សាលដីកា​ប្រឆាំង​ឌុច​ប្រកាស​នៅខែកុម្ភៈ​២០១២​

ប្រភព RFI  (http://www.khmer.rfi.fr/cambodia/20111117 )
ដោយ លាង ដឺលុច
សាលាក្តី​ខ្មែរ​ក្រហម​បាន​អោយដឹង​នៅ​ថ្ងៃ​នេះ​ថា សាលដីកា​នៃ​បណ្តឹង​សារទុក្ខ​សំណុំរឿង​០០១​នោះ​នឹង​ត្រូវ​ប្រកាស​អោយ​ដឹង​នៅ​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០១២។ តាម​កាលបរិច្ឆេទ​នេះ សាលដីកា​នឹង​ត្រូវ​ប្រកាស​ក១១​ខែ​ក្រោយ​សវនាការ​លើ​បណ្តឹង​សារទុក្ខ​នេះ​ដែល​ត្រូវ​បាន​ធ្វើ​កាល​ពី​ចុង​ខែ​មីនា។
តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​០០១​ដែល​ពាក់ព័ន្ធ​អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ហៅ​ឌុច នៅ​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ខាងមុខនេះ។ ដំណឹងនេះ​ត្រូវ​បាន​ប្រធាន​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​លោក​ចៅក្រម​គង់ ស្រ៊ីម​ប្រកាស​អោយ​ដឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
តុលាការ​កំពូល​បាន​ចំណាយ​ពេល​យូរ​ល្មម​ទម្រាំ​អាច​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​សាលដីកា​សំណុំរឿង​០០១​នេះ។ សាលដីកា​ដែល​ត្រូវ​ប្រកាស​១១​ខែ​ក្រោយ​សវនាការ។ សាលាដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលក្រម​កាត់ទោស​អតីត​មេ​គុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ហៅ​ឌុច​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នាំ​២០១០ ដោយ​បាន​សម្រេច​ដាក់​ទោស​ឌុច​អោយ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ។​ប៉ុន្តែ​ក្រោយ​មាន​កាត់កង ​ទោស​របស់​ឌុច​នៅ​សល់​ត្រឹម​តែ​១៩​ឆ្នាំ។

ទាំង​ជន​ជាប់​ចោទ ​សហព្រះរាជអាជ្ញា ​និងភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ប្តឹង​សារទុក្ខ​ប្រឆាំង​សាលក្រម​នេះ។ ហើយសវនាការ​លើ​បណ្តឹង​សារទុក្ខ​នេះបាន​ប្រព្រឹត្តិទៅ​កាល​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០​មិនា​ឆ្នាំ​២០១១​កន្លងទៅ។
ការ​រង់ចាំ​សាលដីកា​ពី​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​តម្រូវ​អោយ​ក្រុម​ដើម​បណ្តឹង​រដ្ឋប្បវេណី​សរសេរ​លិខិត​សួរ​នាំ​ទៅ​តុលាការ​កំពូល​ដែល​ក្រោយ​មក​បាន​ពន្យល់​ប្រាប់​ថា ពួកគេ​កំពុង​ធ្វើការងារ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​អាច​ប្រកាស​សាលដីកា​អោយ​បាន​ឆាប់។ ​ប៉ុន្តែ​សាលដីកា​នេះ​នៅ​តែ​មិន​អាច​ចេញ​មុន​មរណភាព​របស់​លោក​វ៉ាន់ ណាត​ដែល​ជា​អតីត​អ្នកទោស​របស់​ជន​ជាប់ចោទ​ឌុច​នោះ​ឡើយ៕

Advertisements

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែវិច្ឆិកា 19, 2011, in នីតិឯកជន. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ សាលដីកា​ប្រឆាំង​ឌុច​ប្រកាស​នៅខែកុម្ភៈ​២០១២​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: