ច្បាប់ព្រហ្មទណ្ឌ

ប្រភព៖ RFI ( http://www.khmer.rfi.fr/khmer-criminal-law-scope )

ក្រមព្រហ្មទណ្ឌខ្មែរ៖ វិសាលភាពនៃដែនអនុវត្ត  

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​​ហើយ​ កាល​ពីថ្ងៃ​ទី១១ ខែ​ធ្នូ ២០១០ នៅ​ទីក្រុង​ភ្នំពេញ។ ចំណែក​នៅតាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត​វិញ ក្រមព្រហ្មទណ្ឌ​ទើប​នឹង​ចាប់ផ្តើម​អនុវត្ត​ កាល​ពី​ថ្ងៃ​អង្គារ ទី២១ ធ្នូ​​ ២០១០។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ដែនអនុវត្ត​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ។

សំណួរ-​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ តាំង​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៩​ម៉្លេះ។ ហេតុអ្វី​ទើ​ប​នឹង​ចាប់​ផ្តើម​អនុវត្ត​ នៅពេលនេះ?ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មី​របស់​កម្ពុជា បាន​ចូល​ជា​ធរមាន​តាំង​ពី​មួយ​ឆ្នាំ​កន្លង​ទៅហើយ ក៏ប៉ុន្តែ ក្រមនេះ​នៅមិនទាន់​​អាច​យក​ទៅ​អនុវត្ត​បាន ដោយហេតុថា នៅ​​មាត្រា​ចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែង​តែ​បទប្បញ្ញត្តិ​ទូទៅ បទប្បញ្ញត្តិ​ដទៃទៀត​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល ១ឆ្នាំ ក្រោយ​ការ​ចូលជាធរមាន​នៃ​ក្រមនេះ”។ក្រោយ​ពី​បាន​ចុះផ្សាយ​នៅ​ក្នុង​រាជកិច្ច ក្រមព្រហ្មទណ្ឌ​ថ្មី​ត្រូវ​ចូលជាធរមាន នៅភ្នំពេញ នៅថ្ងៃ​ទី​១១ ធ្នូ ២០០៩ និង​ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត នៅ​ថ្ងៃ​ទី​២១ ធ្នូ ២០០៩ (១០​ថ្ងៃក្រោយ​ពី​ចូលជាធរមាន​នៅ​ភ្នំពេញ)។ ១ឆ្នាំ​ក្រោយ​ពី​ចូលជាធរមាន​ ទើប​ក្រមថ្មីនេះ​ចាប់ផ្តើម​អនុវត្ត នៅ​​ខែ​ធ្នូ ២០១០​នេះ។សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​ចាប់ពីពេលណា?ចម្លើយ-ក្រម​ព្រហ្មទណ្ឌ​ថ្មី​​អាច​អនុវត្ត​បាន​តែ​ចំពោះ​បទល្មើស​ណា ដែល​ប្រព្រឹត្ត​ក្រោយ​​ក្រម​នេះ​​ចាប់ផ្តើម​អនុវត្ត​តែ​ប៉ុណ្ណោះ (១១​ ធ្នូ ២០១០ នៅ​ភ្នំពេញ និង ២១ ធ្នូ ២០១០ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត) ។ នេះ​គឺ​ជា​គោលការណ៍​ដែល​មាន​តម្លៃ​ជា​សកល។នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ​នៅត្រង់​មាត្រា ៣ ចែង​ថា “មានតែ​អំពើ​ដែល​បង្កើត​ជាបទល្មើស​ នៅពេល​ដែល​អំពើ​នោះ​មានចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌបាន“។

ដូច្នេះ អំពើ​ដែល​ប្រព្រឹត្ត​នៅ​មុនពេល​ក្រមព្រហ្មទណ្ឌ​​ត្រូវ​ចាប់អនុវត្ត មិនត្រូវ​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។ ជនល្មើស​ក៏​មិនអាច​ត្រូវ​យក​មក​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បានដែរ លើកលែង​តែ​ក្នុងករណី​​​​​អំពើ​ល្មើស​​មានចែង​នៅ​ក្នុង​ច្បាប់ចាស់​រួចហើយ​ ដូចជា បទ​មនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម ដែល​មានចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល (ច្បាប់អ៊ុនតាក់)។ ក្នុងករណីនេះ ជនល្មើស​អាច​ត្រូវ​យក​មក​ផ្តន្ទាទោស​បាន តាម​អំណាច​ច្បាប់​ចាស់។

សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​​នៅ​កន្លែងណា​ខ្លះ?

មាត្រា ១២ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​​ចែងថា៖

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជា​ត្រូវ​អនុវត្ត​ទៅលើ​បទល្មើស​ទាំងឡាយ ដែល​បាន​ប្រព្រឹត្ត​ នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមបញ្ចូល​ទាំងលំហ​អាកាស និង​សមុទ្រ”

ដូច្នេះ ឲ្យ​តែ​អំពើល្មើស​ត្រូវ​បានប្រព្រឹត្ត​នៅលើទឹកដី​ខ្មែរ ទោះបី​ជា​ជនល្មើស​នោះ​​មាន​សញ្ជាតិ​​អ្វី​ក៏ដោយ ក៏​ត្រូវ​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បានដែរ។

អំពើ​ល្មើស ដែល​ប្រព្រឹត្ត​នៅលើ​នាវា ឬ​យន្តហោះ ដែល​​ចុះបញ្ជី​នៅ​កម្ពុជា គឺ​ត្រូវ​ចាត់ទុក​ថា​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​នាវា ឬ​យន្តហោះ​នោះ ស្ថិត​នៅ​​ក្រៅ​ទឹកដី​កម្ពុជា​ក៏ដោយ (មាត្រា ១៤ និង មាត្រា ១៦)។

សំណួរ-ចុះ​បើ​អំពើល្មើស​ត្រូវបានប្រព្រឹត្ត​នៅ​ក្រៅ​​ទឹកដី​កម្ពុជា ​​​ក្រៅ​នាវា​កម្ពុជា ហើយ​ក្រៅ​យន្តហោះ​កម្ពុជា​ទៀត​ តើ​ក្រមព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ដែរ​ឬ​ទេ?

ក្រមព្រហ្មទណ្ឌ​ខ្មែរ​អាច​អនុវត្ត​បាន ចំពោះ​បទល្មើស​ ដែល​ប្រព្រឹត្ត​នៅ​បរទេស ប្រសិន​បើ​ជនល្មើស ឬ​ជនរងគ្រោះ មាន​សញ្ជាតិខ្មែរ។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ខ្មែរ (មាត្រា ១៩)
បទល្មើស ដែល​ប្រព្រឹត្ត​នៅ​បរទេស ដោយពលរដ្ឋ​ខ្មែរ អាច​យក​ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ប៉ុណ្ណោះ។ ចំពោះ​បទលហុ គឺ​មិន​អាច​យក​ទៅ​អនុវត្ត​បានទេ។ ចំពោះ​បទឧក្រិដ្ឋ និង​បទមជ្ឈិម បទប្បញ្ញត្តិ​​ត្រូវ​បែងចែក​​ជា​ពីរ​ករណី​​៖១-បើសិន​ជា​បទល្មើស​នោះ ជា​បទឧក្រិដ្ឋ ក្រមព្រហ្មទណ្ឌ​ខ្មែរ​ត្រូវ​យក​ទៅ​អនុវត្ត​ ទោះជា​បទឧក្រិដ្ឋ​​នោះ មានចែង ឬ​គ្មាន​ចែង ក្នុង​ច្បាប់​​របស់​​ប្រទេស​ ដែល​​ជា​ទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។២-ផ្ទុយ​ទៅវិញ ប្រសិន​បើ​បទល្មើស​នោះ ជា​បទ​មជ្ឈិម ​ទាល់​តែ​បទមជ្ឈិមនោះ មាន​ចែង​នៅ​ក្នុង​ច្បាប់​​របស់​ប្រទេស ដែល​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ទើប​​គេ​អាច​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន។បទល្មើស​ខ្លះ ដូចជា “បទ​ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ” ជាដើម គឺ​ជា​បទមជ្ឈិម​ ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រង់មាត្រា ៥០៨។ ក៏ប៉ុន្តែ ក្នុង​​​ប្រទេស​ខ្លះទៀត ដែល​មិនកាន់​ពុទ្ធសាសនា​ បទល្មើស​បែបនេះ​​​​មិនមាន​ចែង​​ក្នុង​ច្បាប់​ទេ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​មិនអាច​យក​ទៅ​អនុវត្ត​បានទេ ចំពោះ​បទ​ល្មើស ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​នោះ បើទោះជា​ជនល្មើស​មាន​សញ្ជាតិ​ខ្មែរ​ក៏ដោយ។គួរ​​បញ្ជាក់បន្ថែម​ថា ចំពោះ​ករណី​ទាំងពីរ​ខាងលើ (បទឧក្រិដ្ឋ និង​បទមជ្ឈិម)  ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​នៅ​តែ​អាច​យក​ទៅ​អនុវត្ត​បាន ទោះបី​ជា​ជនល្មើស​ទទួល​បាន​សញ្ជាតិខ្មែរ ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។ ឧបមាថា ជនបរទេស​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ក្រៅ​ទឹកដី​កម្ពុជា។ ក្រោយ​មក​ជនល្មើស​នេះ ទទួល​បាន​សញ្ជាតិខ្មែរ។ ក្នុងករណីនេះ ជនល្មើស​ អាច​ត្រូវ​តុលាការ​កម្ពុជា​​​យក​មក​កាត់ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​បាន។
  • បទល្មើស​ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ (មាត្រា ២០)
ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ទៅលើ​គ្រប់បទឧក្រិដ្ឋ​ ដែល​ប្រព្រឹត្ត​នៅ​បរទេស បើសិន​ជា​ជនរងគ្រោះ​មាន​សញ្ជាតិ​ខ្មែរ បើទោះជា​ជនល្មើស​ជា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​ជា​ពលរដ្ឋ​បរទេស​ក៏ដោយ។តាមរយៈ​​មាត្រា​នេះ យើងអាច​សន្និដ្ឋាន​បាន​​ថា ចំពោះ​បទល្មើស ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ​ប៉ុណ្ណោះ មិនអាច​យក​ទៅ​អនុវត្ត​ចំពោះ​បទមជ្ឈិម​បានទេ (ខុស​ពី​ច្បាប់​បារាំង ដែល​ក្រមព្រហ្មទណ្ឌ​អាច​យក​ទៅ​អនុវត្ត​បាន​ចំពោះ​បទមជ្ឈិម ប្រព្រឹត្ត​នៅបរទេស ទៅលើ​ពលរដ្ឋ​បារាំង)។ក្រៅ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​​បាន ចំពោះ​បទល្មើស​​​ផ្សេងទៀត ដែល​ប្រព្រឹត្ត​នៅ​បរទេស បើទោះជាជនល្មើស ឬ​ជនរងគ្រោះ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ក៏ដោយ (មាត្រា ២២)៖
  • បទល្មើស​ប្រឆាំង​នឹង​សុវត្ថិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងត្រា​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងរូបិយវត្ថុ និង​ធនបត្រ​ជាតិ​ ដែល​មាន​តម្លៃ​ស្របច្បាប់​នៅ​​កម្ពុជា
  • បទល្មើស​ប្រឆាំង​នឹង​​ទីតាំង ឬ​ភ្នាក់ងារ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
សំណួរ-តើ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ខុសគ្នា​ត្រង់ណា​ខ្លះ?ចម្លើយ-ក្រមព្រហ្មទណ្ឌ​ថ្មី បែងចែក​បទល្មើស​ជា​ ៣​ប្រភេទ ទៅតាម​កម្រិតទោស។បទឧក្រិដ្ឋ (មាត្រា ៤៦)

បទល្មើស​មួយ​ ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ ប្រសិន​បើ​បទល្មើស​នោះ​អាច​ត្រូវ​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​លើស​ពី​៥ឆ្នាំ ឬ​ដាក់ពន្ធនាគារ​​​​អស់មួយ​ជីវិត។ ឧទាហរណ៍៖ បទឃាតកម្ម​គិតទុក​ជាមុន, បទឃាតកម្ម​ដោយចេតនា, បទរំលោភ​សេពសន្ថវៈ, បទលួច​ដោយ​ហិង្សា (ប្លន់) ។ល។

បទមជ្ឈិម (មាត្រា ៤៧)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទមជ្ឈិម ប្រសិនបើ​កម្រិត​ទោស​ជាប់ពន្ធនាគារ​អតិបរមា​មាន​​លើស​ពី​៦ថ្ងៃ រហូត​ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, បទលួច, បទ​ឆបោក, បទបង្ករបួសស្នាម​ដោយ​អចេតនា ។ល។

បទលហុ (មាត្រា ៤៨)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទលហុ ប្រសិន​បើ​កម្រិត​ទោស​​ជាប់ពន្ធនាគារ​អតិបរមា រយៈពេល​ស្មើ ឬ​តិច​ជាង ៦ថ្ងៃ ឬ​ក៏​​ជា​បទល្មើស ដែល​មិនមាន​ទោស​ជាប់ពន្ធនាគារ​សោះ គឺ​មាន​តែ​ទោស​ពិន័យ​ជា​ប្រាក់។ ឧទាហរណ៍៖ បទបរិហារកេរ្តិ៍, បទជេរប្រមាថ​ជាសាធារណៈ, បទស្រវឹង​ជាក់ស្តែង​នៅ​ទីសាធារណៈ ។ល។

តើ​ក្នុង​ករណី​ណា​ខ្លះ​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ?

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ នៅទូទាំងប្រទេស កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០​កន្លងទៅនេះ។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។

តើ​អនីតិ​ជន​​អាច​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដែរ​ឬទេ?

មាត្រា ៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ ចែង​ថា “នីតិភាព​នៃ​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវ​បាន​កំណត់​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើងទៅ”។

ដូច្នេះ ទាល់តែ​ជនល្មើស​​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ទៅ ទើប​តុលាការ​អាច​ផ្តន្ទាទោស​​ផ្នែក​ព្រហ្មទណ្ឌ​បាន។ ទោស​ព្រហ្មទណ្ឌ គឺ​សម្តៅ​លើ​ទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។

ជនល្មើស​ ដែល​ជា​អនីតិជន ក្រោម​ ១៨​ឆ្នាំ មិនត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ តុលាការ​​អាច​ចាត់វិធានការ​មួយចំនួន ដើម្បី​អប់រំ កែប្រែ​ជនល្មើស។ វិធានការ​ទាំងនេះ អាចជា៖

  • ​ការ​ប្រគល់​ជន​អនីតិ​ជន​ទៅ​ឲ្យ​ឳពុកម្តាយ ឬ​អាណាព្យាបាល ដើម្បីអប់រំ
  • ការ​ហាមឃាត់​មិន​ឲ្យ​​ទៅ​កន្លែងណាមួយ ឬ​ជួប​បុគ្គលណាមួយ ដូចជា មិន​ឲ្យ​ជួប​ជនរងគ្រោះ​នៃ​បទល្មើស ឬ​ក៏​មិន​ឲ្យ​ជួប​​​អ្នក​សមគំនិត​ផ្សេងទៀត
  • ​ការ​បញ្ជូន​ទៅ​អនីតិជន​ទៅ​ដាក់​ក្នុង​មណ្ឌល​កែប្រែ

ទោះជា​យ៉ាងណា វិធានការ​ទាំងនេះ មិនមែន​ជាទណ្ឌកម្ម​​ព្រហ្មទណ្ឌនោះទេ ពីព្រោះ​ថា ជាគោលការណ៍អនីតិជន​មិនមាន​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩​ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​ឡើងទៅ ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ”។

នេះ​មានន័យថា ច្បាប់​ទុក​លទ្ធភាព​ឲ្យ​ចៅក្រម​ជា​អ្នក​ពិនិត្យ និង​វាយតម្លៃ លើ​ករណី​ជាក់ស្តែង ​ថា តើ​​​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​បែបណា? តើ​ជនល្មើស ជា​អនីតិជន​នោះ (អនីតិជន​ចន្លោះ​ពី ១៤ ទៅ ១៨​ឆ្នាំ) ​​មាន​បុគ្គលិក​​លក្ខណៈ​​​​បែបណា ដែល​​​ចាំបាច់​ត្រូវ​តែ​​ប្រកាស​ដាក់​ទោស​ព្រហ្មទណ្ឌ​ដែរ​ឬទេ?

ក៏ប៉ុន្តែ ក្នុង​ករណី​ចៅក្រម​សម្រេច​ដាក់ទោស​​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ថា ទោស​នោះ ត្រូវ​តែ​​កាត់បន្ថយ​ពាក់កណ្តាល ពី​ទោស​ធម្មតា ​(មាត្រា ១៦០)​​។

ឧទាហរណ៍ ក្នុងករណី​បទឃាតកម្ម ធម្មតា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​ ១០​ឆ្នាំ​ ទៅ​ ១៥​ឆ្នាំ។ ក៏ប៉ុន្តែ ចំពោះ​ជនល្មើស​ជា​​​អនីតិជន អាយុ​ចន្លោះ​ពី ១៤​ឆ្នាំ ទៅ​១៨​ឆ្នាំ ទោស គឺ​ត្រូវ​កាត់បន្ថយ​​ពាក់កណ្តាល គឺ​មក​ត្រឹម ពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​កន្លះ​វិញ។

ក្នុងករណី​បទល្មើស ដែល​ត្រូវ​ជាប់​ពន្ធនាគារ​អស់មួយជីវិត គឺ​ត្រូវ​កាត់បន្ថយ​មក​នៅ​​ត្រឹម ២០​ឆ្នាំវិញ។ ទោស​ពិន័យ​ជាប្រាក់ ក៏​ត្រូវ​កាត់បន្ថយ​ពាក់កណ្តាល​​ដូចគ្នា​ដែរ។

តើ​ក្នុង​ករណីណា​ខ្លះ ដែល​នីតិជន​ (អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ) ​​អាច​​រួចផុត​ពី​ការ​ទទួលខុសត្រូវ​​ព្រហ្មទណ្ឌ?

ការ​មិនទទួលខុសត្រូវ​ព្រហ្មទណ្ឌ អាច​​កើតមាន​ក្នុង​ ៥​ករណី ដែល​មាន​ចែង​ក្នុង​ មាត្រា ៣១ ដល់​មាត្រា ៣៧​ នៃ​ក្រមព្រហ្មទណ្ឌ៖

១-ការមិនទទួលខុសត្រូវ​ដោយ​សារ​មូលហេតុ​វិបល្លាស​ស្មារតី
មាត្រា ៣១ នៃ​ក្រមព្រហ្មទណ្ឌ​ ចែងថា “កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ជននោះ​កើត​វិបល្លាស​ស្មារតី ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការ​ដឹងខុសត្រូវ​របស់​ខ្លួន ជននោះ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ”។ ដូចជា ជន​វិកលចរិត ជាដើម ​មិន​មាន​ការ​ទទួលខុសត្រូវ​​​ផ្នែក​ព្រហ្មទណ្ឌ​ទេ។

២-​ការអនុញ្ញាត​ដោយ​ច្បាប់ ឬ​ដោយ​អាជ្ញាធរ​ស្របច្បាប់
អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស ដោយ​មាន​ការ​អនុញ្ញាត​ពី​ច្បាប់ ឬ​ដោយ​មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់ មិន​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។

ឧទាហរណ៍៖ ទាហាន ដែល​សម្លាប់​គូសត្រូវ ក្នុង​សមរភូមិ មិនត្រូវ​​​ជាប់ទោស​ពី​បទ​ឃាតកម្ម​ទេ។ ប៉ូលិស ដែល​ទម្លុះទម្លាយ​ទ្វារ ចូល​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​ឯកជន ទៅតាម​​សាលក្រម​តុលាការ ក៏​មិន​ត្រូវ​ជាប់ទោស​ពី​បទរំលោភលើលំនៅដ្ឋាន​ដែរ។

៣-ការការពារ​ស្របច្បាប់
ក្នុង​ករណី​ដែល​បទល្មើស​ត្រូវ​បានប្រព្រឹត្ត ដើម្បី​ការពារ​ខ្លួនឯង ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ពី​ការ​រំលោភ​ឈ្លានពាន​ណាមួយ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​រួចផុត​ពីការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។

៤-ស្ថានភាព​ចាំបាច់
ករណីនេះ​ស្រដៀង​គ្នា​នឹង​​ការការពារ​ស្របច្បាប់​ដែរ ប៉ុន្តែ ខុសត្រង់ មិន​មាន​អំពើ​ឈ្លានពាន​ណាមួយ​នោះទេ។ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​ប្រឈមមុខ​នឹង​ស្ថានភាព​ចាំបាច់​ ដែល​កើតចេញ​ពី​​​​​លក្ខខណ្ឌ​ធម្មជាតិ ឬ​ហេតុការណ៍​ណាមួយ ដូចជា ក្នុង​ករណី​៖

  • ​មិន​​មានអ្វី​​ទទួលទាន ​ឃ្លាន​ខ្លាំង​ជិត​ដាច់ពោះស្លាប់ ហើយ​ចាំបាច់​ត្រូវ​លួច​ចំណីអាហារ​មកទទួលទាន។
  • គ្រូពេទ្យ ក្នុងពេល​ជួយសម្រាល​កូន ​ដើម្បី​ជួយជីវិត​ម្តាយ ចាំបាច់ត្រូវ​តែ​សម្លាប់​ទារក ដែល​រៀបនឹង​កើត។
  • អ្នក​បើក​ឡាន​ដាច់​ហ្វ្រាំង​​ចុះជម្រាល ហើយ​បង្ខំ​ចិត្ត បើក​ចេញ​ពី​ផ្លូវ ទៅ​បុក​ផ្ទះ​អ្នកស្រុក ដើម្បី​ចៀសវាង​​កុំ​ឲ្យ​បុក​មនុស្ស​នៅខាងមុខ ។ល។

ការ​លួច ការសម្លាប់​ទារក ឬ​ការ​បំផ្លាញ​ផ្ទះ​អ្នកស្រុក សុទ្ធសឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារ​តែ​អំពើ​ល្មើស​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ចាំបាច់ ដើម្បី​ជួយ​សង្រ្គោះខ្លួនឯង ឬ​ជួយ​សង្រ្គោះ​អ្នកដទៃ អ្នកប្រព្រឹត្ត​អំពើ​ល្មើស​ត្រូវ​រួចផុត​ពី​ការទទួលខុសត្រូវ។

៥-អនុភាព​នៃ​កម្លាំង ឬ​ការ​បង្ខំ
ជនល្មើស ដែល​​ប្រព្រឹត្ត​ទង្វើ​ល្មើស ក្រោម​អានុភាព​នៃ​កម្លាំង​ណាមួយ​ ឬ​ក្រោម​​ការ​បង្ខំ​ពី​អ្នក​ដទៃ ដូចជា ក្នុងករណី​មាន​គេ​​​ចាប់​កូន​ភ្ជង់​នឹង​ចុងកាំភ្លើង ហើយ​បង្ខំ​ឲ្យ​ឳពុក​ចូល​ទៅ​លួចលុយគេ ជាដើម មិនមាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​ល្មើស​នេះ​ទេ។

តើ​ក្នុង​​លក្ខខណ្ឌ​​​ណា​ខ្លះ ដែល​ជន​វិកលចរិត​អាច​​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​បាន?

ដើម្បី​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ទាំងស្រុង គឺ​ត្រូវ​មាន​លក្ខខណ្ឌ​ចាំបាច់​ពីរ (មាត្រា ៣១ នៃ​ក្រមព្រហ្មទណ្ឌ)៖

១-វិបល្លាសស្មារតី​ចាំបាច់​ត្រូវ​តែ​កើត​ឡើង នៅ​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស។
ឧទាហរណ៍ ករណី​ជនវិកលចរិត​មិន​អចិន្រ្តៃយ៍ មានន័យថា មាន​​ពេល​ខ្លះ​ឆ្កួត ហើយ​ពេល​ខ្លះ​ទៀត ដឹង​ខុសត្រូវ​ធម្មតា។ ក្នុងករណីនេះ បើ​សិន​បើ​​គាត់​ប្រព្រឹត្ត​បទល្មើស ក្នុងពេល​​គាត់​ជា​ ដឹង​ខុសត្រូវ​ធម្មតា គាត់​នឹង​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​​ធម្មតា។ លុះត្រាតែ​​បទល្មើស​ត្រូវ​បានប្រព្រឹត្ត ក្នុង​ពេល​ដែល​គាត់​ឆ្កួត​ មិនដឹង​ខុសត្រូវ ទើប​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវ។

២-លក្ខណៈ​វិបល្លាស​ស្មារតី ត្រូវ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ជនល្មើស​បាត់បង់​ការ​ដឹងខុសត្រូវ​ទាំងស្រុង។ ប្រសិន​បើ​មាន​វិបល្លាស​ស្មារតី​ដែរ ប៉ុន្តែ អាច​នៅ​ដឹង​ខុសត្រូវ​ខ្លះៗ ជនល្មើស​​ត្រូវ​តែ​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ គ្រាន់តែ​​ អាច​មាន​មាន​ការ​សម្រាលទោស។

ម្យ៉ាងទៀត មាត្រា ៣១ បាន​កំណត់​ថា ការវង្វេងស្មារតី ដែល​កើតមក​ពី​​ការប្រើប្រាស់​គ្រឿងស្រវឹង គ្រឿងញៀន ឬ​សារជាតិ ដែល​ច្បាប់​ហាមឃាត់ មិន​អាច​ជាមូលហេតុ ដែល​អាច​ឲ្យ​ជនល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​បានទេ។

តើ​ការការពារ​ខ្លួន ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​អ្វីខ្លះ ទើបអាច​​ចាត់ទុក​ថាជាការការពារ​ស្របច្បាប់ ហើយ​​ដែល​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវព្រហ្មទណ្ឌបាន? 

​មាត្រា ៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ថា ដើម្បី​ឲ្យ​អំពើ​ល្មើស​មួយ អាច​ចាត់ទុក​ថា​ជា​ការពារ​ស្រប​ច្បាប់ ត្រូវ​​គោរព​ទៅតាម​លក្ខខណ្ឌ​ ដូចខាងក្រោម៖

  • អំពើ​ល្មើស​នោះ ត្រូវ​តែ​ធ្វើ​ឡើង​​ ប្រឈម​នឹង​ទង្វើ​មួយទៀត (ការឈ្លានពាន) ដែល​ជា​​អំពើ​ល្មើស​ច្បាប់។ ឧទាហរណ៍ ក្នុងករណី​​ប៉ូលិស​ចូល​មក​ឆែកឆេរ​ផ្ទះ ដោយ​មាន​ដីកា​ពីតុលាការ​ត្រឹមត្រូវ ស្រាប់​តែ​ម្ចាស់​ផ្ទះ​ទាញ​កាំបិត​មក​កាប់​ប៉ូលិស នេះ​មិនមែន​ជា​ការការពារ​ស្របច្បាប់​ទេ ព្រោះ​ទង្វើ​របស់​ប៉ូលិស​ជា​ទង្វើ​ស្របច្បាប់។
  • ក្នុង​ស្ថានភាព​ចាំបាច់​ដោយ​ចៀសមិនរួច មានន័យថា គាត់​មិនអាច​រត់គេច​ចេញ​ទៅណា​បានទេ គឺ​មាន​តែ​វាយតបតវិញ ដើម្បី​ការពារខ្លួន។
  • បទល្មើស និង​ការឈ្លានពាន ត្រូវ​តែ​កើតឡើង ក្នុងពេល​ជាមួយ​គ្នា។ ប្រសិន​បើ​មាន​គេ​បាញ់​សម្លាប់​កូន ស្អែកឡើង ឳពុក​ទៅបាញ់​សម្លាប់​គេវិញ នេះ​មិនត្រូវ​ចាត់​ទុក​ថា​ជា​ការការពារ​ស្របច្បាប់​ទេ។
  • មធ្យោបាយ​នៃ​ការការពារខ្លួន ត្រូវ​តែ​សមាមាត្រ​ទៅនឹង​ទម្ងន់​នៃ​ការឈ្លានពាន។ ឧបមាថា មានគេ​កាន់​អង្កត់​អុស​តូច​មួយ​ចូលមករកវ៉ៃ​ ស្រាប់​តែ​ទៅទាញ​កាំភ្លើង​បាញ់​គេ​ស្លាប់ នេះ​មិន​ត្រូវ​ចាត់ទុក​ថា​ជា​ការការពារស្របច្បាប់​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: