ប្រភព៖ RFI   (http://www.khmer.rfi.fr/Cambodian%20Financial%20market)

នៅក្នុង​ខណៈ​ពេល​ដែល​ផ្សារ​ភាគហ៊ុន​កម្ពុជា​គ្រោង​នឹង​បើកទ្វារ​នៅក្នុង​ឆ្នាំ​នេះ ភាព​ចម្រូងចម្រាស​រឿង​ការ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុង​ផ្សារ​ភាគហ៊ុន​កំពុង​កើត​មាន​ឡើង។ តើ​គេ​គួរ​ប្រើប្រាស់​លុយ​រៀល​ខ្មែរ? លុយ​ដុល្លារ​អាមេរិក?​ ឬ​គួរ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ទាំង​ពីរ​រួមគ្នា?។

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

បន្ទាប់​ពី​លើក​ពេល​ម្តង​ជា​ពីរ​ដង​រួច​មក មន្រ្តី​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អោយ​ដឹង​ថា ផ្សារ​ភាគហ៊ុន​ខ្មែរ​អាច​នឹង​ដាក់​អោយ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ។

ស្រប​ពេល​ដែល​នីតិវិធី​ច្បាប់​រៀបចំ​ការ​បង្កើត​ផ្សារ​ភាគហ៊ុន​កំពុង​ធ្វើ​ដំណើរ​ទៅមុខ ការ​ជជែក​គ្នា​អំពី​ការ​ប្រើប្រាស់​រូបិយវត្ថុ​នៅក្នុង​ផ្សារ​ភាគហ៊ុន​​ត្រូវបាន​អ្នក​ជំនាញ​រៀបចំ​ឡើង​ជា​រឿយៗ​ ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ការ​សម្រេច​ជា​ផ្លូវការ​មិនទាន់​មាន​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​បាន​បង្ហើប​អោយ​ដឹង​ជា​មុន​ថា ការ​ប្រើប្រាស់​រូបិយវត្ថុ​នៅក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​អាច​មាន​ជម្រើស​បី​យ៉ាង​ផ្សេង​គ្នា។

ទីមួយ៖ ការ​ប្រើប្រាស់​លុយ​រៀល​ខ្មែរ។ ទីពីរ៖​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក ​និង​ទីបី ​៖​ ការ​ប្រើប្រាស់​រូបិយវត្ថុ​ទាំង​ពីរ​រួមគ្នា។ ការ​សម្រេច​យក​ជម្រើស​ណា​មួយ​សុទ្ធ​តែ​មាន​គុណសម្បត្តិ​ និង​គុណវិបត្តិ​រៀងៗ​ខ្លួន។

ជម្រើស​ទី​មួយ​ យក​ប្រាក់​រៀល​គឺ​អនុញ្ញាត​អោយ​ប្រទេស​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​ជាតិ​ និង​អត្ត​សញ្ញាណ​ជាតិ​ ប៉ុន្តែ​ការ​ទូទាត់​អាច​ជួប​ការ​លំបាក​ ពីព្រោះ​ប្រាក់​ដុល្លារ​អាមេរិកាំង​មាន​វត្តមាន​ច្រើន​ជ្រុល​នៅ​កម្ពុជា។

ជម្រើស​ទីពីរ​ យក​ប្រាក់​ដុល្លារ​ គឺ​បង្ក​ការ​ងាយស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​ទូទាត់​ផ្សេងៗ​ ប៉ុន្តែ​​ប្រការ​នេះ​អាច​រុញច្រាន​អោយ​ប្រាក់​ដុល្លារ​រឹតតែ​មាន​វត្តមាន​កាន់តែ​ច្រើន​នៅក្នុង​សេដ្ឋកិច្ច​របស់​ខ្មែរ។ សព្វ​ថ្ងៃ​នេះ ប្រាក់​ដុល្លារ​៩០​ភាគរយ​បាន​និង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្មែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

រីឯ​ជម្រើស​ទីបី​ ៖​ គឺ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ទាំង​ពីរ​ពោល​ គឺ​ដុល្លារ​ផង​ និង​លុយ​រៀល​ផង។ ការ​ជ្រើសរើស​យក​ជម្រើស​ទីបី​នេះ​ គឺ​បើក​ផ្លូវ​អោយ​ប្រទេស​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​ជាតិ​បាន​ផង​ និង​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ផង។

ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​រូបិយវត្ថុ​នៅក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​នា​ពេល​អនាគត លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ ស្តីពី​កម្ពុជា ៖ ប្រទេស​មួយ​មាន​រូបិយវត្ថុ​ច្រើន​បិទ​បញ្ចប់​ទៅ​វិញ​កាល​ពី​ម្សិលមិញ​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​​បាន​ដាក់​បញ្ហា​នេះ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រួច​ហើយ​ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ​គេ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ។

អ្នក​ជំនាញ​បរទេស​មួយ​ចំនួន​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​កម្ពុជា​ ៖ ប្រទេស​មួយ​មាន​រូបិយវត្ថុ​ច្រើន​បាន​លើក​ឡើង​ថា ប្រទេស​ក្នុង​ទ្វីប​អាស៊ី​មួយ​ចំនួន​មាន​វត្តមាន​ប្រាក់​ដុល្លារ​ច្រើន​ដែរ​ក្នុង​សេដ្ឋកិច្ច​របស់​គេ​ ប៉ុន្តែ​នៅពេល​ដែល​ផ្សារ​ហ៊ុន​បើក​អោយ​ដំណើរ​ការ រដ្ឋាភិបាល​សម្រេច​អោយ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​តែ​ម្តង៕

Advertisements

Posted on ខែមករា 1, 2012, in ព័ត៌មានទាក់ទងវិស័យច្បាប់, សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ តើ​រូបិយវត្ថុ​អ្វី​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា?.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: