ប្រភព៖ RFI

នេះពិតជា​សញ្ញា​មួយ​ថ្មីទៀត​បង្ហាញ​​ប្រាប់​ពី​ការលំបាក​ដែល​មាន​កាន់តែ​ខ្លាំងឡើងៗ​នៅក្នុង​វិស័យ​ធនាគារ​បារាំង។​ ធនាគារ​បារាំង​ Crédit Agricole ​បាន​ថ្លែង​បញ្ជាក់​នៅថ្ងៃពុធ​ទី១៤​ធ្នូ​ម្សិលមិញថា​ ​ គេនឹង​ធ្វើការ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​ធ្វើការ​សន្សំ​សំចៃ។​ ដូច្នេះ​ ការងារ​ជាង​២ ០០០កន្លែង​នឹង​ត្រូវ​គេ​លុបចេញ​ ​ ដែល​ក្នុងនោះ​មាន​ប្រមាណ​៨០០កន្លែង​នៅ​ក្នុង​ប្រទេស​បារាំង។

ការកាត់​បន្ថយ​ចំនួន​បុគ្គលិក​និង​ការលំបាក​នៅក្នុង​វិស័យ​ធនាគារ​បារាំង​នៅ​តែ​បន្ត​កើតមាន។​ ក្រោយពី​ធនាគារ​បារាំង​ឈ្មោះ​ Société Générale ​និង​ធនាគារ​ BNP Paribas ​ឥឡូវនេះ​ដល់វេន​ ធនាគារ​ Crédit Agricole ​ប្រកាស​លុបចេញ​ការងារ​ជាង​ពីរពាន់​កន្លែង​ដែល​ក្នុងនោះ​មាន​ប្រមាណ​៨០០កន្លែង​នៅក្នុង​ប្រទេស​បារាំង។​ គម្រោងការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​ធ្វើការ​សន្សំ​សំចៃ​មាន​ជាប់​ពាក់ព័ន្ធ​វិស័យ​សកម្មភាព​ពីរ​ គឺ​វិស័យ​ឥណទាន​សម្រាប់​ទិញដូរ​ហូបចុក​និង​វិស័យ​ធនាគារ​កិច្ចការ​ពាណិជ្ជកម្ម​។​ គឺ​នៅក្នុង​វិស័យ​ចុងក្រោយ​នេះហើយ​ដែល​មាន​ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ច្រើន​ជាងគេ។

សម្រាប់​សហជីព​ SNB CFE CGC ​សកម្មភាព​នៃ​ធនាគារ​កិច្ចការ​ពាណិជ្ជកម្ម​មាន​សភាព​ផុយស្រួយ​ដោយ​ហេតុតែ​មាន​វិធានច្បាប់​ថ្មី​ដាក់​ទៅលើ​វិស័យ​ធនាគារ។​ ហើយ​សកម្មភាព​នៃ​ធនាគារ​កិច្ចការ​ពាណិជ្ជកម្ម​ត្រូវការ​មូលនិធិ​ច្រើន​របស់​ធនាគារ​ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​របស់ខ្លួន។​ ដូច្នេះ​ ឬមួយ​គេ​ត្រូវ​ធ្វើការ​ដំឡើង​បរិមាណ​មូលនិធិ​របស់​ធនាគារ​ ​ ដែល​ជា​ការមួយ​ដ៏​សែន​លំបាក​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​ ​ ឬមួយ​គេ​ត្រូវ​បន្ថយ​សកម្មភាព​អាជីវកម្ម​របស់​គេ​ដោយ​ត្រូវ​ធ្វើការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក។

ហេតុ​ដូច្នេះហើយ​បាន​ជា​ធនាគារ​បារាំង​ Crédit Agricole ​បង្ខំ​ចិត្ត​ធ្វើការ​កាត់​បន្ថយ​ការងារ​ប្រមាណ​២ ៣៥០កន្លែង​។​ ធនាគារ​ Crédit Agricole​ បាន​ថ្លែង​ប្រាប់​ទៀតថា​ ​ នៅឆ្នាំ២០១១​នេះ​គេ​ពុំ​ធ្វើការ​ចែក​ “បំណែក​ប្រាក់ចំណេញ”​ឡើយ​ ​ ហើយ​នៅ​ឆ្នាំក្រោយ​ធនាគារ​នឹង​បង្កើត​ការងារ​នៅក្នុង​ប្រទេស​បារាំង​ប្រមាណ​៣ ០០០កន្លែង៕

Posted on ខែធ្នូ 22, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on កាត់បន្ថយ​ការងារ​ជាងពីរពាន់​កន្លែង​នៅក្នុង​ធនាគារ​បារាំង ​Crédit​ Agricole​.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: