ប្រភព​៖ RFI

កាលពីព្រឹកថ្ងៃ២១ធ្នូនេះ មេដឹកនាំសហជីពកម្មករធំៗ ក្នុងនាមក្រុមប្រឹក្សា​សម្របសម្រួល​សហជីព​​កម្ពុជា បាន​ជួបជុំ​ពិគ្រោះ​​យោបល់ ​ទៅ​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​សហជីព។ ​ កិច្ចប្រជុំ​​នោះ​ធ្វើឡើង ក្រោយពី​ក្រុមប្រឹក្សា​សម្របសម្រួល​សហជីព​កម្ពុជា​ទើបបាន​ទទួល​សេចក្ដី​ព្រាង​ច្បាប់ ស្ដី​ពី​​សហជីព ​លើក​ទី​៥ ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ក៏ប៉ុន្តែ​មកដល់​ថ្ងៃពុធ​នេះ ក្រសួងការងារ បាន​បញ្ជូន​ពង្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នោះ ទៅកាន់​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​អនុម័ត មុន​បញ្ជូន​ទៅ​រដ្ឋសភា។

ក្រុមប្រឹក្សា​សម្របសម្រួល​សហជីព​កម្ពុជា ដែល​មាន​សហជីព​កម្ម​ករ​ធំៗ ចូលរួម​បង្កើត រួម​មាន សហជីព​របស់​លោក​រ៉ុង​ឈុន លោក អាត់​ធន់ និង​សហជីព​របស់​លោក ជួន មុំ​ថុល ជាដើម បាន​ជួបប្រជុំ​លើ​សេចក្ដីព្រាងច្បាប់ ​លើក​ទី​៥ ស្តីពី សហជីព។ ជា​សេចក្តីព្រាង​ច្បាប់ ដែល​សហជីព​លើកឡើង​ថា មាន​មាត្រា​មួយចំនួន ត្រូវបាន​កែលម្អ និង​មាត្រា​មួយចំនួន​ទៀត មិនបាន​ដាក់បញ្ចូល​សំណើ​របស់​ភាគី​សហជីព ទៅ​ក្នុង​សេចក្ដីព្រាងច្បាប់​នោះឡើយ។​

​​សេចក្តីប្រកាស​របស់​ក្រុម​សហជីព​កម្មករ ក៏បាន​លើកឡើង​ពី​ចំណុច​កង្វល់​របស់​សហ​ជី​ព ចំពោះ​​​ពង្រាង​ច្បាប់​សហជីព លើកទី៥ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​សហជីព ហើយ​ផ្ទុយ​នឹង​​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកមិញ ក្រុមមេដឹកនាំ​សហជីព​កម្មករ​បាន​ធ្វើលិខិត​មួយ ស្នើទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ដាក់​បញ្ចូល​មតិយោបល់​មួយចំនួន និង​កែសម្រួល​មាត្រា​ជាច្រើន ក្នុង​សេចក្តី​ព្រាង​​ច្បាប់​សហជីព។

សេចក្តីព្រាងច្បាប់​សហជីព មាន ១៧ ជំពូក និង ៩១ មាត្រា ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ច្បាប់នេះ​មិនមាន​គោលបំណង​បិទ​សិទ្ធិ និង​សេរីភាព​របស់​សហជីព​កម្មករ​នោះទេ។ ផ្ទុយទៅវិញ ច្បាប់ថ្មី​នោះ​នឹង​បម្រើ​ផលប្រយោជន៍​ទាំង​កម្មករ​និយោជិត និង​ភាគី​ថៅកែ​និយោជក​តាម​រោងចក្រ​សហគ្រាស។

យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃទី២១ធ្នូ ឆ្នាំ២០១១ សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​ក្រសួង​ការងារ​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​រួចហើយ បន្ទាប់ពី​កែសម្រួល ៥លើក។ សេចក្តីព្រាងច្បាប់​សហជីព​ក៏ត្រូវបាន​ដាក់​លើតុ ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​សហជីព​ផងដែរ។ ប៉ុន្តែ​មេដឹកនាំ​សហជីព​កម្មករ​អះអាង​ថា កង្វល់​របស់​សហជីព​នៅតែ​មិនត្រូវបាន​ដាក់បញ្ចូល​ក្នុង​ពង្រាង​ចុងក្រោយ​នោះឡើយ។

ជាការកត់សម្គាល់ ច្បាប់​សហជីព​ខុសគ្នា​ពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប៉ុន្តែ​ច្បាប់​ទាំងពីរ​នេះ​បង្ក​ឲ្យមាន​ភាព​មិនចុះសម្រុង​ពី​សហជីព និង​សង្គមស៊ីវិល​ដូចគ្នា៕

Advertisements

Posted on ខែធ្នូ 22, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ មេដឹកនាំ​សហជីព​កម្មករ​ពិភាក្សា​ជាថ្មី​លើ​ពង្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: