Monthly Archives: ខែកញ្ញា 2011

រចនាសម្ព័ន្ធ និង​នីតិវិធី​នៃ​ការ​សម្រេច​សេចក្តី​នៃ​តុលាការ​ខ្មែរ​ក្រហម

ប្រភព RFI  (http://www.khmer.rfi.fr/)
តុលាការខ្មែរក្រហម​ មាន​ឈ្មោះ​ជាផ្លូវការ​ថា “អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈកាល​នៃ​ កម្ពុជា​ប្រជាធិបតេយ្យ”។ តុលាការនេះ ក៏​តែងតែ​ត្រូវបាន​គេ​ហៅ​ផងដែរ​ថា​ជា “តុលាការ​កូនកាត់” ពីព្រោះ​វា​មិនចំ​ជា​តុលាការ​ជាតិ ហើយ​មិនចំ​ជា​តុលាការ​អន្តរជាតិ។ ច្បាប់​ដែល​គេ​យក​មក​អនុវត្ត គឺជា​ច្បាប់​ព្រហ្មទណ្ឌ​ជាតិ​របស់​កម្ពុជា​ផង និង​ច្បាប់​អន្តរជាតិ​ផង។ ចៅក្រម​វិញ​ក៏មាន​សមាសភាព​ចម្រុះ​កម្ពុជា និង​អន្តរជាតិ​ដែរ។
តើ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បុគ្គល​ណាខ្លះ? ហើយ​ចំពោះ​បទឧក្រិដ្ឋ​អ្វីខ្លះ?

ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​បាន​កម្រិត​ដែនកំណត់​នៃ​ សមត្ថកិច្ច​​របស់​តុលាការ​នេះ ទាំង​សមត្ថកិច្ច​ទាក់ទង​នឹង​ប្រភេទ​នៃ​បទឧក្រិដ្ឋ ទាំង​កាលវេលា​ដែល​បទឧក្រិដ្ឋ​ត្រូវបាន​ប្រព្រឹត្ត និង​ទាំង​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ។

គេអាច​ចែក​បទឧក្រិដ្ឋ ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម​ជាពីរ​ប្រភេទ គឺ​បទឧក្រិដ្ឋ​ថ្នាក់​ជាតិ និង​បទឧក្រិដ្ឋ​អន្តរជាតិ។

បទឧក្រិដ្ឋ​ថ្នាក់​ជាតិ គឺ​សំដៅ​លើ​រាល់​បទឧក្រិដ្ឋ​ទាំងឡាយណា ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ រួមមាន បទ​មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​បំពាន​លើ​សាសនា។ ចំណែក​បទឧក្រិដ្ឋ​អន្តរជាតិ រួមមាន៖

  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ឆ្នាំ១៩៤៨។
  • ឧក្រិដ្ឋកម្មសង្រ្គាម ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ទាំងបួន ដែល​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ១៩៤៩ នៅ​ទីក្រុង​ហ្សឺណែវ។
  • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងរ៉ូម ឆ្នាំ១៩៩៨ ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
  • បទឧក្រិដ្ឋ​បំផ្លិចបំផ្លាញ​សម្បត្តិវប្បធម៌​ក្នុងពេល​មាន​ជម្លោះ​ប្រដាប់អាវុធ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងឡាអេ ឆ្នាំ១៩៥៤។
  • បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មន្រ្តី​ការទូត ដែល​ទទួលបាន​នូវ​ការ​ការពារ​ពី​សំណាក់​អនុសញ្ញា​ក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត។
ក៏ប៉ុន្តែ បទឧក្រិដ្ឋ​ទាំងប៉ុន្មាន​ខាងលើ​នេះ ចូលក្នុង​ដែនសមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម លុះត្រា​តែ​បទឧក្រិដ្ឋ​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្ត​ ក្នុងចន្លោះ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពោលគឺ​ ក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច​នៅ​កម្ពុជា។

បុគ្គល​ដែល​អាច​នឹងត្រូវ​នាំយក​មក​កាត់ទោស​ ដោយ​តុលាការ​ខ្មែរក្រហមនេះ​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ៖

  • ទីមួយ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ សំដៅ​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងឡាយណា ដែល​បាន​កាន់តំណែង​កំពូលៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដូចជា ខៀវ សំផន (អតីតប្រមុខរដ្ឋ) នួន ជា (អតីត​ប្រធាន​រដ្ឋសភា) អៀង សារី (អតីតឧបនាយករដ្ឋមន្រ្តី) និង អៀង ធីរិទ្ធិ (អតីតរដ្ឋមន្រ្តី) ជាដើម ដែល​ពេលនេះ ត្រូវបាន​តុលាការ​ខ្មែរក្រហម​កំពុង​ធ្វើការ​ជំនុំជម្រះ។
  • ទីពីរ ជនទាំងឡាយណា ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​រាល់​ឧក្រិដ្ឋកម្ម​ទាំងប៉ុន្មាន​ខាងលើ៖ សំដៅ​ទៅលើ​ជនទាំងឡាយណា ដែល​ថ្វីដ្បិតតែ​មិនបាន​កាន់​តំណែង​កំពូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ក៏ពិតមែន ក៏ប៉ុន្តែ មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​អំឡុងពេលនោះ។ រហូត​មកទល់​ពេលនេះ បុគ្គល​ដែល​ស្ថិតក្នុង​ប្រភេទ​ទីពីរ​នេះ ហើយ​ដែល​ត្រូវ​តុលាការ​ខ្មែរក្រហម​យក​មក​កាត់ទោស គឺ មានតែ​ កាំង ហ្កិចអៀវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​ មួយ​ប៉ុណ្ណោះ។
ការកំណត់ថា បុគ្គលណា​ស្ថិតក្នុង​ចំណោម​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កម្ពុជា​ ប្រជាធិបតេយ្យ ហើយ​បុគ្គលណា​ស្ថិតក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​មក​ជំនុំជម្រះ​​នោះ គឺ​ជា​សិទ្ធិ​សម្រេច​របស់​សហព្រះរាជអាជ្ញា​​នៃ​តុលាការ​ខ្មែរក្រហម។

រចនាសម្ព័ន្ធ​តុលាការ​ខ្មែរក្រហម គឺ​យកតាម​លំនាំ​រចនាសម្ព័ន្ធ​តុលាការ​កម្ពុជា ដោយមាន​ព្រះរាជអាជ្ញា​ផង និង​ចៅក្រម​ស៊ើបអង្កេត​ផង។ ក៏ប៉ុន្តែ ខុសប្លែក​ពី​រចនាសម្ព័ន្ធ​តុលាការ​ធម្មតា ដែល​មាន​បី​ថ្នាក់ តុលាការ​ខ្មែរក្រហម មានតែ​ពីរថ្នាក់​ប៉ុណ្ណោះ គឺ​សាលាដំបូង និង​តុលាការ​កំពូល ដោយ​មិនមាន​សាលាឧទ្ធរណ៍​នោះទេ។

ចំពោះ​ចៅក្រម​វិញ តាំងពី​ស្ថាប័នអយ្យការ រហូតដល់​តុលាការ​កំពូល មាន​សមាសភាព​ចម្រុះ​ជា​ចៅក្រម​ខ្មែរ​ផង និង​ចៅក្រម​អន្តរជាតិ​ផង ដោយ​ចៅក្រម​ខ្មែរ​មានចំនួន​ច្រើនជាង​ចៅក្រម​បរទេស។

សហព្រះរាជអាជ្ញា​មាន​ពីរ​រូប គឺ​មួយរូប​ជា​ព្រះរាជអាជ្ញា​កម្ពុជា និង​មួយរូប​ទៀត ជា​ព្រះរាជអាជ្ញា​បរទេស។ សហចៅក្រម​ស៊ើបអង្កេត​ក៏មាន​ពីររូប​ដូចគ្នា​នេះ​ដែរ។

នៅសាលាដំបូង ចៅក្រម​មាន​៥រូប រួមមាន​ចៅក្រម​ខ្មែរ​៣រូប មួយរូប​ធ្វើ​ជា​ប្រធាន និង ចៅក្រម​បរទេស​ពីរ​រូប។

នៅ​តុលាការ​កំពូល មាន​ចៅក្រម​៧រូប រួមមាន ចៅក្រម​ខ្មែរ​៤រូប មួយរូប​ធ្វើ​ជា​ប្រធាន និង​ចៅក្រម​បរទេស​៣រូប។

បើ​នៅ​គ្រប់​ជាន់ថ្នាក់ សុទ្ធតែ​មាន​ចៅក្រម​ច្រើននាក់ និង​មាន​សមាសភាព​ចម្រុះ​បែបនេះ តើ​ការ​សម្រេចសេចក្តី​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

ថ្វីដ្បិតតែ តុលាការ​ខ្មែរក្រហម អនុវត្ត​ច្បាប់​ជាតិ​ផង និង​អន្តរជាតិ​ផង ហើយ​ចៅក្រម​ក៏​មាន​សមាសភាព​ចម្រុះ​ជាតិសាសន៍​ទៀត ក៏ប៉ុន្តែ នីតិវិធី​តុលាការ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន​ទៅនឹង​នីតិវិធី​ ព្រហ្មទណ្ឌ​កម្ពុជា។

ចំណុចចាប់ផ្តើម​នៃនីតិវិធី ​គឺ​ចេញពី​សហព្រះរាជអាជ្ញា ដែល​មានសិទ្ធិ​សម្រេច​កំណត់​ជនសង្ស័យ ដើម្បី​បើកផ្លូវ​ឲ្យមាន​ការ​ស៊ើបអង្កេត។ សំណួរ​ចោទឡើង​ថា ចុះបើ​សហព្រះរាជអាជ្ញា​ទាំងពីរ​រូបនេះ​មាន​យោបល់​​ផ្ទុយគ្នា តើ​គេត្រូវ​ដោះស្រាយ​វិវាទនេះ​ដោយ​របៀបណា?

មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ចែងថា នៅក្នុង​ករណី​ដែល​សហព្រះរាជអាជ្ញា​មាន​យោបល់​ខ្វែងគ្នា សហព្រះរាជអាជ្ញា​ទាំងពីរ ឬ​សហព្រះរាជអាជ្ញា​ណាមួយ​ក៏បាន​ដែរ អាច​ដាក់ពាក្យ​ប្តឹងទាស់​ទៅ​អង្គបុរេជំនុំជម្រះ​ដើម្បី​សម្រេចសេចក្តី។ បណ្តឹងទាស់​នេះ​ត្រូវ​ដាក់ជូន​ទៅ​អង្គបុរេជំនុំជម្រះ​ក្នុង​រយៈពេល​យ៉ាងយូរ ៣០ថ្ងៃ ចាប់​ពី​ពេល​មាន​យោបល់​ផ្ទុយគ្នា បើមិនដូច្នោះទេ មានន័យ​ថា សហព្រះរាជអាជ្ញា​ទាំងពីរ​មាន​យោបល់​ស្របគ្នា ហើយ​នីតិវិធី​ដែល​កំពុង​ដំណើរការ​នឹង​ត្រូវ​បន្តធ្វើ​តទៅមុខ​ទៀត។

អង្គបុរេជំនុំជម្រះ​មាន​ចៅក្រម​៥រូប រួមមាន ចៅក្រម​ខ្មែរ​៣រូប មួយរូប​ជា​ប្រធាន និង​ចៅក្រម​បរទេស​២រូប។ រាល់​សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ​នេះ​អាច​ធ្វើទៅបាន​លុះត្រាតែ​ មាន​សំឡេងគាំទ្រ​យ៉ាងតិច​៤សំឡេង។ សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ គឺជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ពោលគឺ គូវិវាទ​មិនអាច​ប្តឹង​ឧទ្ធរណ៍​ជំទាស់នឹង​សេចក្តីសម្រេច​របស់​អង្គបុរេ​ ជំនុំជម្រះ​បានទេ។

ក្នុងករណី​ដែល​អង្គបុរេជំនុំជម្រះ​មិនអាច​រក​សំឡេង​គាំទ្រ​គ្រប់៤​សំឡេង​ទេ​ នោះ ការ​ស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើបន្ត។ ឧបមាថា សហព្រះរាជអាជ្ញា​មាន​យោបល់​ផ្ទុយគ្នា​ក្នុង​ការកំណត់​ជនសង្ស័យ​ឈ្មោះ “ក” ដោយ​ព្រះរាជអាជ្ញា​មួយរូប​ថា ត្រូវធ្វើការ​ចោទប្រកាន់​​ ឯមួយទៀត​​មិនយល់​ស្រប។ សហព្រះរាជអាជ្ញា​​ដែល​មិនយល់ស្រប​​ប្តឹងទាស់ទៅ​អង្គ​បុរេជំនុំជម្រះ ដើម្បី​ដោះស្រាយ​វិវាទ​នេះ ក៏ប៉ុន្តែ អង្គបុរេជំនុំជម្រះ​ក៏​មិនអាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​សម្រេចសេចក្តី​បាន។ ក្នុងករណីនេះ ការ​ចោទប្រកាន់​លើ​បុគ្គល “ក” នឹង​ត្រូវ​បន្តធ្វើ។

នៅពេលដែល​សហព្រះរាជអាជ្ញា​សម្រេច​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បាន​ធ្វើ​ការ​ស៊ើបអង្កេតបឋម​រួច​ហើយ សហព្រះរាជអាជ្ញា​អាច​បញ្ជូន​សំណុំរឿងនេះ ទៅឲ្យ​សហចៅក្រម​ស៊ើបអង្កេត តាមរយៈដីកា​សន្និដ្ឋាន​បញ្ជូនរឿង​ឲ្យ​ស៊ើបសួរ។ គឺ​សហចៅក្រម​ស៊ើបអង្កេត​នេះឯង​ ដែលជាអ្នកមាន​អំណាច​សម្រេច​ថា​ តើ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​ជនសង្ស័យ​នេះដែរទេ។ ការសម្រេចនេះ​អាច​ធ្វើ​ទៅ​បាន​ លុះត្រាតែមាន​ការឯកភាពគ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប។ ក្នុងករណី​ដែល​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​មាន​យោបល់​ផ្ទុយគ្នា គេ​អាច​ប្តឹង​ទៅ​អង្គបុរេជំនុំជម្រះ​បាន ពោលគឺ​ អនុវត្តតាម​នីតិវិធី ដូចគ្នា​ទាំងស្រុង​នឹង​ករណី​ខ្វែងគំនិតគ្នា​រវាង​សហព្រះរាជអាជ្ញា។

និយាយជារួម តុលាការ​ខ្មែរក្រហម​ប្រកាន់យក​នូវ​គោលការណ៍​មួយថា រាល់​ការ​ចោទប្រកាន់ ឬ​ការ​ស៊ើបអង្កេត ដែល​កំពុង​ដំណើរការ​ ត្រូវតែ​បន្តទៅមុខ​ជាប់រហូត។ គេអាច​បញ្ឈប់​នីតិវិធី​នេះបាន លុះត្រាតែ​មាន​ការព្រមព្រៀង​ពី​សហព្រះរាជអាជ្ញាទាំងពីរ​រូប ឬ​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​ឬ​ក៏​ត្រូវ​មានសំឡេង​​ភាគច្រើន នៅក្នុងអង្គបុរេជំនុំជម្រះ។ ការអនុវត្តន៍​យក​គោលការណ៍បែបនេះ គឺដើម្បីចៀសវាង​ការជាប់គាំង​ក្នុង​នីតិវិធី​តុលាការ។

នៅក្នុងដំណើរការស៊ើបអង្កេត សហចៅក្រម​ស៊ើបអង្កេត​​មានសិទ្ធិ​ក្នុងការ​ចេញដីកា​នាំខ្លួន​ជនសង្ស័យ ដើម្បី​មកសាកសួរ និង​អាច​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​បាន ប្រសិនបើ​មានការ​ចាំបាច់។ ជនជាប់សង្ស័យ​អាច​ប្តឹងជំទាស់​នឹង​សេចក្តីសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ ទៅ​អង្គបុរេជំនុំជម្រះ​បាន ដូចដែល​យើង​បានឃើញ កាំង ហ្កិចអៀវ ហៅ ឌុច ខៀវ សំផន នួន ជា អៀង សារី និង អៀង ធីរិទ្ធិ ធ្លាប់បាន​ធ្វើ​កន្លងមក​ហើយ។

នៅចុងបញ្ចប់​នៃ​ការ​ស៊ើបអង្កេត ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​មិនអាច​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទេនោះ សហចៅក្រម​នឹង​ចេញ​ដីកា​លើកលែង​ការ​ចោទប្រកាន់​ ហើយ​សំណុំរឿង​នឹងត្រូវ​បិទបញ្ចប់។ ក៏ប៉ុន្តែ សហព្រះរាជអាជ្ញា​អាច​ប្តឹងទាស់​នឹង​សេចក្តីសម្រេច​នេះបាន។

ក្នុងករណីផ្ទុយពីនេះវិញ ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ សហចៅក្រម​នឹង​ចេញ​ដីកា​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ ចំពោះ​បទល្មើស​ណាមួយ​ជាក់លាក់ ហើយ​បញ្ជូន​សំណុំរឿង​នេះ​ទៅឲ្យ​ចៅក្រម​សាលាដំបូង​ជា​អ្នក​បើក​សវនាការ​ ជំនុំជម្រះ។

គឺ​ចៅក្រម​សាលា​ដំបូង​នេះហើយ ដែល​មាន​សិទ្ធិសម្រេច​ថា តើ​ជនជាប់ចោទ​ពិតជា​មានទោស ដូច​ការ​ចោទប្រកាន់​ដែរ​ឬ​ទេ។ រាល់​សេចក្តីសម្រេច​របស់​សាលាដំបូង​អាច​ធ្វើទៅ​បាន ​លុះត្រាតែ​មាន​សំឡេង​គាំទ្រ​យ៉ាងតិច ៤សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង៥រូប។ នេះ​មានន័យ​ថា បើទោះជា​ចៅក្រមខ្មែរ​មាន​ច្រើនជាង​ចៅក្រម​បរទេស ក៏ដោយ ក៏ប៉ុន្តែ ចៅក្រម​ខ្មែរ​តែ​ម្ខាង​មិនអាច​សម្រេចសេចក្តី​បានទេ ប្រសិនបើ​គ្មានការ​គាំទ្រ​ពី​សំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប​ទេនោះ។

នីតិវិធី​នៃ​ការ​ចេញ​សេចក្តីសម្រេច​នេះ ក៏​ត្រូវអនុវត្ត​ដូចគ្នា​ដែរ ចំពោះ​តុលាការ​កំពូល។ រាល់ការ​សម្រេចសេចក្តី​នៅ​តុលាការ​កំពូល​ ត្រូវតែ​ធ្វើឡើង​តាមរយៈ​សំឡេងគាំទ្រ​យ៉ាងតិច ៥សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង ៧​រូប ពោលគឺ​ ត្រូវមានការគាំទ្រ​​ពីសំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប ទើប​ការ​សម្រេចសេចក្តី​នេះ​អាច​ធ្វើទៅបាន៕

tags: កម្ពុជាតុលាការខ្មែរក្រហម
Advertisements

ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក

ប្រភព RFI  (http://www.khmer.rfi.fr/inheritance-in-khmer-law)
ដោយ សេង ឌីណា

បុគ្គលម្នាក់ៗ គឺ​ជា​ម្ចាស់​​ ដែល​មាន​សិទ្ធិផ្តាច់មុខ​ ទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួនមាន។ ទោះបី​ជាក្រោយ​ពី​​ស្លាប់ទៅ ក៏​គេមិន​អាច​ដកហូត​ទ្រព្យសម្បត្តិ​នេះ​បានដែរ។ ទ្រព្យសម្បត្តិ​ ដែល​ជា​កេរមរតក​របស់​បុគ្គល​ដែល​ស្លាប់ (មតកជន) គឺ​ត្រូវ​ផ្ទេរទៅឲ្យ​សាច់ញាតិ​របស់​គាត់​ដែលនៅរស់។ ក៏ប៉ុន្តែ ការផ្ទេរមរតក​នេះ​ត្រូវ​គោរពទៅតាម​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ច្បាប់។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ស្តីពី​របៀប​បែងចែក​កេរមរតក ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ ឆ្នាំ​២០០៧។

សំណួរ-នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ទទួលមរណភាព តើ​ទ្រព្យសម្បត្តិ ដែល​ជា​កេរមរតក​របស់​គាត់​ត្រូវ​បែងចែក​ដោយ​របៀបណា?

ចម្លើយ-ការបែងចែក​កេរមរតក គឺ​មាន​ចែង​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧ ចាប់ពី​មាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។

ការ​ផ្ទេរ​កេរមរតក ត្រូវ​​ធ្វើ​ទៅតាមឆន្ទៈ​របស់​​​មតកជន (ជន​ដែល​ស្លាប់ ហើយ​ដែល​ជា​ម្ចាស់​កេរមរតក) ប្រសិន​បើ​គាត់​មាន​ទុក​បណ្តាំ។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាម​មាន​បណ្តាំ ឬ​សន្តតិកម្ម​តាម​មតកសាសន៍។

ក្នុងករណី​គ្មាន​បណ្តាំ​ ការផ្ទេរមរតក គឺ​ត្រូវ​ធ្វើ​ឡើង​ទៅតាម​ការកំណត់​ដោយ​​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាមច្បាប់ (មាត្រា ១១៤៥)។

សំណួរ-នៅក្នុង​បណ្តាំ តើ​ម្ចាស់ទ្រព្យ​មាន​សិទ្ធិ​បែងចែកកេរមរតក​របស់​គាត់​​យ៉ាងម៉េច​ក៏​បាន ឬ​ក៏យ៉ាងណា?

ចម្លើយ-មតកជន មានសិទ្ធិ​ធ្វើ​ការបែងចែក​កេរមរតក​របស់​គាត់​យ៉ាងម៉េច​ក៏បាន​ដែរ ក៏ប៉ុន្តែ ត្រូវ​គោរព​លក្ខខណ្ឌ​មួយ ដែល​ចែង​ក្នុង​ច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់​កំណត់​ថា មរតក​មួយ​ផ្នែក​ ត្រូវ​បម្រុង​ទុក​ឲ្យ​សន្តតិជន (ជន​ដែល​ត្រូវ​ទទួល​កេរមរតក)​ តាម​ច្បាប់​កំណត់។

អ្នក​មាន​សិទ្ធិ​លើ​ភាគបម្រុង គឺ​​កូន​ ឬ ឪពុកម្តាយ ឬ​ជីដូនជីតា និង​សហព័ទ្ធ​របស់​មតកជន (មាត្រា ១២៣០)។ ចំណែក​នៃ​ភាគបម្រុង​ត្រូវ​​កំណត់​ដូចខាងក្រោម៖

ក្នុងករណី​ដែល​មាន​សន្តតិជន ដែល​ជា​ឪពុកម្តាយ ឬ​ជីដូន ជីតា​ប៉ុណ្ណោះ (មិនមាន​កូន និង​មិនមាន​សហព័ទ្ធ) ភាគបម្រុង​ គឺ​ត្រូវមាន ១ភាគ៣ នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។
ក្នុងករណី​ដែល​​មាន​សន្តតិជន​ជា​កូន ឬ​ជា​សហព័ទ្ធ ភាគបម្រុង​ ត្រូវមាន​ពាក់កណ្តាល នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។

ភាគបម្រុង ត្រូវ​យក​ទៅ​បែងចែក​ជាចំណែក​ស្មើៗគ្នា​ឲ្យ​សន្តតិជន​ដែល​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ ដែល​ច្បាប់​កំណត់​ក្នុង​មាត្រា​ខាងលើ។ កេរមរតក ដែល​នៅសេសសល់​ពី​ ភាគបម្រុង ទើប​មតកជន​អាច​យក​ទៅ​បែងចែក​តាមចិត្ត​ចង់​បាន។ ក្នុងករណី​ដែល​គ្មាន​​សន្តតិជន​ដែល​ត្រូវ​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ទេ មតកជន​​អាច​ចាត់ចែង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំងអស់ ទៅតាម​បណ្តាំ​បាន ដោយ​មិន​ត្រូវ​ទុក​​​ភាគបម្រុង​នោះទេ។

សំណួរ-ក្នុងករណី​មិនមាន​បណ្តាំ​ តើ​​​ច្បាប់​កំណត់​ដូចម្តេច​ខ្លះ អំពី​ការបែងចែក​កេរមរតក​?

ចម្លើយ-ក្នុងករណី​គ្មាន​បណ្តាំមរតក ច្បាប់​កំណត់​ថា កេរមរតក​ត្រូវ​ចែក​​​ទៅ​ឲ្យ​សន្តតិជន ដែល​មាន ៣លំដាប់ ៖

ប្រសិន​បើ​មតកជន​មាន​កូន មរតក​ត្រូវ​​បាន​ទៅ​កូន។ បើសិនជា​​មាន​កូន​ណាមួយ​ស្លាប់ ចំណែក​មរតក​​​នោះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​​កូន​នោះ (ចៅ​របស់​មតកជន) ដែល​គេ​ឲ្យ​ឈ្មោះថា សន្តតិកម្ម​ជំនួស។

ប្រសិនបើ​មតកជន​មិនមាន​កូនសោះ (ចំណុចនេះ​ខុសពីមានកូន​ ​តែ​កូន​ស្លាប់) កេរមរតក​ត្រូវ​បាន​ទៅ​ឪពុកម្តាយ។ ប្រសិន​បើ​គ្មាន​ទាំងកូន ហើយ​ឪពុកម្តាយ​ក៏​ស្លាប់​អស់ទៀត កេរមរតក​ត្រូវបាន​ទៅ​បងប្អូនបង្កើត។

ចំពោះ​សហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់​មតកជនវិញ គឺ​ជា​សន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិត​ក្នុង​លំដាប់ណាមួយ ក្នុង​លំដាប់​សន្តតិជន​ទាំង៣​ខាងលើ ក៏សហព័ទ្ធ​ត្រូវមាន​ចំណែក​ក្នុង​ការទទួល​កេរមរតកដែរ។

ក្នុងករណី​សន្តតិជន​ជាកូន សហព័ទ្ធត្រូវ​ទទួល​បាន​ចំណែក​ស្មើគ្នា​ជាមួយ​នឹង​កូននីមួយៗ។ ក្នុងករណី​មតកជន​គ្មានកូន ហើយ​មរតក​ត្រូវ​ផ្ទេរ​ទៅ​សន្តតិជន​ជា​ឪពុកម្តាយ ទ្រព្យសម្បត្តិ​ត្រូវ​ចែក​ជា​បី​ចំណែក​ស្មើគ្នា ដោយ​១ចំណែកបាន​ទៅ​ឪពុក ១ចំណែក​បានទៅម្តាយ និង​ចំណែក​ទី៣​បាន​ទៅ​សហព័ទ្ធ។ ប្រសិនបើ​មានតែ​ឪពុក ឬមានតែម្តាយ​នៅរស់ សហព័ទ្ធ​ត្រូវបាន​ទ្រព្យ​ពាក់កណ្តាល ហើយ​ពាក់កណ្តាល​ទៀត​បានទៅ​ឪពុក ឬម្តាយ ដែល​នៅរស់នោះ។

ក្នុងករណី​មតកជន​គ្នាន​កូន គ្មាន​ឪពុកម្តាយ​នៅរស់ ហើយ​មរតក​ត្រូវ​ធ្លាក់​ទៅ​បងប្អូនបង្កើត ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ត្រូវ​បាន​ទៅ​សហព័ទ្ធ ហើយ​នៅសល់​ពាក់កណ្តាល​ទៀត​ត្រូវយក​ទៅ​ចែក​ជា​ចំណែក​ស្មើៗ​គ្នា​ឲ្យ​ទៅ​បងប្អូន​បង្កើត​នោះ។

សំណួរ-តើ​កូនសុំ មាន​សិទ្ធិ​ទទួល​កេរមរតក​ដែរឬទេ?

ចម្លើយ-កូនសុំ​ក៏​មាន​សិទ្ធិ​ទទួល​កេរមរតក​ដូចជា​កូន​បង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និង​ទាំងកូនសុំ ត្រូវ​មាន​ចំណែក​ស្មើៗ​គ្នា (មាត្រា ១១៥៦)។

សំណួរ-ក្នុងករណី​​​កូន ដែល​ត្រូវ​ទទួល​មរតក​ ស្លាប់​ទៅ ហើយ​ត្រូវ​ចែក​បន្ត​ទៅ​ឲ្យ​ចៅ តើ​ចំណែក​​មរតក​ត្រូវ​ចែក​ដូចម្តេច?

ចម្លើយ-នេះ គឺ​ជា​ករណី​សន្តតិកម្ម​ជំនួស។ ចំណែក​មរតក​មិន​ត្រូវ​​យក​ទៅ​គិត​ជា​ចំណែក​ស្មើៗ​គ្នា​​ឲ្យ​ចៅ​របស់​មតកជន​តែម្តងនោះទេ។ គេ​ត្រូវ​គិត​ជា​ពីរ​ដំណាក់។ ទីមួយ ត្រូវ​បែងចែក​​​​ជា​ចំណែក​ស្មើៗ​គ្នា​ទៅ​ឲ្យ​កូនៗ​ជាមុនសិន។ បន្ទាប់​មក ទើប​គេ​យក​ចំណែក​​របស់​កូន​​ដែល​ស្លាប់ ទៅចែក​បន្ត​​ជាចំណែកស្មើៗ​គ្នា​ ឲ្យ​ទៅ​កូនៗ​​គាត់​បន្តទៀត៕

ពាក្យគន្លឹះ : កម្ពុជា  ច្បាប់

ច្បាប់​ការងារ៖ អំពី​ថិរវេលា​ការងារ​និង​ការ​ឈប់​សម្រាក

ប្រភព RFI  (http://www.khmer.rfi.fr/cambodia-labor-law-working-conditions)
ដោយ សេង ឌីណា

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា នឹង​​ធ្វើ​ការ​ពន្យល់​​អំពី​​ច្បាប់ការងារ​កម្ពុជា ដោយ​ផ្តោត​ទៅលើថិរវេលា​ការងារ និង​ការ​ឈប់សម្រាក។

តាមច្បាប់​នៅ​ប្រទេស​កម្ពុជា តើ​​និយោជក​អាច​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្តាហ៍?

តាម​ច្បាប់ការងារ​ខ្មែរ (ច្បាប់ឆ្នាំ១៩៩៧)ថិរវេលា​ធ្វើការងារ​របស់​និយោជិត​ទាំងពីរ​ភេទ ទោះជា​ក្នុង​​គ្រឹះស្ថាន​ប្រភេទណា​ក៏ដោយ គឺ​មិន​ឲ្យ​លើស​ពី ៨ម៉ោង ក្នុងមួយថ្ងៃ ឬ​៤៨​ម៉ោង ក្នុង​មួយសប្តាហ៍។ដូច្នេះបើគិតជាធម្មតាគឺមួយថ្ងៃធ្វើការ៨ម៉ោងហើយមួយអាទិត្យធ្វើការ៦ថ្ងៃ។

សហគ្រាស​មានសេរីភាព​ ក្នុងការកំណត់​របៀបចែក​ពេលធ្វើការ តាម​ប្រភេទ​សកម្មភាព និង​របៀបរៀបចំ​ក្នុង​សហគ្រាស​នីមួយៗ កុំ​ឲ្យតែ​បំពាន​ថិរវេលា ដែល​កំណត់​ដោយ​ច្បាប់​​ខាងលើ។ ដូចជា ចាប់ផ្តើម​ចូលធ្វើការ​ ម៉ោង ៨ព្រឹក ចេញ​ម៉ោង ៥ល្ងាច ហើយ​ឲ្យ​បុគ្គលិក​ឈប់សម្រាក​បាយថ្ងៃ​ត្រង់ ១ម៉ោង សរុបទៅ ៨ម៉ោង ក្នុងមួយថ្ងៃ។

រាល់ការ​រៀបចំ​បែងចែក​ម៉ោង​ធ្វើការ​នេះ សហគ្រាស​ត្រូវ​លៃលក​យ៉ាងម៉េច​ឲ្យ​បុគ្គលិក​មាន​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍ យ៉ាងតិច ២៤ម៉ោង​ជាប់ៗ​គ្នា ពោលគឺ​មួយថ្ងៃ​ពេញ។ជាគោលការណ៍ ច្បាប់កំណត់​យក​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍។

ចុះប្រសិន​បើ​សហគ្រាស​ខ្លះ ដូចជា រោងចក្រ មន្ទីរពេទ្យ សណ្ឋាគារ ជាដើម ដែល​មានតម្រូវការ​ចាំបាច់​ឲ្យ​មាន​សកម្មភាព​​ជាប្រចាំ ២៤ម៉ោង ក្នុងមួយថ្ងៃ ៧​ថ្ងៃ ក្នុង​មួយសប្តាហ៍តើ​ត្រូវ​ធ្វើ​យ៉ាងម៉េច?

 ក្នុង​ករណីនេះ សហគ្រាស​អាច​រៀបចំ​ជាវេន ដើម្បី​អាច​ដំណើរការ​ ២៤ម៉ោង លើ​២៤ម៉ោង។ សហគ្រាស​អាច​ចែក​ការងារ​​ជា ៣វេន ដោយ​​ ១វេន មាន ៨ម៉ោង។ ដូច្នេះ បុគ្គលិក​ ១វេនៗ ​ធ្វើការ​តែ ៨ម៉ោង​ទេ ក្នុងមួយថ្ងៃ។ ការ​បែងចែក​​វេននេះ ​ត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​មាន​ថ្ងៃ​សម្រាក​ប្រចាំ​សប្តាហ៍ ទៅតាម​ច្បាប់កំណត់ គឺ​២៤ម៉ោង​ជាប់ៗ​គ្នា។

គ្រឹះស្ថានខ្លះ គេ​ចង់​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ពី ៨ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែ ឲ្យ​សម្រាក​ប្រចាំសប្តាហ៍​លើស​ពី ២៤ម៉ោង​ ដើម្បី​សង​ម៉ោងលើស​វិញ។ តើ​អាច​ធ្វើ​បាន​ដែរ​ឬទេ?

ត្រង់ចំណុចនេះ គឺ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច និង​ការងារ តាមរយៈ​ប្រកាស​​ ចុះថ្ងៃ​ទី១០ មិថុនា ២០០២ ស្តីពី​ការបែងចែក​ម៉ោងធ្វើការ​ក្នុង​សប្តាហ៍ ដើម្បី​ឲ្យ​ឈប់សម្រាក​បន្ថែម​នារសៀលថ្ងៃសៅរ៍។ ប្រកាស​នេះ​អនុញ្ញាត​ឲ្យ​សហគ្រាស​បង្កើន​ថិរវេលា​ធ្វើការ​របស់​កម្មករ លើស​ពី​៨ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​លើស​ពី ៩ម៉ោងទេ ហើយ​ត្រូវ​ឲ្យ​បុគ្គលិក​សម្រាក​រសៀលថ្ងៃសៅរ៍ បន្ថែម​ពី​លើ​ថ្ងៃ​អាទិត្យ ១ថ្ងៃពេញ ដែល​ជា​ថ្ងៃ​សម្រាក​ធម្មតា។

ក៏ប៉ុន្តែ ការ​បែងចែក​ម៉ោង​ធ្វើការបែបនេះ នយោជក​អាច​ធ្វើ​ទៅ​បាន គឺ​​ទាល់តែ​មាន​ការ​ឯកភាព​ពី​​​​សំណាក់​សហជីព​តំណាង​និយោជិត និង​ប្រតិភូ​បុគ្គលិក​ជាមុនសិន។ ប្រសិន​បើ​ក្នុង​សហគ្រាស​​​មិនមាន​សហជីព​ និង​ប្រតិភូ​បុគ្គលិក​ទេ គឺ​ត្រូវ​​ឲ្យ​មាន​ការ​ឯកភាព​ពី​និយោជិត យ៉ាងតិច​ពាក់កណ្តាល តាមរយៈ​ការ​បោះឆ្នោត​ជា​សម្ងាត់។

តើ​​និយោជក​អាច​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ថ្ងៃ​អាទិត្យ ដោយ​យក​ថ្ងៃ​ផ្សេង​ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍​​បានដែរ​ឬទេ?

ច្បាប់ការងារ​ខ្មែរ​កំណត់​ឲ្យ​យក​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍ (មាត្រា ១៤៧)។ ការកំណត់​ផ្សេង​ក្រៅ​ពីនេះ គឺ​ទាល់តែ​មាន​ករណី​ចាំបាច់​ពិសេស ពោលគឺ បើ​សិន​ជា​ឲ្យ​បុគ្គលិក​សម្រាក​ទាំងអស់​ នៅថ្ងៃ​អាទិត្យ ត្រូវ​នាំ​ឲ្យខូច​ប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឲ្យ​ខូច​ដល​ដំណើរការ​ជាធម្មតា​របស់​សហគ្រាស។

ក្នុងករណី​លើកលែងនេះ ច្បាប់ការងារ ត្រង់​មាត្រា ១៤៨ ចែងថា ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍​ត្រូវ​កំណត់​ដូចតទៅ៖

  • ឲ្យ​បុគ្គលិក​ទាំងអស់​ឈប់សម្រាក​នៅថ្ងៃ​ណាមួយ​ទៀត ក្រៅ​ពីថ្ងៃ​អាទិត្យ។
  • សម្រាក​ពីថ្ងៃ​ត្រង់ថ្ងៃ​អាទិត្យ រហូត​ដល់​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ។
  • សម្រាក​ផ្លាស់វេន​គ្នា​គ្រប់បុគ្គលិក​ទាំងអស់ គឺ​ចែកវេន​គ្នា​ធ្វើការ​ថ្ងៃ​អាទិត្យម្តងម្នាក់។

ការរៀបចំ​ថ្ងៃ​សម្រាក ក្រៅ​ពី​ថ្ងៃ​អាទិត្យ ទៅតាម​វិធី​ណាមួយ​ក៏ដោយ ក្នុង​ចំណោម​វិធី​ទាំងបី​ខាងលើ ចាំបាច់​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​​ការងារ​ជាមុនសិន លើក​លែង​តែ​​​ចំពោះ​សហគ្រាស​មួយចំនួន ដែល​ច្បាប់​ចែង​​អនុញ្ញាត​​​រួចជា​ស្រេច ក្នុង​មាត្រា ១៤៩ រួមមាន៖

  • គ្រឹះស្ថាន​ផលិតគ្រឿង​បរិភោគ​សម្រាប់​បរិភោគ​ភ្លាមៗ។
  • សណ្ឋាគារ ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន។
  • ហាងលក់​ផ្កាធម្មជាតិ។
  • មន្ទីរពេទ្យ កន្លែង​សង្រ្គោះ​ក្មេងកំព្រា មនុស្សពិការ មនុស្ស​ចាស់ ជម្រក​សម្រាប់​អ្នក​ចូលនិវត្តន៍ និង​អ្នក​វិកលចរិត ឱសថស្ថាន និង​គេហដ្ឋាន​សុខភាព។
  • គ្រឹះស្ថាន​ងូតទឹក។
  • សហគ្រាស​សារព័ត៌មាន ឃោសនាការ និង​ទស្សនីយភាព សារមន្ទីរ និង​ពិព័រណ៍។
  • សហគ្រាស​យានជំនិះ​ឈ្នួល។
  • សហគ្រាស​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ទឹក និង​ថាមពល​សម្រាប់​គ្រឿងចក្រ។
  • សហគ្រាស​ដឹកជញ្ជូន​តាមផ្លូវគោក លើក​លែងតែ​អយស្ម័យយាន។
  • រោង​ឧស្សាហកម្ម ដែល​មាន​ប្រើ​វត្ថុធាតុ​ដែល​ឆាប់ខូច។
  • រោង​ឧស្សាហកម្ម​ ដែល​​ការផ្អាក​​ការងារ​អាច​បណ្តាល​ឲ្យ​ខូចបង់ ឬ​បន្ថយ​គុណភាព​​ផលិតផល ដែល​កំពុង​ធ្វើ។
  • រោងឧស្សាហកម្ម​ ដែល​ប្រកប​ការងារ​ផ្តល់​សន្តិសុខ​ ផាសុកភាព ឬ​ប្រយោជន៍​សាធារណៈ។
  • …. (សូមមើល​មាត្រា ១៤៩​ នៃ​ច្បាប់​ការងារ)

តើ​​និយោជក​អាច​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង​ដែរឬទេ? បើ​បាន​ តើ​ត្រូវ​គិត​ប្រាក់​ឈ្នួល​យ៉ាង​ម៉េច?

ច្បាប់ការងារ​អនុញ្ញាត​ឲ្យ​​មាន​ការងារ​បន្ថែម​ម៉ោង​ ក៏ប៉ុន្តែ បាន​តែ​ក្នុងករណី​ដែល​មាន​កិច្ចការ​ប្រញាប់ និង​ពិសេស​ខុសធម្មតា​ប៉ុណ្ណោះ ពោល​គឺ សហគ្រាស​មិនអាច​​​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង ដើម្បី​បំពេញ​កិច្ចការ​អចិន្រ្តៃយ៍​ធម្មតា​បានទេ។

​ការធ្វើការ​បន្ថែម​ម៉ោង គឺ​ត្រូវ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត។ សហគ្រាស​មិន​អាច​បង្ខិតបង្ខំ​នយោជិត​កម្មករ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង​បានទេ។ បុគ្គលិក​ដែល​បដិសេធ​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង មិនត្រូវ​ទទួល​ទណ្ឌកម្ម​​អ្វី​ទេ។

ច្បាប់ការងារ​ ត្រង់មាត្រា ១៣៩ កំណត់​ថា ម៉ោង​បន្ថែម​ត្រូវ​​ឲ្យ​ប្រើ​ឈ្នួល​តាមអត្រា​ដំឡើង ៥០%។ មានន័យថា បើ​ម៉ោង​ធម្មតា​ឲ្យ​ប្រាក់​ឈ្នួល ១ម៉ោង ២ពាន់​រៀល ម៉ោង​បន្ថែម ត្រូវ​ឲ្យ ៣ពាន់។ ​ប្រសិន​បើ​ការងារ​បន្ថែមម៉ោងនេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក​ប្រចាំសប្តាហ៍ ឬ​ធ្វើ​នៅពេលយប់ គឺ​ប្រាក់​ឈ្នួល​ត្រូវ​គិត​លើ​សពី​ប្រាក់​ឈ្នួល​ធម្មតា មួយទ្វេ​ជាពីរ។

ក្រៅ​ពី​ការ​ឈប់សម្រាក​ប្រចាំសប្តាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ តើ​ក្នុងមួយ​ឆ្នាំ បុគ្គលិក​មាន​សិទ្ធិ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល?

ច្បាប់​កំណត់​ថា កម្មករ​និយោជិត​ទាំងអស់​មានសិទ្ធិ​ឈប់សម្រាក​​ យ៉ាងតិច ១៨​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួលធម្មតា។ អនុសញ្ញារួម​ក្នុង​សហគ្រាស ឬ​កិច្ចសន្យាការងារ​អាច​កំណត់​​ឲ្យ​មាន​ថ្ងៃ​សម្រាក​លើស​ពី ១៨ថ្ងៃបាន ប៉ុន្តែ មិន​ឲ្យ​តិច​ជាង ១៨​ថ្ងៃ​ក្នុងមួយឆ្នាំ​ទេ។

ចំនួន​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំនេះ ត្រូវ​បន្ថែម​ចំពោះ​បុគ្គលិក​ដែល​មាន​អតីតភាព​ក្នុង​សហគ្រាស​ គឺ ត្រូវ​បន្ថែម ១ថ្ងៃ​ទៀត ពេល​ធ្វើ​ការ​បាន​បីឆ្នាំ​ក្នុង​សហគ្រាស។

គួរ​បញ្ជាក់ថា ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ១៨ថ្ងៃ​នេះ គឺ​រាប់​ជា​ថ្ងៃ​ធ្វើការធម្មតា។ ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ គឺ​មិនត្រូវ​រាប់​បញ្ចូល​​ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ទេ។

តើ​​ត្រូវ​ធ្វើ​ការ​បាន​រយៈពេល​ប៉ុន្មាន ទើប​បុគ្គលិក​មានសិទ្ធិ​​សុំឈប់សម្រាក​ប្រចាំឆ្នាំ?

ទាល់តែ​ធ្វើ​ការ​បាន​គ្រប់​មួយ​ឆ្នាំ​ក្នុង​សហគ្រាស ទើប​​អាច​មាន​សិទ្ធិ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​បាន (មាត្រា ១៦៧)។

ក្នុង​ករណី ​មាន​ផ្តាច់ ឬ​ចប់កិច្ចសន្យា​​មុន​​ពេល ១ឆ្នាំ​នេះ សហគ្រាស​ត្រូវ​សងប្រាក់​បំណាច់​​ទៅ​ឲ្យ​​​បុគ្គលិក​​នោះ ដោយ​គិត​ជា​សមាមាត្រ​ទៅ​តាម​ពេលវេលា​​ដែល​គាត់​បាន​ធ្វើ​ការ​​ក្នុង​សហគ្រាស។

ក្នុងករណី​មាន​ធុរៈផ្ទាល់​ខ្លួន តើ​និយោជិត​កម្មករ​អាច​សុំឈប់សម្រាក​បានដែរ​ឬទេ? បើ​បាន តើ​ត្រូវ​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែរ​ឬទេ?

ច្បាប់ការងារ ត្រង់មាត្រា ១៧១ អនុញ្ញាត​ឲ្យ​មាន​ការឈប់សម្រាក​ពិសេស ក្នុង​​ករណី​និយោជិត​​​មាន​ធុរៈ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ឱកាស​មាន​ព្រឹត្តិការណ៍​ ដែល​ប៉ះពាល់​​ដល់​គ្រួសារ​របស់​កម្មករ​និយោជិត ដូចជា៖

  • ត្រូវ​​រៀបអាពាហ៍​ពិពាហ៍​ផ្ទាល់​ខ្លួន
  • ត្រូវ​រៀបអាពាហ៍ពិពាហ៍​កូន
  • ប្រពន្ធ​សម្រាលកូន
  • ប្តី ប្រពន្ធ កូន ឳពុក ឬ​ម្តាយ មាន​ជំងឺ ឬ​ទទួល​មរណភាព

ក្នុងករណី​មាន​ធុរៈបែបនេះ បុគ្គលិក​អាច​សុំ​ឈប់សម្រាក​បាន ដោយ​នៅ​ទទួល​បាន​ប្រាក់​ឈ្នួល​ជាធម្មតា។ ក៏ប៉ុន្តែ ការ​ឈប់សម្រាក​ពិសេស​បែបនេះ ក្នុង​មួយ​ឆ្នាំ​ មិន​ឲ្យ​មាន​លើស​ពី ៧ថ្ងៃ​ទេ។

ការឈប់សម្រាក​ពិសេស​នេះ អាច​យក​មក​កាត់កង​ជាមួយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បាន ប្រសិន​បើ​​និយោជិត​មិនទាន់​អនុវត្ត​ការឈប់សម្រាក​ប្រចាំឆ្នាំ​របស់​គាត់​អស់ទេ មានន័យថា ​និយោជិត​មិនទាន់​ឈប់​សម្រាក​អស់​ទាំង ១៨​ថ្ងៃ ដែល​គាត់​មាន។ បើ​សិន​ជា​គាត់​បាន​អនុវត្ត​​អស់​​ហើយ នយោជក​មិន​អាច​ធ្វើ​ការ​កាត់កង​ថ្ងៃ​ឈប់សម្រាក​ពិសេស​នេះ ពីការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​បានទេ។

ចំពោះ​និយោជិត​ជា​ស្រ្តី ដែល​ត្រូវ​សម្រាល​កូន ​​គាត់​មាន​សិទ្ធិ​ឈប់​សម្រាក ៩០​ថ្ងៃ ដើម្បី​សម្រាល​កូន (មាត្រា ៨២)។

បើ​សិន​ជា​គាត់​បាន​ធ្វើការ​ក្នុង​សហគ្រាស​រយៈពេល​​គ្រប់មួយ​ឆ្នាំ​ហើយ នៅ​ក្នុង​អំឡុង​ពេល​ ​ឈប់សម្រាក​ ដើម្បី​សម្រាល​កូន ៩០​ថ្ងៃ គាត់មាន​សិទ្ធិ​ទទួល​ប្រាក់​ឈ្នួល​ពាក់​កណ្តាល។

បើ​សិន​ធ្វើ​ការ​មិនទាន់​គ្រប់​ ១ឆ្នាំ​ទេ គាត់​មិន​មាន​សិទ្ធិ​ទទួល​ប្រាក់​ឈ្នួល​ពាក់​កណ្តាល​នេះ​ទេ ប៉ុន្តែ គាត់​​នៅតែ​អាច​ឈប់​ ៩០​ថ្ងៃ​បាន ដោយ​​នយោជក​មិនមាន​សិទ្ធិ​បញ្ឈប់គាត់​ពីការងារ​នោះទេ។ ក្រោយ​ពេល​ផុត​រយៈពេល​ឈប់សម្រាក ៩០​ថ្ងៃ គាត់​មាន​សិទ្ធិ​ត្រឡប់​​ចូល​មកធ្វើការវិញបាន៕

ពាក្យគន្លឹះ : ច្បាប់

ក្រមព្រហ្មទណ្ឌខ្មែរ៖ វិសាលភាពនៃដែនអនុវត្ត

ប្រភព RFI  (http://www.khmer.rfi.fr/khmer-criminal-law-scope)
ដោយ សេង ឌីណា

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​​ហើយ​ កាល​ពីថ្ងៃ​ទី១១ ខែ​ធ្នូ ២០១០ នៅ​ទីក្រុង​ភ្នំពេញ។ ចំណែក​នៅតាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត​វិញ ក្រមព្រហ្មទណ្ឌ​ទើប​នឹង​ចាប់ផ្តើម​អនុវត្ត​ កាល​ពី​ថ្ងៃ​អង្គារ ទី២១ ធ្នូ​​ ២០១០។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ដែនអនុវត្ត​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ។

សំណួរ-​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ តាំង​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៩​ម៉្លេះ។ ហេតុអ្វី​ទើ​ប​នឹង​ចាប់​ផ្តើម​អនុវត្ត​ នៅពេលនេះ?

ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មី​របស់​កម្ពុជា បាន​ចូល​ជា​ធរមាន​តាំង​ពី​មួយ​ឆ្នាំ​កន្លង​ទៅហើយ ក៏ប៉ុន្តែ ក្រមនេះ​នៅមិនទាន់​​អាច​យក​ទៅ​អនុវត្ត​បាន ដោយហេតុថា នៅ​​មាត្រា​ចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែង​តែ​បទប្បញ្ញត្តិ​ទូទៅ បទប្បញ្ញត្តិ​ដទៃទៀត​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល ១ឆ្នាំ ក្រោយ​ការ​ចូលជាធរមាន​នៃ​ក្រមនេះ”។

ក្រោយ​ពី​បាន​ចុះផ្សាយ​នៅ​ក្នុង​រាជកិច្ច ក្រមព្រហ្មទណ្ឌ​ថ្មី​ត្រូវ​ចូលជាធរមាន នៅភ្នំពេញ នៅថ្ងៃ​ទី​១១ ធ្នូ ២០០៩ និង​ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត នៅ​ថ្ងៃ​ទី​២១ ធ្នូ ២០០៩ (១០​ថ្ងៃក្រោយ​ពី​ចូលជាធរមាន​នៅ​ភ្នំពេញ)។ ១ឆ្នាំ​ក្រោយ​ពី​ចូលជាធរមាន​ ទើប​ក្រមថ្មីនេះ​ចាប់ផ្តើម​អនុវត្ត នៅ​​ខែ​ធ្នូ ២០១០​នេះ។

សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​ចាប់ពីពេលណា?

ចម្លើយ-ក្រម​ព្រហ្មទណ្ឌ​ថ្មី​​អាច​អនុវត្ត​បាន​តែ​ចំពោះ​បទល្មើស​ណា ដែល​ប្រព្រឹត្ត​ក្រោយ​​ក្រម​នេះ​​ចាប់ផ្តើម​អនុវត្ត​តែ​ប៉ុណ្ណោះ (១១​ ធ្នូ ២០១០ នៅ​ភ្នំពេញ និង ២១ ធ្នូ ២០១០ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត) ។ នេះ​គឺ​ជា​គោលការណ៍​ដែល​មាន​តម្លៃ​ជា​សកល។

នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ​នៅត្រង់​មាត្រា ៣ ចែង​ថា “មានតែ​អំពើ​ដែល​បង្កើត​ជាបទល្មើស​ នៅពេល​ដែល​អំពើ​នោះ​មានចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌបាន“។

ដូច្នេះ អំពើ​ដែល​ប្រព្រឹត្ត​នៅ​មុនពេល​ក្រមព្រហ្មទណ្ឌ​​ត្រូវ​ចាប់អនុវត្ត មិនត្រូវ​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។ ជនល្មើស​ក៏​មិនអាច​ត្រូវ​យក​មក​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បានដែរ លើកលែង​តែ​ក្នុងករណី​​​​​អំពើ​ល្មើស​​មានចែង​នៅ​ក្នុង​ច្បាប់ចាស់​រួចហើយ​ ដូចជា បទ​មនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម ដែល​មានចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល (ច្បាប់អ៊ុនតាក់)។ ក្នុងករណីនេះ ជនល្មើស​អាច​ត្រូវ​យក​មក​ផ្តន្ទាទោស​បាន តាម​អំណាច​ច្បាប់​ចាស់។

សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​​នៅ​កន្លែងណា​ខ្លះ?

មាត្រា ១២ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​​ចែងថា៖

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជា​ត្រូវ​អនុវត្ត​ទៅលើ​បទល្មើស​ទាំងឡាយ ដែល​បាន​ប្រព្រឹត្ត​ នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមបញ្ចូល​ទាំងលំហ​អាកាស និង​សមុទ្រ”

ដូច្នេះ ឲ្យ​តែ​អំពើល្មើស​ត្រូវ​បានប្រព្រឹត្ត​នៅលើទឹកដី​ខ្មែរ ទោះបី​ជា​ជនល្មើស​នោះ​​មាន​សញ្ជាតិ​​អ្វី​ក៏ដោយ ក៏​ត្រូវ​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បានដែរ។

អំពើ​ល្មើស ដែល​ប្រព្រឹត្ត​នៅលើ​នាវា ឬ​យន្តហោះ ដែល​​ចុះបញ្ជី​នៅ​កម្ពុជា គឺ​ត្រូវ​ចាត់ទុក​ថា​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​នាវា ឬ​យន្តហោះ​នោះ ស្ថិត​នៅ​​ក្រៅ​ទឹកដី​កម្ពុជា​ក៏ដោយ (មាត្រា ១៤ និង មាត្រា ១៦)។

សំណួរ-ចុះ​បើ​អំពើល្មើស​ត្រូវបានប្រព្រឹត្ត​នៅ​ក្រៅ​​ទឹកដី​កម្ពុជា ​​​ក្រៅ​នាវា​កម្ពុជា ហើយ​ក្រៅ​យន្តហោះ​កម្ពុជា​ទៀត​ តើ​ក្រមព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ដែរ​ឬ​ទេ?

ក្រមព្រហ្មទណ្ឌ​ខ្មែរ​អាច​អនុវត្ត​បាន ចំពោះ​បទល្មើស​ ដែល​ប្រព្រឹត្ត​នៅ​បរទេស ប្រសិន​បើ​ជនល្មើស ឬ​ជនរងគ្រោះ មាន​សញ្ជាតិខ្មែរ។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ខ្មែរ (មាត្រា ១៩)
បទល្មើស ដែល​ប្រព្រឹត្ត​នៅ​បរទេស ដោយពលរដ្ឋ​ខ្មែរ អាច​យក​ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ប៉ុណ្ណោះ។ ចំពោះ​បទលហុ គឺ​មិន​អាច​យក​ទៅ​អនុវត្ត​បានទេ។ ចំពោះ​បទឧក្រិដ្ឋ និង​បទមជ្ឈិម បទប្បញ្ញត្តិ​​ត្រូវ​បែងចែក​​ជា​ពីរ​ករណី​​៖

១-បើសិន​ជា​បទល្មើស​នោះ ជា​បទឧក្រិដ្ឋ ក្រមព្រហ្មទណ្ឌ​ខ្មែរ​ត្រូវ​យក​ទៅ​អនុវត្ត​ ទោះជា​បទឧក្រិដ្ឋ​​នោះ មានចែង ឬ​គ្មាន​ចែង ក្នុង​ច្បាប់​​របស់​​ប្រទេស​ ដែល​​ជា​ទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។

២-ផ្ទុយ​ទៅវិញ ប្រសិន​បើ​បទល្មើស​នោះ ជា​បទ​មជ្ឈិម ​ទាល់​តែ​បទមជ្ឈិមនោះ មាន​ចែង​នៅ​ក្នុង​ច្បាប់​​របស់​ប្រទេស ដែល​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ទើប​​គេ​អាច​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន។

បទល្មើស​ខ្លះ ដូចជា “បទ​ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ” ជាដើម គឺ​ជា​បទមជ្ឈិម​ ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រង់មាត្រា ៥០៨។ ក៏ប៉ុន្តែ ក្នុង​​​ប្រទេស​ខ្លះទៀត ដែល​មិនកាន់​ពុទ្ធសាសនា​ បទល្មើស​បែបនេះ​​​​មិនមាន​ចែង​​ក្នុង​ច្បាប់​ទេ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​មិនអាច​យក​ទៅ​អនុវត្ត​បានទេ ចំពោះ​បទ​ល្មើស ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​នោះ បើទោះជា​ជនល្មើស​មាន​សញ្ជាតិ​ខ្មែរ​ក៏ដោយ។

គួរ​​បញ្ជាក់បន្ថែម​ថា ចំពោះ​ករណី​ទាំងពីរ​ខាងលើ (បទឧក្រិដ្ឋ និង​បទមជ្ឈិម)  ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​នៅ​តែ​អាច​យក​ទៅ​អនុវត្ត​បាន ទោះបី​ជា​ជនល្មើស​ទទួល​បាន​សញ្ជាតិខ្មែរ ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។ ឧបមាថា ជនបរទេស​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ក្រៅ​ទឹកដី​កម្ពុជា។ ក្រោយ​មក​ជនល្មើស​នេះ ទទួល​បាន​សញ្ជាតិខ្មែរ។ ក្នុងករណីនេះ ជនល្មើស​ អាច​ត្រូវ​តុលាការ​កម្ពុជា​​​យក​មក​កាត់ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​បាន។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ (មាត្រា ២០)
ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ទៅលើ​គ្រប់បទឧក្រិដ្ឋ​ ដែល​ប្រព្រឹត្ត​នៅ​បរទេស បើសិន​ជា​ជនរងគ្រោះ​មាន​សញ្ជាតិ​ខ្មែរ បើទោះជា​ជនល្មើស​ជា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​ជា​ពលរដ្ឋ​បរទេស​ក៏ដោយ។

តាមរយៈ​​មាត្រា​នេះ យើងអាច​សន្និដ្ឋាន​បាន​​ថា ចំពោះ​បទល្មើស ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ​ប៉ុណ្ណោះ មិនអាច​យក​ទៅ​អនុវត្ត​ចំពោះ​បទមជ្ឈិម​បានទេ (ខុស​ពី​ច្បាប់​បារាំង ដែល​ក្រមព្រហ្មទណ្ឌ​អាច​យក​ទៅ​អនុវត្ត​បាន​ចំពោះ​បទមជ្ឈិម ប្រព្រឹត្ត​នៅបរទេស ទៅលើ​ពលរដ្ឋ​បារាំង)។

ក្រៅ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​​បាន ចំពោះ​បទល្មើស​​​ផ្សេងទៀត ដែល​ប្រព្រឹត្ត​នៅ​បរទេស បើទោះជាជនល្មើស ឬ​ជនរងគ្រោះ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ក៏ដោយ (មាត្រា ២២)៖

  • បទល្មើស​ប្រឆាំង​នឹង​សុវត្ថិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងត្រា​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងរូបិយវត្ថុ និង​ធនបត្រ​ជាតិ​ ដែល​មាន​តម្លៃ​ស្របច្បាប់​នៅ​​កម្ពុជា
  • បទល្មើស​ប្រឆាំង​នឹង​​ទីតាំង ឬ​ភ្នាក់ងារ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
សំណួរ-តើ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ខុសគ្នា​ត្រង់ណា​ខ្លះ?

ចម្លើយ-ក្រមព្រហ្មទណ្ឌ​ថ្មី បែងចែក​បទល្មើស​ជា​ ៣​ប្រភេទ ទៅតាម​កម្រិតទោស។

បទឧក្រិដ្ឋ (មាត្រា ៤៦)

បទល្មើស​មួយ​ ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ ប្រសិន​បើ​បទល្មើស​នោះ​អាច​ត្រូវ​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​លើស​ពី​៥ឆ្នាំ ឬ​ដាក់ពន្ធនាគារ​​​​អស់មួយ​ជីវិត។ ឧទាហរណ៍៖ បទឃាតកម្ម​គិតទុក​ជាមុន, បទឃាតកម្ម​ដោយចេតនា, បទរំលោភ​សេពសន្ថវៈ, បទលួច​ដោយ​ហិង្សា (ប្លន់) ។ល។

បទមជ្ឈិម (មាត្រា ៤៧)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទមជ្ឈិម ប្រសិនបើ​កម្រិត​ទោស​ជាប់ពន្ធនាគារ​អតិបរមា​មាន​​លើស​ពី​៦ថ្ងៃ រហូត​ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, បទលួច, បទ​ឆបោក, បទបង្ករបួសស្នាម​ដោយ​អចេតនា ។ល។

បទលហុ (មាត្រា ៤៨)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទលហុ ប្រសិន​បើ​កម្រិត​ទោស​​ជាប់ពន្ធនាគារ​អតិបរមា រយៈពេល​ស្មើ ឬ​តិច​ជាង ៦ថ្ងៃ ឬ​ក៏​​ជា​បទល្មើស ដែល​មិនមាន​ទោស​ជាប់ពន្ធនាគារ​សោះ គឺ​មាន​តែ​ទោស​ពិន័យ​ជា​ប្រាក់។ ឧទាហរណ៍៖ បទបរិហារកេរ្តិ៍, បទជេរប្រមាថ​ជាសាធារណៈ, បទស្រវឹង​ជាក់ស្តែង​នៅ​ទីសាធារណៈ ។ល។