ប្រភព៖ RFI   (http://www.khmer.rfi.fr/condom )

កាលពី​ថ្ងៃ​ទី​១០​មិថុនា២០១១ អង្គកា​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​​ថា អំពី​ប្រសិទ្ធិភាព​នៃ​ស្រោម​អនាម័យ​ ក្នុង​ការ​ទប់​ស្កាត់​ជំងឹ​ស៊ីដា ឬ​អេសដ៍ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​នៅ​ថ្ងៃពុធ​​សប្តាហ៍​នេះ យើង​សូម​ចាក់​ផ្សាយ​ឡើង​វិញ​ ឯកសារ​ស្រាវជ្រាវ​របស់ អៀង សុខម៉ិញ ពន្យល់​បង្ហាញ​ពី​ប្រវត្តិ និង​គុណប្រយោជន៍​របស់​ស្រោម​អនាម័យ ក្នុង​ការការពារ​ជំងឺ​កាម​រោគ និង​ពន្យារ​កំណើត ក៏​ដូចជា​ដំបូន្មាន​ខ្លះ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ។

ស្រោម​អនាម័យ បាន​ក្លាយ​ជា​វត្ថុ​មួយ​ដែល​សង្គម​ត្រូវ​ការ ដាក់​លក់​ទិញ​ដូរ យក​ដើរ​​តាម​ខ្លួន ឬ ទិញ​ដាក់​ក្នុង​ទូរ​ជា​ប្រចាំ ឬ ក៏​រហូត​ដល់​មាន​ការ​ចែក​ចាយ​តាម​ផ្លូវ។​ អ្នក​ខ្លះ​ពិបាក​ខ្វល់ខ្វាយ អៀន​ប្រៀន​នឹង​រៀបចំ​ទុក​ដាក់​ តែ​វត្ថុ​មួយ​នេះ​នឹង​ធ្វើ​ម្នាក់​ទៀត​មាន​ទំនុក​ចិត្ត។ គ្មាន​អ្វី​គួរ​ឲ្យ​អៀន​ខ្មាស​នឹង​និយាយ ឬ យក​តាម​ខ្លួន​ទេ។ ត្រូវ​តែ​ពាក់​វា​គ្រប់​រដូវ​មិន​ថា ខែ​ប្រាំង ខែ​វស្សា ថ្ងៃ​ឬ​យប់ ត្រជាក់​ឬ​ក្តៅ​ទេ ពីព្រោះ​វា​អាច​បញ្ជៀស​ចៃដន្យ​អាក្រក់​បាន​ច្រើន​ណាស់។

ប្រវត្តិ​នែ​ស្រោម​អនាម័យ

Préservatif ឬ ខុនដុម ឬ ស្រោមអនាម័យ ឬ អាវ​ភ្លៀង ឈ្មោះ​ហៅ​របស់​វា​មាន​ច្រើន​ណាស់ ខុស​ប្លែក​ពី​គ្នា​គួរ​ឲ្យ​ចង់​អស់​សំណើច ទៅ​តាម​ភាសា និង​វប្បធម៌​និមួយៗ និង​ទៅ​តាម​សម័យកាល ដូច្នេះ​បើ​លោក​អ្នក​អាច​បង្កើត​ឈ្មោះ​ឲ្យ​មួយ​បន្ថែម​ទៀត​បាន​រឹត​តែ​ ប្រសើរ។
មុន​នឹង​ផ្តើម​ជំរាប​ជូន​ប្រិយមិត្ត​ពី​សារៈប្រយោជន៍ មុខងារ និង​ប្រសិទ្ធភាព​របស់​ស្រោម​អនាម័យ នាងខ្ញុំ​សូម​អនុញ្ញាត​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​កកើត​របស់​វា​ជា​មុន​សិន។ នៅ​ប្រទេស​កម្ពុជា​យើង ស្រោម​អនាម័យ​ជា​ពាក្យ​ថ្មី ជា​ពាក្យ​ដែល​បណ្តាជន​ទូទៅ មិន​សូវ​ចូលចិត្ត​លើក​មក​និយាយ ឬ​ពិភាក្សា​គ្នា​ដោយ​ចំហ​ទេ ព្រោះ​ជា​ការ​ខ្មាស​អៀន វា​ធ្វើ​ឲ្យ​គេ​គិត​ដល់​ផ្លូវ​តណ្ហា។ គេ​បាន​ឮ និង ស្គាល់​កាន់​តែ​ច្បាស់​ពី​ស្រោម​អនាម័យ ដោយសារ​ការ​វាយ​លុក​នៃ​ជំងឹ​ស៊ីដា ឬ អេសដ៍ តែ​តាម​ការ​ពិត ស្រោម​អនាម័យ​មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មក​ហើយ។ ស្រោម​អនាម័យ​មាន​អាយុ​តាំង​ពី ៣ ពាន់​ឆ្នាំ មុន​គ្រឹស្ត​សករាជ។ ដើម្បី​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កាម​រោគ ទាហាន​​អេហ្ស៊ីប​បាន​ប្រើប្រាស់​ស្រោម​ការពារ ធ្វើ​អំពី​ពោះវៀន​សត្វ​ជាម ឬ អំពី​ប្លោក​នោម​ជ្រូក។ ក្រោយៗ​មក មាន​ស្រោម​អនាម័យ​ខ្លះ ផលិត​ពី​ក្រដាស​សូត្រ – ក្រណាត់​សូត្រ ឬ ក្រណាត់​វឺឡួរ ហើយ​ក៏​បាន​ក្លាយ​ជា​មធ្យោបាយ​ការពារ កុំ​ឲ្យ​មាន​កូន​ទៀតផង។ ប៉ុន្តែ​ជា​ញឹកញាប់ គេ​តែ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ស្រោម​ការពារ​នេះ​ទេ ដោយ​សំអាង​ថា​ជា​ការ​បង្អាក់ ទប់​ស្កាត់​កំណើត​មនុស្ស។

ស្រោម​អនាម័យ អំពី​កៅស៊ូ ត្រូវ​បាន​ក្រុម​ហ៊ុនផលិត​កង់​ឡាន Goodyear Tire & Rubber​ អាមេរិក រក​ឃើញ​ជា​លើក​ទី​មួយ ដោយ​លោក Goodyear នៅ​ឆ្នាំ ១៨៨០។ គឺ ៤០ ឆ្នាំ​ក្រោយ​ការ​រក​ឃើញ​បំរើ​បំរាស់​ជ័រ​កៅស៊ូ។ ស្រោម​អនាម័យ​នោះ ដែល​អាច​លាង​យក​មក​ប្រើ​ប្រាស់​ជា​ថ្មី​បាន​ទៀត ព្រោះ​មាន​ការ​ធានា​រយៈ​ពេល ៥​ឆ្នាំ។ ប៉ុន្តែ​ទើប​តែ​នៅ​មុន​សង្គ្រាម​លោក​លើក​ទី​ពីរ​ប៉ុណ្ណោះ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​សំរេច​ផលិត​ស្រោម​អនាម័យ​ធ្វើ​ពី​កៅស៊ូ ប្រកប​ដោយ​គុណភាព ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ។

មុខងារ​ និង​របៀប​ប្រើ

ស្រោម ​អនាម័យ​មាន​ពីរ​ប្រភេទ មួយ​សំរាប់​បុរស និង មួយ​ទៀត​សំរាប់​ស្រ្តី។ ស្រោម​អនាម័យ​បុរស វា​ជា​ស្រទាប់​ការពារ​ស្តើង ទន់​យឺត មិន​ជ្រាប​ឈាម និង វត្ថុ​រាវ​ចេញ​ពី​អង្គកាយ មាន​កង​នៅ​ខាង​ដើម ឯ​ខាង​ចុង​មាន​ថ្នក់​បិទ​ជិត សំរាប់​យក​ទៅ​បំពាក់​លើ​លិង្គ​បុរស​នៅ​ពេល​បះ​ខឹង និង​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​កាម​បុរស​អាច​ហូរ​ចូល​ក្នុង​ប្រដាប់​ភេទ​ ស្រ្តី​បាន​ក្នុង​ពេល​រួម​សេពសន្ថវៈ ។​ ចំពោះ​ស្រោម​អនាម័យ​ស្ត្រី ទើប​តែ​នឹង​មាន​ចរាចរ​ទូទៅ​នៅ​ទស្សវត្ស​​ឆ្នាំ ៩០​នេះ​ទេ ប៉ុន្តែ​ជា​ស្រោមអនាម័យ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ក្នុង​ការពារ​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​ជាពិសេស ជំងឺ​ស៊ីដា។

ជា​ស្រោម ​ដែល​មាន​កង​ទន់​ពីរ​ទាំង​ចុង​ទាំង​ដើម កង​ខាង​ដើម​ធំ​អាច​គ្រប​ស្រោប​ប្រដាប់​ភេទ​ខាង​ក្រៅ​របស់​ស្ត្រី​ទាំងមូល​ បាន ចំណែក​ផ្នែក​ខាង​ក្នុង​បិទ​ជិត​តែ​មាន​កង​ដែរ។ ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ស្រោម​អនាម័យ​ស្ត្រី​ថ្មី ធ្វើ​ពី​ហ្សែល លាប។ ហ្សែល​នេះ​នៅ​ពេល​ត្រូវ​កំដៅ​ខ្លួន​មនុស្ស​ក៏​ឡើង​រឹង​លែង​ជ្រាប​វត្ថុ​រាវ។ ស្រោម​អនាម័យ​ទាំងពីរ​មាន​នាទី​ដូច​គ្នា គឺ​សំរាប់​ពន្យា​កំណើត និង សំរាប់​ការពារ​អ្នក​ពាក់ និង​ដៃគូ ពី​ជំងឺ​ឆ្លង​កាម​រោគ​ប្រកប​ដោយ​ប្រសិទ្ធិភាព។

ប្រសិទ្ធិភាព​ដែល​ ទាមទារ​ជា​ចាំ​បាច់​ការ​ប្រើប្រាស់ ត្រឹមត្រូវ​បំផុត​ក្នុង​ពេល​ប្រព្រឹត្ត​កាម​គុណ។ ការ​សិក្សា​ជាច្រើន តែង​បង្ហាញ​ថា​ស្រោម​អនាម័យ​ពុំ​មាន​ប្រសិទ្ធភាព ១០០% ទេ ប៉ុន្តែ​ការ​ខ្វះ​និង​បាត់បង់​ប្រសិទ្ធិភាព បើ​តាម​ការ​សិក្សា​ដដែល គឺ​ជា​ទូទៅ​បណ្តាល​មកពី​ការ​ធ្វេស​ប្រហែស និង​ពុំ​ចេះ​ពាក់​ស្រោម​ឲ្យ​បាន​ត្រឹមត្រូវ។ ក្រៅពី​ការ​ពាក់​ស្រោម​មិន​ត្រឹមត្រូវ​ នៅ​មាន​បញ្ហា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដែរ​នោះ គឺ​ស្រោម​ដាច់ រហែក ទោះ​ជា​ការ​រហែក​នោះ​តូច​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ​ក៏ដោយ ក៏​អាច​ធ្វើ​ឲ្យ​វត្ថុ​រាវ​អាច​ជ្រាប​ចេញ​បាន​ដែរ។ ពុំ​សូវ​មាន​ជាតិ​រំអិល ជាពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​រួម​ភេទ​តាម​ផ្លូវ​លាមក ស្រោម​អនាម័យ​ធំ​ជ្រុល ឬ តូច​ជ្រុល ដែល​ធ្វើ​ឲ្យ​ងាយ​របូត ឬ ប្រេះ​បែក សុទ្ធសឹង​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ស្រោម​អនាម័យ​បាត់បង់​ប្រសិទ្ធភាព​របស់​ ខ្លួម។ ការ​ប្រើ​ប្រាស់ ស្រោម​អនាម័យ​ពីរ​ជាន់​គឺ​គ្មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្ក​ជា​ផលវិបាក បង្កើន​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ជាពិសេស​ប្រឈម​នឹង​ជំងឺ​ស៊ីដា។

ស្រោម​អនាម័យ​ និង​ការ​រួម​ភេទ

ថ្វីដ្បិត ​តែ​មាន​នាម​ជា​ស្រោម​អនាម័យ​បុរស តែ​ស្រោម​អនាម័យ​នេះ​មិនមែន មាន​ប្រវត្តិ​សំរាប់​តែ​បុរស​ទេ។ នេះ​ជា​គំនិត​ផ្ទុយ​ស្រលះ បុរស​និង​ស្ត្រី ត្រូវ​តែ​ចាប់​អារម្មណ៍​នឹង​ស្រោម​អនាម័យ​នេះ​ទាំងអស់​គ្នា។ ព្រោះ​បើ​តាម​ការ​សិក្សា យុវជន យុវនារី សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ស៊ីដា ជំងឺ​កាម​រោគ​ដូចគ្នា (ចំពោះ​ជំងឺ​ស៊ីដា ស្រ្តី រង​គ្រោះ​ខ្លាំង​ជាង​បុរស​ដល់​ទៅ ៨​ដង) ស្ត្រី​ប្រាថ្នា​ប្រើ​ស្រោម​អនាម័យ​ដើម្បី​សុវត្ថិភាព​ខ្លួន​ឯង​ផ្ទាល់​ផង និង ដើម្បី​សុវត្ថិភាព​ដៃ​គូ​ស្នេហា​ផង។ សំរាប់​ស្ត្រី​ភាគ​ច្រើន ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ គឺ​ក្លាយ​ជា​លក្ខខណ្ឌ មុន​ពេល​រួម​ដំណេក។

ទាក់ទង​នឹង​សំនួរ​ថា​តើ​ការ​ពាក់​ស្រោម​អនាម័យ ឬ មិន​ពាក់​ស្រោម​ពេល​រួមរក្ស ​ដៃ​គូ​ស្នេហា​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​ឬ​ទេ ? បើ​តាម​លោក វេជ្ជបណ្ឌិត Eric Chevallier លោក​សារភាព​ថា​វា​មិន​ដូច​គ្នា​ទេ ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​ស្ត្រី​បុរស ចំណង់​របស់​ស្ត្រី​ឬ បុរស មិនមែន​ស្ថិត​នៅ​លើ​តែ​ពាក្យ​រួមរក្ស​ប៉ុណ្ណោះ​ទេ វា​មាន​ច្រើន​លើស​ពី​នេះ​ទៅ​ទៀត។ ហើយ​ស្រោម​អនាម័យ មិនមែន​ជា​អ្នក​បង្អាក់ សំរើប និង​ចំណង់​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ​បើ​គេ​បាន​យល់​ពី​សារៈប្រយោជន៍ និង​តួ​នាទី ការពារ​របស់​ស្រោម​អនាម័យ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​តែ​មួយ​ផ្តោត​ទៅ​លើ​ស្នេហា​របស់​អ្នក ចំណែក​ដៃគូ​អ្នក គាត់​លែង​គិត​ពី​គ្រោះថ្នាក់​ដែល​អាច​ចូល​លង​ដោយសារ​បញ្ហា​ផ្លូវ​ភេទ​ទៀត​ ហើយ។

អត្រា​នៃ​ការ​ប្រើប្រាស់

ក្នុង​មួយ​ ឆ្នាំៗ មាន​ស្រោម​អនាម័យ​ចំនួន​ជាង ១ពាន់​លាន​ដែល​លក់​ដាច់​នៅ​ទី​ផ្សារ។ ដៃ​គូ​ស្នេហា​ជប៉ុន​ចំនួន ៧០% ពាក់​ស្រោម​អនាម័យ ចំណែក​នៅ​ប្រទេស​អង់គ្លេស​មាន​តែ ប្រមាណ ៤០%​ប៉ុណ្ណោះ ហើយ​អាមេរិក និង បារាំង សុទ្ធ​សឹង​ជា​ប្រទេស​ជឿនលឿន​ដែល​មាន​បំរើ​បំរាស់​ស្រោម​អនាម័យ​តិចតួច​ជាង​ គេ ការ​វិល​ត្រលប់​មក​ចាប់​អារម្មណ៍​ជា​ថ្មី​នឹង​ស្រោម​អនាម័យ​ដូច​ខ្ញុំ​បាន​ ជំរាប​ជូន ពី​ខាង​ដើម​រួច​មក​ហើយ គឺ ការ​រីក​រាលដាល​នៃ​ជំងឺ​ស៊ីដា នា​ទស្សវត្ស​ឆ្នាំ​៨០។ រហូត​មក​ទល់​ពេល​នេះ ម៉ោង​នេះ ស្រោម​អនាម័យ​ជា​មធ្យោបាយ​តែ​មួយ​គត់ សំរាប់​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ស៊ីដា តាម​រយៈ​ការ​រួម​ភេទ៕

ពាក្យគន្លឹះ : សុខភាព
Advertisements

Posted on ខែធ្នូ 23, 2011, in នាទីសុខភាព. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: