ប្រភព ៖ RFI

(http://www.khmer.rfi.fr/Brazil_sixth_over_UK_as_largest_world_economy )

  ដោយ ឈាង បុប្ផា

ប្រេស៊ីល​ត្រូវ​បាន​គេ​ចាត់ចូល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ពិភពលោក​ទី៦ សម្រាប់​ឆ្នាំ ២០១១ គឺ​ជំនួស​ប្រទេស​អង់គ្លេស ដែល​ត្រូវ​ធ្លាក់មក​ត្រឹម​ចំណាត់​ថ្នាក់​លេខ៧វិញ។ ចំណាត់ថ្នាក់នេះ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ដើម្បី ស្រាវជ្រាវ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស និង​បាន​ចុះផ្សាយ​ដោយ​វិទ្យុ​អង់គ្លេស BBC កាលពីថ្ងៃ​ចន្ទ ទី ២៦ ធ្នូ ២០១១។

មជ្ឈមណ្ឌល​ដើម្បីស្រាវជ្រាវ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហៅកាត់ថា CEBR ​បានធ្វើ​ការវាយតម្លៃ​ស្រដៀងគ្នា​ទៅនឹង​ការព្យាករណ៍​ទុកមុន​របស់​មូលនិធិ​ រូបិយវត្ថុ​អន្តរជាតិ​FMI កាលពីដើមឆ្នាំនេះ ដែល​ថា ប្រេស៊ីល​នឹង​ឡើង​ចំណាត់ថ្នាក់​របស់ខ្លួន គឺ​វ៉ាដាច់​អង់គ្លេស ក្នុង​ចំណោម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោកឆ្នាំ ២០១១។

នៅឆ្នាំ ២០១១​នេះ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រេស៊ីល​បាន​កើន​ដល់ ២៤៤ម៉ឺន លាន​ដុល្លារ ចំណែក​អង់គ្លេស​មាន​ត្រឹម​តែ​២៤១​ម៉ឺនលាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ច​របស់​ប្រេស៊ីល​មាន​យ៉ាងតិច ត្រឹម ៣ភាគរយ ចំណែក​អង់គ្លេស ជួប​បញ្ហា​ប្រាក់បំណុល​ច្រើន និង​មានកំណើនសេដ្ឋកិច្ច​មិន​ដល់​មួយភាគរយផង គឺ ប្រមាណ​ ០,៩ភាគរយ​នៅឆ្នាំ ២០១១នេះ។

ចំនួន​ប្រជាជន​វិញ ប្រេស៊ីល​មាន​ដល់​ទៅ ២០០​លាន​នាក់ គឺ​ច្រើន​ជាង​ប្រជាជន​អង់គ្លេស​៤ដង។ គឺ​កត្តាទាំងអស់នេះ ធ្វើ​ឲ្យ​ប្រេស៊ីល​ឡើង​ចំណាត់ថ្នាក់ ពី​លេខ​៨ មក​លេខ៦។

ប្រេស៊ីល​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ គឺ​ដល់ ទៅ ៧,៥​ភាគរយ នៅឆ្នាំ ២០១០ គឺ​តួលេខ​ឯតទគ្គកម្ម​ក្នុង​ប្រវត្តិសេដ្ឋកិច្ច​ប្រេស៊ីល និង​បាន​ធ្វើឲ្យ​ប្រេស៊ីល ដែល​នាំមុខ​គេ នៅ​អាមេរិក​ខាងត្បូង​រួចទៅហើយនោះ។ សេដ្ឋកិច្ច​ប្រេស៊ីល​ពឹងផ្អែក​ទៅលើ​ការនាំចេញ​វត្ថុធាតុដើម កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម។ ការនាំចេញ​របស់​ប្រេស៊ីល​មាន​ច្រើន​ជាងការនាំចូល។ ការនាំចេញ​មាន​តម្លៃ ២០០ពាន់​លាន​ដុល្លារ ច្រើន​ជាង​ការនាំចូល​ដែល​មាន​តម្លៃ ជាង ១៨០​ពាន់​លាន​ដុល្លារ។ ប្រេស៊ីល​នាំចេញច្រើន​ជាងគេ គឺ​វត្ថុធាតុដើម ដូចជាង ប្រេងកាត រ៉ែដែក ច្រើនជាង​ការនាំចូល។

អតីត​ប្រធានាធិបតី ប្រេស៊ីល លោក​លុយឡា
និង​លោកស្រី​ប្រធានាធិបតី​ថ្មី លោកស្រី ឌែលម៉ា

©Reuters

សេដ្ឋកិច្ច ​របស់​ប្រេស៊ីល​ចាប់ផ្តើម​កម្រើក រីកលូតលាស់ខ្លាំង ក្នុង​រយៈពេល ៨ឆ្នាំ​ចុងក្រោយនេះ ដោយមក​ពី​មាន​កំណែទម្រង់​នយោបាយ​ដឹកនាំធ្វើ​ដោយ​អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក​លុយឡា។ ក្រោមការដឹកនាំ​របស់​លោក​លុយឡា នយោបាយ​សេដ្ឋកិច្ច​នាំចេញ និង​ការកាត់បន្ថយ​ប្រាក់បំណុល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រេស៊ីល​ រឹងមាំ។

ការមានដៃគូ​ពាណិជ្ជកម្ម​ច្រើន​ធ្វើ​ឲ្យ​ប្រេស៊ីល​ជៀសផុត​ពីការប៉ះពាល់​ដោយ​ ផ្ទាល់​ពី​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប និង​វិបត្តិអាមេរិក។ ប្រេស៊ីល​ មាន​ដៃគូពាណិជ្ជកម្ម​ជាមួយ​គ្រប់ប្រទេស ដូចជា​ចិន អាមេរិក និង​អាហ្សង់ទីន។ បើចំនួន​បញ្ជាទិញ របស់​អាមេរិក ធ្លាក់ចុះ ប្រេស៊ីល​នៅសល់​ទីផ្សារអាហ្រិ្វក ចិន ឬ​ប្រទេស​នៅអាស៊ី​ផ្សេងទៀត ដែល​នៅត្រូវការ​ទិញ​វត្ថុធាតុ​ដើម​ពី​ប្រេស៊ីល ​ដើម្បី​ពង្រីក​ឧស្សាហកម្ម​របស់ពួកគេ។

មួយវិញទៀត តម្លៃវិនិយោគ នៅប្រេស៊ីល​បាន​កើន​គួរ​ឲ្យ​កត់សំគាល់ គឺ​ក្នុង​រយៈពេល​តែមួយឆ្នាំ តម្លៃវិនិយោគ​របស់​បរទេស នៅក្នុង​ប្រទេស​ប្រេស៊ីល​កើន​ ពី​៤៨ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០១០ ទៅដល់​ ៦០ពាន់លាន នៅឆ្នាំ ២០១១។

នៅ​ឆ្នាំ​២០១០​នេះ ប្រេស៊ីល​របស់​លុយឡា​បង្កើត​បាន​ការងារ​ចំនួន​២​លាន​កន្លែង។ នយោបាយ​បង្កើត​​ការងារ​ធ្វើ និង​ការដំឡើងប្រាក់ខែ​អប្បបរមា បាន​សង្រ្គោះ​ប្រជាជន​ប្រេស៊ីល​ជាង ២៤លាន​នាក់​ឲ្យ​រួចផុត​ពីភាពក្រីក្រ និង​ជួយ​មនុស្ស​៣៤​លាននាក់​ផ្សេងទៀត ឲ្យ​មាន​កម្រិត​ជីវភាពមធ្យម។

ប្រាក់ខែ​ជាមធ្យម​របស់​ប្រជាជន​ប្រេស៊ីល មាន​ប្រមាណ ជាង​៩ពាន់​ដុល្លារ ក្នុង​មួយឆ្នាំ។ អំណាច​ទិញ​របស់​ប្រជាជន​ប្រេស៊ីល​បាន​កើនជាលំដាប់។ ការជំរុញ​ឲ្យ​មាន​ការផលិត ក្នុង​ស្រុក និង​ការប្រើប្រាស់​របស់​ប្រជាជន​ទៅលើ​ផលិត​ផល​ក្នុង​ស្រុក ធ្វើឲ្យ​ប្រេស៊ីល​មិន​សូវ​ពឹងផ្អែក​ទៅលើ​ជំហរ​របស់​សេដ្ឋកិច្ច​ប្រទេស​ ក្រៅច្រើន។

វិទ្យាស្ថាន​អង់គ្លេស​បាន​បង្ហាញ​ចំណាត់ថ្នាក់​ប្រទេស​មហាអំណាច សេដ្ឋកិច្ច​ពិភពលោក​ទាំង១០ប្រចាំឆ្នាំ នេះ និង​បាន​ព្យាករ​ទុក​សម្រាប់​ឆ្នាំ ២០២០។

សំណង់ខ្ពស់ៗ​សង​គ្រប​សំណង់​អនាធិបតេយ្យ​នៅទីក្រុង​ប៊ុមបៃ

©Reuters

អាស៊ី​ដណ្តើម​តំណែង​របស់​អឺរ៉ុប​
នៅក្នុង​ការវាយតម្លៃ​របស់​វិទ្យាសា្ថន អាមេរិក​នៅតែ​រក្សា​ចំណាត់ថ្នាក់​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទីមួយ​របស់ខ្លួន បន្ទាប់មក គឺ​ចិន ទី២ ជប៉ុន​ទី៣ អាល្លឺម៉ង់​ទី៤ បារាំង​ទី ៥ ប្រេស៊ីលទទួល​ចំណាត់ថ្នាក់ទី ៦ ជំនួស​អង់គ្លេស ដែល​ធ្លាក់មក​នៅទី ៧។ បន្ទាប់មក​គឺ​អ៊ីតាលី លេខ ៨។ លេខ៩ គឺរុស្ស៊ី ចំណែក​ឥណ្ឌា​ដែល​ស្ថិតនៅលេខ​១១ឆ្នាំ ២០១០ បាន​ចូល​ជាប់​ចំណាត់​ថ្នាក់លេខ ១០។ រុស្ស៊ី និង​ឥណ្ឌា​ដែល​ជា​ប្រទេស​រីកលូតលាស់ថ្មី ឡើងចំណាត់ថ្នាក់ បន្ទាប់ ពី​កាណាដា​ត្រូវ​ខ្ទាតចេញ​ពី​តារាង​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ពិភពលោក​ទាំង ១០។

ក្នុង​តារាង របស់​វិទ្យាស្ថាន​អង់គ្លេស គឺ​នៅឆ្នាំ ២០២០ ខាងមុខ ក្រុមប្រទេស​នៅអាស៊ី និង​ប្រទេស​រីកលូតលាស់ថ្មី នឹង​វ៉ាដាច់​ប្រទេស​នៅអឺរ៉ុប។ បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អ៊ីតាលី នឹង​ធ្លាក់​ចំណាត់ថ្នាក់ មក​ស្ថិតនៅក្រោយ​រុស្ស៊ី ឥណ្ឌា និង​ប្រេស៊ីលទៅទៀត។ នៅឆ្នាំ ២០២០ អាមេរិក ចិន និង​ជប៉ុន នៅរក្សា​តំណែង​មហាអំណាចសេដ្ឋកិច្ច​ពិភពលោក លេខ១ លេខ២ និង​លេខ​៣​របស់ខ្លួនដដែល ប៉ុន្តែ ចំណាត់ថ្នាក់​លេខ ៤ នឹង​បានទៅ​រុស្ស៊ី បន្ទាប់មក​គឺ​ឥណ្ឌា​ដែល​នឹង​ផ្លោះរំលង​ប្រេស៊ីល ទៅនៅលេខ ៥ ចំណែក​ប្រេស៊ីល​នឹង​នៅ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៦ដដែល។ អាល្លឺម៉ង់​ជាប់លេខ ៧ អង់គ្លេស ជាប់លេខ​៨ ដោយ​នាំមុខ​បារាំង​ដែល​ជាប់លេខ ៩ ចំណែក​ប្រទេស​លេខ១០ គឺ​អ៊ីតាលី។

បើតាម​ប្រធាន​របស់វិទ្យាស្ថាន អង់គ្លេស CEBR ការដាក់ចំណាត់ថ្នាក់​ទៅតាម​សក្តានុពល​សេដ្ឋកិច្ច បាន​បង្ហាញ​ថា ប្រទេស​នៅអាស៊ី​កំពុង​បោះជំហាន​នាំមុខ សេដ្ឋកិច្ចពិភពលោក គឺ​វ៉ា​ប្រទេស​លោកខាងលិច។ ចំណាត់ថ្នាក់​នេះ​ក៏បង្ហាញដែរថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រុងរឿង រឹងមាំ ដើរទៅមុខ មិន​ងាយរង​នឹង​វិបត្តិសេដ្ឋកិច្ច ពិភពលោក ភាគច្រើន គឺជា​ប្រទេស​ដែលមាន​សមត្ថភាព​ផលិត និង​នាំចេញ​ផលិតប្រើប្រាស់​ចាំបាច់ ដូចជា​អាហារ និង​ថាមពល៕

Advertisements

Posted on ខែ​ធ្នូ 29, 2011, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ប្រេស៊ីល​ក្លាយ​ជា​មហាអំណាច​​សេដ្ឋកិច្ច​ពិភពលោក​ទី ៦ នាំមុខ​អង់គ្លេស.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: