ប្រភព៖ RFI  (http://www.khmer.rfi.fr/khmer-rouge-came-to-power-1975 )

ពួក​ខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​បាន​មួយ​ផ្នែក​ធំ តាំងពីឆ្នាំ១៩៧៣។ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​មក​ការពារ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ចុង​ក្រោយ។ ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាន​ដួលរលំ​ជា​ស្ថាពរ។ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

របប​លន់​ នល់​សល់​តែ​ក្រុង​ភ្នំពេញ

នៅក្នុងអំឡុងខែមិថុនា ឆ្នាំ​១៩៧៤ មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិភាក្សា​អំពី​ផែនការ​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ ផ្លូវ​ចេញ​ចូល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​កាត់​ផ្តាច់​អស់​ទៅ​ហើយ។ ​ការ​ដឹក​ជញ្ជូន​ចេញ​ចូល​ក្រុង​ភ្នំពេញ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ប៉ុណ្ណោះ។ នៅ​ដើម​ឆ្នាំ​១៩៧៥ ចរាចរណ៍​តាម​ផ្លូវ​ទឹក​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ទៀត ដោយ​ពួក​ខ្មែរ​ក្រហម​បាន​ដាក់​ពង្រាយ​មីន​ប្រឆាំង​នាវា នៅ​តាម​​ដង​ទន្លេ​មេគង្គ។ ការ​ដឹកជញ្ជូន​ស្បៀង​ចូល​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គង់​​ប្រជាជន​​ដល់​ទៅ​ប្រមាណ​២លាន​នាក់ អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ។

ដោយមើលឃើញនូវលក្ខខណ្ឌ​ដែល​មាន​អំណោយផល​បែប​នេះ សាឡុត ស ក៏​បាន​បញ្ជា​ទៅ​គ្រប់​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​ឲ្យ​​ប្រុងប្រៀប​បើក​ការ​វាយលុក ដើម្បី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​ក៏​បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​ផែនការ​ដែល​ត្រូវ​ធ្វើ​ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ​បាន​ហើយ។ នៅ​ពេល​នោះ​ហើយ ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​សម្រេច​ថា​នឹង​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ និង​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​លន់ នល់។ ​សម្រាប់​ពួក​ខ្មែរ​ក្រហម អ្នកណា​ក៏​ដោយ​ដែល​មិន​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​​ជាមួយ​ពួក​គេ ត្រូវ​ចាត់​ទុក​ថា​ជា “ខ្មាំង” ទាំង​អស់។
 
“ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី”

សេនាប្រមុខ​លន់ នល់ ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

(រូបថតឯកសារ)

ឥស្សរជន​៧រូប ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ​រួម​មាន លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez លន់ ណុន (ប្អូន​ប្រុស​របស់​លន់ នល់) និង ឡុង បូរ៉េត ត្រូវ​បាន​រដ្ឋាភិបាលរួបរួមជាតិកម្ពុជា​​​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​ក្បត់ជាតិ។

នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហាន​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ធ្វើការ​បាញ់​ផ្លោង​លើ​ព្រលាន​យន្តហោះ​ក្រុង​​​ភ្នំពេញ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ​ចូល​ក្រុង​ភ្នំពេញ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ទៀត។

នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែល​បាន​ឡើង​មក​ជំនួស​តំណែង លោក Richard Nixon កាល​ពី​ខែ​សីហា ឆ្នាំ១៩៧៤ បាន​ព្យាយាម​ស្នើ​សុំ​ឲ្យ​សភា​អាមេរិក​​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លន់ នល់។ ក៏ប៉ុន្តែ សភា​អាមេរិក​បដិសេធ។

ថ្ងៃទី១២ មេសា មន្រ្តី និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ឧទ្ធម្ភាគចក្រ​។ ចំណែក លន់ នល់ និង​ក្រុម​​គ្រួសារ​វិញ បាន​ចាក​ចេញ​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃទី១ មេសា ម្ល៉េះ។

ថ្ងៃទី១៣ មេសា ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​បាន​ធ្លាក់​​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម។ ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ទាហាន​ខ្មែរ​ក្រហម​នៅ​ប៉ែក​ខាង​កើត​ក៏​ដណ្តើម​កាន់​កាប់​បាន​ក្រុង​តាខ្មៅ។ ខ្សែ​ក្រវ៉ាត់​ការពារ​ក្រុង​ភ្នំពេញ​ក៏​បាន​ដួល​រលំ។

យោងតាមលោកស្រី Elizabeth Beckher នៅ​ថ្ងៃ​ទី១៦ មេសា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រក ក៏​បាន​ផ្ញើទូរលេខ​មួយ​ច្បាប់​ថ្វាយ​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ជា​ថ្នូរ​នឹង​ការ​ថ្វាយ​អំណាច​​​ដល់​ព្រះអង្គ​វិញ។ ប៉ុន្តែ សំណើ​​នេះ​​ត្រូវ​បាន​សម្តេច នរោត្តម សីហនុ ច្រាន​ចោល។
 
១៧​មេសា មហា​ជោគជ័យ ប្រជា​ប្រុស​ស្រី​ចាកក្រុង​ចូល​ស្រែ​

នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណ​ជា​ម៉ោង ៨ និង​៣០នាទី មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច ក្នុង​គម្រោង​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​ឧទ្ធម្ភាគចក្រ។ ប៉ុន្តែ មាន​តែ​មេដឹកនាំ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដែល​បាន​រត់​ចេញ​ពី​ទីក្រុង​ភ្នំពេញ​រួច។ មេដឹកនាំ​មួយ​ចំនួន​ធំ ក្នុង​នោះ​រួម​មាន​ទាំង​នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផង​ដែរ​នោះ ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​សម្លាប់​ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស ក៏​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​ចោល នៅ​ថ្ងៃ​នោះ​ដែរ។

នៅម៉ោងប្រមាណ​១១ ព្រឹក​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរ​ក្រហម បាន​ធ្វើ​ដំណើរ​​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រោម​ការ​អបអរសាទរ​ពី​សំណាក់​ប្រជាជន​​ដែល​រស់​នៅ​ទីនោះ។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អំណរ​នឹង​ជ័យជំនះ អំណរ​​នឹង​​​ក្តី​សង្ឃឹម​ថា​ ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នេះ ក៏​បាន​រលាយ​បាត់បង់​ទៅវិញ​ ក្រោយ​ពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ភ្លាមៗ​ពី​ទីក្រុង​ភ្នំពេញ។ អ្នក​ដែល​ចចេស​មិន​ព្រម​ធ្វើ​តាម ត្រូវ​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ចោល។

ថ្ងៃ​១៧ មេសា ១៩៧៥ របបសាធារណរដ្ឋខ្មែរ​ត្រូវ​បាន​ដួល​រលំ​ជា​ស្ថាពរ ជំនួស​មក​វិញ​ដោយ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយបក្ស​កុម្មុយនិស្ត​កម្ពុជា ឬ​ខ្មែរ​ក្រហម។
 
ផែនការ៨ចំណុច​ មហារុងរឿង​ មហាលោតផ្លោះ!

សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

(រូបថតឯកសារ)

យោងតាមលោក Raoul Jennar នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំណុច នៃ​របប​គ្រប់គ្រង​ថ្មី​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖

១-ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា“ប្រជាជន​ចាស់” និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”

២-លុបបំបាត់​ចោល​ទាំងស្រុង​​​នូវសេដ្ឋកិច្ច​ទីផ្សារសេរី។

៣-លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ។

៤-ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ។

៥-សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ នល់។

៦-បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស។

៧-បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។

៨-ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម។

១៩៧៥-១៩៧៦៖ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា

ចាប់ពីចូលបានកាន់អំណាច នៅ​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ហៅ​ខ្លួន​ឯង​ថា​ជា“រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដដែល ក៏​ប៉ុន្តែ អំណាច​ពិត​ប្រាកដ​មិន​មែន​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ទេ គឺ​ស្ថិត​ក្នុង​ដៃ​ពួក​ខ្មែរ​ក្រហម​តែ​ម្នាក់​ឯង។

យោងតាមសៀវភៅរ​​បស់​លោក Raoul Jennar ដែល​មាន​ចំណង​ជើង​ថា Les Clés du Cambodge គិតត្រឹម​ខែ​មេសា ឆ្នាំ​១៩៧៥ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា មាន​រចនាសម្ព័ន្ធ​ដូច​តទៅ៖
 
ប្រមុខរដ្ឋ
សម្តេច នរោត្តម សីហនុ
 
នាយករដ្ឋមន្រ្តី
ប៉ែន នុត
 
ឧបនាយករដ្ឋមន្រ្តី
ខៀវ សំផន (អគ្គមេបញ្ជាការកងទ័ព)
អៀង សារី (កិច្ចការបរទេស)
សុន សេន (ការពារជាតិ)
 
រដ្ឋមន្រ្តី
គាត ឈន់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​គណៈប្រធានរដ្ឋ
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ពត៌មាន
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
អៀង ធីរិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​យុវជន
នរោត្តម ភូរិសារា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
ហ៊ូ យន់ ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ

ដោយ​ជំទាស់​នឹង​នយោបាយ​មួយ​ចំនួន​របស់​បក្ស ដូច​ជា​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង ការ​លុប​បំបាត់​ការ​ចាយ​លុយ និង​ការ​ធ្វើ​សង្រ្គាម​ជាមួយ​វៀតណាម​ជាដើម ហ៊ូ យន់​ ក៏​បាន​លា​លែង​ចេញ​ពី​តំណែង​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​១៩៧៥។ ចាប់​ពី​ពេល​នោះ​មក ហ៊ូ​ យន់ ក៏​បាន​បាត់​ខ្លួន​រហូត។

ក្រោយពីទាហានខ្មែរក្រហម​ដណ្តើម​កាន់កាប់​បាន​ទីក្រុង​ភ្នំពេញ​ហើយ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ មិន​បាន​យាង​ចូល​មក​កម្ពុជា​ភ្លាមៗ​ទេ។ យោង​តាម​លោក Raoul Jennar នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​បញ្ជូន​មនុស្ស​ពីរ​នាក់​គឺ សារិន ឆាក និង​ជួន ប្រាសិទ្ធ ឲ្យ​ទៅ​យាង​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង ឲ្យ​យាង​ចូល​មក​ក្នុង​ប្រទេស​វិញ។ ក៏ប៉ុន្តែ ព្រះអង្គ​បាន​បដិសេធ។ មួយ​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ខ្មែរ​ក្រហម​បាន​បញ្ជូន​មនុស្ស​ពីរ​នាក់​ទៀត គឺ​ខៀវ សំផន និង​ប៉ែន នុត ឲ្យ​ទៅ​ព្យុងយ៉ាង​ ដើម្បី​យាង​សម្តេច នរោត្តម សីហនុ ម្តង​ទៀត។ លើក​នេះ​ព្រះអង្គ​ក៏​បាន​យល់​ព្រម។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ សម្តេច នរោត្តម សីហនុ បាន​យាង​មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​ព្រះអង្គ​បាន​យាង​ធ្វើ​ជា​អធិបតី​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្រ្តី​ ក្នុង​ឋានៈ​​ជា​ប្រមុខ​រដ្ឋ។
 
១៩៧៦៖ កម្ពុជា​ប្រជាធិបតេយ្យ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​មាន​២១​មាត្រា ចែក​ចេញ​ជា ១៦​ជំពូក ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​មក​ជា “កម្ពុជា​ប្រជាធិបតេយ្យ”វិញ។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក៏​បាន​ចែង​ផង​ដែរ អំពី​ការ​បង្កើត​សភា​តំណាង​ប្រជាជន ដែល​មាន​ចំនួន​២៥០​អាសនៈ។ ក្នុង​នោះ​រួម​មាន ១៥០អាសនៈ​តំណាង​ឲ្យ​វណ្ណៈ​កសិករ ៥០​អាសនៈ​តំណាង​ឲ្យ​វណ្ណៈ​កម្មករ និង​៥០​អាសនៈ​ទៀត​តំណាង​ឲ្យ​កងទ័ព​បដិវត្តន៍​កម្ពុជា។

ទង់ជាតិ និង​សញ្ញាជាតិ នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ មាន​ផ្ទៃ​ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​កំពូល​បី​ពណ៌​លឿង នៅ​ចំ​កណ្តាល។

សញ្ញាជាតិមានវាលស្រែ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​ជា​និមិត្តរូប​នៃ​កសិកម្ម​ជឿន​លឿន មាន​រោងចក្រ​ជា​និមិត្តរូប​នៃ​ឧស្សាហកម្ម មាន​កម្រង​កួរ​ស្រូវ​ជា​ស្នែង​ក្របី​ព័ទ្ធ​ពី​ក្រៅ ហើយ​មាន​អក្សរ “កម្ពុជា​ប្រជាធិបតេយ្យ” នៅ​ពី​ក្រោម។

ចម្រៀងជាតិថ្មី និពន្ធ​ផ្ទាល់​ដោយ ប៉ុល ពត មាន​ចំណង​ជើង​ថា “១៧​មេសា​មហា​ជោគជ័យ”
 
សម្តេ​ច នរោត្តម សីហនុ លាលែង​ពី​តំណែង​ប្រមុខ​រដ្ឋ

នៅដើមខែមីនា ឆ្នាំ១៩៧៦ សម្តេច នរោត្តម សីហនុ បាន​សុំ​លា​លែង​ពី​តំណែង​ជា​ប្រមុខ​រដ្ឋ ក្នុង​ហេតុផល​ថា​មក​ពី​ព្រះអង្គ​មាន​បញ្ហា​សុខភាព។

នៅថ្ងៃទី១១ ខែមីនា គណៈ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​សុំ​លាលែង​នេះ។ គណៈអចិន្ត្រៃយ៍​បាន​ព្រមព្រៀង​ទទួល​យក​សំណើ​សុំ​លាលែងរ​បស់​សម្តេច នរោត្តម សីហនុ ប៉ុន្តែ​ហាម​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស មិនឲ្យ​ធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​ជួប​ពិភាក្សា​ជាមួយ​អង្គទូត​បរទេស​ណា​មួយ​ឡើយ។ ព្រះអង្គ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង រហូត​ដល់​ខែ​មករា ឆ្នាំ​១៩៧៩។

ថ្ងៃទី២០ មីនា ការ​បោះឆ្នោត​ជាតិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​ប្រជាជន។ សាឡុត ស ក្នុង​ឈ្មោះ​ថ្មី​ថា ប៉ុល ពត បាន​ជាប់​ឆ្នោត​ជា​តំណាង​កម្មករ​ចំការ​កៅស៊ូ។

ប៉ែន នុត ដែល​ជា​នាយក​រដ្ឋមន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា បាន​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​១៩៧៦។ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ក៏​បាន​បាត់​ឈ្មោះ​ពី​ពេល​នោះ​មក។

សភាតំណាងប្រជាជនកម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង និង​ជា​សម័យ​ប្រជុំ​តែ​ម្តង​​គត់ នៅ​ថ្ងៃ​ទី​១១ ដល់​១៣ ខែ​មេសា ឆ្នាំ​១៩៧៦។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ សភា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ទទួល​យក​ជា​ផ្លូវការនូវ​ការ​ចូល​និវត្តន៍​របស់​សម្តេច នរោត្តម សីហនុ ហើយ​តែង​តាំង​ខៀវ សំផន ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​ព្រះអង្គ។ ថ្ងៃទី១៤ ខែ​មេសា រដ្ឋាភិបាល​ថ្មី​មួយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើត​ឡើង៕

Advertisements

Posted on ខែ​មករា 1, 2012, in ខ្មែរក្រហម. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ការឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៥.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: