ប្រភព៖ RFI   (http://www.khmer.rfi.fr/New%20world%20billionaire)

ទស្សនាវដ្តី​អាមេរិកាំង​Forbes ទើប​តែ​បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​មាន​លុយ​លើស​ពី​មួយ​ពាន់​ លាន​ដុល្លារ​ឡើង​ទៅ។ ដូច​ជា​រៀង​រាល់​ឆ្នាំ ទស្សនាវដ្តី​នេះ បាន​លាត​ត្រដាង​ជា​អាទិ៍ ឈ្មោះ​របស់​អ្នក​មាន​ជាង​គេ​បង្អស់​ទាំង​១០​នាក់​នៅ​ក្នុង​ពិភពលោក។ ជាប់​លេខ១ គឺ​Carlos Slim ជនជាតិ​ម៉ិចស៊ិក​ដដែល និង​ជាប់លេខ​២ គឺ​ជនជាតិ​អាមេរិកាំង​Bill Gates។ យោង​ទៅ​តាម​ទស្សនាវដ្តី​Forbes នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ មហាសេដ្ឋី​ដែល​មាន​លុយ​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ កើន​ចំនួន​ច្រើន​ជាង​គេ នៅ​ក្នុង​ប្រទេស​មហាយក្ស​ថ្មីថ្មោង​ទាំង​បួន​ដែល​គេ​ហៅ​កាត់​ថា​BRIC ក្នុង​នោះ​មាន​ចិន រុស្ស៊ី ប្រេស៊ីល​និង​ឥណ្ឌា។

តាម​ ទស្សនាវដ្តី​Forbes ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​មាន​លុយ​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ បាន​កើន​ទ្វេ​ដង​នៅ​ប្រទេស​ចិន និង​បាន​កើន​ឡើង​២​ភាគ​៣​នៅ​រុស្ស៊ី និង​នៅ​ប្រេស៊ីល។ សរុប​ទាំង​អស់ សព្វ​ថ្ងៃ​នេះ អ្នក​មាន​កប់​ក្តោង​បែប​នេះ​មាន​ចំនួន​១១៥​នាក់​នៅ​ប្រទេស​ចិន ១០១​នាក់​នៅ​រុស្ស៊ី​និង​៣០​នាក់​នៅ​ប្រេស៊ីល។ រី​ឯ​នៅ​ប្រទេស​ឥណ្ឌា​វិញ មហាសេដ្ឋី​ដែល​មាន​លុយ​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​មាន​ចំនួន​ទាំង​អស់​ ៥៥នាក់។

ការ​កើន​ឡើង​រហ័ស​នៃ​ចំនួន​មហាសេដ្ឋី​នៅ​ក្នុង​ប្រទេស​ទាំង​បួន​នេះ​ដែល​គេ​ ហៅ​កាត់​ថា​BRIC(B ដូចBrésil RដូចRussie Iដូចឥណ្ឌា និងCដូចChine) ស្តែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នូវ​កំណើន​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​មហាយក្ស​ ថ្មីថ្មោង​ទាំង​នេះ។

យោង​ទៅ​តាម​ទស្សនាវដ្តី​Forbes ជា​ទូទៅ ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​ចិន​កើន​ឡើង​លឿន​ដោយសារ​តែ​អចលនទ្រព្យ​ឡើង​ ថ្លៃ។ ​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​រុស្ស៊ី​បាន​មក​ជា​ពិសេស​ពី​ប្រេងកាត​និង​ដែក​ ថែប​ឡើង​ថ្លៃ។ រី​ឯ​សេដ្ឋី​នៅ​ប្រេស៊ីល​វិញ​រឹងរឹត​តែ​មាន​ខ្លាំង ដោយសារតែ​រូបិយវត្ថុ​នៃ​ប្រទេស​នេះ​ឡើង​ថ្លៃ​ខ្លាំង​នារយៈ​ពេល​ចុង​ក្រោយ​ នេះ។

អ្វី​ដែល​គួរ​កត់​សម្គាល់ គឺ​ថា ពី​អំណីះ​ត​ទៅ មាន​ប្រទេស​ចំនួន​បី​នៅ​ក្នុង​លោក​ដែល​មាន​អ្នក​មាន​កប់​ក្តោង​បែប​នេះ​លើស​ ពី​១០០​នាក់ នោះ​គឺ​សហរដ្ឋអាមេរិក​ដែល​មាន​៤១៣​នាក់​ចិន​១១៥នាក់ និង​រុស្ស៊ី​១០១​នាក់៕

Posted on ខែធ្នូ 29, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on ចំនួន​មហាសេដ្ឋី​កើន​ឡើង​ច្រើន​នៅ​ចិន រុស្សី ប្រេស៊ីល និង​ឥណ្ឌា.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: