ប្រភព៖ RFI (http://www.khmer.rfi.fr/cambodia/20110312-)

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​កំណត់​ប្រើប្រាស់​ប្រាក់​រៀល​ជា​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា ប៉ុន្តែ​មិន​បដិសេធ​ប្រាក់​ដុល្លារ​អាមេរិក​ទេ។ ប្រាក់​ដុល្លារ​អាមេរិក​ទទួល​យក​មែន ប៉ុន្តែ​សម្រាប់​តែ​៣​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

12/03/2011
by គី សុខលីម

នៅ​ទីបំផុត រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​អោយ​ប្រើប្រាស់ និង​ទូទាត់​ជា​ប្រាក់​រៀល​នៅ​ក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​ដែល​គ្រោង​នឹង​ដាក់​អោយ​ដំណើរការ​នៅ​ខែ កក្កដា​ខាង​មុខ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​ជំនាញ​បាន​ចំណាយ​ពេល​យ៉ាង​យូរ ដើម្បី​ពិភាក្សា​ថា តើ​គេ​គួរ​ប្រើប្រាស់​ប្រាក់​ដុល្លារ ឬ​ប្រាក់​រៀល​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ខ្មែរ។ លោក ម៉ិញ បាន​កុសល អគ្គនាយក​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​បាន​ថ្លែង​ប្រាប់​កាល​ពី​ព្រឹកមិញ​នៅក្នុង​សិក្ខាសាលា​ស្តី​អំពី​ការ​បង្កើត​វិជ្ជា​ជីវៈ​ជំនាញ​ក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​នៅ​ក្នុង​វិទ្យាស្ថាន​ហិរញ្ញ​វត្ថុ​កម្ពុជា​ថា ប្រាក់​រៀល​ត្រូវ​ចារឹក​នៅ​លើ​មូលប័ត្រ​ដែល​ត្រូវ​បោះ​ផ្សាយ​លក់ ប្រាក់​រៀល​ត្រូវ​កំណត់​នៅ​លើ​តម្លៃ​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ជួញដូរ ប្រាក់​រៀល​ត្រូវ​ទូទាត់​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន។

លោក ម៉ិញ បាន​កុសល បាន​បញ្ជាក់​ទៀត​ថា ការ​កំណត់​ជា​ផ្លូវការ​គឺ​ប្រាក់​រៀល​មែន​ប៉ុន្តែ​ប្រាក់ដុល្លារ​មិន​ត្រូវ​បាន​គេ​បដិសេធ​នោះ​ទេ។ ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ទូទាត់​ក្នុង​លក្ខខណ្ឌ​ដែល​អ្នកលក់​និង​អ្នកទិញ​មូលប័ត្រ​ព្រមព្រៀង​គ្នា។ ការ​ទិញ​លក់​មូលប័ត្រ​តាមរយៈ​ប្រាក់​ដុល្លារ​អាច​ធ្វើ​ឡើង​បាន​មែន​ប៉ុន្តែ​ក្នុង​ទម្រង់​ក្រៅ​ឆាក​តែ​ប៉ុណ្ណោះ។ លោក ម៉ិញ បាន​កុសល អគ្គនាយក​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ធ្វើ​ឡើង​តែ​ក្នុង​រយៈកាល​បី​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ការ​បង្កើត​ផ្សារ​មូលប័ត្រ​កម្ពុជា​ប៉ុណ្ណោះ ក្រោយ​រយៈ​ពេល​នេះ ការ​ទូទាត់​ទាំងអស់​ត្រូវ​ធ្វើ​ឡើង​ជា​ប្រាក់​រៀល​សុទ្ធសាធ។

ការ​សម្រេច​ប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​ក្នុង​ខណៈ​ពេល​ដែល​ទីផ្សារ​ទូទៅ​គ្រប​ដណ្ដប់​ដោយ​ប្រាក់​ដុល្លារ​នោះ ត្រូវ​បាន​អ្នក​ជំនាញ​និយាយ​ថា​គឺ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​រក្សា​អធិបតេយ្យភាព​និង​ដើម្បី​ឈាន​ទៅ​សម្រេច​អោយ​បាន​នូវ​នយោបាយ​បដិដុល្លារូបនីយកម្ម​ក្នុង​រយៈ​ពេល​វែង។ សព្វ​ថ្ងៃ​នេះ ដុល្លារ​មាន​វត្តមាន​៩០​ភាគរយ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្មែរ។ ដុល្លារ​ត្រូវ​បាន​ហូរ​ចូល​និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​ចាប់​តាំង​ពី​សម័យ​អ៊ុនតាក់​មក​ម្ល៉េះ។

នា​ពេល​កន្លង​មក អ្នកជំនួញ​និង​អ្នក​ជំនាញ​មួយ​ចំនួន​សំណូមពរ​អោយ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា​ពីព្រោះ​នៅ​កម្ពុជា​ការ​ទូទាត់​ក្នុង​ជំនួញ​ធំ​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រាក់​ដុល្លារ។ ប៉ុន្តែ​ឥឡូវនេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យក​ប្រាក់​រៀល​ជា​ផ្លូវការ​ហើយ។

តើ​ការ​សម្រេច​យក​ប្រាក់​រៀល​នេះ​អាច​ប៉ះពាល់​ដល់​ផ្នែក​វិនិយោគ​ទុន​ដែល​ធ្លាប់​តែ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ដែរ​ឬ​ទេ?

Advertisements

Posted on ខែមករា 1, 2012, in ព័ត៌មានទាក់ទងវិស័យច្បាប់, សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ផ្សារភាគហ៊ុនខ្មែរ៖កំណត់​យក​ប្រាក់រៀល​ជាផ្លូវការ ប៉ុន្តែ​មិន​បដិសេធ​ប្រាក់​ដុល្លារអាមេរិក.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: