ប្រភព៖ RFI​​​(http://www.khmer.rfi.fr/China-is-the-most-powerfull-and-indisputable-country-in-the-world )

នៅ​សប្តាហ៍​នេះ​ហ្សង់-ហ្វ្រង់ស័រ តាន់ ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន។ គេ​អាច​និយាយ​បាន​ថា ចិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ពិភពលោក​ហើយ។ ប៉ុន្តែ មហាយក្ស​អាស៊ី​មួយ​នេះ​ដែល​កំពុង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាង​ភ័យ​ព្រួយ ត្រូវ​ប្រឈម​មុខ​​ខ្លាំង​ឡើងៗ​នឹង​សហរដ្ឋ​អាមេរិក អាមេរិក​ដែល​បាន​សម្រេច​ពង្រឹង​និង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ការ​មួយ​ដែល​ប្រកែក​មិន​បាន គឺ​មិន​យូរ​មិន​ឆាប់ ចិន​នឹង​ក្លាយ​ជា​មហា​អំណាច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក ដោយសារ​តែ​កត្តា​សត្យានុម័ត​មួយ​ចំនួន។
ទីមួយ គឺ​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​​​​នៃ​ប្រជាជន។
ទី​ពីរ​គឺ​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​បន្ត​ខ្ជាក់​ចេញ​នូវ​កំណើន​ច្រើន​លើស​លុប។
ទី​បី គឺ​សន្ទុះ​លឿន​រហ័ស​នៃ​បច្ចេកវិជ្ជា បាន​ន័យ​ថា ចិន​មិន​មែន​គ្រាន់​តែ​ចេះ​ផលិត​របស់​របរ​កំប៉ិក​កំប៉ុក​ដូច​មុន​ទៀត​ទេ តែ​ក៏​ចេះ​ធ្វើ​ដែរ​រថយន្ត រទេះ​ភ្លើង​ល្បឿន​ខ្លាំង និង​យន្តហោះ​ព្រម​ទាំង​​យាន​អវកាស។
ទី​បួន គឺ​ឥទ្ធិពល​យោធា ជាមួយ​នឹង​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ប្រាក់​ចំណាយ​​សម្រាប់​វិស័យ​ការពារ​ជាតិ។
និង​ទី​ប្រាំ គឺ​ការ​ដាំ​ក្បាល​អស់​ឫទ្ធិ និង​ខ្សោយ​ទៅៗ​របស់​បស្ចិម​លោក ទាំង​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក។
ក៏​ប៉ុន្តែ ការ​ព្យាករណ៍​ឃើញ​បែប​នេះ ការ​ព្យាករណ៍​​ឃើញ​ថា ចិន​នឹង​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ទី​មួយ​ក៏​មិន​ប្រាកដ​ថា​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ ដោយហេតុ​តែ​មាន​ច្រើន​ណាស់​ភាព​ចៃដន្យ​នៃ​ប្រវត្តិសាស្រ្ត។

ក្នុង​ចំណោម​ភាព​ចៃដន្យ​នៃ​ប្រវត្តិសាស្រ្ត​ដែល​អាច​មក​បង្អាក់​ដំណើរ​បោះ​ពួយ​ទៅ​មុខ​នៃ​មហា​យក្ស​ចិន ឃើញ​មាន​ជា​អាទិ៍​គ្រោះថ្នាក់​ផ្ទៃ​ក្នុង​ធំៗ​មួយ​ចំនួន ដូច​ជា  ​ហានិភ័យ​សង្គម ​និង​នយោបាយ​​​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​ឬ​ការ​ទាមទារ​ឯករាជ្យ​ពី​សំណាក់​តៃវ៉ាន់ ទីបេ និង ​ស៊ីង​ជាំង។ ក៏​ប៉ុន្តែ គ្រោះថ្នាក់​ធំ​ជាង​គេ​សម្រាប់​របប​កុម្មុយនិស្ត​ចិន ក្នុង​រយៈ​កាល​ខ្លី គឺ​អ៊ីនធ័រណែត អ៊ីនធ័រណែត​ដែល​ប្រជាជន​ចិន​ជិត​ប្រាំ​រយ​លាន​នាក់​កំពុង​តែ​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១១។

ដោយ​ឡែក ទន្ទឹម​គ្នា​នឹង​ការ​លេច​ត្រដែត​ឡើង​នៃ​ប្រទេស​របស់​ខ្លួន​ក្នុង​នាម​ជា​មហា​អំណាច​ពិភពលោក ថ្នាក់​ដឹក​នាំ​ចិន​មាន​មហិច្ឆតា​កាន់​តែ​ធំ ជាពិសេស​នៅ​អាស៊ី។ ជាក់ស្តែង ទីក្រុង​ប៉េកាំង បាន​និង​កំពុង​បន្ត​ពង្រឹង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ​ពង្រីក​ដែន​អំណាច​របស់​ខ្លួន​ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ​ក្នុង​ដែន​សមុទ្រ​នៅ​ប៉ែក​ខាង​ត្បូង ប៉ែក​អាគ្នេយ៍ និង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ខ្លួន។ គឺ​មហិច្ឆតា​របស់​ចិន​នេះ​ហើយ​ដែល​កំពុង​បណ្តាល​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ព្រួយ​បារម្ភ។ ជប៉ុន​ព្រួយ​បារម្ភ ដ្បិត​ចិន​បន្ត​ទាមទារ​យក​មក​វិញ​ទីប្រជុំកោះ​Senkaku ដែល​ជប៉ុន​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៨៩៥​មក​ម្ល៉េះ។ វៀតណាម​និង​ហ្វីលីពីន​ព្រួយ​បារម្ភ ដ្បិត​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ជុំវិញ​ទីប្រជុំ​កោះ​Paracels និង​Spratley នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​សហរដ្ឋអាមេរិក​បានសម្រេចចិត្តងាក​មក​ពង្រឹង​និង​ពង្រីក​វត្តមាន​​យោធា ភូមិសាស្រ្ត​នយោបាយ និង​ការ​ទូត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ នៅ​ក្នុង​ឆ្នាំ​២០១១ អាមេរិក​បាន​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​វេទិកា​អាស៊ាន បាន​ក្លាយ​ជា​សមាជិក​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា​និង​បាន​សម្រេច​ដាក់​ទ័ព​នៅ​ប្រទេស​អូស្រ្តាលី។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​គ្រោង​ថា នឹង​ប្រើ​ប្រាស់​ប្រទេស​សិង្ហបុរី​និង​ហ្វីលីពីន​ជាទី​ចំណត​នៃ​នាវា​ចម្បាំង​របស់​ខ្លួន នា​ប៉ុន្មាន​ឆ្នាំ​ទៀត​ខាង​មុខ​នេះ។

*

ជា​ការ​ពិត​ណាស់​ដែល​ថា ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ជាពិសេស និង​ដោយសារ​តែ​វត្តមាន​នៅ​ក្នុង​តំបន់​របស់​មហាយក្ស​ចិន​និង​របស់​សហរដ្ឋ​អាមេរិក អាស៊ីប៉ាហ្វិក​កំពុង​ក្លាយ​ទៅ​ជា​សសរ​ទ្រូង​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ។ ក៏​ប៉ុន្តែ ទន្ទឹម​នេះ អាស៊ី​ប៉ាស៊ីហ្វិក​ក៏​កំពុង​ក្លាយ​ទៅ​ជា​តំបន់​ដ៏​ក្តៅ​គគុក​ជាង​គេ​បង្អស់​មួយ​ដែរ​នៅ​ក្នុង​លោក​សព្វ​ថ្ងៃ ដោយហេតុតែ​អធិករណ៍​ដែល​អាច​នឹង​កើត​ឡើង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។
សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​មហា​អំណាច​ទាំង​ពីរ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា ទោះ​ជា​មិន​ដោយ​ចេតនា ក៏​ដោយ​ចៃដន្យ​ដែរ។ មូលហេតុ​មាន​ច្រើន​យ៉ាង។ ម្យ៉ាង​គឺ​មក​អំពី​ចលនា​កាន់​តែ​មមាញឹក​នៃ​កងទ័ព​របស់​អាមេរិក​និង​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​តែ​មួយ។ ម្យ៉ាង​ទៀត គឺ​មក​អំពី​ការ​ខ្វែង​ប្រយោជន៍​គ្នា​កាន់​តែ​ធំ​រវាង​មហាអំណាច​ទាំង​ពីរ ឧទាហរណ៍​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង និង​ក្នុង​ជម្លោះ​ទឹក​ដី​នៅ​សមុទ្រ​ចិន​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​មិត្ត​របស់​អាមេរិក ឬ​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ី​ដែល​អាមេរិក​គាំទ្រ។ រី​ឯ​ម្យ៉ាង​ចុង​ក្រោយ គឺ​មក​អំពី​សហរដ្ឋ​អាមេរិក​និង​ចិន​គ្មាន​ចក្ខុនិមិត្ត​រួម​គ្នា​ទេ នៅ​ចំពោះ​មុខ​ច្បាប់​នាវាចរណ៍។ សហរដ្ឋ​អាមេរិក​អះអាង​ថា កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​អន្តរជាតិ និង​នៅ​លើ​ដែន​ទឹក​ដែល​គេ​គេ​ចាត់​ទុក​ថា​ជា​របស់​អន្តរជាតិ។ រី​ឯ​សម្រាប់​ប្រទេស​ចិន​វិញ កងទ័ព​អាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ដែន​ទឹក​ដែល​ជា​ទី​ជម្លោះ រវាង​ចិន​និង​ប្រទេស​ដទៃ​ណា​មួយ​ផ្សេង​ទេ។

មិន​តែ​ប៉ុណ្ណោះ ចិន​មិន​សុខ​ចិត្ត​ឲ្យ​មាន​ឡើយ សមយុទ្ធ​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ជិត​ព្រំដែន​គោក​ឬ​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ខ្លួន ដូច​ដែល​អាមេរិក​តែងតែ​បាន​ធ្វើ​រៀងរាល់​ឆ្នាំ​ជាមួយ​កូរ៉េ​ខាង​ត្បូង។

និយាយ​រួម ចិន​បាន​ក្លាយ​ទៅ​ជា​មហាអំណាច​ពិភពលោក​ហើយ។ អ្វីៗ​ក៏​ដូច​ជា​ចង្អុល​ឲ្យ​ឃើញ​ថា ចិន​ចង់​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ និង​នៅ​ទីបំផុត​ទៅ​ជា​មហា​អំណាច​នយោបាយ​​និង​យោធា​ទី​មួយ។ គេ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ ជ័យជំនះ​ដ៏​ធំធេង​នៃ​ការ​ទូត​ចិន​មិន​ត្រឹម​តែ​នៅ​អាស៊ី​ទេ តែ​នៅ​អាហ្វ្រិក​និង​អាមេរិក​ខាង​ត្បូង​ថែម​ទៀត។ ជ័យជំនះ​ការ​ទូត​នេះ​បាន​មក​ពី​ការ​ប៉ិន​ប្រសប់​របស់​ថ្នាក់​ដឹក​នាំ​ចិន តែ​វា​ក៏​ជា​លទ្ធផល​បាន​មក​ពី​បរាជ័យ​នៃ​​​នយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ជាពិសេស​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​ប៊ូស(Bush)។

ក៏ប៉ុន្តែ ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ អ្វីៗ​ក៏​មិន​អាច​ស្រួល​ដូច​មុន​ទៀត​ដែរ​ពីព្រោះ​សហរដ្ឋអាមេរិក​ចង់​ខ្ទប់​ឥទ្ធិពល​របស់​ចិន ជាពិសេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ អ្វីៗ​ក៏​មិន​អាច​ស្រួល​ដូច​មុន​ដែរ ពីព្រោះ​បណ្តា​ប្រទេស​អាស៊ី​ច្រើន​ឡើងៗ​ចាប់​ផ្តើម​ភិត​ភ័យ នៅ​ចំពោះមុខ​មហិច្ឆតា​ស្រេកឃ្លាន​ទឹកដី​របស់​ប្រទេស​ចិន៕

ពាក្យគន្លឹះ : ចិន
Advertisements

Posted on ខែ​ធ្នូ 29, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ចិន​គឺ​ជា​មហា​អំណាច​ពិភពលោក​មួយ​ប្រកែក​មិន​បាន​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: