ប្រភព៖ គេហទំព័រដើមអំពិល

Photo by DAP-NEWS

ដោយៈ តុល សុភ័ណ

ភ្នំពេញ ៖ ក្រមរដ្ឋប្បវេណីថ្មី បានបង្កើតឡើង អស់ជាច្រើនឆ្នាំមកហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តក្រមនេះ ចាប់ ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១តទៅ ដើម្បីឱ្យសង្គម មានសណ្តាប់ធ្នាប់ល្អ និងអភិវឌ្ឍសង្គមជាតិ។

ក្រមនេះ បានប្រមូលផ្តុំ បទបញ្ញត្តិ ដែលពាក់ព័ន្ធនឹងរឿង រដ្ឋប្បវេណីជាច្រើន ដោយសារតែកន្លងមក វិស័យរដ្ឋប្បវេណី មាន លក្ខណៈចន្លោះប្រហោង និងរាយប៉ាយ ដែលធ្វើឱ្យមានផលលំបាក ដល់ការអនុវត្តច្បាប់ ពាក់ព័ន្ធរឿងរដ្ឋប្បវេណី។ លើសពីនេះ ក្រមរដ្ឋប្បវេណី គឺជាកម្រងច្បាប់គោលមួយ ដែលមានតួនាទី សម្របសម្រួល ចំណងទាក់ទង អំពីទ្រព្យសម្បតិ្ត ដែលមានតម្លៃ ប្រើប្រាស់ ផ្សារភ្ជាប់ទៅនឹង រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ព្រមទាំងសម្របសម្រួល ចំណងទាក់ទង រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងរូបវ័ន្តបុគ្គល និងនីតិបុគ្គល ឬរវាងនីតិបុគ្គល និងនីតិបុគ្គល ដែលរួមមានទំនាក់ទំនង អំពីកម្មសិទិ្ធ អំពីការដោះដូរ អំពីការធ្វើ សំណង និងទំនាក់ទំនង អំពីគ្រួសារ និងមរតក។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន បានថ្លែងក្នុងពិធីប្រកាស ការអនុវត្តក្រម រដ្ឋប្បវេណី នៅឯវិមានសន្តិភាព ឱ្យដឹង នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១១ ថា លោកបានចាត់ទុក ថ្ងៃប្រកាសឱ្យអនុវត្ត ក្រមរដ្ឋប្ប វេណីថ្មីនេះ ជាថ្ងៃប្រវត្តិសាស្រ្តគតិយុត្តិ និងជាព្រឹត្តិការណ៍ជាតិ ដ៏សំខាន់មួយ ក្នុងដំណើរការ កសាងក្របខណ្ឌច្បាប់ ជាមូលដ្ឋាន សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំង នូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងពង្រឹងនីតិរដ្ឋ ហើយក្រមរដ្ឋប្បវេណីថ្មីនេះ ធ្វើឡើង ស្របទៅតាមបរិបទ ប្រវត្តិសាស្រ្ត និងឆន្ទៈនយោបាយ របស់កម្ពុជា ។

លោក សុខ អាន បានលើកឡើងថា “ ការរៀបចំបានជោគជ័យ និងដោយប្រុងប្រយ័ត្ន នៃក្រមទំាងនេះ គឺជាស្នាដៃដ៏ធំ ក្នុងប្រព័ន្ធ យុត្តិធម៌ ដែលរាជរដ្ឋាភិបាល សម្រេចបាន និងដោយមោទនភាព របស់ប្រទេស និងប្រជាជនកម្ពុជាទំាងមូល ផងដែរ ដោយ ហេតុថា ប្រទេសមួយចំនួន មិនទាន់មានលទ្ធភាព រៀបចំបាន ជាក្រមដូចនេះទេ ” ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ ឱ្យដឹងទៀតថា ពិធីប្រកាសការអនុវត្ត ក្រមរដ្ឋប្បវេណី មានគោលបំណង ផ្សព្វផ្សាយ ច្បាប់ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងដល់អ្នកវិជ្ជាជីវៈច្បាប់ និងតុលាការ ដើម្បីចូលរួមចំណែក លើកកម្ពស់ការ យល់ដឹងអំពីច្បាប់ និងធានាប្រសិទ្ធិភាព នៃការអនុវត្ត ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ នៅក្នុងឱកាសនោះ ផងដែរថា ក្រមរដ្ឋប្បវេណី ត្រូវបាន អនុម័ត ដោយរដ្ឋសភា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៧ នាសម័យប្រជុំ លើកទី៧ នីតិកាលទី៣ ហើយ ត្រូវបានព្រឹទ្ធ សភាយល់ ព្រម តាមទម្រង់ និងគតិច្បាប់ លើក្រមនេះទាំងស្រុង ហើយក្រមរដ្ឋប្បវេណីនេះ ត្រូវបានប្រកាស ឱ្យប្រើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០០៧ ប៉ុន្តែ មិនទាន់អាចអនុវត្តបាន នៅឡើយទេ គឺត្រូវរង់ចាំច្បាប់នេះ កំណត់កាលបរិច្ឆេទ ត្រូវអនុវត្តក្រមរដ្ឋ ប្បវេណីនេះ ដោយហេតុថា ទំនាក់ទំនងរដ្ឋប្បវេណីនេះ មានភាពស្មុគស្មាញ ទាំងការបកស្រាយ និងទាំងការអនុវត្ត ។

លោក អង្គ វង្សវឌ្ឍានា បានលើកឡើងថា “ ច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី ដែលកំណត់ការអនុវត្ត ក្រមរដ្ឋប្បវេណី ដែល ត្រូវដាក់ឱ្យអនុវត្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ត្រូវបានរៀបចំឡើង ដើម្បីសម្របសម្រួល ជាមួយបទបញ្ញត្តិច្បាប់ និងបទដ្ឋាន គតិយុត្តិ ធរមាននានា ឱ្យមានភាពស៊ីសង្វាក់ នៅក្នុងការអនុវត្ត និងក្នុងគោលបំណង ធានាស្ថិរភាព នៃទំនាក់ទំនងគតិយុត្តិ ផ្នែក រដ្ឋប្បវេណី និងធានាឱ្យមានការអនុវត្ត ឱ្យបានត្រឹមត្រូវ នូវបទបញ្ញត្តិ នៃក្រមរដ្ឋប្បវេណី” ។

ប្រធាន JICA លោក Yasujiro SUZUKI បានមានប្រសាសន៍ ឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយរបស់ខ្លួន ក្នុង ការព្រាង ក្រមរដ្ឋប្បវេណី ក្រមនីតិវិធី រដ្ឋប្បវេណី និងច្បាប់ផ្សេងៗទៀត តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសិទ្ធិ របស់ប្រជាជន ព្រមទាំងជួយពង្រឹងសេដ្ឋកិច្ច របស់កម្ពុជា ផងដែរ ហើយរាជរដ្ឋាភិបាលជប៉ុន នឹងបន្តជួយ ពង្រឹង សមត្ថភាព ក្នុងការបណ្តុះបណ្តាលចៅក្រម ព្រះរាជអាជ្ញា និងមេធាវីផងដែរ ដើម្បីធានា ការអនុវត្តនូវក្រម រដ្ឋប្បវេណី ដោយរលូន និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកច្បាប់ ជាឧបករណ៍មួយ ដើម្បីជំរុញឱ្យមាន អភិបាលកិច្ចល្អ និងនីតិរដ្ឋ ក្នុង គោលបំណង ធ្វើឱ្យសង្គមមាន សណ្តាប់ធ្នាប់ និងអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន ទៅតាមសម័យកាល៕

Advertisements

Posted on ខែ​ធ្នូ 23, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ រាជរដ្ឋាភិបាល កម្ពុជា ប្រកាសជាផ្លូវការ​ ដាក់ឱ្យអនុវត្ត​ ក្រមរដ្ឋប្បវេណីថ្មី.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: