ប្រភព៖ RFI

នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​ អង្គ​​ជំនុំ​​ជម្រះ​​សាលា​ដំបូង​ របស់​​តុលាការ​​ខ្មែរក្រហម​ បាន​​ផ្អាក​​ដំណើរ​ការ​​សវនាការ​​កាត់​ទោស​​​លោក​​នួន​ជា​ លោក​​អៀង​សារី​ និង​​លោក​​ខៀវ​សំផន​ នៅ​​ក្នុង​​សំណុំរឿង​​០០២។ហេតុផល​ ដោយហេតុ​​​តែ​​សាក្សី​​សក្តានុពល​ គឺ​​លោក ​ឡុង នរិន្ទ​ អតីត​​កម្មាភិបាល​​ជាន់​​ខ្ពស់​​ខ្មែរ​ក្រហម​​ធ្វើការ​​នៅ​​ក្រសួង​​ការបរទេស​ជាមួយ​​លោក​​អៀង​សារី​ ឈឺ​​ធ្ងន់​ មិន​​អាច​​អង្គុយ​ ផ្តល់​​ធ្វើ​​សក្ខីកម្ម​​បាន​​ឡើយ​។​ សវនាការ​នឹង​​បន្ត​​ធ្វើ​​នៅ​​ព្រឹក​​ថ្ងៃ​​ទី ​១៣​​ធ្នូ​សប្តាហ៍​​ក្រោយ។​

នៅ​ពេល​ផ្តើម​សវនាការនា​ម៉ោង៩ព្រឹកថ្ងៃទី​៩​ធ្នូ ឆ្នាំ​២០១១ លោក​ចៅក្រម​ និល ណុនប្រធាន​​អង្គ​ជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានប្រកាសថា សវនាការ​នៅ​ព្រឹក​នេះ ត្រូវ​លើក​ពេល ដោយហេតុ​​តែ​សាក្សីលោក ឡុង នរិន្ទ មាន​បញ្ហា​សុខភាព មិន​អាច​ចូលរួម ផ្តល់​សក្ខីកម្ម​ពី​ចម្ងាយពី​ផ្ទះ​របស់​លោក​ក្នុងស្រុក​ម៉ា​ល័យ ខេត្ត​បន្ទាយមានជ័យ ចូល​មក​កាន់​អង្គ​សវនាការ នៅ​ជាយ​ទីក្រុង​ភ្នំពេញ​បាន​ទេ​។ ដូច្នេះ​សវនាការនឹង​បន្ត​ធ្វើលើ​ការ​សួរ​ដេញ​ដោល​​សាក្សី ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហមលោក ឡុង នរិន្ទនៅ​ថ្ងៃ​អង្គារទី​១៣​ធ្នូ ឆ្នាំ​២០១១​។​


មាន​អាយុ ៧៣ ឆ្នាំលោក ឡុង នរិន្ទ អតីត​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម បាន​បម្រើការ​នៅ​ក្រសួងការបរទេសជាមួយ​លោក​អៀង​សារីនៅ​ចន្លោះ​ពី​ខែ​មេសាឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩​។ លោក ឡុង នរិន្ទ បាន​ផ្តល់​សក្ខីកម្ម តាម​ប្រព័ន្ធ​វិដេអូពី​ផ្ទះ​របស់​លោកនៅ​ស្រុក​ម៉ា​ល័យ ខេត្ត​បន្ទាយមានជ័យ ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៧​ធ្នូនិង​បន្ត​ពេញ​មួយ​ថ្ងៃ​កាលពី​​ថ្ងៃ​​ទី​​៨​ធ្នូ​ ឆ្នាំ​​២០១១​។​

លោក ឡុង នរិន្ទ បាន​ទៅ​រៀន​ផ្នែក​អប់រំនិង​កីឡា​នៅ​​ប្រទេស​ឆេ​កូ ចាប់ពី​​ឆ្នាំ​១៩៦០ដល់​ឆ្នាំ​​១៩៧០​។ លោក​បាន​អះអាង​ថា អតីត​ព្រះមហាក្សត្រ​សម្ដេច​ឪ នរោត្តម សីហនុ បាន​ហៅ​រូបគាត់ ឲ្យចូល​រួម​ក្នុង​ចលនា​តស៊ូ នៅ​ទីក្រុង​ប៉េកាំង ដែល​មាន​អៀង សារី នៅ​ទីនោះ​ដែរ​។
​លោកឡុង នរិន្ទជា​សាក្សី​ទី​១​ដែល​​ស្នើ​ឡើង​​ដោយ​​លោក​​អៀង​សារី ​អតីត​រ​ដ្ឋមន្ត្រី​​ការបរទេស​​ខ្មែរក្រហម​។ ក្នុងពេល​ផ្តល់​សក្ខីកម្ម​២​ថ្ងៃ​កន្លងមក លោក ឡុង នរិន្ទ បាន​លើកឡើង​ថា ដោយ​ហេតុ​​តែ​ប្រទេស​កម្ពុជា ស្ថិតនៅ​ក្នុង​ការឈ្លានពាន​ពី​បរទេស បាន​ជំរុញ​ឲ្យមាន​ក្រុម​បញ្ញាវន្ត ចូល​រួម​​ក្នុង​ចលនា​កុម្មុយនិស្ដ ​បែប​ម៉ៅ​និយម ក្រោម​ការដឹកនាំ​របស់​ខ្មែរក្រហម​។​

​លោក ឡុង នរិន្ទ ក៏បាន​លើកឡើង​ថា ក្រោយ​ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច លោក​អៀង​សារី ក៏​បាន​ធ្វើ​យុទ្ធនាការ​អូសទាញ​បញ្ញាវន្ត​នៅ​បរទេស ឲ្យចូល​មក​ក្នុង​ស្រុក ដើម្បី​រួមគ្នា​កសាង​ប្រទេស​។ ក៏​ប៉ុន្តែ​ក្រោយមក​បញ្ញាវន្ត​ទាំងនោះ ត្រូវ​បាត់​ខ្លួន​ជា​បន្តបន្ទាប់ នៅ​គុក​បឹងត្របែក និង​​នៅ​ច្រាំង​ចំរេះ ក្នុង​ទីក្រុង​ភ្នំពេញ​។​

ក្នុង​រឿង​ខ្មែរក្រហម​នេះ នៅ​ថ្ងៃ​១៣​ធ្នូ នា​សប្តាហ៍​ក្រោយ អង្គជំនុំជម្រះ​តុលាការ​កំពូលនឹង​​សម្រេច​​លើ​ករណី​លោក​ស្រី អៀង​ធីរិទ្ធ​។ ថា​​តើ​ត្រូវ​ដោះលែង ឬ​ក៏​បន្ត​ឃុំខ្លួន ​លោកស្រី អៀង​ធីរិទ្ធ បន្ទាប់​ពី​អង្គជំនុំជម្រះសាលាដំបូងសម្រេចថា អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម អាយុ ៧៩ ឆ្នាំលោកស្រី អៀង​ធីរិទ្ធ ពុំ​មាន​កាយសម្បទានិង​បញ្ញា​ស្មារតី​​គ្រប់គ្រាន់​ក្នុង​​ការចូលរួម​សវនាការ​ លើ​សំណុំរឿង​០០២ ឡើយ​៕

Advertisements

Posted on ខែ​ធ្នូ 22, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ តុលាការ​ខ្មែរក្រហម​ ផ្អាក​សវនាការ​ដោយ​ហេតុ​តែ​សុខភាព​របស់​សាក្សី​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: