ការស្លាប់​យ៉ាងឆាប់​រហ័ស​របស់​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង​ គីម​ ជុង-អ៊ីល​ នៅថ្ងៃ​ទី១៧ធ្នូ​ឆ្នាំ២០១១​កន្លងទៅ​ ​ បាន​ធ្វើឲ្យ​គេមាន​ការ​ភ្ញាក់ផ្អើល​ ​ ហើយ​អ្វីៗ​ដែល​គ្រោង​រៀបចំ​ដោយ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​ឆ្នាំ២០១២​ខាងមុខនេះ​ក៏បាន​ស្គាល់​ការខកខាន។​ ដោយ​ ​ លោក​គីម​ ជុង-អ៊ីល​ គ្រោង​ប្រារព្ធ​ធ្វើ​បុណ្យខួប​កំណើត​ឆ្នាំទី៧០​របស់ខ្លួន​ផង​ ​ បុណ្យខួប​កំណើត​ឆ្នាំទី១០០​របស់​លោក​គីម​ អ៊ីល-ស៊ុង​ជា​ឳពុក​ផង​ ​ ហើយ​និង​ការឈាន​ឡើងដល់​ថ្នាក់​ជា​ “ប្រជាជាតិ​ខ្លាំង​និង​រុងរឿង”​ដោយ​ប្រទេស​កូរ៉េ​ខាងជើងផង។

គម្រោង​រៀបចំ​ធ្វើបុណ្យ​អបអរ​នឹង​ការឈាន​ឡើងដល់​ថ្នាក់​ជា​ “ប្រជាជាតិ​ខ្លាំង​និង​រុងរឿង”​នៃ​​ប្រទេស​កូរ៉េ​ខាងជើង​ ដោយ​លោក​គីម​ ជុង-អ៊ីល​ នៅឆ្នាំ២០១២​ខាងមុខ​នេះ​ ​ គឺ​ពិតជា​ការ​ឃោសនា​មួយ​សុទ្ធសាធ។​ តាមពិត​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ឋិត​នៅ​ឆ្ងាយណាស់​ពី​ការ​ឃោសនា​ជា​ផ្លូវការ​របស់​អ្នកដឹកនាំ។​ បើយោងតាម​តួលេខ​ផ្តល់ឲ្យ​ដោយ​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​ខាងត្បូង​ ​ ស្ថានភាព​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​បានធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៅក្រោម​ការ​ដឹកនាំ​១៧ឆ្នាំ​របស់​លោក​ គីម​ ជុង-អ៊ីល​ ដែល​បាន​ឡើង​មក​តស្នង​តំណែង​ពី​លោក​គីម​ អ៊ីល-ស៊ុង​ជា​ឳពុក​នៅ​ឆ្នាំ១៩៩៤។​ បច្ចុប្បន្ន​នេះ​ ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ទៅក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុងលោក។

សេដ្ឋកិច្ច​នៃ​ប្រទេស​កូរ៉េខាងជើង​នៅ​ពុំទាន់​ជា​សះស្បើយ​នៅឡើយ​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៩០​ដែល​បាន​កើតមាន​ក្រោយពី​មាន​ការផ្តាច់​ជំនួយ​ដោយ​សហភាព​សូវៀត​ ​ ហើយ​ដែលកាល​ណោះ​បាន​បណ្តាល​ឲ្យ​កើតមាន​គ្រោះ​ទុរ្ភិក្ស​នាំឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​មួយលាន​នាក់។​ ចំណែកឯ​ផលិតផល​ក្នុង​វិស័យ​កសិកម្ម​ក៏​ដូចជា​ក្នុង​វិស័យ​កម្មន្តសាល​ចេះតែ​ធ្លាក់ចុះ​ដុនដាបទៅៗ​។​ រីឯ​រចនា​សម្ព័ន្ធ​នៃ​ការនាំចេញ​របស់​កូរ៉េ​ខាងជើង​ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ ឋិតនៅក្រោម​ការនាំ​វត្ថុ​ធាតុរ៉ែ​ឆៅ​ពុំ​ទាន់​កែច្នៃ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​។ ​ នេះសឲ្យ​ឃើញ​នូវ​សភាព​យឺតយ៉ាវ​នៃ​វិស័យ​ឧស្សាហកម្ម​របស់​កូរ៉េ​ខាងជើង។

គួរកត់​សម្គាល់ថា​ ​ បើយោងតាម​តួលេខ​របស់​អង្គការ​ទទួល​បន្ទុក​ខាង​ចំណី​អាហារ​និង​កសិកម្ម​នៃ​អ,ស,ប,​ FAO ​មាន​ប្រជាជន​កូរ៉េ​ខាងជើង​ប្រមាណ​៦លាននាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​២៥លាននាក់​អាច​ជួប​នឹង​គ្រោះ​ទុរ្ភិក្ស​​ ​ ដោយហេតុតែ​មាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​កាលពី​រដូវ​រងា​មុន​និង​មាន​គ្រោះ​ទឹក​ជំនន់​នៅ​រដូវ​ក្តៅ​កន្លង​ទៅនេះ​ដែល​បាន​បណ្តាល​ឲ្យ​ផលិតផល​ស្រូវ​ ពោត​ និង​ដំឡូង​ ស្គាល់​ការ​ខូចខាត​យ៉ាង​ច្រើន។​ អាជ្ញាធរ​កូរ៉េ​ខាងជើង​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ គេ​អាច​ផ្តល់​ឲ្យ​ប្រជាជន​បាន​នូវ​គ្រាប់​ធញ្ញជាតិ​ប្រមាណ​២០០ក្រាម​សម្រាប់​ប្រជាជន​ម្នាក់ៗ​ក្នុង១ថ្ងៃ​។​ ទាំងនេះ​ ​ ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខ្វះខាត​ចំណី​អាហារ​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន​កូរ៉េ​ខាងជើង​ ​ ពីព្រោះ​ប្រជាជន​ម្នាក់ៗ​ត្រូវការ​ដល់ទៅ​៧០០ក្រាម​ឯណោះ​ក្នុង១ថ្ងៃ។​ បើយោងតាម​ អ,ស,ប,​ ទោះបីជា​ឆ្នាំនេះ​កសិផល​អាច​កើនឡើង​៨,៥%​ក៏ដោយ​ ​ ក៏​នៅតែ​ពុំ​គ្រប់គ្រាន់​ដដែល​ ​ ដូច្នេះ​នៅ​ឆ្នាំ២០១២​ខាងមុខនេះ​ ​ នៅមាន​ប្រជាជន​កូរ៉េ​ខាងជើង​ប្រមាណ​៣លាននាក់​ទៀត​នៅ​ត្រូវការ​ជំនួយ​ចំណី​អាហារ។

ការប៉ុនប៉ង​ធ្វើ​សេរីកម្ម​ទៅលើ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ដោយ​រៀបចំ​ឲ្យ​មាន​ទីផ្សារ​សេរី​នៅចុង​ទសវត្សរ៍​ឆ្នាំ១៩៩០​ក៏​ពុំបាន​ទទួល​ជោគជ័យ​ឡើយ។​ ដោយហេតុថា​ ​ មិនទាន់​បាន​ប៉ុន្មានផង​ ស្រាប់តែ​អ្នកដឹកនាំ​កូរ៉េ​ខាងជើង​ចាប់​រៀបចំ​ឲ្យ​មាន​ស្របគ្នា​នូវ​ប្រព័ន្ធ​ចែកចាយ​សាធារណៈ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ទីផ្សារ​សេរី។​ ចាប់តាំង​ពីពេល​នោះមក​ ​ សេដ្ឋកិច្ច​ដែល​ផ្អែកលើ​សកម្មភាព​របស់​ឈ្មួញ​ជួញដូរ​ក៏​កើត​រស់រាន​នៅ​ទន្ទឹមគ្នា​ជាមួយ​ប្រព័ន្ធ​ជាផ្លូវការ។​ ហើយ​កំណែ​ទម្រង់​ទៅលើ​រូបិយវត្ថុ​នៅឆ្នាំ២០០៩​ក៏​ពុំបាន​ទទួល​ជោគជ័យ​ទៀត។ ​កំណែ​ទម្រង់​ទៅលើ​រូបិយវត្ថុ​ដែល​មាន​គោលបំណង​កាត់បន្ថយ​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​សកម្មភាព​របស់​ឈ្មួញ​។

រហូត​ដល់ពេល​ថ្មីៗ​នេះទៀត​ ​ ការប៉ុនប៉ង​បើកចំហ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ទៅ​ក្រៅ​ប្រទេស​បាន​ទទួល​បរាជ័យ​។​ ដោយហេតុតែ​អ្នកដឹកនាំ​កូរ៉េខាងជើង​ពុំ​បាន​យកតម្រាប់​តាម​ប្រទេស​ចិន​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ “តំបន់​សេដ្ឋកិច្ច​ពិសេស”​ ​។​ មូលហេតុ​នេះហើយ​ដែលបាន​ធ្វើឲ្យ​គម្រោង​នៅ​ប៉ែក​ពាយ័ព្យ​និង​ប៉ែក​ឦសាន​ពោលគឺ​តំបន់​ Sinuiju ​និង​តំបន់​ Rajin Sonbong ​ពុំបាន​ទទួល​ជោគជ័យ។​ លើកលែង​តែ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ Kaesong ​ឋិត​នៅ​ជិត​ព្រំដែន​កូរ៉េ​ខាងត្បូង​មួយចេញ​ ​ ក៏ប៉ុន្តែ​ មជ្ឈមណ្ឌល​ឧស្សាហកម្ម​ Kaesong ​នេះ​មាន​វិនិយោគិន​បរទេស​តិចតួចណាស់​ដែល​បាន​មក​បោះទុន​ ​ ក្រៅតែ​ពី​អ្នកមកពី​កូរ៉េខាងត្បូង។

គួរកត់​សម្គាល់ថា​ ​ ម្ភៃប្លាយ​ឆ្នាំ​មកហើយ​ដែល​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​មាន​ឧនភាព​ពាណិជ្ជកម្ម​ហើយ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រទេសចិន​។​ ជាក់ស្ដែង​ ​ ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​មានដល់ទៅ​៥៣%​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​សរុប​ ​ ឋិតនៅ​ពីមុខ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​៣៣%​នៃ​ ការដោះដូរ​ពាណិជ្ជកម្ម​សរុប​។

ហើយ​បើ​ប្រទេស​កូរ៉េ​ខាងជើង​នៅតែ​ទទួល​យល់ព្រម​ឲ្យ​ប្រទេស​ចិន​មាន​តួនាទី​កាន់តែ​សំខាន់​ឡើងៗ​បន្តទៅ​ទៀត​នៅក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ នោះ​វាអាច​ចោទ​ចេញ​ជា​បញ្ហា​វិសមតា។​ ដូច្នេះ​ ​ អ្នកដឹកនាំ​កូរ៉េ​ខាងជើង​គួរតែ​យក​តម្រាប់តាម​ “ការបើកចំហ​បែប​ប្រទេស​ចិន”​ដែល​អាចជា​មធ្យោបាយ​ជួយ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ ​ ដោយសារតែ​“ការបើកចំហ​បែប​ប្រទេស​ចិន”​ធ្វើ​សំដៅ​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ជាច្រើន​ ​ មាន​តាំងពី​សហរដ្ឋ​អាមេរិក​ប្រទេស​លោកខាងលិច​នៅ​អឺរ៉ុប​រហូត​ដល់​ប្រទេស​ជប៉ុន​៕

Advertisements

Posted on ខែ​ធ្នូ 22, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ តើសេដ្ឋកិច្ច​កូរ៉េ​ខាងជើង​មាន​អនាគត​យ៉ាងណាដែរ​ក្រោយពី​គីម ជុង-អ៊ីល​?.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: