មហាយក្ស​ចិន​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ជា​លក្ខណៈ​អន្តរជាតិ

ប្រភព​​៖ RFI   (http://www.khmer.rfi.fr/asia/20111212)

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​ត​ទៅ​ទៀតដោយ​សូមបន្ត​លើក​ឡើង​ពី​ស្ថានភាព​ទូទៅ​នៃ​មហាយក្ស​អាស៊ី​មួយ​នេះក្នុង​គ្រា​បច្ចុប្បន្ន។ សព្វ​ថ្ងៃ ក្នុង​នាម​ជា​មហា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ឡើងៗ​នៅ​លើ លោក​ ចិន​មិន​ត្រូវ​ការ​ពារ​តែ​ផល​ប្រយោជន៍ជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ត្រូវ​គិត​គូរ​ផង​ដែរពី ​ប្រយោជន៍​អន្តរជាតិ។

 នៅ​ក្នុង​អភិក្រម​នៃ​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​លោក ថ្នាក់ដឹកនាំ​ចិន​ត្រូវ​ប្រឈម​មុខ កាន់​តែ​ខ្លាំង​នឹង​ជម្រើស​ពីរ​ដ៏​ពិបាក។ នៅ​ម្ខាង ទីក្រុង​ប៉េកាំង​ត្រូវ​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ តែ​នៅ​ម្ខាង​ទៀតទីក្រុង​ប៉េកាំង​ដែល​កំពុង​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ក៏​ត្រូវ​គិតគូរ​ដែរ​ពី​ប្រយោជន៍អន្តរជាតិ​។

ប្រទេស​ចិន​ដែល​យក​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាស៊ី​មក​ធ្វើ​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ក្រសោប​
យកលក្ខន្តិកៈ​ជា​មហា​អំណាច​ពិភពលោក មាន​មធ្យោបាយ​ពីរ​សំខាន់​ដែល​ប្រទេស​ជប៉ុន​ពុំ​មាន។ នោះ​គឺ ចិន​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចិន​ក៏​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ដែរ។ ម្ល៉ោះ​ហើយ នៅ​ក្នុង​នយោបាយ​ការ​បរទេស​របស់​ខ្លួន ទីក្រុង​ប៉េកាំង​ដែល​កំពុង​បន្ត​លេច​ត្រដែត​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ ត្រូវ​តែ​អភិវឌ្ឍ​ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច​ជា​ឧភតោភាគី ហើយ​ទន្ទឹម​​នេះ ក៏​ត្រូវ​ប្រឹងប្រែង​ជួយ​រក្សា​ស្ថិរភាព​នៃ​ប្រព័ន្ធ​អន្តរជាតិ​ដែរ តាម​រយៈ​ការ​ពង្រឹង​លក្ខណៈ​ពហុភាគី​និយម​និង​ពហុប៉ូល​នៃ​ពិភពលោក​បច្ចុប្បន្ន។

ក្នុង​គោលដៅ​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ ការ​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​នីមួយៗ​និង​ជាមួយ​ទ្វីប​នីមួយៗ​ ជា​ការ​មួយ​ចាំបាច់​បំផុត សម្រាប់​ថ្នាក់​ដឹក​នាំ​ចិន។ ពីព្រោះ ធ្វើ​ដូច្នេះ ទីក្រុង​ប៉េកាំង​អាច​បន្ត​ទិញ​ពី​បរទេស វត្ថុធាតុ​ដើម ពិសេស​ថាមពល​និង​ពង្រីក​ទីផ្សារ​នៅ​លើ​ឆាក​អន្តរជាតិ សម្រាប់​ផលិតផល​Made in China ដែល​ត្រូវ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស។ ត្រង់​នេះ ការ​បង្កើន​ទំនាក់ទំនង​រវាង​ចិន​និង​ទ្វីប​អាហ្វ្រិក ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ឧទាហរណ៍​មួយ​ជាក់​ស្តែង។ ទំហំ​នៃ​ការ​ផ្តោះប្តូរ​រវាង​ចិន​និង​អាហ្វ្រិក​ដែល​ជា​ទ្វីប​សម្បូណ៌​ទៅ​ដោយ​ធនធាន​ធម្មជាតិ បាន​កើន​ឡើង​មួយ​ជា​បួន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើន គិត​ជា​ទឹក​ប្រាក់ ដល់​១០​ម៉ឺន​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៨។ ក្នុង​ន័យ​នេះ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ ជា​លើក​ទី​មួយ​បង្អស់ ជំនួប​កំពូល​ចិន-អាហ្វ្រិក បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉េកាំង។
នៅ​ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ ទ្វីប​អាមេរិក​ខាង​ត្បូង​បាន​ក្លាយ​ទៅ​ជា​ដៃគូ​សេដ្ឋកិច្ច​ទី​៣​របស់​ប្រទេស​ចិន ដោយ​ទំហំ​នៃ​ការ​ផ្តោះប្តូរ​បាន​កើន គិត​ជា​ទឹក​ប្រាក់​ដល់​ទៅ​១៤​ ០០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៨។ នៅ​អាមេរិក​ខាង​ត្បូង ចិន​ដាក់​ទុន​រក​ស៊ី​នៅ​លើ​វិស័យ​រ៉ែ​និង​ប្រេង​កាត លក់​សម្លៀក​បំពាក់ និង​គ្រឿង​Electronique​ទៅ​ឲ្យ​បណ្តា​ប្រទេស​អាមេរិក​ខាង​ត្បូង និង​ទិញ​ពី​ប្រទេស​ទាំង​នេះ​មក​វិញ នូវ​ផលិតផល​កសិកម្ម​និង​វត្ថុធាតុ​ដើម។ អ៊ីចឹង​ហើយ បាន​ជា​តាំង​ពី​ឆ្នាំ​២០០៨​មក ចិន​បាន​ក្លាយ​ជា​ដៃគូ​សេដ្ឋកិច្ច​ទី​១​របស់​ប្រទេស​ប្រេស៊ីល ជំនួស​សហរដ្ឋ​អាមេរិក។

ក៏​ប៉ុន្តែ ការ​ទូត​ជា​ឧភតោភាគី​របស់​ប្រទេស​ចិន នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ថាមពល មិន​ស៊ី​ចង្វាក់​គ្នា​ឡើយ​ជាមួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ទីក្រុង​ប៉េកាំង ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​ពិភពលោក។ ឧទាហរណ៍​នៅ​ទ្វីប​អាហ្វ្រិក ចិន​ឲ្យ​អាទិភាព​ទៅ​លើ​តែ​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ខ្លួន​ទាញ​បាន​ពី​បណ្តា​ប្រទេស​ដៃគូ ហើយ​មិន​ខ្ចី​រវីរវល់​សោះ​ឡើយ​អំពី​ស្ថានភាព​នយោបាយ​នៃ​ប្រទេស​ទាំង​នេះ។ ចិន​ដែល​ខ្លាច​បរទេស​ជ្រៀត​ជ្រែក​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន ចាំបាច់​ត្រូវ​តែ​ហាម​ខ្លួន​ឯង កុំ​ចូល​ជ្រៀតជ្រែក​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​អាហ្វ្រិក​នីមួយៗ។ អ៊ីចឹង​ហើយ បាន​ជា​ចិន​ចាំបាច់​ត្រូវ​តែ​ការពារ​រដ្ឋាភិបាល​ស៊ូដង់ (Soudan) ក្នុង​សំណុំ​រឿង​ដារហ្វួ(Darfour) ឲ្យ​រួច​ផុត​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ។ ក៏​ប៉ុន្តែ​ធ្វើ​ដូច្នេះ ចិន​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​ក្នុង​នាម​ជា​មហា​អំណាច​ពិភព​លោក ដែល​តាម​ធម្មតា​ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្លាំង​ជាង​នេះ។

ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ចិន​ពិបាក​ជ្រើស​រើស​រវាង​ការ​
ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ឲ្យ​សម​ជា​មហា​អំណាច​ពិភពលោក។ ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ពីព្រោះ​នៅ​ម្ខាង​ចិន​ត្រូវ​ការ​ទីផ្សារ​សហ​រដ្ឋ​អាមេរិក និង​នៅ​ម្ខាង​ទៀត​អាមេរិក​ត្រូវ​ការ​លុយ​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន​ដែល​ជា​ប្រទេស​សម្បូណ៌​សញ្ច័យធន។
សហរដ្ឋ​អាមេរិក​អះអាង​ថា នយោបាយ​រក្សា​តម្លៃ​ប្រាក់​យ័ន​ចិន​ឲ្យ​នៅ​ថោក​ជ្រុល យ៉ាង​តិច​២០% ថោក​ជាង​តម្លៃ​ពិត​ប្រាកដ​របស់​វា បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់។ ពីព្រោះ ធ្វើ​យ៉ាង​នេះ និង​ដោយសារ​តែ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ចិន​មាន​តម្លៃ​ថោក ថ្នាក់​ដឹកនាំ​ទីក្រុង​ប៉េកាំង អាច​លក់​ផលិតផល​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ​ថោក​មែន​ទែន។
ម្ល៉ោះ​ហើយ​បាន​ជា ទាំង​សហរដ្ឋអាមេរិក​និង​ទាំង​សហភាព​អឺរ៉ុប ចេះ​តែ​ទាមទារ​ឲ្យ​ចិន​ដំឡើង​តម្លៃ​ប្រាក់​យ័ន។ ក៏​ប៉ុន្តែត្រង់​នេះ ថ្នាក់​ដឹក​នាំ​ចិន​ក៏​ពិបាក​ជ្រើស​រើស​ដែរ។ ផល​ប្រយោជន៍​របស់​ជាតិ តម្រូវ​ឲ្យ​ទីក្រុង​ប៉េកាំង​បន្ត​បដិសេធ​មិន​ព្រម​ដំឡើង​តម្លៃ​ប្រាក់​យ័ន។ ទន្ទឹម​​នេះ ថ្នាក់​ដឹក​នាំ​ចិន​ដឹង​ថា នយោបាយ​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យ​នៅ​ថោក​ជ្រុល​បែប​នេះ គំរាម​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធ្វើ​ឲ្យ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម នៅ​លើ​ឆាក​អន្តរជាតិ បាត់​បង់​តុល្យភាព។

យ៉ាង​ណា​មិញ ក្នុង​សំណុំរឿង​ប្រាក់​យ័ន ក៏​ដូច​ក្នុង​សំណុំ​រឿង​ធាតុអាកាស​ពិភព​លោក​កើន​កំដៅ​ដែរ មក​ទល់​ពេល​នេះ ថ្នាក់​ដឹក​នាំ​ចិន​ឲ្យ​តម្លៃ​ទៅ​លើ​ផល​ប្រយោជន៍​ជាតិខ្លាំងជ្រុល ខ្លាំងជាង​ផល​ប្រយោជន៍​អន្តរជាតិ។ អ៊ីចឹង​ហើយ​បាន​ជា​បស្ចិមលោក​ជា​ទូទៅ ចាត់​ទុក​ចិន​ថា​ជា​ប្រទេស​ឆ្មើងឆ្មៃ គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ មិន​សម​នឹង​មាឌ​ព្រម​ទាំង​ទម្ងន់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។
មែន​ទែន​ទៅ ការ​ពិត​មិន​អ៊ីចឹង​ទាំង​ស្រុង​ទេ។ ថ្នាក់​ដឹក​នាំ​ចិន​យល់​ណាស់​ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​ស្មារតី​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ពិភពលោក នា​ពេល​ដែល​ប្រទេស​របស់​ខ្លួន​លេច​ត្រដែត​ឡើង​កាន់​តែ​ច្បាស់​នៅ​លើ​ឆាក​អន្តរជាតិ។ ក៏​ប៉ុន្តែ សម្រាប់​ទីក្រុង​ប៉េកាំង នៅ​មាន​ច្រើន​ណាស់​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ​ជា​អាទិភាព ដូចជាការ ធ្វើ​កំណែ​ទម្រង់សេដ្ឋកិច្ចនិងនយោបាយ ការកាត់​បន្ថយ​វិសមភាព​ក្នុងសង្គម ការបន្ត​ពង្រឹង​អនុត្តរភាព​​នៃ​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី ដើម្បី​នៅទីបំផុត ក្លាយ​ជា​មហា​អំណាច​ពិភពលោក ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ថ្នាក់​ដឹក​នាំ​ចិន​ដឹង​ទៀត​ថា ការ​ស្លាប់​រស់​របស់​គណបក្ស​កុម្មុយនិស្ត អាស្រ័យ​ទាំង​ស្រុងនឹង​ជ័យ​ជំនះ​ឬ​បរាជ័យ​នៃ​ការ​អនុវត្តន៍​ផែន​ការ​ទាំង​អស់​នេះ។

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែធ្នូ 21, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on មហាយក្ស​ចិន​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ជា​លក្ខណៈ​អន្តរជាតិ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: