ប្រភព៖  RFI   (http://www.khmer.rfi.fr/Paracetamol_surdosage )

ឈឺ​ក្បាល ឈឺ​ខ្នង ឈឺ​ពោះ ឈឺ​ធ្មេញ ចុក​ដៃ​ជើង ក្តៅ​ខ្លួន គ្រុន រងា​ស្រៀវ​ស្រាញ ចង់​ផ្តាសាយ ។ល។ និង​។ល។ នៅ​ពេល​មាន​អាការៈ​ទាំង​អស់​នេះ​ភ្លាម ជន​គ្រប់​រូប​តែង​​នឹក​ឃើញ​ភ្លាម​ដល់​ថ្នាំ ប៉ារ៉ាសេតាម៉ុល គ្រប់ៗគ្នា។ ជា​ការ​ពិត​ណាស់​ ព្រោះ​នេះ​ជា​ប្រសិទ្ធិភាព​ដំបូង ដែល​ក្រុម​វេជ្ជសាស្ត្រ​បង្កើត​​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ឡើង​ ក្នុង​បំណង​ចង់​​បំបាត់​ការ​ឈឺចាប់។ ប៉ុន្តែ​គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​​ផល​ប៉ះពាល់​បន្ទាប់​បន្សំ ខ្លះ​ច្រើន​ ខ្លះ​តិច ទៅ​តាម​ប្រភេទ​ថ្នាំ និង​ទៅ​តាម​បុគ្គល​អ្នក​ទទួល​ទាន។

ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី ពពួក​ថ្នាំ​ Paracétamol និង​គ្រោះ​ថ្នាក់​​នៃ​ការ​ប្រើ​ប្រាស់​ហួស​កំរិត សូម​ស្តាប់​ អៀង សុខម៉ិញ និង​បទ​អន្តរាគមន៍​របស់ អ្នកស្រី ​ឱសថការី ឃុន វ៉ារី នៅ​ក្រុង Torcy ជាយ​ក្រុង​ប៉ារីស និង​ជា​ប្រធានកិត្តិយស​សមាគម​ឱសថការិនី និង​ឱសថនិស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។

ស្លាក​សញ្ញា​ឱសថស្ថាន​ មាន​ដាក់​សញ្ញា​លេខ​បូក ព័ទ្ធ​ដោយ​សត្វ​ពស់ មិន​មែន​ជា​ជ្រើសរើស​​ដោយ​ចៃដន្យ​ទេ។ ស្លាក​សញ្ញា​នេះ​មាន​អត្ថន័យ​កប់​ជ្រៅ យ៉ាង​គ្រប់​គ្រាន់​សំរាប់​ពន្យល់​ជន​ទូទៅ​ថា ​ឱសថ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​រោគា​បានផង ប៉ុន្តែ​ក៏​អាច​សម្លាប់​ជីវិត​មនុស្សបាន​ផង ដូច​​​ពិស​​​ពស់ដូច្នោះ។

យ៉ាង​ណាមិញ ថ្នាំ​ប៉ារ៉ាសេតាម៉ុល ដែល​ជា​ឱសថ​សាមញ្ញ គ្រប់​គ្នា​ស្គាល់​ច្បាស់ និង​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​ នៅ​តាម​ឱសថស្ថាន មិន​ថា​តូច​ឬ​ធំ ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​បាន​នេះ មិន​មែន​គ្មាន​ផ្តល់​ផល​វិបាក​ និង​គ្រោះ​ថ្នាក់​ទេ។

ការ​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល លើ​ស​ពី​​កំរិត​កំណត់ អាច​បង្ក​គ្រោះ​ថ្នាក់​ និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ថ្លើម។ មាន​ការសិក្សា​ច្រើន​ណាស់ ដែល​អាច​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នេះ។

–          នៅ​សហរដ្ឋ​អាមេរិក ៖ របាយការណ៍​វេជ្ជសាស្ត្រ​ កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​ មាន​ប្រជាជន​អាមេរិក ប្រមាណ​ជាង​ ៧៨០០០ នាក់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ព្រោះ​តែ​បាន​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល ច្រើន​ហួស​កំរិតកំណត់។
–          នៅ​ចុង​ខែ​វិច្ឆិកា​នេះ ការ​សិក្សា​រយៈ​ពេល​បី​ឆ្នាំ​ របស់​អង់គ្លេស ទើប​បាន​បញ្ជាក់​បន្ថែម​​ឲ្យ​កាន់​តែ​ច្បាស់ទៀត​ ​​អំពី​ការ​បំពុល​ថ្លើម ក្នុង​ករណី​លេប​ថ្នាំ​​ពពួក​ប៉ារ៉ាសេតាម៉ុល​ ច្រើន​ជ្រុល​ហួស​​ហេតុ។
–          ចំណែក​នៅ​ប្រទេស​បារាំ​ង​វិញ ក្រុម​គ្រូពេទ្យ​ឯកទេសខាង​រោគ​​ថ្លើម​និងពោះវៀន​ បាន​រំលឹក​ថា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​នេះ​ត្រូវ​បាន​បណ្តា​ជន​បារាំង​ប្រើ​យ៉ាង​ពោរពាស។ អ្នក​ជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​ពេទ្យ ដើម្បី ធ្វើ​ការ​វះកាត់​ប្តូរ​ថ្លើម​ ជាង​ពាក់​កណ្តាល​ គឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល រហូត​ថ្លើម​ពុល​លែង​ធ្វើ​ការ​កើត៕

ពាក្យគន្លឹះ : សុខភាព

Posted on ខែធ្នូ 23, 2011, in នាទីសុខភាព. Bookmark the permalink. Comments Off on ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៖ សូម​ប្រយ័ត្ន កុំ​ប្រើ​ហួស​កំរិត !.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: