ប្រភព៖ RFI   (http://www.khmer.rfi.fr/structure-of-democratic-kampuchea)

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ឈ្មោះ “រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា” ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន​បាត់​ឈ្មោះ​ ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។

យោងតាមរដ្ឋធម្មនុញ្ញ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺ​ជា​អំណាច​នីតិ​បញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សមាជិក​សភា ដែល​មាន​២៥០រូប​ ត្រូវ​ជ្រើស​រើស​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សម្ងាត់ សម្រាប់​អណត្តិ​៥ឆ្នាំ។ នួន ជា គឺ​ជា​ប្រធាន និង ឈិត ជឿន ហៅ​ម៉ុក គឺ​ជា​អនុប្រធាន​ទី​មួយ។

គណៈប្រធានរដ្ឋ​ មាន​ឋានៈ​​​​ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​បាន​បន្ត​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៦។ ក្រោយ​ពី​ព្រះអង្គ​លាលែង​ចេញ​ពី​តំណែង ខៀវ សំផន ក៏​បាន​ឡើង​កាន់​តំណែង​នេះ​ជំនួស​ព្រះអង្គ។

យោងតាមលោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ មាន​រចនាសម្ព័ន្ធ​​ដូច​តទៅ៖

ប្រមុខ​រដ្ឋ
ខៀវ សំផន
 
សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុ​ប្រធាន

រដ្ឋាភិបាល
ប៉ុល ពត ជា​នាយក​រដ្ឋមន្រ្តី
ឈឹម សាមោក ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី

ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស
សុន សេន ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ
វន វ៉េត ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច
 
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធ​របស់ អៀង សារី) ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
យុន យ៉ាត (ប្រពន្ធ​របស់ សុន សេន) ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​អប់រំ
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
ជួន ម៉ុម រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត
កង ចាប រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ចេង អន ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
តូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ

ក៏ប៉ុន្តែ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​ដែល​មាន​អំណាច​លើស​អ្វីៗ​ទាំង​អស់​នោះ គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នោះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ខ្លួន​ឯង​ដាក់​ឈ្មោះ​ថា “អង្គការបដិវត្តន៍” ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “អង្គការ”

នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈ​កម្មាធិការ ​ដែល​មាន​សិទ្ធិ​អំណាច​ធំបំផុត ក្នុង​ការ​​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នានា អនុម័ត​គោល​នយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈ​អចិន្រ្តៃយ៍​បក្ស​ ដែល​មាន​សមាជិក​៥រូប​ គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជា​សមាជិក។

បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការ​ដែល​មាន​អំណាច​លំដាប់​ទីពីរ​ក្នុង​បក្ស គឺ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស។ សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​នេះ​រួម​មាន សមាជិក​ទាំង​៥រូប​នៃ​គណៈអចិន្រ្តៃយ៍ បូក​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តាម៉ុក។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
 
រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា

គណៈ​អចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខា​បក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
 
គណៈ​កម្មាធិការ​មជ្ឈិម​បក្ស (១០​រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅ​ម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក

នៅក្នុងចំណោមសមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ដ៏​មាន​អំណាច​នេះ មាន​តែ​នួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។ វន វ៉េត និង​ញឹម រស់ ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​នៅ​ឆ្នាំ​១៩៧៨។ សោ ភឹម បាន​សម្លាប់​ខ្លួន​ឯង​នៅ​ឆ្នាំ១៩៧៨។ សុន សេន ត្រូវ​បាន ប៉ុល ពត បញ្ជា​ឲ្យ​គេ​សម្លាប់​ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧។ ក្រោយ​មក ប៉ុល ពត ខ្លួន​ឯង​ត្រូវ​បាន​ពួក​ខ្មែរក្រហម​គ្នាឯង​ចាប់​ខ្លួន​យក​មក​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​ឃាត​លើ សុន សេន នេះ។ ប៉ុល ពត បាន​ស្លាប់​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ចំណែក​តាម៉ុក​វិញ ​ស្លាប់​ដោយ​ជម្ងឺ​នៅ​ឆ្នាំ​២០០៦ ក្រោយ​ពី​បាន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា​កម្ពុជា​ អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ។

ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ស​ប្រចាំ​ភូមិភាគ​ក៏​ជា​មនុស្ស​ដែល​មាន​អំណាច​ខ្លាំង​ដែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ពួកខ្មែរក្រហមបានធ្វើការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ​ តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ម៉្លេះ។ ភូមិភាគ​នីមួយៗ គឺ​ជា​ការ​យក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់​បញ្ចូល​គ្នា។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែក​ជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ឃុំ និង​សហករណ៍​បន្ត​ទៀត។

នៅតាមភូមិភាគនីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺ​ជា​អ្នក​មាន​អំណាច​សម្រេច​លើ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​របស់​ខ្លួន។ អ្នក​ដែល​មាន​អំណាច​បន្ទាប់​ពី​ភូមិភាគ គឺ​សហករណ៍។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយ​រូប និង​សហការី​២រូប​ផ្សេង​ទៀត។ យោង​តាម​លោក David Chandlerសហករណ៍​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​លើ​អ្វីៗ​ទាំងអស់​​នៅ​ក្នុង​​រង្វង់​​ដែនដី​របស់​ខ្លួន ដូចជា ការ​កំណត់​របប​ចំណី​អាហារ ទំហំ​ការងារ​ដែល​​ប្រជាជន​ត្រូវបំពេញ ឬ កំណត់​ថា​កុមារ​ណា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កង​ចល័ត ជាដើម។ល។

កម្ពុជា​ប្រជាធិបតេយ្យ​​ត្រូវ​បាន​បែង​ចែក​ជា​៧​ភូមិភាគ (ភូមិភាគ​កណ្តាល ជា​ភូមិភាគ​ទី៧ ដែល​ទើប​នឹង​បង្កើត នៅ​ឆ្នាំ​១៩៧៧) ​រួម​មាន ៣២​តំបន់។
 
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥

យោងតាមលោកស្រី Elizabeth Becker ភូមិភាគ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥។
 
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣

ភូមិភាគ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥។
 
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០

លេខា​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧។
 
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣

ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ​ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប។
 
ទី៥ ភូមិភាគ​កណ្តាល

គឺ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសព្វ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។
 
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១

ភូមិភាគ​នេះ​ដឹកនាំ​ដោយ ជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់១៥ និង​តំបន់​១១។
 
ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឦសានរហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦។ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួសវិញ។ ភូមិភាគឦសាន​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥។

នៅ​ក្នុង​របប​ខ្មែរក្រហម ​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ជា​តំបន់​ស្វយ័ត ដោយ​មិន​ចំណុះ​ឲ្យ​ភូមិភាគ​ណាមួយ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឦសាន។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយ័ត​ដែរ៕

Posted on ខែធ្នូ 29, 2011, in ខ្មែរក្រហម. Bookmark the permalink. Comments Off on រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: