ក្រុម​ហ៊ុន​ធំៗរបស់ជប៉ុន​ស្វែងរកឱកាស​នៅកម្ពុជា

ប្រភព ៖  ភ្នំពេញប៉ុស្ត៍  FRIDAY, 16 DECEMBER 2011 12:03
ម៉ៃ គុណមករា
ភ្នំពេញៈ ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​ប្រមាណ​ជា​៣៥​ក្រុម​ហ៊ុន ​កំពុង​ស្វែងរក​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​និង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ ​នេះ​បើ​តាម​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​។​
លោក ​ងួន ​ម៉េងតិច ​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ពាណិជ្ជករ​ ដែល​ដឹក​នាំ​ដោយ​ប្រធាន​ពាណិជ្ជ​កម្ម ​ឧស្សាហកម្ម​ជប៉ុន ​លោក ​Kouhei ​Watanabe ​បាន​ជួប​ជា​មួយ ​លោក ​គិត​ ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ (CCC) កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​ម្សិល​មិញ​។
លោក​បន្តថា ​ក្រុម​ហ៊ុន​ទាំង​នោះ​មក​ពី​វិស័យ​ធនាគារ វិស័យ​ហិរញ្ញ​វត្ថុ ​ឧស្សាហ​កម្ម ​ដែល​រួមទាំង​ក្រុម​ហ៊ុន ​តូយ៉ូតា ​និង​មីត​ស៊ុយ​ប៊ីស៊ី ​បាន​ជួប​ជា​មួយ​ពាណិជ្ជករ​នៅ​ក្នុង​ស្រុក​ប្រមាណ​ជា​៣៧​ក្រុមហ៊ុន​។​
លោកបាន​បន្ត​ទៀត​ថា​៖ ​«​ពួក​គេ​ចង់​ដឹង​បន្ថែម​ពី​ឱកាស​ពាណិជ្ជកម្ម​ពី​យើង​ ព្រោះ​ពួកគេ​ចង់​ពង្រីក​ការ​វិនិយោគ​ និង​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​​។ ​ពួក​គេ​សួរ​យើង​ពី​វិស័យ​អាទិ​ភាព​នៅ​កម្ពុជា ​ ហើយ​យើង​ក៏​ប្រាប់​គេ​ថា​ រដ្ឋា​ភិបាល​កំពុង​ចេញ​​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ ដើម្បី​បង្កើន​ការ​នាំចេញ​»​។​
បើ​ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក ​ងួន ​ម៉េង​តិច​ បាន​និយាយ​ថា ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ​ទេ​។
លោក​ថ្លែង​ថា​៖​ «​ យើង​មិន​ប្រាក​ដនៅ​ឡើយ​ទេ​ ថា វិស័យ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍ ពី​ព្រោះ​ពួកគេ​ធ្វើការ​ច្បាស់​ណាស់​មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យណាមួយ​»។​
សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា(MoU) មួយ​ស្តីពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​ជាមួយ​សភា​ពាណិជ្ជកម្ម ឧស្សាហ​កម្ម​ជប៉ុន ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។
អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូបនេះ​ និយាយ​ថា ​ក្រុមហ៊ុន​មក​ពី​ជប៉ុន​មួយ​ចំនួន ​ដូច​ជា ​អាជី​ណូម៉ូតូ​ យ៉ាម៉ាហា​ម៉ូទ័​រ និង​ Minebea ​បាន​បង្កើត​រោង​ចក្រ​នៅ​កម្ពុជា​រួចរាល់​ហើយ​៕​SS
Advertisements

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែធ្នូ 18, 2011, in សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ .

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: