ប្រភព៖ RFI   (http://www.khmer.rfi.fr/)

អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព​និង​ថៅកែ​រោងចក្រ​កាត់ដេរ​នឹង​ចូល​ជា​ ធរមាន ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១១។ អ្នក​ជំនាញ​ក្នុង​វិស័យ​កាត់ដេរ​បាន​និយាយ​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ​មាន​គោលដៅ​ពង្រីក​ទំនាក់​ទំនង​ល្អ និង​កាត់បន្ថយ​ជម្លោះ​នៅក្នុង​វិស័យ​កាត់ដេរ។

សេចក្តីរាយការណ៍​របស់​គី សុខលីម
10/10/2010
by គី សុខលីម


អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព​និង​ថៅកែ​រោងចក្រ​កាត់ដេរ​ដែល​បាន​ចុះ​ហត្ថលេខា​រួមគ្នា​កាលពី​ចុងខែ​កញ្ញា​កន្លង​​មក​ និងចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១មករា​ឆ្នាំ២០១១​ខាងមុខនេះ។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​គឺ​ជា​វិធានការ​ច្បាប់​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​ចាប់​បង្ខំ​ឲ្យ​ភាគី​និយោជក​និង​សហជីព​គោរព​ច្បាប់​និង​កាត់​បន្ថយ​ជម្លោះ​ក្នុង​វិស័យ​កាត់ដេរ។

ការ​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ថៅកែ​រោងចក្រ​កាត់ដេរ​និង​សហជីព​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហជីព​មួយ​ចំនួន​បាន​ធ្វើ​កូដកម្ម​រយៈពេល​៤ថ្ងៃ​កាលពី​ពាក់កណ្តាល​ខែកញ្ញា​កន្លងទៅ។​ កូដកម្ម​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​កាត់ដេរ​ខាតបង់​ប្រាក់​ជាង​១០​លាន​ដុល្លារ។

ជម្លោះ​រវាង​កម្មករ​កាត់ដេរ​និង​ថៅកែ​រោងចក្រ​បាន​កើតមាន​ជា​រឿយៗ​ស្ទើរ​មិន​លោះ​ថ្ងៃ។​ នៅ​ពេល​មាន​កូដកម្ម​ម្តងៗ​ភាគីទាំងពីរ​តែង​ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​មិន​គោរព​ច្បាប់​ការងារ។

អ្នក​ស្រី​ម៉ម​ញឹម​ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហភាព​ការងារ​កម្ពុជា​និង​ជា​អ្នក​អំពាវនាវ​ឲ្យ​មាន​កូដកម្ម​កាលពី​ខែមុន​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ អនុស្សរណៈ​យោគយល់​គ្នា​នេះ​ពិត​ជា​រួម​ចំណែក​កាត់​បន្ថយ​ការ​ធ្វើ​កូដកម្ម​និង​បាតុកម្ម​នាពេល​អនាគត​ ពីពោ្រះ​អនុស្សរណៈ​នេះ​តម្រូវ​ឲ្យ​ភាគី​និយោជក​និង​ភាគី​សហជីព​ខិតខំ​រក​ដំណោះ​ស្រាយ​ឲ្យ​អស់​លទ្ធភាព។​ អ្នក​ស្រី​ម៉ម​ ញឹម​ជា​ហត្ថលេខី​លើ​អនុស្សរណៈ​ម្នាក់​តំណាង​ឲ្យ​សហជីព​បាន​និយាយ​ទៀតថា​ កូដកម្ម​កន្លងមក​គឺ​ដោយហេតុតែ​ថៅកែ​រោងចក្រ​ច្រើនតែ​គេចវេះ​ពី​ការចរចា។​ ដូច្នេះ​ជម្លោះ​ចេះតែ​អូស​បន្លាយ​ហើយបន្ត​ឲ្យ​មាន​កូដកម្ម​និង​បាតុកម្ម។

លោក​រ៉ុង​ ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែលោ​ជា​ហត្ថលេខី​ម្នាក់​ដែរនោះ​ បាន​និយាយ​ប្រាប់ថា​ អនុស្សរណៈ​នេះ​នឹង​មាន​ផល​ប្រយោជន៍​ខ្លះ​ដែរ​ ពីព្រោះ​វា​ជា​គតិយុត្តិ​ថ្មី​មួយ​ទៀត​ជំរុញ​ឲ្យ​ភាគី​និយោជក​និង​សហជីព​សន្យា​គោរព​ច្បាប់​ទាំងអស់​គ្នា។

លោក​វ៉ាន់​ ស៊ូអៀង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ​ កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ជំហាន​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​និយោជក​និង​សហជីព។

វិស័យកាត់ដេរ​គឺជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។ វិស័យកាត់ដេរ​តំណាងឲ្យ​ជិត​៨០%​នៃ​ការនាំចេញ​សរុប​នៃ​ប្រទេស​​ក្រីក្រ​មួយនេះ។​​ វិស័យ​នេះ​បាន​ផ្តល់​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ជាង​២ពាន់លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ជាង​៣សែន​កន្លែង៕

Advertisements

Posted on ខែ​មករា 1, 2012, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព និង​ថៅកែ​រោងចក្រ​កាត់ដេរ​នឹង​ចូល​ជា​ធរមាន នៅ​ដើម​ឆ្នាំ​ក្រោយ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: