ប្រភព៖ RFI

(http://www.khmer.rfi.fr/Understand%20Financial%20market%20for%20development )

តារាង​ហាងឆេង​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អេស្បាញ

តារាង​ហាងឆេង​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អេស្បាញ

©AFP

សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មិនទាន់​យល់​ច្បាស់​អំពី​ទីផ្សារ​ភាគហ៊ុន​ខ្មែរ​នៅ​ឡើយ​ទេ។ ភាព​ស្រពេចស្រពិល​នេះ​បង្ក​អោយ​មាន​ក្តី​បារម្ភ​ពី​​ជោគជ័យ​នៃ​ទីផ្សារ​នា​ពេល​អនាគត។

ទីផ្សារ​ភាគហ៊ុន​ខ្មែរ​ ឬ​ហៅ​ជា​ផ្លូវការ​ថា​ទីផ្សារ​មូលបត្រ​កម្ពុជា​នោះ​នឹង​អាច​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១១​​នេះ។

ប្រសិន​បើ​ទីផ្សារ​មូលបត្រ​កម្ពុជា​អាច​ដំណើរការ​បាន​នៅក្នុង​រយៈ​ពេល​៤​ខែ​ខាង​មុខ​ទៀត​នេះ។ គេ​ពិត​ជា​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​កម្ពុជា​មាន​ទីផ្សារ​ភាគហ៊ុន​នោះ។ ទីផ្សារ​មូលបត្រ​កម្ពុជា​ត្រូវ​បាន​គេ​ផ្ដួចផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ​ ប៉ុន្តែ​វា​អាច​លេច​ចេញ​ជា​រូបរាង​ដំបូង​នៅ​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១១​នេះ​ ពោល​គឺ​គេ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ប្រមាណ​ជា​១៥​ឆ្នាំ​ដើម្បី​បង្កើត​ផ្សារ​មូលបត្រ​កម្ពុជា​នេះ។

ប្រទេស​កម្ពុជា​ទំនង​ជា​ប្រទេស​ចុង​ក្រោយ​គេ​មួយ​នៅក្នុង​ទ្វីប​អាស៊ី​ដែល​បង្កើត​ទីផ្សារ​ភាគហ៊ុន​នេះ។ ប្រទេស​នៅ​ជុំវិញ​កម្ពុជា​ដូចជា ៖ ប្រទេស​ថៃ ប្រទេស​វៀតណាម ប្រទេស​ឡាវ គេ​បាន​បង្កើត​ទីផ្សារ​ប្រភេទ​នេះ​រួចរាល់​ហើយ។ ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ដែរ​នោះ បាន​សម្រេច​ចិត្ត​ដាក់​អោយ​ដំណើរ​ការ​ទីផ្សារ​ភាគហ៊ុន​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន។

ការ​បង្កើត​ផ្សារ​ភាគហ៊ុន​ខ្មែរ​គឺ​មាន​គោលដៅ​ធ្វើ​យ៉ាង​ដូចម្តេច​ ដើម្បី​ប្រមែ​ប្រមូល​កៀងគរ​ទុន​ដែល​នៅ​សេសសល់​ក្នុង​ដី​ប្រជាជន​ដើម្បី​យក​ទៅ​វិនិយោគ​ធ្វើ​អ្វី​មួយ។ ឧទាហរណ៍​ថា ក្រុមហ៊ុន​មួយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ត្រូវការ​ដើមទុន​ដើម្បី​វិនិយោគ​បន្ថែម ក្រុមហ៊ុន​នោះ​អាច​បោះ​សន្លឹក​ហ៊ុន​លក់​​ទៅ​អោយ​សាធារណជន​បាន។

នីតិវិធី​បង្កើត​ទីផ្សារ​មូលបត្រ​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​ល្បឿន​លឿន​គួរ​សម។ បើ​យោង​តាម​គម្រោង ទីផ្សារ​ភាគហ៊ុន​ខ្មែរ​ដំបូង​មួយ​នេះ​នឹង​ត្រូវ​ដាក់​អោយ​ដំណើរ​ការ​នៅក្នុង​រយៈពេល​៤​ខែ​ទៀត។ កាល​បរិច្ឆេទ​ដាក់​អោយ​ដំណើរការ​ទីផ្សារ​ភាគហ៊ុន​កាន់​តែ​រំកិល​ចូល​មក​ហើយ​ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា សំណួរ​មួយចំនួន​បាន​ចោទ​សួរ​ឡើង​ថា តើ​សាធារណជន​ខ្មែរ​នឹង​គាំទ្រ​ទីផ្សារ​នេះ​ដែរ​ឬ​ទេ​ប្រសិន​បើ​ពួកគេ​មិនសូវ​យល់​ដឹង​អំពី​ទីផ្សារ​នេះ​ផង​នោះ?

បើ​ផ្អែក​លើ​តថភាព​ជាក់ស្តែង គេ​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​ភាគ​ច្រើន​គ្រាន់​តែ​ឮ​ពាក្យ​ផ្សារ​ភាគហ៊ុន​យូរៗ​ម្តង​តាមរយៈ​សារព័ត៌មាន​​ប៉ុណ្ណោះ ​ប៉ុន្តែ​ពួកគេ​នៅតែ​មិន​យល់​ថា ផ្សារ​ភាគហ៊ុន​ដំណើរ​ការ​យ៉ាង​ដូចម្តេច​និង​មាន​ផល​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​ពួកគេ។ ភាព​មិន​សូវ​យល់​នេះ​បណ្ដាល​មក​ពី​ហេតុផល​បី​យ៉ាង។ ទីមួយ ៖​ ការ​ផ្សព្វផ្សាយ​ពី​ដំណើរការ​បង្កើត​ទីផ្សារ​នៅ​មាន​ចំនួន​តិចតួច។ ទីពីរ ៖​ គឺ​បណ្ដាល​មក​ពី​នីតិវិធី​​ស្មុគស្មាញ​នៃ​ទីផ្សារ​នេះ​តែ​ម្តង​ និង​ទីបី ៖ ​គឺ​ដោយសារ​វិស័យ​នេះ​ជា​វិស័យ​ថ្មី​ស្រឡាង​សម្រាប់​ប្រទេស​កម្ពុជា។

ក្រៅ​អំពី​នីតិវិធី​ស្មុគស្មាញ ពាក្យពេចន៍​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​មូលបត្រ​នេះ​ គឺ​សុទ្ធតែ​ជា​ពាក្យ​ថ្មីៗ​ដែល​ប្រជាជន​សាមញ្ញ​មិនសូវ​ជួប​ប្រទះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ធម្មតា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ថ្នឹក​តែ​ជាមួយ​ភាសា​អង់គ្លេស​ទៅទៀត។ អ្នក​តាមដាន​ដំណើរ​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ចំនួន​បាន​បញ្ជាក់​ថា រហូត​មកដល់​ពេល​នេះ មាន​តែ​អ្នក​ជំនាញ​ និង​ក្រុម​និស្សិត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​យល់​ដឹង​ខ្លះ​អំពី​ទីផ្សារ​មូលបត្រ​កម្ពុជា។ ក្រៅ​ពី​នេះ គ្មាន​នរណា​យល់​ទាល់​តែ​សោះ។

អ្នក​តាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទីផ្សារ​មូលបត្រ​កម្ពុជា​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ល្អ​ទេ​ប្រសិន​បើ​សាធារណជន​ទូទៅ​មិន​រវីរវល់​នឹង​ទីផ្សារ​នេះ​ ​ដោយសារ​តែ​កង្វះ​ខាត​ចំណេះ​ដឹង​នោះ។

អ្នក​តាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​បាន​អត្ថាធិប្បាយ​ថា ដើម្បី​អោយ​សាធារណជន​អាច​យល់​ដឹង​អំពី​ទីផ្សារ​មូលបត្រ​នេះ កិច្ចការ​គន្លឹះ​មួយ​ចំនួន​ត្រូវតែ​ធ្វើ​អោយ​បាន។

ទីមួយ ៖ ត្រូវ​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ទីពីរ៖ត្រូវ​​ពង្រីក​និង​ពង្រឹង​ស្ថាប័ន​អប់រំ​ស្តី​ពី​ទីផ្សារ​មូលបត្រ​នេះ​បន្ថែម​ទៀត។

ទីបី ៖​ ការ​បណ្តុះបណ្តាល​អ្នក​កាសែត​ជា​ការ​ចាំបាច់​បំផុត។ អ្នកកាសែត​គឺ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពី​ទីផ្សារ​ទៅ​កាន់​សាធារណជន​ និង​ចំនុច​ទី​៤ ៖ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ភាគហ៊ុន​នេះ​មិន​គួរ​កំណាញ់​ព័ត៌មាន​ណា​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​សាធារណជន​នោះ​ទេ៕

ពាក្យគន្លឹះ : កម្ពុជា – ហិរញ្ញវត្ថុ

Posted on ខែមករា 1, 2012, in ព័ត៌មានទាក់ទងវិស័យច្បាប់, សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. Comments Off on ទីផ្សារ​ភាគហ៊ុន​កម្ពុជា​មិន​អាច​ទទួល​បាន​ជ័យជំនះ​ទេ​ប្រសិន​បើ​សាធារណជន​មិន​យល់​តម្លៃ​របស់​វា.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: