្រៃ បណ្តូលចិត្ត។

គន់ជើងសក់ ដក់អារម្មណ៍ គយជើងធ្មេញ
រត់រមេញ ពេញផូរផង់ ចង់ផ្តេកផ្តិត
មើលទៅជើង សែនស្រឡូន ប៉ងស្នេហ៍ស្និទ្ធ
ចង់ប្រកិត ប្រកៀកប្រាណ ក្សាន្តចិន្តា។

ទោះបីជើង ស្រស់នឹមនួន ពៅជើងកែក
បងមិនបែក បែរហប្ញទ័យ ណាកនិដ្ឋា
ជើងស្តាំអូន ជាជើងខើច យ៉ាងម្តេចម្តា
បងសន្យា ស្មោះស្ម័គ្រពិត ឥតកែប្រែ។
បងស្រមៃ កាលថ្ងៃមួយ ត្រួយពន្លក
ចំឆ្នាំវក ពៅខឹងបង ចិត្តមិនល្ហែ
ពៅចាប់ទាញ ហោជើងខែក បងអៀនបែរ
ឱ!មាសស្នេហ៍ ម្ចាស់ចិត្តបង មួយជីវិត។

នឹកអាឡោះ សែនអាល័យ កាលជួបជុំ
អំពិលទុំ និងទឹកត្រី ឈ្ងុយឆ្ងាញ់ពិត
ឆីជើងមាន់ ទាជើងជ្រូក ដាក់នៅជិត
ស្រស់មាសមិត្ត យើងស្នាលស្និទ្ធ រួមភក្តី។

ខ្យល់ពីជើង ទ្រើងននោង យោងផ្លែផ្កា
កែវជីវ៉ា ស្រែកប្រាប់បង កាលរាត្រី
ជើងមុងផើត ជំនោរធ្លាក់ លាក់ប្រាណស្រី
ឆោមពិសី ផ្តើមផ្តោះផ្តង ផ្តួចប្តូរផ្តាច់។

ពិតមែនណាស់ ច្បាស់យ៉ាងជាក់ ទាក់គំនិត
មិនប្រឌិត ពិតពេកពន់ ចងជាបាច់
ផ្តើមសរសេរ ស្មេរកុំស្មុគ្រ កុំកែកាច់
ត្បាញជាសាច់ បញ្ចូលន័យ ក្លែបខ្លឹមសារ។

ចារចាប់ចង ជាសំណេរ ដេរសំណៅ
កំណត់ដៅ ជាអត្ថបទ គ្រប់ប្រការ
ការស្រាវជ្រាវ និក្ខេបទ ឬសារណា
ពិតប្រាថ្នា ជើងទំព័រ (footnote/ pied de page ) ជាមិនខាន។

ដាក់ហ្វូតណត (footnote/ pied de page ) ថតប្រភព ឆ្នាំនិពន្ធ
ឈ្មោះប្រាជ្ញជន ម្ចាស់សំណេរ ត្រូវប្រមាណ
ថែមពន្យល់ គូសបញ្ជាក់ ន័យឱ្យបាន
ទើបក្សេមក្សាន្ត តាមក្រមក្រឹត្យ ន័យសេចក្តី ។

មិត្តអើយមិត្ត ចូរមិត្តចាំ មិត្តទាំងឡាយ
ពេលអធិប្បាយ ពិភាក្សា បញ្ហាអ្វី
អ្នកកុំភ្លេច ជើងទំព័រ ចែងសម្តី
ជារស្មី ពិតប្រពៃ យ៉ាងប្រត្យក្ស។

CCCCCCCCMS-Word-Adding-Footnotes-to-a-Page-2 (2)

ប្រភពរូបភាពៈ

http://www.technicalcommunicationcenter.com/

ការវិភាគ

បទពាក្យ ៩

ស្តៅម្កាក់ខ្វិត ល្វីងជូរចត់ ជារសជាតិ
ខ្ទឹមរមៀត ធាតុផ្សំគ្រឿង រសសម្ល
ចិត្តមនុស្ស ពិតខុសគ្នា មានខ្មៅស
អាក្រក់ល្អ ខ្លះស្មោះស ខ្លះវៀចវេរ។

ខ្លាដំរី កាចនិងស្លូត ពស់មានពិស
ជ្រៃចាក់ប្ញស ជ្រែករុក្ខា ដើមជាមេ
សុនកឈ្មោល សុនខីញី ម្ចាស់កុំជេរ
ភ្នែកវារេ ខំសម្លឹង ចាំយាមផ្ទះ។

ខែចេត្រក្តៅ ក្រៅហួតហែង ស្តែងយ៉ាងជាក់
កត្តិកធ្លាក់ ញាក់រងា ទល់ថ្ងៃរះ
វស្សាផ្គរ លាន់គគ្រឹក រន្ទះជះ
ចាប់ពន្លះ មេឃងងឹត ធ្លាក់ទឹកភ្លៀង។

ម្លិះចំប៉ា គន្ធក្រអូប គួរចាប់ចិត្ត
មិនស្នេហ៍ស្និទ្ធ ដិតវលិ៍្លផោម ចោមត្រួយល្ងៀង
ព្រលឹតទង គងរំចង់ ជ្រៀតកណ្តៀង
ចិត្តមានល្អៀង ផ្អៀងទេរទន់ ស្អប់ស្រលាញ់។

យ៉ាងណាមិញ ការវិភាគ ញែកខ្លឹមសារ
ចារអក្ខរា គិតចាប់ចង ដេញប្រមាញ់
មើលឱ្យជាក់ វគ្គសេចក្តី កុំគ្នាន់ក្នាញ់
ចង់ឈ្នះចាញ់ មិត្តឯងអញ រេទេរចិត្ត។

ការកំណត់ ចែកអត្ថន័យ សឬខ្មៅ
គូសចាប់ដៅ ក្រៅឬក្នុង ធូរឬស្អិត
គុណសម្បត្តិ ចរិយា ចិន្តាស្និទ្ធ
កុំកៀកកិត យកអារម្មណ៍ ជាមូលដ្ឋាន។

គុណវិបត្តិ ពិតខ្វះខាត ប្រាកដមាន
អ្នកស្មេរស្មៀន ចេះលៃលក កុំគិតស្មាន
ត្រូវគិតគូរ លើកសម្អាង បង្ហាញដាន
កុំឱ្យខាន គិតឱ្យសព្វ គ្រប់ទិសទី។

ធ្វើវិភាគ លើបញ្ហា គ្រប់ចំណោទ
ត្រូវពិសោធន៍ ផ្ចង់ពិនិត្យ គិតសំភី
ក្រុមវិភាគ ពិតជាមាន ទម្រង់ពីរ
វិភាគី អាចចាប់យក បែបគុណភាព ( qualitative) ។

ទម្រង់នេះ ( qualitative) ដែលសំដៅ ដៅជាគ្នា
ការពណ៌នា ធ្វើសម្ភាសន៍ គិតប្រៀបធៀប
ចាប់អង្កេត ដំណើររឿង ធំខ្ពស់ទាប
យើងត្រូវជ្រាប គិតថ្លឹងថ្លែង ឱ្យហ្មត់ហ្មង។

ទិន្នន័យ ដែលប្រមូល វាស់មិនបាន
គិតប្រមាណ ជាលទ្ធផល បានចងក្រង
គិតគុណគូរ គណនា វិភាគផង
ធ្វើកម្រង វាយតម្លៃ ជាផ្លែផ្កា។

ពហិភាព ក្លិនសម្ផស្ស ពណ៌រសជាតិ
ជាសារធាតុ ត្រូវវែកញែក ន័យខ្លឹមសារ
ប្រុងប្រយ័ត្ន មិនប្រហែស ខំសិក្សា
ពិចារណា រាល់កិច្ចការ យ៉ាងជឿជាក់។
ចំណែកឯ បែបបរិមាណ ( quantitative) ផ្តោតទៅលើ
រាល់ទង្វើ រាប់ចំនួន បូកប្រទាក់
ដកគុណចែក ធៀបផ្គូរផ្គង គងជាវគ្គ
ធ្វើជាធ្នាក់ គិតត្រិះរិះ បរិយាយ។
ទិន្នន័យ អាចវាស់បាន មានប្រវែង
ចារចងចែង ល្បឿនទម្ងន់ អធិប្បាយ
កម្ពស់ថ្លៃ អាយុពេល អភិប្រាយ
ផ្ទៃទាំងឡាយ សញ្ជឹងគិត ឱ្យហ្មត់ចត់។

ការសន្និដ្ឋាន យើងកុំស្មាន ត្រូវសំអាង
ជាពស្តុតាង ពិតតឹកតាង ជាកំណត់
ដាក់ហ្វូតណត (footnote) នៅខាងក្រោម ជាបែបបទ
វាជាផ្នត់ ចន្ទល់ផ្អែក ទប់មាំពិត។

ទីអវសាន មិនត្រូវភ្លេច ត្រូវចងចាំ
ជាចំណាំ គន្ថនិទ្ទេស ( references)ណាមាសមិត្ត
ដាក់ជានិច្ច ភ្ជាប់ជាមួយ ចងរួមរឹត
កុំប្រឌិត នាំហ្មងសៅ ដល់សំណេរ។

AAAAAproblem-67054_640

ប្រភពរូបភាពៈ https://pixabay.com/

រីករាយ ទិវាសិទ្ធិកុមារ

បទពាក្យ ៨

ស្លឹកឈើទុំ រុះរោយ តាមធម្មជាតិ
ចាកចោលឃ្លាត រាត់រាយ ធ្លាក់ពាសដី
ប្រួលប្រែពណ៌ សម្បុរ ចាស់ផ្លាស់ថ្មី
អាប់រស្មី លែងខ្ចី ដល់វេលា ។

ឬស្សីងាប់ ទំពាំង ដុះជំនួស
ចូលមកជួស បន្ត ដើមជរា
ប្អូនប្រុសស្រី កុមារ ស្នងគ្រប់គ្នា
ជាតិទាមទារ ពង្រឹង ខ្លឹមឱ្យបាន ។

ពិតមែនហើយ យើងជា យុវជន
ចេះទន់ភ្លន់ រាបសារ លំឱនប្រាណ
រួមសាមគ្គី ពួតដៃ រស់សុខសាន្ត
ញាតិសន្តាន រាប់អាន ចងជាមិត្ត។

ក្រឡេកមើល ប្អូនៗ ជាកុមារ
មានវាសនា រស់រាន និងមានសិទ្ធិ
ច្បាប់មាត្រា ចងចារ មិនប្រឌិត
ថ្លែងគំនិត មតិ តាមឆន្ទៈ។

ដល់អាយុ ប្រាំមួយ ឆ្នាំចូលរៀន
ច្បាប់ប្រទាន ថ្លៃថ្លា យ៉ាងជឿជាក់
ចូលសិក្សា មិនបង់ ថ្លៃជាធ្នាក់
ទីពំនាក់ ចំណេះ ជាមូលដ្ឋាន ។

សិទ្ធិទទួល បាននូវ ការអប់រំ
មានទ្រនំ ជម្រក សុខក្សេមក្សាន្ត
សិទ្ធិការពារ ទង្វើ ទាំងប៉ុន្មាន
ច្បាប់មិនស្មាន ដាក់ទោស ទណ្ឌឡើយណា ។

ក្មេងអាយុ តិចជាង ដប់បួនឆ្នាំ
ត្រូវចងចាំ ទង្វើ គ្រប់អាត្មា
បក្កភាព មិនបាន ចែងមាត្រា
សន្មតថា កុមារ គ្មានទោសឡើយ ។

រាល់ទង្វើ កើតចេញ ពីក្មេងក្មាង
មានភស្តុតាង បង្អែក ជាខ្នល់ខ្នើយ
ឳពុកម្តាយ ជាអ្នក ចាំឆ្លងឆ្លើយ
ចំលងត្រើយ ជួសជុល ជាសំណង ។

ពីដប់បួន តិចជាង ដប់ប្រាំបី
ប្អូនប្រុសស្រី ចំនង ចាប់ជាប់ចង
មានសាមគ្គី ជាមួយ ម៉ែឪផង
ចូលរួមសង រួមគ្នា ជំងឺចិត្ត។

បើមានទោស ព្រហ្មទណ្ឌ ជាប់ជាមួយ
រឿងភ័យព្រួយ ដាក់គុក ចូលកៀកកិត
ពន្ធនាគារ មិនមាន ដាក់ទោសក្រិត
អប់រំស្និទ្ធ កែប្រែ ក្នុងមណ្ឌល ។

សូមចូលរួម អបអរ សាទរក្រៃ
ប្អូនថ្លើមថ្លៃ កុមារ ស្រស់និមល
មិថុនា ទីមួយ មិនរវល់
បាត់អំពល់ មិនខ្វល់ សែនរីករាយ ។

Childrens-Day-celebration -4pendulo.org

ប្រភពរូបភាពៈ pendulo.org

សាទរទិវាពលកម្មអន្តរជាតិ

បទពាក្យ១០

ឧសភា ទីមួយ ទិវា បុណ្យពលកម្ម
ប្រតិទិន ចារចាំ កត់ត្រា សិទ្ធិសេរី
ថ្ងៃសម្រាក ការងារ បងប្អូន ទាំងប្រុសស្រី
និយោជិត ចាស់ថ្មី រួមទាំង កម្មករផង។

ការងាររដ្ឋ ឯកជន ក្រុមហ៊ុន និងរោងចក្រ
បុគ្គលិក គ្រប់ថ្នាក់ ក្រុងខេត្ត លែងសៅហ្មង
សែនសប្បាយ រីករាយ អនេក ពេកកន្លង
មានមិត្តភក្រ្ត ប្អូនបង ត្រេកអរ ថ្ងៃលំហែ។

ខ្លះជួបជុំ ញាតិមិត្ត គូកន ដើរកំសាន្ត
កំពង់សោម ល្ហើយប្រាណ ឆ្នេរកែប សែនជាប់ស្នេហ៍
ភ្នំបូកគោ ពពក វិលវល់ មេឃប្រួលប្រែ
ទន់ស្រទំ ផងដែរ ស្រិបស្រួល មនោរម្យ។

មួយថ្ងៃឈប់ ស្រាកស្រាន្ត ធូរស្បើយ បានមួយរយៈ
ស្អែកការកិច្ច ចាប់ទាក់ វក់វី ពូនផ្តុំជ្រំ
ទាំងព្រឹកល្ងាច ខ្លះយប់ រសៀល មូលមីរជុំ
កាលរាត្រី ប្រោះព្រំ កំលាំង សម្រាប់ស្អែក។

ខំបញ្ចេញ ញើសឈាម ថ្នល់ថ្នូរ ជាមួយប្រាក់
ខំពុះពារ សស្រាក់ សស្រាំ គិតបែងចែក
រឿងជីវិត ក្រពះ កូនចៅ ដែលពឹងផ្អែក
មិនប្រកាន់ ប្រកែក ការងារ ទាបថោកឡើយ ។

ទាំងការងារ ខ្ពស់ទាប ជ្រាបតាម ក្រមក្រឹត្យច្បាប់
មាត្រាចង រ៉ាយរ៉ាប់ សព្ទសារ មិនកន្តើយ
និយោជិត កម្មករ មានសិទ្ធិ បានល្ហែល្ហើយ
ក្រមការងារ ជាត្រើយ កល់កើយ ស្វែងរកសិទ្ធិ។

មានជំលោះ ត្រូវដោះ ស្រាយស្រស់ ដោយប្រត្យក្ស
រឿងវិវាទ ទងទាក់ ចៅហ្វាយ និយោជិត
ចំណងកិច្ច សន្យា ការកិច្ច និងប្រាក់ពិត
មើលមាត្រា ត្រូវគិត សញ្ជឹង ឱ្យបានច្បាស់។

សេរីភាព កូដកម្ម ឡុកអៅ (lock out) មាតុភាព
សហជីព ថែមទៀត បង្កើត មិនក្រឡាស់
សមាគម ចូលរួម មូលផ្តុំ មិត្តថ្មីចាស់
អនុញ្ញាត ប្រកាស ផ្តល់សិទ្ធិ ជូនប្រជា។

ទិវាបុណ្យ ការងារ ពលកម្ម អន្តរជាតិ
មិត្តកម្មករ ព្រោងព្រាត សាទរ ថ្ងៃវេលា
ទិវានេះ ពិតមាន ឆ្នាំក្រោយ រៀងគ្រប់គ្រា
និយោជិត ផងគ្នា កម្មករ សែនរីករាយ ។

International-Labor-Day-2015-2

ប្រភពរូបភាព ៈ www.totalhangout.com

សិទ្ធិបញ្ចាំ

បទពាក្យ ៨

អាកាសធាតុត្រជាក់ក្តៅរងា
ប្តូរវេលាប្រួលប្រែតាមរដូវ
ចិត្តមនុស្សប្រែប្រួលថាមិនត្រូវ
ញាតិឥឡូវផ្លាស់ប្តូរចិត្តមិនទៀង។

ប្រតិព័ទ្ធចង់ចាប់ភ្ជាប់ស្នេហា
រូបជីវ៉ាចាំចិត្តជាប់កុំល្អៀង
ស្មោះភក្តីសុចរិតកុំវេរវៀង
មើលកុំដៀងសម្លឹង ភក្រ្តឱ្យចំ។

ជាភស្តុតាងតំណាងទំនុកចិត្ត
ស្ម័គ្រកៀកកិតស្នេហ៍ស្និទ្ធហត្ថប្រណម
ពាក់ចិញ្ចៀនប្រទានមិនបង្ខំ
តាមក្រឹត្យក្រមទំនៀមលោកមេបា ។

តទៅមុខពៅបងមិនបែកបែរ
ចាំឆ្នាំខែវេលាយើងរៀបការ
បងប្អូនញាតិសន្តានបាចផ្កាស្លា
សាងវាសនាជីវិតពិតសុខសាន្ត។

យ៉ាងណាមិញវត្ថុដាក់បញ្ចាំ
ថ្ងៃខែឆ្នាំព្រមព្រៀងកកើតបាន
តាមសន្យាឆន្ទៈសុខសាន្តត្រាណ
គ្មានរំខានឆបោកភាន់ច្រឡំ។

វិការៈទាំងឡាយមិនត្រូវមាន
មករុករានទន្រ្ទានចូលសណ្តំ
ប្រើហិង្សាគម្រាមចាប់វាយដំ
ភ័យក្រៀមក្រំខ្លបខ្លាចអំណាចសក្តិ។

ការបញ្ចាំបង្កើតអានុភាព
ច្បាប់រាប់រៀបប្រគល់វត្ថុដាក់
នៅក្នុងដៃកាន់កាប់ដោយម្ចាស់ប្រាក់
ដែលស្មោះស្ម័គ្ររក្សាឱ្យគង់វង្ស។

ម្ចាស់បំណុលអាចយកដីបញ្ចាំ
ដាក់ដុះដាំដំណាំជួយទ្រទ្រង់
ប្រមូលផលផ្លែផ្កាកើនរឿងរុង
គ្រប់ជ្រោយជ្រុងចំរើនអភិវឌ្ឍ។

ទ្រព្យបញ្ចាំអាចដាក់ជាបន្ត
តតំណអ្នកផ្សេងមិនហាមឃាត់
ច្បាប់បញ្ញត្តផ្តល់សិទ្ធិជាប់ពាក់ព័ទ្ធ
ធ្វើទូទាត់ប្រកបកិច្ចជំនួញ។

5506ab76-3fc0-4af5-9b08-492c82060b92 (1) www.everyday.com.kh

ប្រភពរូបភាពៈ http://www.everyday.com.kh

សិទ្ធិបូរណភាពផ្លូវចិត្ត

បទពាក្យ ៩

ដែនសមុទ្រគោកអាកាសព្រំសីមា
ខណ្ឌរដ្ឋាបូរណៈនៃទឹកដី
សែនស្រលាញ់ប្រជារាស្រ្តទាំងប្រុសស្រី
ខំឃ្មាតខ្មីថែរក្សាឱ្យគង់វង្ស។

មនុស្សមានសេរីភាពប្រាកដពិត
មានទាំងសិទ្ធិយ៉ាងពេញលេញគ្រប់ពូជពង្ស
បូរណៈផ្លូវកាយចិត្តភ្លឺរោចន៍រុង
កេរ្តិ៍ឆោមយង់កិត្តិយសតាមផ្លូវច្បាប់។

តាងបេះដូងជាតំណាងឱ្យផ្លូវចិត្ត
ហាមកៀកកិតបើម្ចាស់សិទ្ធិមិនបានប្រាប់
កុំនិយាយហារថ្លាថ្លែងចាររ៉ាយរ៉ាប់
ជាសណ្តាប់ត្រូវយល់ដឹងគ្រប់បុគ្គល។

ការរស់នៅញាតិកូនចៅក្រុមគ្រួសារ
មិត្តស្នេហាប្តីប្រពន្ធកុំរវល់
បូញមាត់កមើលសម្លឹងយកភ្នែកទល់
នាំអំពល់ទុក្ខសោកាធ្លាក់ដល់ខ្លួន។

សិទ្ធិផ្លូវចិត្តដាមដក់ដិតក្នុងអារម្មណ៍
ដែលសម្ងំម្ចាស់បាំងបិទលាក់បំពួន
រឿងស្នេហាសុខភាពរឹងមាំមួន
កុំអង្រួនបរិហារដល់កេរ្តិ៍ឈ្មោះ។

កិត្តិភាពគោរម្យ៍ងារសក្តិបុគ្គល
កុំបំពុលបរិយាយនាំជម្លោះ
ទ្រព្យសម្បត្តិពាក់ព័ន្ធភេទកុំពិគ្រោះ
ពិតពីព្រោះជាជីវិតឯកជន។

រឿងជីវិតសាធារណៈយល់ព្រមបាន
មិនរំខានអាចថ្លាថ្លែងមើលគយគន់
មិនចាំបាច់អនុញ្ញាតម្ចាស់ជាមុន
ច្បាប់ទន់ភ្លន់ផ្សព្វផ្សាយបានគ្រប់ទិសទី។

ច្បាប់ក្រមរដ្ឋ ប្បវេណី ចាប់ចងចារ
តាមមាត្រា ប្រាំពីររយ ហុកសិបពីរ
ដល់បុគ្គល ដែលត្រូវបាន គេជាន់ឈ្លី
ខូចវក់វី អាប់ឱនដល់ យសកេរ្តិ៍ឈ្មោះ។

ទាមទារនូវ សំណងខាត ពីចារី
ថ្លែងសម្តីប៉ះពារដល់កិត្តិយស
ជួសជុលដល់ ព្យសនកម្ម ជនរងគ្រោះ
មានជម្លោះ ជាវិវាទ រឿងផ្លូវចិត្ត។

រូបសំណេរ សារសំលេង វីដេអូ
សព្ទសៀងសូរ បុត្រត្រូវតែ ស្រាងសម្រិត
ម្តាយសូមផ្តាំ កូនត្រូវចាំ គិតលម្អិត
ខំប្រៀងប្រិត មើលផ្ទៀងផ្ទាត់ មុនចេញផ្សាយ។

700_bleeding-heart-alba

ប្រភពរូបភាព ៈ imgarcade.com

សិទ្ធិមនុស្ស

បទពាក្យ ៨

បេះដូងផ្ទុកឈាមទ្រទ្រង់ជីវិត
ខួរក្បាលគិតបែងចែកអាក្រក់ល្អ
កើតជាចិត្តគំនិតយល់ខ្មៅស
មានឬក្រធំតូចខ្ពស់ឬទាប។

សរីរាង្គទាំងពីរដំណើរការ
ដឹងយល់ព្រឹត្តការណ៍បានជ្រួតជ្រាប
ចិត្តនាំជាសង្រ្គាមសន្តិភាព
សណ្តាប់និងរបៀបដែលរស់នៅ។

ហប្ញទ័យធាតុអត្តនោម័តិ
ចេះអារកាត់គិតគូរយ៉ាងជ្រាលជ្រៅ
អារម្មណ៍ដិតដក់លើរូបស្រីពៅ
មកនិងទៅកើតដោយក្តីប្រាថ្នា។

មានជីវិតស្រូបខ្យល់ដកដង្ហើម
សិទ្ធិមនុស្សចាប់ផ្តើមគ្រប់អាត្មា
សិទ្ធិមានជីវិតរស់លើលោកា
សិទ្ធិបញ្ចេញវាចានិយាយស្តី។

ផ្តល់ជាមតិដើរហើរប្រជុំ
មានទ្រនំកម្មសិទ្ធិលើផ្ទះដី
សិទ្ធិការពារខ្លួនប្រជាប្រុសស្រី
ប្រពន្ធប្តីយល់សិទ្ធិសហព័ទ្ធ។

សិទ្ធិនយោបាយចូលរួមបោះឆ្នោត
គិតថ្លឹងថ្លែងមិនឆោតមិនបិទមាត់
សិទ្ធិសេដ្ឋកិច្ចនិងអភិវឌ្ឍ
រកស៊ីមិនហាមឃាត់គិតកែច្នៃ។

ចូលរួមសមាជិកគណបក្ស
ឬសបានចាក់ប្រជាធិបតេយ្យ
ជ្រកកោនរស់នៅព្រឹកល្ងាចយប់ថ្ងៃ
ចាប់កាន់ដៃចូលរួមសមាគម។

សិទ្ធិកុមារទ្រទ្រង់ផ្លូវចិត្តកាយ
គូរគិតនិងត្រួសត្រាយស្រោចពូនជ្រំ
បង្ហាត់បង្រៀនបណ្តុះអប់រំ
ពុទ្ធិចូលប្រោះព្រំពិតស្នងជាតិ។

សិទ្ធិស្រ្តីរាល់រូបត្រូវបានការពារ
គ្រប់វេលាគិតគូរមិនឃ្លៀងឃ្លាត
មាតុភាពសំរាកមិនរវាត
ផ្តល់ដល់ញាតិជាស្រ្តីបំពេញការ។

សិទ្ធិលើកស្ទួយដល់ជនខ្វាក់គថ្លង់
យោងយិតគិតស្រោចស្រង់កុំសង្កា
ផ្គត់ផ្គង់ជីវភាពផ្តល់វាសនា
នូវមុខរបរណាដែលធ្វើបាន។

រូបកាយមនុស្សមិនត្រូវបំពាន
ប៉ងរុករានទន្រ្ទានមិនសុខសាន្ត
វាយដំច្រំធាក់ប៉ះពារអង្គប្រាណ
កុំរំខានសំលាប់បាញ់ឱ្យក្ស័យ។

ទ្រព្យសម្បត្តិមាសពេជ្រប្រាក់កែវកង
ប្រាថ្នាប៉ងបំណងជាប់និស្ស័យ
ការពារជានិច្ចភោគផលទោះយប់ថ្ងៃ
ស្ថិតនៅជាប់ក្នុងដៃជាកម្មសិទ្ធិ។

មរតកត្រូវស្នងទៅទាយាទ
សន្តានញាតិកូនចៅរួមមូលមិត្ត
ច្បាប់ចែងយ៉ាងជាក់ច្បាស់មិនប្រឌិត
គោលការណ៍ពិតយុត្តិធម៌ត្រឹមត្រូវ។

ទារកក្នុងគភ៌តោងផ្ទៃមាតា
ពិតជាមានវាសនាច្បាប់បើកផ្លូវ
មានចំណែកមរតកផងកូវ
ភូមិឋានវាលស្រែស្រូវមិនបង់បាត់។

នៅពេលមនុស្សទទួលមរណៈ
សពបានដាក់ក្នុងផ្នូរមិនរសាត់
សិទ្ធិខ្លះនៅមានមិនបានកំចាត់
មិនផាយផាត់ស្ងៀមស្ងាត់ច្បាប់ការពារ។

ហាមជីកគាស់បន្ទោបង់លើផ្នូរ
ថែរក្សាផង់ផូរដូរទាមទារ
បំពានរុករានរំលើងជាគ្នា
មិនឱ្យមកសសៀរបំពារក្បែរ។

ប្រជាពលរដ្ឋចូលរួមលើកស្ទួយ
ពន្លកត្រួយស្គាល់សិទ្ធិជាហូរហែ
គោរពសិទ្ធិគ្នាយល់ថ្នមថ្នាក់ថែ
ពូជពង្សខ្មែររស់ដោយសុខសាន្តត្រាណ។

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85

ប្រភពរូបភាព ៈ  www.fanpop.com

ការអភិវឌ្ឍនូវសំណេរ

ជាការពិតណាស់ សមត្ថភាព ចាប់យកពុទ្ធិ មានបួន គឺ អាន ស្តាប់ និយាយ និង សរសេរ ។ ដូច្នេះ សមត្ថភាពសរសេរដែលជាផ្នែកមួយនៃសមត្ថភាពទាំង ៤ អ្នកសិក្សា និង អ្នកផ្ទេរនូវពុទ្ធិ ក៏ត្រូវ ចាប់អារម្មណ៍ និងមិនត្រូវបំភ្លេចចោល នោះទេ។

ក្រៅពីពង្រឹងនូវសមត្ថភាពនិយាយ អ្នកផ្ទេរពុទ្ធិ និងអ្នកសិក្សា ក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនូវសមត្ថភាពសរសេរផងដែរ ។ តែសំណេរនេះ បើយើងមានសមត្ថភាពនិយាយ បកស្រាយ ពន្យល់ នោះវាងាយណាស់ឈានទៅរក ការរៀនសរសេរ ។ នៅពេលនរណាម្នាក់មានសមត្ថភាពនិយាយ បានល្អ នោះគេពិតជាអាចសរសេរបានល្អ គ្រាន់តែស្មេរត្រូវ ដឹងពីវិធីសាស្រ្តសរសេរទៅតាមប្រភេទនៃសំណេរ ។ ក្នុងវិស័យច្បាប់ ប្រភេទសំណេរមាន ដូច ជា ពិគ្រោះយោបល់ផ្នែកច្បាប់លើរឿងក្តីណាមួយ វិភាគសាលដីកា ប្ញ បរមាធិប្បាយគតិយុត្ត ជាដើម ។
ទាក់ទងនឹងវិធីសាស្រ្តសរសេរនេះ និស្សិតច្បាប់ ត្រូវ ពិគ្រោះ អានសៀវភៅ វិធីសាស្រ្តគតិយុត្ត របស់ ក្រុមស្រាវជ្រាវ និង ចងក្រងដោយ ក្រុមការងារសហប្រតិបត្តិការបារាំង និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

វិធីសាស្រ្តសរសេរបរមាធិប្បាយបានល្អ ស្មេរត្រូវគិតពីប្លង់ ជាមុន ។ ប្លង់ដែលល្អ គឺយើងខិតខំរកប្លង់ដែលមាន គំនិតធំពីរ ដែល យើង ត្រូវបែងចែក ជា២ជំពូក ប្ញ ២ផ្នែក ។ បន្ទាប់មក យើង ធ្វើការបែងចែក ជា ផ្នែករង ប្ញជា កថាខណ្ឌ និង បែងចែក ជា ចំនុច ក. ខ. តទៅទៀតជាដើម ។

ឧទាហរណ៍ ប្រធានបទទាក់ទងនឹង ការបង្កើតកិច្ចសន្យា វាមានប្លង់ ៖

ផ្នែក ១ៈ​ លក្ខខណ្ឌនៃការបង្កើត
កថាខណ្ឌ  ១ៈ ការព្រមព្រៀង និង សមត្ថភាព
កថាខណ្ឌ ២ៈ កម្មវត្ថុ និងមូលហេតុ ប្ញ តម្លៃតបស្នង
ផ្នែកទី ២ៈ ទណ្ឌកម្មនៃការមិនគោរពលក្ខខណ្ឌនៃការបង្កើត
កថាខណ្ឌ ១ៈ ប្រភេទទណ្ឌកម្មៈ មោឃភាព និងការលុបចោល
កថាខណ្ឌ ២ៈ អានុភាពនៃទណ្ឌកម្ម

កត្តាពីរនៃកត្តាផ្សេងៗទៀតដែលជួយជម្រុញដល់ការពង្រឹង និង ការអភិវឌ្ឍ គុណភាពអប់រំ

គួរពុំគួរសូមមេត្តាអភ័យទោស !

ខ្ញុំបាទ សូមចូលរួមមតិលើការអភិវឌ្ឍគុណភាពអប់រំក្នុងវិស័យឧត្តមសិក្សា ។

ខ្ញុំសូមមានមតិយ៉ាងខ្លី ទាក់ទងនឹងការជំរុញ និង ពង្រឹងគុណភាពអប់រំ ក្នុងវិស័យឧត្តមសិក្សាឆ្លងតាមបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យឧត្តមសិក្សាកន្លងមក ។

គុណភាពអប់រំពិតជាផ្អែកលើកត្តាផ្សេងៗជាចម្បង ដូចជា កត្តាសិស្សខ្លួនឯង កត្តាគ្រូ កត្តាជីវភាពរបស់គ្រូ កត្តាសាលា សំភារៈរូបវន្ត សំភារៈសិក្សា សៀវភៅ បណ្ណាល័យ កត្តាគ្រួសារ មាតាបិតា អាណាព្យាបាល កត្តាបរិយាកាសសង្គម នយោបាយ មិត្តភក្តិ កត្តាទំនាក់ទំនងអន្តរជាតិក្នុងតំបន់ និងជាសាកល កត្តាលុបបំបាត់ទំលាប់ចាស់ កត្តាវិធីសាស្រ្ត … ពិតប្រាកដណាស់។ តាមការពិនិត្យ និង អង្កេត តាមដាន ពីទង្វើ សកម្មភាព កម្រិតប្រែប្រួល កំណើន ការធ្លាក់ចុះ នៃគុណភាព ពីមួយឆ្នាំទៅមួយឆ្នាំ និង សិក្សាពីគុណភាពសិក្សារបស់និស្សិតសាកលវិទ្យាល័យ ។

ខ្ញុំបាទសូមលើកយកកត្តា ២ ដែល ជាការចូលរួមអភិវឌ្ឃគុណភាពអប់រំទទួលបានចំណេះដឹងពិត និងចងចាំ ទុកជា ធនធានសម្រាប់និស្សិតខ្លួនឯងដើម្បីឈានទៅរកការងារធ្វើបានគ្រប់ៗគ្នា មានទាំងគុណភាពពិត គឺ ៖

១. កត្តាសិស្សខ្លួនឯង

នៅពេលនិស្សិតបានជ្រើសរើសជំនាញសិក្សានៅគ្រឹះស្ថាន សាកលវិទ្យាល័យណាមួយហើយ និស្សិតត្រូវតាំងខ្លួនសិក្សាពិតប្រាកដច្បាស់លាស់ មានន័យថា ត្រូវមកសិក្សាឱ្យបានជាប់លាប់ កុំអវត្តមាន សិក្សាពីមួយថ្ងៃទៅមួយថ្ងៃ តាមដាន ត្រងត្រាប់ ស្តាប់គ្រូ ពន្យល់ណែនាំ កត់ត្រា និងអង់អាចក្លាហាន ហ៊ានសួរ និងឆ្លើយ ហើយថែមទាំងឧស្សាហ៍ អនុវត្តជំនាញរបស់ខ្លួន ដែលបានសិក្សាតាមទ្រឹស្តី មេរៀន ដែល គ្រូបានពន្យល់ ណែនាំ ថែមទាំងរៀនស្រាវជ្រាវបន្ថែម នៅបណ្ណាល័យ តាមអនឡាញ ជាដើម ។ និស្សិតត្រូវ អនុវត្តជាប្រចាំ ជារៀងរាល់ពេលសិក្សា គ្រប់មុខវិជ្ជា ពីមួយថ្ងៃទៅមួយថ្ងៃ កុំទុកយូរ តាមទម្លាប់របស់ខ្លួន ។ និស្សិតត្រូវកែទម្លាប់ចាស់ចោល ច្រើនតែមិនសិក្សា មេរៀនបន្តិចម្តងៗ ច្រើនតែទុកចោលមិនយកចិត្តទុកដាក់ពេលសិក្សា ពីមួយថ្ងៃទៅមួយថ្ងៃ លុះដល់ពេលប្រលងទើបសិក្សា ប្ញ នាំគ្នាថតចំលងឯកសារត្រៀមទុកចំលងទៅវិញ ។ លើសពីនេះទៅទៀត និស្សិតត្រូវអានជាមុននូវ មេរៀន សៀវភៅ ដែលគ្រូនឹងបង្រៀនពេលខាងមុខ ដើម្បីចាប់យកខ្លឹមសារខ្លះៗ ងាយស្រួលស្តាប់ការបកស្រាយ ពន្យល់ ពេលសិក្សា និង គិត ស្វែងរកសំណួរសួរគ្រូ ។

២.កត្តាប្រើប្រាស់វិធីសាស្រ្តផ្ទេរពុទ្ធិ

វាជាការពិតណាស់ វិធីសាស្រ្ត២យ៉ាង សម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើពីគ្រូទៅដល់សិស្សគឺ ៖ វីធីសាស្រ្តគ្រូមជ្ឈមណ្ឌល និងសិស្សមជ្ឈមណ្ឌល ។ ទន្ទឹមនឹងនេះ ខ្ញុំសូមចូលរួមជាមតិយោបល់ ផងដែរ ទៅលើការផ្ទេរនូវពុទ្ធិនេះ ។
ការមិនបំភ្លេចចោលនូវកាអនុវត្តដែលកើតចេញពីសិស្ស ជាកត្តាចម្បងណាស់ ខ្វះមិនបាន ដែលជំរុញឱ្យសិស្សចេះនិងចងចាំពិតប្រាកដ ។ដូច្នេះ រាល់ការផ្ទេរចំណេះដឹងចំណេះធ្វើដល់សិស្ស លោកគ្រូ អ្នកគ្រូ គួរតែ ជំរុញឱ្យសិស្ស អនុវត្តនូវទ្រឹស្តី ដែលបានសិក្សា ។ ដូចជា ជាបឋម គ្រូត្រូវរៀបចំ មេរៀន ខ្លឹមសារជាមុន សម្រាប់ផ្ទេរចំណេះដល់សិស្សពីមួយពេលសិក្សាទៅមួយពេលសិក្សា ជា សៀវភៅ ជាកម្រងមេរៀន (គ្រូត្រូវមានសៀវភៅ ប្ញ កម្រងមេរៀន រៀបចំដោយខ្លួនឯង ដែលផ្ទុកដោយវត្ថុបំណងមេរៀន និង ប្លង់មេរៀន សម្រាប់ មួយឆមាស ដែលត្រូវបង្រៀន)ដើម្បីឱ្យសិស្សបានអានមុនពេលរៀនមេរៀន និងប្រាប់ទៅសិស្សនូវឯកសារត្រូវស្រាវជ្រាវបន្ថែម នៅទីណាដែលពួកគេអាចរកបាន ។បន្ទាប់មក ពេលចាប់ផ្តើមរៀន ក្រោយពីរំលឹកមេរៀនចាស់ដែលបានសិក្សា
កន្លងមក គ្រូត្រូវប្រកាសប្លង់ និងវត្ថុបំណងមេរៀនសម្រាប់ថ្ងៃនេះ ដែលសិស្សបានអាន ប្ញ ស្រាវជ្រាវបន្ថែម នៅផ្ទះ ហើយណែនាំដល់សិស្សម្នាក់ ប្ញ ពីរនាក់ ដែលត្រូវឡើងមកធ្វើបទបង្ហាញ មេរៀនដែលគ្រូបានសរសេរ ពន្យល់ ទុកដល់សិស្សជាមុន ដើម្បីវាយតំលៃការសិក្សានៅផ្ទះរបស់សិស្ស ថាគេបានកាន់សៀវភៅ បានអាន បានស្រាវជ្រាវបានប៉ុន្មាន ។ ក្នុងពេលសិស្សធ្វើបទបង្ហាញ គ្រូត្រូវតាមដាន អង្កេត កត់ត្រា សកម្មភាព សិស្ស ធ្វើបទបង្ហាញ និង សិស្សអង្គុយស្តាប់ (សូមបញ្ញាក់ថា ការធ្វើបទបង្ហាញនេះត្រូវតែសិស្សដទៃទៀតចូលរួមស្តាប់ តាមដាន និងចូលរួមនិយាយ ពន្យល់ បកស្រាយ សួរនិងឆ្លើយទាំងអស់គ្នា ផងដែរ) ។ ក្រោយពីសិស្សធ្វើបទបង្ហាញរួចមក គ្រូត្រូវលើកសរសើរ និង កែលំអរ បំពេញបន្ថែមនូវចំនុចខ្វះខាត និងទាញអារម្មណ៍សិស្សឱ្យចាប់យកចំណេះដឹងសម្រាប់ថ្ងៃដែលរៀនពេលនេះ ហើយគ្រូត្រូវធ្វើបទបង្ហាញដោយចាប់យកនូវខ្លឹមសារចំៗ ច្បាស់លាស់ ដែលជាវត្ថុបំណងសម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើសម្រាប់ថ្ងៃបង្រៀន ដល់សិស្ស ព្រមទាំងបន្ថែម នូវបទពិសោធន៍ការងារដែលបានអនុវត្តទាក់ទងនឹងទ្រឹស្តី ខ្លឹមសារមេរៀន ។ជាចុងបញ្ចប់ គ្រូមិនត្រូវភ្លេច ផ្ទៀងផ្ទាត់ថា តើ សិស្សទទួលបានពុទ្ធិ ចំគោលដៅ វត្ថុបំនងនៃមេរៀនដែរប្ញទេ? ថែមទាំង ទុកពេលឱ្យសិស្សមានសំណួរ ចោទ សួរ ហើយ គ្រូត្រូវឆ្លើយ ដល់សិស្ស ភ្លាមៗ ឱ្យអស់ចំងល់ និងភ្លឺច្បាស់ក្នុងចិត្តរបស់សិស្ស ។

នេះគ្រាន់តែ ជាកត្តា ២ នៃកត្តាផ្សេងៗទៀត ដែលអាចជម្រុញដល់ការសិក្សា ការផ្ទេរចំណេះដឹង ចំណេះធ្វើ ដល់សិស្ស មួយផ្នែក ក្នុងការចាប់យកពុទ្ធិ ។ វាជាទស្សនៈរបស់ស្មេរផ្ទាល់ប៉ុណ្ណោះ ។

គួរតែនឹកដល់ ពាក្យពេចន៍ដែលបានពោលថា បង្រៀនឱ្យចេះស្ទូចត្រី ប្រសើរជាង ឱ្យត្រីដោយមិនចេះស្ទូច ។

ហេតុអ្វីបានជា Steve Jobs មិនឲ្យកូនគាត់ប្រើ iPhones ឬ iPads ?.

កញ្ញា​សន រ៉ាមណា​៖ ​ ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ […] – RFI.

បណ្ដាញ​សង្គម​គួរ​តែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ហេតុ​ផល​ មិនមែន​ដោយ​អារម្មណ៍​ឡើយ – RFI.

ខ្លាច​ខ្មាស់​គេ​យុវវ័យ​ខ្លះ​រក​វិធី​នានា​ដើម្បី​ទិញ​ម៉ូតូ​ថ្មី ទូរស័ព្ទ​ដៃ​ទំនើប – RFI.

តាមដាន

Get every new post delivered to your Inbox.

Join 81 other followers