ប្រភព ៖  RFI

ការ​​​​ទាមទារ​​​របស់​​​ថៃ​​​​​ធ្វើ​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ ​​​ផ្ទៃ​​ដី​​​ជុំវិញ​​​ប្រាសាទ​​​ព្រះវិហារ ​​​បាន​​​តម្រូវ​​​អោយ​​​ កម្ពុជា​​​ដាក់​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ឡាអេ​​ ​ដើម្បី​​​ស្នើ​​​អោយ​​​ តុលាការ​​​នេះ ​​បក​​ស្រាយ​​​សាលក្រម​​​របស់​​​ខ្លួន​​​ឆ្នាំ​​​១៩៦២។​ មន្ត្រី​​ជាន់​​ខ្ពស់​​​កម្ពុជា​​​ជំនាញ​​​ព្រំដែន ​​​បាន​​​ថ្លែង​​​អោយ​​ ដឹង​ថា​​ យោង​​​តាម​​​នីតិ​​វិធី​​​របស់​​​តុលាការ​​​នេះ​​ ​​សេចក្តី​​សម្រេច​​​លើ​​​បណ្តឹង​​​របស់​​​កម្ពុជា​​​មួយ​​​នេះ​​​នឹង​​​អាច ​​​ចេញ​​​នៅ​​​ចុង​​ឆ្នាំ​​​២០១២​​​​ ​ឯ​ណោះ។​​

កាល​ពី​ចុង​ខែ​មេសា​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ខ្លួន​បាន​ ដាក់​ពាក្យ​បណ្តឹង​មួយ​ស្នើ​សុំ​អោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​ សាលក្រម​ឆ្នាំ​១៩៦២​ដែល​បញ្ជាក់​ពី​ភាព​ជា​ម្ចាស់​របស់​កម្ពុជា​ទៅ​លើ​ ប្រាសាទ​ព្រះវិហារ។ ជា​បណ្តឹង​ដែល​ប្រឆាំង​ការ​ទាមទារ​របស់​ថៃ​ដែល​ថា​ផ្ទៃដី​ជុំវិញ​ប្រាសាទ​ បុរាណ​នោះ​គឺ​ជា​របស់​ខ្លួន។

លោក វ៉ា គីមហុង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​និង​ជា​ប្រធាន​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​របស់​កម្ពុជា​បាន​ពន្យល់​ថា​ នីតិវិធី​របស់​តុលាការ​អន្តរជាតិ​ឡាអេ​នឹង​រុញ​អោយ​សេចក្តី​សម្រេច​លើ​ បណ្តឹង​បកស្រាយ​សាលក្រម​នេះ​ទៅ​ដល់​ចុង​ឆ្នាំ​២០១២​ឯណោះ។

ពីព្រោះ​ភាគី​ទាំងពីរ​កម្ពុជា​និង​ថៃ​ត្រូវ​ឆ្លើយឆ្លង​និង​បង្ហាញ​អំណះអំណាង ​ទៅវិញ​ទៅ​មក។ ​លោក​​ វ៉ា គីមហុង ​បន្ត​ថា​តាំង​ពី​ថ្ងៃ​ដាក់​បណ្តឹង​របស់​កម្ពុជា​នៅ​ចុង​ខែ​មេសា​នោះ ​មក តុលាការ​បាន​បញ្ជា​អោយ​ប្រទេស​ថៃ​ដាក់​របាយការណ៍​នៅ​ចុង​ខែ​វិច្ឆិកា​កន្លង​ ទៅ​នេះ។​ហើយ​ថា​កម្ពុជា​វិញ​មាន​ពេល​ពី​ខែ​វិច្ឆិកា​រហូត​ដល់​ខែ​មីនា​ឆ្នាំ ​២០១២​ ដើម្បី​ដាក់​របាយការណ៍​ឆ្លើយតប​របាយការណ៍​​របស់​ថៃ​វិញ​មុន​ប្រទេស​ ថៃ​ធ្វើ​របាយការណ៍​មួយ​ទៀត​ការពារ​អំណះអំណាង​ខ្លួន​ដែរ។

ប៉ុន្តែ​ថា ទោះយ៉ាងណាក៏ដោយ ​ក្នុង​ចន្លោះ​ពេល​នេះ​ប្រសិនបើ​ភាគី​ទាំងពីរ​អាច​កែសម្រួល​កងទ័ព​ចេញ​ពី​ តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ វា​គឺ​ជា​ការ​វិវឌ្ឍន៍មួយ​ល្អ​ហើយ។ លោក​វ៉ា គីមហុង​ដែល​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​នោះ​បាន​ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​គ្មាន​សង្ឃឹម​ថា​កិច្ច​ប្រជុំ​គណៈកម្មការ​របស់​លោក​អាច​ប្រព្រឹត្តទៅ​ បាន​ក្នុង​ពេល​ខាង​មុខ​ឡើយ។

គួរ​បញ្ជាក់​ថា ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​គឺ​ជា​យន្តការ​ សំខាន់​មួយ​ទៀត​ដែល​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា​ថៃ។ គណៈកម្មការ​នេះ​ មាន​តួនាទី​វាស់វែង​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​សម័យ​ បារាំង​និង​បោះបង្គោល​ព្រំដែន​ថ្មី​បន្ថែម៕

Advertisements

Posted on ខែ​ធ្នូ 29, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ លទ្ធផល​​​នៃ​​ការ​​បក​ស្រាយ​​សាលក្រម​​ឡាអេ​​អាច​​ចេញ​​នៅ​​ចុង​​ឆ្នាំ​​២០១២​​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: