ប្រភព៖ RFI  (http://www.khmer.rfi.fr/khmer-rouge-road-toward-armed-struggle )

កាលពី​សប្តាហ៍​មុន លោកអ្នកស្តាប់​បាន​ជ្រាប​រួចមក​ហើយ អំពី​ដើមកំណើត​របស់​ចលនា​កុម្មុយនិស្ត​ខ្មែរ និង​ការតស៊ូ​តាមផ្លូវ​នយោបាយ នៅកម្ពុជា។ នៅថ្ងៃ​នេះ សេង ឌីណា នឹង​រៀបរាប់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​ជំរុញឲ្យ​ពួក​កុម្មុយនិស្ត​ខ្មែរ បោះបង់​ការ​តស៊ូ​តាមផ្លូវ​នយោបាយ ហើយ​រត់ចូលព្រៃ ធ្វើការ​តស៊ូ​ដោយ​ប្រដាប់អាវុធ​វិញ។

នៅ​ឆ្នាំ១៩៦២ មេដឹកនាំ​របស់​បក្ស​ប្រជាជន​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ក្នុងនោះ​រួមមាន​មេដឹកនាំ​សំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្ស​ពលករ​កម្ពុជា​ក៏បាន​សម្រេចចិត្ត​រំលាយ​បក្ស​ប្រជាជន​ចោល ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​កុម្មុយនិស្ត​លែងមាន​ឧបករណ៍​សម្រាប់​ធ្វើ​ការ​តស៊ូ​ផ្នែក​នយោបាយ​ទៀត។

ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើង​មកដឹកនាំបក្ស

ក្នុង​ពេល​ជាមួយ​គ្នានោះ រចនាសម្ព័ន្ធ​របស់​បក្ស​ពលករ​កម្ពុជា​បាន​ជួប​នឹង​របត់​មួយ​យ៉ាង​សំខាន់។ ទូ សាមុត ដែល​ជា​លេខាបក្ស បាន​បាត់ខ្លួន​ដោយ​មិនដឹង​មូលហេតុ។ យោងតាម​លោក Ben Kiernanសាឡុត ស និង​បក្ខពួក​ទំនងជា​មាន​ជាប់​ទាក់ទង​នឹង​ការបាត់ខ្លួន​របស់ ទូ សាមុត នេះ។ នៅក្នុង​មហាសន្និបាត​ខែ​កុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​ជំនួស ទូ សាមុត ដោយ​រំលង នួន ជា ដែលជា​អនុលេខាបក្ស។ ឯ អៀង សារី ក៏​ឡើង​ជា​មេដឹកនាំ​លំដាប់​ទី​បី​ក្នុង​បក្ស។ សោ ភឹម, វ៉ន វេត, សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុង​ចំណោម​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស។ ចំណែក​អតីត​មេដឹកនាំ​ចាស់ៗ ដូច​ជា នន សួន និង កែវ មាស ជាដើម ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​រចនាសម្ព័ន្ធ​ថ្មី​នេះ។

នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នានោះ បាតុកម្ម​ហិង្សា​មួយ​បាន​កើតឡើង​នៅ​ខេត្ត​សៀមរាប។ បាតុករ​ដែល​ជា​សិស្ស និង​និស្សិត​បាន​នាំគ្នា​រិះគន់​យ៉ាង​ខ្លាំងក្លា​ដល់​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម និង​សម្តេច នរោត្តម សីហនុ។ បាតុករ​ថែមទាំង​បាន​ដុត​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​ទៀត​ផង។ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ពួក​កុម្មុយនិស្ត​ថា​ជាអ្នក​នៅ​ពីក្រោយ​បាតុកម្ម​នេះ។ សម្តេច នរោត្តម សីហនុ ​ក៏​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល​ចោល ដោយ​លើក​ហេតុផល​ថា បើ​មតិ​សាធារណៈ​គាំទ្រ​ពួក​ឆ្វេង​និយម​ដូចនេះ គួរឲ្យ​ពួក​ឆ្វេងនិយម​​មក​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​ម្តង​វិញ។ ព្រះអង្គ​បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​ឥស្សរជន​នយោបាយ​ឆ្វេង​និយម ចំនួន​៣៤រូប ដែល​ព្រះអង្គ​ចង់​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ។ ក្នុង​ចំណោម​៣៤រូបនេះ ក៏​រួមមាន​ទាំង​មេដឹកនាំ​ជាន់​ខ្ពស់​របស់​បក្ស​ពលករ​កម្ពុជា​ផងដែរ។ ក៏ប៉ុន្តែ មិនមាន​អ្នកណា​ម្នាក់​ហ៊ាន​ចេញមុខ​តាម​ការអំពាវនាវ​នេះ​ទេ ដោយ​ខ្លាច​ថា​ជា​អន្ទាក់​របស់​សម្តេច នរោត្តម សីហនុ ឲ្យ​ពួកគេ​បង្ហាញ​មុខ ដើម្បី​លបសម្លាប់​ពួកគេ​ចោល។ សាឡុត ស និង អៀង សារី ក៏​រត់ចេញ​ពី​ក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុងព្រៃ នៅក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា “ការិយាល័យ១០០” ដោយ​មាន​ការ​ការពារ​ពីសំណាក់​វៀតណាម។

ទស្សនកិច្ច​របស់​សាឡុត ស នៅ​វៀតណាម​និង​ចិន
 
នៅ​អំឡុង​ចុង​ឆ្នាំ១៩៦៤ ដើម​ឆ្នាំ១៩៦៥ សាឡុត ស និង​មេដឹកនាំ​បក្ស​មួយ​ចំនួន​ទៀត បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង ចាកចេញ​ពី​ការិយាល័យ១០០ ឆ្ពោះទៅ​ទីក្រុង​ហាណូយ។ ក្រៅពី​ជួប​ជាមួយ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​នៅ​ទី​នោះ សាឡុត ស ក៏បាន​ជួប​ចរចា​ដោយ​សម្ងាត់​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​ផង​ដែរ អំពី​ផែនការ​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​បាន​ជំទាស់​នឹង​ផែនការ​នេះ។

ចេញ​ពី​ក្រុង​ហាណូយ សាឡុត ស បាន​បន្ត​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង និង​ក្រុង​ព្យុងយ៉ាង​ទៀត។ ប៉ុន្តែ​ដំណើរ​នេះ​ធ្វើ​ឡើង​ដោយ​លាក់ការណ៍​បំផុត។ គេ​មិន​បាន​ដឹង​ថា​តើ សាឡុត ស បាន​ជជែក​អំពី​អ្វីខ្លះ​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​​ចិន​នោះទេ។ ប៉ុន្តែ បើ​មើល​ទៅលើ​បរិបទ​នយោបាយ​នៅ​ពេល​នោះ និង​ឥរិយាបថ​របស់ សាឡុត ស ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ គេ​អាច​សន្និដ្ឋាន​បាន​ថា ចិន​ប្រហែលជា​បាន​គាំទ្រ​នយោបាយ​របស់ សាឡុត ស ច្រើនជាង​វៀតណាម។ ចិន​ដែល​នៅ​ពេល​នោះ​កំពុង​តែ​មាន​ទំនាក់ទំនង​តានតឹង​ខ្លាំង​ជាមួយ​សហភាព​សូវៀត ​ឆ្លៀត​បង្កើន​ឥទ្ធិពល​លើ​ពួក​កុម្មុយនិស្ត​ខ្មែរ ប្រជែង​ជាមួយ​នឹង​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សូវៀត។

“បក្សពលករកម្ពុជា” ប្តូរឈ្មោះ​ទៅជា “បក្ស​កុម្មុយនិស្ត​កម្ពុជា”

ក្រោយពី សាឡុត ស ត្រឡប់​ពី​ចិន មកការិយាល័យ​១០០​វិញ បក្ស​ពលករ​កម្ពុជា​ក៏​បាន​ចាប់ផ្តើម​បង្ហាញ​នូវ​នយោបាយ​ឯករាជ​ពី​វៀតណាម​កាន់តែ​ខ្លាំងឡើងៗ។ នៅ​ខែ​កញ្ញា ឆ្នាំ១៩៦៦ បក្សពលករ​កម្ពុជា ថែមទាំង​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា “បក្ស​កុម្មុយនិស្ត​កម្ពុជា” ទៀតផង ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា បក្ស​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ពេលនោះ​មានឈ្មោះ​ថា “បក្ស​ពលករ​វៀតណាម”។ ទីតាំង​ធំ​របស់​ពួក​ខ្មែរក្រហម ក៏​ត្រូវបាន​រើចេញ​ពី​ការិយាល័យ​១០០ ទៅតាំង​នៅក្នុង​ខេត្ត​រតនគិរី​វិញ ដោយ​ដាក់ឈ្មោះ​ថា “ការិយាល័យ​១០២”។

ពួក​ខ្មែរក្រហម ដែល​បាន​បោះបង់ចោល​ការ​តស៊ូ​ផ្នែក​នយោបាយ​តាំង​ពី​ឆ្នាំ១៩៦២​មក​នោះ បាន​បង្កើន​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួក​គេ​នៅ​មិន​ទាន់​សម្រេច​បើក​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​ឡើយ​ទេ រហូតដល់​ក្រោយ​ការបះបោរ​នៅ​សំឡូត​ ទើប​ពួក​ខ្មែរក្រហម​ឈាន​ចូលដល់​ដំណាក់កាល​តស៊ូ​ប្រដាប់​អាវុធ។

ការបះបោរ​នៅ​សំឡូត

មូលហេតុ​ដែល​នាំឲ្យមាន​ការបះបោរ​នៅ​សំឡូត នៅ​ឆ្នាំ១៩៦៧ គឺ​កើត​ចេញ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្នុង​ការ​ប្រមូល​ទិញ​ផលស្រូវ។

នៅ​ចន្លោះ​ឆ្នាំ១៩៦៥ និង​ឆ្នាំ១៩៦៦ កសិករ​ខ្មែរ​បាន​លួច​លក់​ស្រូវ​ទៅឲ្យ​កងទ័ព​វៀតណាម​ខាងជើង​ដែល​ឲ្យថ្លៃ​ខ្ពស់​ជាង​រដ្ឋាភិបាល ដែល​ជាហេតុ​នាំឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល​ដែល​បាន​មកពី​ការ​នាំចេញ​ស្រូវ។

នៅ​ឆ្នាំ១៩៦៦ រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដាច់ខាត​ឲ្យ​ប្រជាកសិករ​លក់ស្រូវ​ជូនរដ្ឋ ហើយ​ថែមទាំង​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យចុះ​ទៅ​ប្រមូល​ទិញ​ស្រូវ​នៅ​តាម​ទី​ជនបទ​ទៀតផង។

នៅ​ឆ្នាំ១៩៦៧ ​លន់ នល់ ដែលជា​នាយករដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ផ្តោត​ការ​ប្រមូល​ទិញ​ស្រូវ​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ជង្រុក​ស្រូវ​យ៉ាង​ធំ​របស់​ប្រទេស​កម្ពុជា។ មិនយូរ​ប៉ុន្មាន​ការ​ប្រឈមមុខគ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល និង​ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង​ក៏បាន​កើតឡើង។ ពួក​សកម្មជន​កុម្មុយនិស្ត​ប្រចាំ​ខេត្ត​បាត់ដំបង ក៏បាន​ឆ្លៀត​ពេលនោះ ជំរុញ​ការ​បះបោរ​ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែមទៀត ដោយ​បាន​បាច​ខិត្តប័ណ្ណ​ចោទ​រដ្ឋាភិបាល​ថា ប្រមូល​ទិញ​ស្រូវ​ ដើម្បី​យក​ទៅ​លក់ឲ្យ​អាមេរិក។

នៅ​ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរ​ដ៏​ធំ​មួយ​ក៏​បាន​កើត​ឡើង​នៅ​ស្រុក​សំឡូត ក្នុង​ខេត្ត​បាត់ដំបង។ ប្រជាជន​ប្រមាណ​២០០នាក់​​ ដោយ​មាន​កាន់​បដា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​នោះ បាន​ធ្វើ​ការ​វាយប្រហារ​លើ​ទីតាំង​រដ្ឋាភិបាល​មួយ​នៅ​សំឡូត។ ក្រុម​បះបោរ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់ ហើយ​ដណ្តើម​បាន​កាំភ្លើង​មួយ​ចំនួន​ផង។ ភាពចលាចល​នេះ​បាន​រាលដាល​ទៅ​ភូមិ​ផ្សេងៗ​ទៀត នៅ​ក្បែរ​នោះ រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​ទាហាន​រដ្ឋាភិបាល​។ ក្រុម​បះបោរ​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន និង​វាយដំ​សួរចម្លើយ។ ចំណែក​មួយ​ចំនួន​ទៀត​បាន​រត់​គេចខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។

នៅ​ភ្នំពេញ​ឯណោះ​វិញ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ថា​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​ ហើយ​បាន​គំរាម​ថា​នឹង​បញ្ជូន​អ្នកទាំងបីរូប​នេះ​ទៅឲ្យ​តុលាការសឹក​កាត់ទោស។ ខ្មែរ​កុម្មុយនិស្ត​ទាំង​បី​នាក់​នេះ​ក៏​បាន​លួចរត់​ចេញពី​ភ្នំពេញ​ ដើម្បី​គេចចេញ​ពី​ការ​កាត់ទោស​នេះ។ ក្រោយ​មក លន់ នល់ បាន​អះអាង​ថា អ្នកទាំងបីនាក់​នេះ​បាន​ស្លាប់​បាត់​ទៅហើយ។ ហេតុ​ដូចនេះហើយ​បាន​ជា​ពេល​ដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខ​សាជាថ្មី​នៅក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម គេ​បាន​ហៅ​អ្នក​ទាំង​បី​នាក់​នេះ​ថា​ជា “ខ្មោចទាំងបី”។

ខ្មែរក្រហម​នៅ​ពីក្រោយ​ការបះបោរ​នៅ​សំឡូត?

នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “បងទី១ ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា ពួក​មេដឹកនាំ​ខ្មែរក្រហម​មិនមែន​ជាអ្នក​នៅ​ពីក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​ទេ។ ពួកគេ​មិនទាំង​បានដឹង​ជាមុនផង​ថា​នឹងមាន​អំពើ​បះបោរ​បែបនេះ​កើតឡើង។ ក៏ប៉ុន្តែ ដំណឹង​អំពី​ព្រឹត្តិការណ៍​នៅ​សំឡូត​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​មើលឃើញ​កាន់តែ​ច្បាស់​នូវ​កម្លាំង​បដិវត្តន៍​របស់​ប្រជាជន​កម្ពុជា។ បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រតិបត្តិការ​តាម​កម្ទេច​ក្រុម​បះបោរ ពី​សំណាក់​ទាហាន​រដ្ឋាភិបាល បាន​រាលដាល​ទៅ​កន្លែង​ផ្សេងៗទៀត​ធ្វើឲ្យ​ពួក​កុម្មុយនិស្ត​លែងមាន​កន្លែងជ្រក ក្រៅតែ​ពី​រត់ចូល​ក្នុង​ព្រៃ​ធ្វើការតស៊ូ​ដោយ​ប្រដាប់​អាវុធ ដើម្បី​បន្ត​បដិវត្តន៍​របស់​ពួកគេ​តទៅ​ទៀត។

នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុម​ខ្មែរក្រហម​មួយក្រុម​បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​ទាហាន​រដ្ឋាភិបាល​មួយ​កន្លែង ស្ថិតក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង ដោយ​ដណ្តើម​បាន​កាំភ្លើង​៣២ដើម។ ពួក​ខ្មែរក្រហម​បាន​អបអរសាទ​ជោគជ័យ​របស់​ពួក​គេ ដោយ​កំណត់​យក​ថ្ងៃនោះ​ថា​ជា​ថ្ងៃចាប់ផ្តើម​ការតស៊ូ​ប្រដាប់​អាវុធ​របស់​ខ្លួន និង​ជាថ្ងៃ​បង្កើត​កងទ័ព​បដិវត្តន៍​របស់​ពួកគេ។ ក្រោយមក​ការ​វាយឆ្មក់​ស្រដៀងៗគ្នានេះ​ក៏បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត​ក្រៅពី​ខេត្ត​បាត់ដំបង។

ទោះជាយ៉ាងនេះ​ក៏ដោយ ចាប់​ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៧០ កងទ័ព​ខ្មែរក្រហម​គ្រាន់តែ​ជា​កងឧទ្ទាម​តូចតាច​មួយប៉ុណ្ណោះ។ អាវុធ​យុទ្ធភ័ណ្ឌ​ក៏​មិនសូវ​ជា​មាន​អ្វី​ធំដុំ​ប៉ុន្មាន​ដែរ។ ការទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ឆ្នាំ១៩៧០ គឺជា​របត់​ដ៏សំខាន់​មួយ​សម្រាប់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម៕

Advertisements

Posted on ខែ​ធ្នូ 29, 2011, in ខ្មែរក្រហម. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ដំណើរ​ឆ្ពោះទៅ​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ​របស់​ខ្មែរក្រហម.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: