ប្រភព៖ RFI   (http://www.khmer.rfi.fr/libya-refuse-to-hand-over-gaddafi-son-to-icc )

សាយីហ្វ អាល់​អ៊ីស្លាម (Saïf al Islam) កូន​ប្រុស​របស់​លោក​កាដាហ្វ៊ី ត្រូវ​បាន​អាជ្ញាធរ​លីប៊ី​ចាប់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី១៩ វិច្ឆិកា ២០១១។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​ការ​ចាប់ខ្លួន​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​លីប៊ី​បញ្ជូន​ខ្លួន​សាយីហ្វ អាល់អ៊ីស្លាម ទៅ​កាត់ទោស​នៅ​ឡាអេ។ ក៏ប៉ុន្តែ លីប៊ី​បាន​ទាមទារ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី នៅ​ក្នុង​ប្រទេស​លីប៊ី។

សាយីហ្វ អាល់អ៊ីស្លាម ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៣រូប ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប្រព្រឹត្ត​ទៅលើ​បាតុករ​ប្រឆាំង​នៅលីប៊ី។ ថ្វីដ្បិត​តែ​លីប៊ី​មិនមែន​ជា​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម (ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ) ក៏ប៉ុន្តែ ដំណើរការ​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​របស់​លោក​កាដាហ្វ៊ី និង​បក្សពួក ត្រូវ​បាន​ធ្វើ​ឡើង​ ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ អ្នកនាំពាក្យ​​រដ្ឋអាជ្ញា​តុលាការ​ក្រុងឡាអេ​បាន​ថ្លែង​ថា លីប៊ី​មាន​កាតព្វកិច្ច​សហការ​ជាមួយ​តុលាការ​អន្តរជាតិ ហើយ​ត្រូវ​តែ​បញ្ជូន​ខ្លួន សាយីហ្វ អាល់​អ៊ីស្លាម ទៅ​ឲ្យ​តុលាការ​ក្រុងឡាអេ ទៅតាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ចំណែក​អាជ្ញាធរ​លីប៊ី​វិញ ទាមទារ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី ដោយ​តុលាការ​ជាតិលីប៊ី។

យោងតាម​គោលការណ៍​ នៃ​នីតិព្រហ្មទណ្ឌ​អន្តរជាតិ (ជាភាសាបារាំង Principe de subsidiarité) ក្នុងករណី​មាន​ការ​ប្រជែងគ្នា​រវាង​តុលាការ​ជាតិ និង​តុលាការ​​អន្តរជាតិ ទៅលើ​សំណុំរឿងតែមួយ គេ​ត្រូវ​ទុក​អាទិភាព​ទៅ​ឲ្យ​តុលាការ​ជាតិ​ជា​អ្នក​ជំនុំជម្រះ។ តុលាការ​ក្រុងឡាអេ​មាន​សមត្ថកិច្ច​ជំនុំជម្រះ លុះត្រាតែ តុលាការ​ជាតិ​មិន​ព្រម​ជំនុំជម្រះ ឬ​ក៏​ទាមទារ​ចង់ជំនុំជម្រះ​ដែរ ប៉ុន្តែ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​រៀបចំ​ការកាត់ទោស​ប្រកបដោយ​លក្ខណៈ​យុត្តិធម៌។

ដូច្នេះ ជាគោលការណ៍ អំណាច​ជំនុំជម្រះ​លើ​កូនប្រុស​របស់​លោក​កាដាហ្វ៊ី ត្រូវ​ធ្លាក់​ក្នុង​ដៃ​តុលាការ​ជាតិ​លីប៊ី។ ក៏ប៉ុន្តែ តុលាការ​ក្រុងឡាអេ​នៅតែ​អាច​ទាមទារ​​យក​សាយីហ្វ អាល់​អ៊ីស្លាម​មក​កាត់ទោស​បាន ដោយ​លើក​ហេតុផល​ថា តុលាការ​លីប៊ី​បច្ចុប្បន្ន​មិនមាន​លក្ខណៈ​ឯករាជ និង​អព្យាក្រឹត ក្នុងការ​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់ចោទ។

អស់រយៈពេល​រាប់សិបឆ្នាំ​មកហើយ ដែល​លីប៊ី​មិនដែល​មាន​រចនាសម្ព័ន្ធ​តុលាការ​​ប្រកបដោយ​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រឹត។ ក្រោយ​ពី​របបដឹកនាំ​របស់​លោក​កាដាហ្វ៊ី​ដួលរលំ​ទៅ ប្រព័ន្ធ​តុលាការ​ថ្មី​ក៏​នៅ​មិនទាន់​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ត្រឹមត្រូវ។ សូម្បីតែ​រដ្ឋាភិបាល​ ក៏លីប៊ី​នៅមិនទាន់​បង្កើត​បានផង។ ម្យ៉ាងវិញ​ទៀត អាជ្ញាធរ​លីប៊ី​បច្ចុប្បន្ន​នេះ គឺ​ជា​គូសត្រូវ​របស់​លោក​កាដាហ្វ៊ី។ ការ​កាត់ទោស​អ្នកចាញ់​ ដោយ​តុលាការ​របស់​អ្នក​ឈ្នះ កម្រ​នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​យុត្តិធម៌​ណាស់។ ការសម្លាប់​លោក​កាដាហ្វ៊ី ក្រោយ​ការ​ចាប់ខ្លួន ដោយ​មិន​ឆ្លងកាត់​ការ​ជំនុំជម្រះ​ត្រឹមត្រូវ​នោះ ក៏​រឹតតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិនទុកចិត្ត​លើ​​តុលាការ​របស់​លីប៊ី​ថែមទៀត។

ទោះជាយ៉ាងណា តុលាការ​ក្រុងឡាអេ​មិនបាន​បដិសេធ​ចោលទាំងស្រុង​​ករណី​​កាត់ទោស​​សាយីហ្វ អាល់​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី​នោះដែរ។ កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ អ្នកនាំពាក្យ​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ថា ប្រសិនបើ​អាជ្ញាធរ​លីប៊ី​ចង់​កាត់ទោស​សាយីហ្វ អាល់​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី ពួកគេ​ត្រូវ​តែ​ដាក់សំណើ​សុំ​មក​តុលាការ​ក្រុងឡាអេ​ឲ្យ​ប្រគល់​សមត្ថកិច្ច​ជំនុំជម្រះ​ទៅ​តុលាការ​ជាតិវិញ។ ក្នុងករណីនេះ ដំណើរការ​ជំនុំជម្រះ​ដោយ​តុលាការ​លីប៊ី​ត្រូវ​តែ​ធ្វើឡើង​ស្របទៅតាម​នីតិវិធី និង​បទចោទប្រកាន់ ដែល​មាន​ចែង​ក្នុង​ដីកា​ចាប់ខ្លួន ចេញ​ដោយ​តុលាការ​ក្រុងឡាអេ។

អ្នកនាំពាក្យ​រូបនេះ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា លោក​ ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno Ocampo) រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​លីប៊ី នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ជជែក​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី រក​ដំណោះស្រាយ​ជុំវិញ​ការកាត់ទោស​ សាយីហ្វ អាល់​អ៊ីស្លាម។

បណ្តា​ប្រទេស​លោកខាងលិច ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា បាន​នាំគ្នា​​ទាមទារ​ឲ្យ​អាជ្ញាធរ​លីប៊ី​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុងការ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី៕

Posted on ខែធ្នូ 22, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់, យុត្តិធម៌អន្តរជាតិ. Bookmark the permalink. Comments Off on លីប៊ី​និង​តុលាការ​ក្រុង​ឡាអេ​ដណ្តើមគ្នា​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: