ប្រទេសសមាជិក​​អាស៊ានមាន​នយោបាយ វប្បធម៌ សេដ្ឋកិច្ច​ខុសគ្នា​ទាំងអស់

ប្រទេសសមាជិក​​អាស៊ានមាន​នយោបាយ វប្បធម៌ សេដ្ឋកិច្ច​ខុសគ្នា​ទាំងអស់

©

ចាប់​ពី​សប្តាហ៍​នេះ​ត​ទៅ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើម​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍។ អាស៊ី​អាគ្នេយ៍ ជា​តំបន់​មួយ​ដែល​គ្មាន​អរិយធម៌​រួម​គ្នា​មួយ​ឡើយ។ ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​មិន​ដូច​គ្នា​សោះ​ឡើយ ប្រើ​ភាសា​ខុស​គ្នា មាន​វប្បធម៌ ទំនៀម​ទម្លាប់​និង​ប្រពៃណី​ខុស​គ្នា​ស្រឡះ។

សម្រាប់​ពួក​ភូមិសាស្ត្រនយោបាយវិទូ តំបន់​អាស៊ី​អាគ្នេយ៍​ឋិត​នៅ​ក្នុង​ភូមិភាគ​ដ៏​ធំ​មួយ​ដែល​គេ​ហៅ​ថា​អាស៊ី​បូព៌ា ដាច់​ដោយ​ឡែក​ពី​អាស៊ី​កណ្តាល អាស៊ី​ខាង​ត្បូង និង​អូសេអានី (Océanie)។ តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ទៀត​សោត ត្រូវ​បាន​ពួក​អ្នក​ឯកទេស​ដដែល​បែងចែក​ជា​ពីរ ពិភព​ឥណ្ឌូចិន និង​ពិភព​ម៉ាឡេ។ ពាក្យ​ថា”ពិភព​ឥណ្ឌូចិន”នៅ​ត្រង់​នេះ មាន​ន័យ​ធំ​ទូលំ​ទូលាយ ពីព្រោះ​វា​គ្រប​ដណ្តប់​មិន​ត្រឹម​តែ​ទៅ​លើ​ប្រទេស​វៀតណាម កម្ពុជា​និង​ឡាវ​ប៉ុណ្ណោះ​ទេ តែ​ទៅ​លើ​ប្រទេស​ភូមា​និង​ប្រទេស​ថៃ​ថែម​ទៀត។ រី​ឯ​”ពិភព​ម៉ាឡេ​”វិញ គឺ​ជា​ពពួក​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ផ្សេង​ដែល​ជា​កោះ ឬ​ជា​ទី​ប្រជុំ​កោះ រួម​មាន​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ព្រុយណេ និង​ទីម័រ​ខាង​កើត។

ចំណែក​ប្រជាជន​អាស៊ី​អាគ្នេយ៍​វិញ មិន​ដូច​គ្នា​សោះ ប្រើ​ភាសា​ខុសៗ​គ្នា មាន​សាសនា​វប្បធម៌ ទំនៀម​ទម្លាប់​និង​ប្រពៃណី​ខុស​ពី​គ្នា។

ប្រជាជន​ភាគ​ច្រើន​នៅ​ភូមា កម្ពុជា ថៃ ឡាវ និង​វៀតណាម កាន់​ព្រះពុទ្ធ​សាសនា។ អ៊ីស្លាម​ជា​សាសនា​របស់​ប្រជាជន​ភាគ​ច្រើន​នៅ​ឥណ្ឌូណេស៊ី និង​នៅ​ម៉ាឡេស៊ី។ វា​ក៏​ជា​សាសនា​របស់​ប្រជាជន​មួយ​ចំនួន​ដែរ នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន ដូច​ជា​នៅ​កោះ​មីនដាណាវ(Mindanao) ស៊ុយលុយ(Sulu) និង​រ៉ូឡូ(Jolo) ព្រម​ទាំង​របស់​ប្រជាជន​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដូច​យ៉ាង​នៅ​ខេត្ត​ណារ៉ាធីវ៉ាត(Narathiwat) ប៉ាត្តានី(Pattani) និង​យ៉ាឡា(Yala)។ ចំណែក​ប្រជាជន​ភាគ​ច្រើន​នៅ​ហ្វីលីពីន​វិញ ជា​អ្នក​កាន់​សាសនា​គ្រិស្ត។ សាសនា​គ្រិស្ត​ក៏​ជា​សាសនា​របស់​ប្រជាជន​មួយ​ចំនួន​ដែរ នៅ​ប្រទេស​វៀតណាម។ បន្ថែម​ពី​ការ​ប្រើ​ភាសា​ផ្សេងៗ​ពី​គ្នា ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​អាស៊ី​អាគ្នេយ៍​និយាយ​ទាក់ទង​គ្នា​បាន ក៏​មាន​ដែរ​ការ​ប្រើ​ភាសា​ជា​ច្រើន​ខុសៗ​គ្នា​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នីមួយៗ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មាន​ភាសា​ផ្សេងៗ​គ្នា​ទាំង​អស់​ប្រមាណ​ជាង​២០០​ឯណោះ។ ម្ល៉ោះ​ហើយ បាន​ជា​បន្តិច​ម្តងៗ អង់គ្លេស​ក្លាយ​ទៅ​ជា​ភាសា​រួម​មួយ​រវាង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ គឺ​ជា​ភាសា​ផ្លូវការ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។

ដោយ​ឡែក លក្ខណៈ​ខុស​គ្នា​ច្រើន​និង​ដូច​គ្នា​តិច​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ក៏​ជា​កេរដំណែល​បន្សល់​មក​ពី​សម័យ​អាណានិគម​ផង​ដែរ។ ចូរ​កុំ​ភ្លេច​ថា ភូមា​និង​ម៉ាឡេស៊ី​ជា​អតីត​អាណានិគម​របស់​អង់គ្លេស ឥណ្ឌូណេស៊ី​ជា​អតីត​អាណានិគម​របស់​ហូឡង់ ហ្វីលីពីន​ជា​អតីត​អាណានិគម​របស់​អេស្ប៉ាញ និង​ក្រោយ​មក​ទៀត​របស់​អាមេរិក។ រី​ឯ​ឥណ្ឌូចិន​វិញ រួម​មាន​វៀតណាម កម្ពុជា​និង​ឡាវ ជា​អតីត​អាណានិគម​របស់​បារាំង។ នៅ​អាស៊ី​អាគ្នេយ៍ គឺ​មាន​តែ​ប្រទេស​ថៃ​មួយ​ទេ​ដែល​បាន​គេច​ផុត​ពី​នឹម​អាណានិគម​របស់​អឺរ៉ុប ដ្បិត​កាល​សម័យ​នោះ ថៃ​ជា​ដី​មួយ​ដុំ​ដែល​ត្រូវ​បាន​បារាំង​និង​អង់គ្លេស​ទុក​ចោល​ឲ្យ​នៅ​ជា​តំបន់​ទ្រនាប់​ដើម្បី​បែងចែក​ដែនដី​អាណានិគម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​នៅ​ឆ្ងាយ​និង​ដាច់​ស្រឡះ​ពី​គ្នា។

នៅ​ត្រួត​ពី​លើ​កេរដំណែល​បន្សល់​មក​ពី​សម័យ​អាណានិគម​របស់​អឺរ៉ុប គេ​ឃើញ​មាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឥទ្ធិពល​របស់​ឥណ្ឌា​និង​របស់​ចិន ឥទ្ធិពល​ដែល​មាន​មក​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ ឥទ្ធិពល​វប្បធម៌​របស់​ឥណ្ឌា​បាន​សាប​ព្រោះ​ខ្លាំង​ទៅ​លើ​កម្ពុជា ឡាវ ភូមា ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។ អ៊ីចឹង​ហើយ​បាន​ជា​មាន​មក​ទល់​សព្វ​ថ្ងៃ ជនជាតិ​ឥណ្ឌា​រស់​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។ រី​ឯ​ឥទ្ធិពល​វប្បធម៌​របស់​ចិន​វិញ វា​លេច​ឡើង ជា​ពិសេស​តាម​រយៈ​វត្តមាន​ច្រើន​សន្ធឹកសន្ធាប់​របស់​ជនជាតិ​ចិន គឺ​ប្រមាណ​ជាង​៤០​លាន​នាក់​នៅ​ក្នុង​តំបន់ ជាអាទិ៍​នៅ​វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ សហគមន៍​ចិន​ដើរ​តួនាទី​សេដ្ឋកិច្ច​សំខាន់​ណាស់​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ថៃ​និង​នៅ​ឥណ្ឌូណេស៊ី។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ជនជាតិ​ចិន​ក្តាប់​យក​យ៉ាង​ហោច​ណាស់​៧០%​នៃ​សេដ្ឋកិច្ច​ឯកជន អ៊ីចឹង​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ប្រជាជន​ឥណ្ឌូណេស៊ី​មួយ​ចំនួន​ធំ​ស្អប់​ខ្ពើម​សហគមន៍ចិន។

ដោយ​ឡែក គេ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ពិបាក​នឹង​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សង្គម​កាន់​សាសនា​អ៊ីស្លាម ជាង​ទៅ​ក្នុង​សង្គម​កាន់​ព្រះពុទ្ធសាសនា ដ្បិត​ព្រះពុទ្ធសាសនា ក៏​ជា​សាសនា​របស់​ចិន​ដែរ ទោះ​បី​ជា​ព្រះពុទ្ធ​សាសនា​បែប​ចិន​មាន​លាយ​ទៅ​ដោយ​សាសនា​កុងជឺ​ក៏​ដោយ។

ភាព​ខុស​គ្នា​ចុង​ក្រោយ​រវាង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ គឺ​របប​នយោបាយ​ផ្សេងៗ​គ្នា និង​គម្លាត​សេដ្ឋកិច្ច។ តើ​មាន​អ្វី​ដូច​គ្នា​ទៅ រវាង​របប​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ីនិង​របប​កុម្មុយនិស្ត​វៀតណាម ឬ​រវាង​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​សិង្ហបុរី​និង​អំណាច​ផ្តាច់ការ​បែប​ភូមា? តើ​មាន​អ្វី​ដូច​គ្នា​ទៅ រវាង​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​សិង្ហបុរី និង​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​ឡាវ កម្ពុជា​ឬ​វៀតណាម?

អ៊ីចឹង​ហើយ​បាន​ជា​ពួក​សេដ្ឋវិទូ​នាំ​គ្នា​បែងចែក​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​បី​ប្រភេទ។ ទីមួយ​គឺ​ពពួក​ប្រទេស​នាគ​សេដ្ឋកិច្ច នោះ​គឺ​ប្រទេស​សិង្ហបុរី។ ទី​ពីរ​គឺ​ពពួក​ប្រទេស​ខ្លា​សេដ្ឋកិច្ច រួម​មាន​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ​និង​ហ្វីលីពីន។ រី​ឯ​ទី​បី​វិញ​គឺ​ពពួក​ប្រទេស​មិន​សូវ​លូត​លាស់ រួម​មាន​វៀតណាម កម្ពុជា ឡាវ ភូមា និង​ទីម័រ​ខាង​កើត៕

ពាក្យគន្លឹះ : នយោបាយ – វប្បធម៌ – សេដ្ឋកិច្ច – អាស៊ាន
Advertisements

Posted on ខែ​មករា 5, 2012, in ភូមិសាស្រ្តនយោបាយ RFI. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍៖ ខុសគ្នា​ច្រើន ដូច​គ្នា​តិច.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: