ប្រភព៖ វិទ្យុអាស៊ីសេរី

ដោយ​ វោហារ ជាតិ

ប្រទេស​កម្ពុជា បាន​​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្រម​រដ្ឋប្បវេណី ជា​ច្បាប់​ថ្មី​មួយ ដែល​កម្ពុជា​មិន​ធ្លាប់​មាន ដោយ​សង្ឃឹម​ថា ច្បាប់​​ថ្មី​នេះ​នឹង​​ផ្ដល់​ផលប្រយោជន៍ អភិវឌ្ឍន៍​ប្រទេស​​លូតលាស់​ដូច​​ប្រទេស​ជឿនលឿន​ដទៃ​ទៀត។

ក៏​ប៉ុន្តែ​មន្ត្រី​ច្បាប់​នៅ​ក្នុង​ស្រុក​មួយ​ចំនួន រិះគន់​ថា ច្បាប់​ថ្មី​​នេះ​នៅ​មាន​ចំណុច​ខ្លះ​ផ្ទុយ​​​គ្នា​ទៅ​នឹង​​ច្បាប់​មួយ​ចំនួន​កំពុង​ប្រើប្រាស់​សព្វថ្ងៃ ដែល​គេ​ត្រូវការ​កែ​សម្រួល​ចំណុច​មួយ​ចំនួន​ឡើង​វិញ ដើម្បី​ឲ្យ​ស្រប​គ្នា​ទៅ​នឹង​​ច្បាប់​មុនៗ។

រដ្ឋាភិបាល​កម្ពុជា បាន​​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឲ្យ​អនុវត្ត​មាត្រា​ទាំង​អស់​របស់​ក្រម​រដ្ឋប្បវេណី​ ដែល​ជា​ច្បាប់​ថ្មី​មួយ​ ចាប់​​​​​​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ត​ទៅ​ហើយ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​រដ្ឋមន្ត្រី បាន​​អះអាង​ថា ការ​បង្កើត​ច្បាប់​ថ្មី​នេះ​ គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​ដ៏​សំខាន់​មួយ​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សុខដុម​នីយកម្ម​ នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​បម្រើ​ដល់​វិស័យ​​យុត្តិធម៌​សង្គម។

ឯកសារ​ច្បាប់​ទាំង​អស់​ត្រូវ​បាន​របប​ខ្មែរ​ក្រហម​បំផ្លាញ​ទាំង​ស្រុង​នៅ​ពេល ប៉ុល ពត កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ បន្ទាប់​​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​​ទៅ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ៗ​មក​ទៀត ខ្វះ​ឯកសារ​ច្បាប់​យ៉ាង​ច្រើន ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មក​ទល់​សព្វថ្ងៃ។

ក្រម​រដ្ឋប្បវេណី​ដែល​មាន ១.៣០៥​មាត្រា យក​គំរូ​តាម​ច្បាប់​ប្រទេស​ជប៉ុន។ ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​កម្ពុជា។

ក្រុម​អ្នក​ច្បាប់​ខ្មែរ​បាន​សាទរ​​ច្បាប់​ថ្មី​នេះ ហើយ​រំពឹង​ថា ច្បាប់​ថ្មី​នេះ​នឹង​ជួយ​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដូច​លោក សុខ អាន អះអាង​​ដូច្នេះ​ដែរ តែ​ព្រួយ​បារម្ភ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ នឹង​មិន​បាន​ជោគជ័យ ដោយ​កត្តា​សំខាន់​ៗ​មួយ​ចំនួន។

លោក កែ ប៊ុនធឿន និស្សិត​អនុបណ្ឌិត​ច្បាប់​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​សេដ្ឋកិច្ច និង​​ច្បាប់ ថ្លែង​ថា មាន​ពាក្យ​ពេចន៍ និង​​ឃ្លា​ច្រើន​ មិន​បាន​ពន្យល់​ន័យ​ច្បាស់លាស់ ព្រោះ​ច្បាប់​នេះ​បាន​បក​ប្រែ​ពី​ភាសា​ជប៉ុន មក​ជា​ភាសា​អង់គ្លេស ហើយ​ប្រែ​​ពី​ភាសា​អង់គ្លេស មក​ជា​ភាសា​ខ្មែរ ដែល​​អាច​បាត់​បង់​ខ្លឹមសារ​​មួយ​ចំនួន៖ «ខ្ញុំ​គិត​ថា មាន​ប្រយោជន៍ ពីព្រោះ​ក្រមរដ្ឋប្បវេណី​ជា​ច្បាប់​សារធាតុ​មួយ​គ្រប​ដណ្ដប់​ក្នុង​ទំនាក់​ទំនង​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​អី​ផ្សេងៗ ព្រោះ​ការ​អនុវត្ត​​​ជាក់​ស្ដែង​កន្លង​មក​យើង​អត់​មាន​ច្បាប់​ហ្នឹង​ទេ»

ចំណែក​លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ដូច​គ្នា​នេះ​ដែរ៖ «ខ្ញុំ​គិត​ថា ដើម្បី​ឲ្យ​ប្រជាជន​យល់​ដឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិត​ជា​បាន​​ប្រើ​នូវ​សិទ្ធិ​ប្រយោជន៍​របស់​គាត់​បាន​ពេញ​លេញ​ពី​​ក្រមរដ្ឋប្បវេណី​នេះ គប្បី​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ ជា​ពិសេស​ខ្ញុំ​សុំ​ឲ្យ​កែ​ច្បាប់​ទាំងឡាយ​ដែល​ខ្ញុំ​យល់​ថា ​ជា​អនុសាសន៍ ខ្ញុំ​ចង់​ឲ្យ​បោះពុម្ព​ច្បាប់​ភូមិបាល ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ថ្មី ដែល​កែ និង​លប់ ដែល​ក្រប​រដ្ឋប្បវេណី​ចង្អុល​ថា ត្រូវ​កែ ត្រូវ​លប់។ ដូច្នេះ​យើង​យក​ច្បាប់​បោះពុម្ព​ថ្មី​ហ្នឹង យក​មក​ផ្សព្វផ្សាយ គឺ​យើង​បាន​កែ​តាម​ក្រមរដ្ឋប្បវេណី ដែល​បាន​ឲ្យ​កែ ឲ្យ​លប់ ធ្វើ​បែប​ហ្នឹង​យើង​អាច​អនុវត្ត​បាន​ត្រឹមត្រូវ»

ចំពោះ​បញ្ហា​​ដែល​​នឹង​ត្រូវ​ជួប​ប្រទះ​ក្នុង​ពេល​អនុវត្ត​​ក្រមរដ្ឋប្បវេណី​ថ្មី​នេះ​ដែរ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា លោក គួយរ៉ួគី ម៉ាសាហ្វូមី (KUROKI Masafami)។ លោក​បាន​ថ្លែង​ក្នុង​​ពិធី​ប្រកាស​​ក្រមរដ្ឋប្បវេណី​នោះ​ ដោយ​​លោក​​បាន​ទទួល​​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ ​ពិត​ជា​ជួប​ការ​លំបាក ​ដូច្នេះ​ហើយ​ទើប​ជប៉ុន មាន​គម្រោង​​​ជួយ​​​​ហ្វឹកហ្វឺន​ចៅក្រម ព្រះរាជអាជ្ញា​ខ្មែរ រួម​ទាំង​មេធាវី​ខ្មែរ​នៅ​ឆ្នាំ​២០១២ បន្ត​ទី​ទៀត ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ក្រម​ថ្មី​នេះ​បាន​ជោគជ័យ​ពិត​ប្រាកដ៕

Posted on ខែធ្នូ 23, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. Comments Off on ពិធី​ប្រកាស​ការអនុវត្តក្រមរដ្ឋប្បវេណី.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: