ប្រភព៖ RFI   (http://www.khmer.rfi.fr/total-dissolution-of-khmer-rouge)

រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ផ្តួលរំលំ នៅ​ឆ្នាំ១៩៧៩។ ប៉ុន្តែ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​ប្រទេស​មួយចំនួន ដូចជា អាមេរិក ចិន និង​ថៃ ជាដើម ខ្មែរក្រហម​បាន​បន្ត​ជីវិត​នយោបាយ និង​យោធា​របស់ខ្លួន​តទៅទៀត។ ប្រមាណ​២០ឆ្នាំ​ក្រោយមក ទើប​អង្គការចាត់តាំង​ខ្មែរក្រហម ទាំង​ខាង​យោធា និង​ខាង​នយោបាយ ត្រូវ​រលំរលាយ​ជាស្ថាពរ។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

នៅចុងទសវត្សរ៍ឆ្នាំ៨០ សង្រ្គាមត្រជាក់បានចាប់ផ្តើមថមថយបន្តិចម្តងៗ។ ក្រោយពី​មាន​នយោបាយ​កំណែទ្រមង់ “Perestroika” របស់លោកប្រធានាធិបតីសហភាពសូវៀត Mikhaïl Gorbatchev សហភាពសូវៀតក៏បានដួលរលំ នៅចុងឆ្នាំ១៩៩១។

ចំណែកប្រទេសចិនវិញ ដោយមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក៏បាន​ចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចរបស់ខ្លួនដែរ គឺបោះបង់សេដ្ឋកិច្ចផែនការ ហើយ​បែរ​មក​ចាប់យកនយោបាយសេដ្ឋកិច្ចទីផ្សារសេរីវិញ។

នៅប្រទេសថៃ មេដឹកនាំយោធាចាប់ផ្តើមថមថយឥទ្ធិពល ឯអ្នកនយោបាយស៊ីវិល​ចាប់ផ្តើម​មាន​អំណាចខ្លាំងឡើងៗ។ អ្នកនយោបាយស៊ីវិលថៃ ដែលភាគច្រើនផ្តោតចិត្ត​ទៅលើ​ផ្នែក​ជំនួញ​នោះ ចង់ឲ្យវិវាទយោធាក្នុងតំបន់បញ្ចប់ឆាប់ៗ ហើយមិនចង់ឃើញថៃបន្តគាំទ្រ​ខ្មែរ​ក្រហម និង​ប្រជែង​ជាមួយវៀតណាមរហូតនោះទេ។

វៀតណាមវិញ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយជំនួយពីសហភាពសូវៀតក៏ត្រូវបាន​កាត់បន្ថយ​ទៀតនោះ ក៏ចាប់ផ្តើមមានការខ្វះខាតធនធានក្នុងការរក្សាទ័ពនៅលើទឹកដីកម្ពុជា។

កត្តាទាំងនេះហើយដែលជំរុញឲ្យភាគីជម្លោះចាប់ផ្តើមងាកមករកការចរចាវិញម្តង ដើម្បីបញ្ចប់​ជម្លោះរ៉ាំរ៉ៃ នៅកម្ពុជា។ ម្យ៉ាងទៀត នៅពេលនោះ គេសង្កេតឃើញមានប្រទេសមួយចំនួន ដូចជា បារាំង អូស្រ្តាលី និងឥណ្ឌូណេស៊ី ជាដើម បានចូលធ្វើអន្តរាគមន៍ បញ្ចុះបញ្ចូលចិន និង​អាមេរិក ឲ្យបញ្ចប់ជម្លោះនៅកម្ពុជា។

វៀតណាមដកទ័ពពីកម្ពុជា

នៅខែកញ្ញា ឆ្នាំ១៩៨៩ កងទ័ពវៀតណាមក៏បានដកចេញពីកម្ពុជា។ ឯរដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយប្តូរឈ្មោះ​មកជា “រដ្ឋកម្ពុជា” វិញ ដើម្បីបញ្ជាក់ពីការងាកចេញពីឥទ្ធិពលកុម្មុយនិស្តវៀតណាម។

ចំណែកពួកខ្មែរក្រហមវិញ ដោយជំនួយផ្នែកយោធាពីសំណាក់អាមេរិក ចិន និងថៃ ត្រូវ​កាត់បន្ថយ​នោះ ក៏បានចាប់ផ្តើមវាតទីដណ្ដើមកាន់កាប់ទឹកដីកម្ពុជា នៅប៉ែកខាងលិច និង​ពាយ័ព្យ ដែល​ជា​ទីកន្លែង​សម្បូរ​ព្រៃឈើ និងត្បូងមានតម្លៃ។ ដោយការលក់ព្រៃឈើ និង​ត្បូង​ទៅឲ្យឈ្មួញថៃ ពួក​ខ្មែរក្រហម​ក៏​ចាប់​រស់​ដោយខ្លួនឯងបាន ដោយមិនពឹងជំនួយបរទេស។

ពួកខ្មែរក្រហមបានរំពឹងថា នៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា រដ្ឋាភិបាល​ក្រុង​ភ្នំពេញនឹងធ្លាក់ចុះទន់ខ្សោយ។ ក៏ប៉ុន្តែ ផ្ទុយស្រឡះទៅវិញ រដ្ឋកម្ពុជាបែរជាមានកម្លាំង​ខ្លាំង​ឡើង។ នយោបាយសេដ្ឋកិច្ចទីផ្សារសេរី និងសិទ្ធិសេរីភាពខាងការគោរពសាសនា ដែល​រដ្ឋកម្ពុជា​បាន​ចែង​ នៅក្នុង​រដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនបានទាក់ទាញការគាំទ្រពីសំណាក់​ប្រជាជន​កម្ពុជា។

នៅក្នុងអំឡុងពេលនោះ កម្លាំងទ័ពខ្មែរក្រហម និងកម្លាំងទ័ពរដ្ឋកម្ពុជាមានកម្លាំង​ប្រហាក់ប្រហែល​គ្នា ហើយតែងតែប៉ះប្រយុទ្ធគ្នាជាញឹកញាប់ក្នុងសមរភូមិ។

ខ្មែរក្រហមចុះកិច្ចព្រមព្រៀងក្រុងប៉ារីស

ក្នុងពេលជាមួយគ្នា កិច្ចចរចាចតុភាគី ពោលគឺរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​សង្រ្គោះ​ប្រជាពលរដ្ឋ​ខ្មែររបស់លោកតា សឺន សាន និងខ្មែរក្រហម កំពុងប្រព្រឹត្តធ្វើ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី និង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នៅក្នុង​ការចរចា​ក្រៅផ្លូវការ លើកទីពីរ ដែល​ធ្វើ​នៅ​ហ្សាការតា នៅ​ថ្ងៃទី៩ និងទី១០ កញ្ញា ឆ្នាំ១៩៩០ ភាគីជម្លោះ​បានព្រមព្រៀងគ្នាបង្កើត “ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់” ដោយមាន សម្តេច នរោត្តម សីហនុ ជាប្រធាន និង​មាន​សមាជិកចំនួន១២រូប (៦រូប មកពីភាគីរដ្ឋកម្ពុជា និង​៦រូប មកពី​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី)។ ភាគីនីមួយៗ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី បញ្ជូន​តំណាង​របស់ខ្លួន​ពីររូប​មកធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិនេះ ក្នុងនោះ៖

  • តំណាងហ្វ៊ុនស៊ិនប៉ិច មានសម្តេច នរោត្តម រណឫទ្ធិ និង លោកចៅសែនកុសល ឈុំ
  • តំណាងរណសិរ្សសង្រ្គោះប្រជាពលរដ្ឋខ្មែរ មាន លោកតាសឺន សាន និងលោកអៀង ម៉ូលី
  • តំណាងខ្មែរក្រហម មាន ខៀវ សំផន និង សុន សេន

ចំណែកតំណាងទាំង៦ មកពីភាគីរដ្ឋកម្ពុជាវិញ រួមមាន លោកហ៊ុន សែន ហោ ណាំហុង ទៀ បាញ់ ចែម ស្ងួន គង់ សំអុល និង ស៊ិន សុង។

ភាគីទាំងបួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងសន្និសីទអន្តរជាតិ ដែល​បាន​រៀបចំធ្វើ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ខ្មែរក្រហមដកខ្លួនពីកិច្ចព្រមព្រៀងក្រុងប៉ារីស

ក្រោយពីចុះកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីកម្ពុជាប្រជាធិបតេយ្យ (ឬខ្មែរក្រហម) ក៏បាន​ប្រែក្លាយខ្លួន​ទៅជា គណបក្សកម្ពុជាប្រជាធិបតេយ្យ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោត ដែលត្រូវរៀបចំធ្វើ នៅខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អ.ស.ប.។ ក៏ប៉ុន្តែ ក្រោយមក ខ្មែរក្រហម​បាន​ប្រកាស​ធ្វើពហិការ​ឈប់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​វិញ ព្រមទាំង​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀតផង ដោយ​អះអាង​ថា កងទ័ព​វៀតណាម​នៅ​មិនទាន់​បាន​ដកចេញ​អស់​ពី​កម្ពុជា​នៅឡើយ។ ក៏ប៉ុន្តែ មូលហេតុពិត ប្រហែលជា​ខ្មែរក្រហម​មិនមាន​ជំនឿ​លើ​ខ្លួនឯង​ថា​នឹង​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ ជាពិសេស ក្រោយពី​មើលឃើញ​ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​នឹង ខៀវ សំផន និង សុន សេន ពេល​ដែល​ពួកគេ​បាន​ធ្វើដំណើរ​ចូលមក​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ១៩៩១ ដើម្បី​បំពេញ​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សាជាតិ​ជាន់ខ្ពស់។

បើទោះជាក្នុងហេតុផលណាមួយក៏ដោយ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស បាន​ធ្វើឲ្យ​ខ្មែរក្រហមក្លាយទៅជាក្រុមឧទ្ទាមក្រៅច្បាប់។ សហគមន៍​អន្តរជាតិ​លែង​ទទួលស្គាល់​ខ្មែរក្រហម​ជា​រដ្ឋាភិបាល​និរទេស​ដូចមុន​ទៀតហើយ។

មេដឹកនាំខ្មែរក្រហម​ចុះចូលជាមួយរដ្ឋាភិបាល

នៅឆ្នាំ១៩៩៦ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហម បានចុះចូលជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាថ្នូរនឹងការលើកលែងទោស ពីព្រះមហាក្សត្រខ្មែរ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត បានបញ្ជាឲ្យគេសម្លាប់សុន សេន ព្រមទាំង​ក្រុមគ្រួសារ ដោយចោទថា សុន សេន បានព្យាយាមចរចាសុំចុះចូលជាមួយរដ្ឋាភិបាលដូច អៀង សារី ដែរ។ ក្រោយពីបានសម្លាប់ សុន សេន រួចហើយ ប៉ុល ពត បានព្យាយាមរត់​គេចខ្លួន​ចេញទៅក្រៅប្រទេស ប៉ុន្តែ ត្រូវបានទាហានខ្មែរក្រហមក្រោមបញ្ជារបស់តាម៉ុក ចាប់ខ្លួន។ នៅឆ្នាំ១៩៩៨ មេដឹកនាំ​ជាន់ខ្ពស់​ពីររូប​ទៀត​របស់ខ្មែរក្រហម គឺ ខៀវ សំផន អតីត​ប្រមុខរដ្ឋ និង នួន ជា អតីតប្រធានរដ្ឋសភា និង​ជា​អនុលេខាបក្សកុម្មុយនិស្តកម្ពុជា ក៏បាន​ចុះចូល​​ជាមួយ​រដ្ឋាភិបាលដែរ។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ក៏បានស្លាប់បាត់ទៅទៀត ដែល​ធ្វើឲ្យ​ខ្មែរក្រហម​នៅសល់​តែ​មេដឹកនាំម្នាក់ប៉ុណ្ណោះ គឺ តាម៉ុក។ នៅខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ដែលជា​មេដឹកនាំ​ចុងក្រោយ​របស់ខ្មែរក្រហម ក៏ត្រូវបានទាហានរដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​យកទៅ​ដាក់ឃុំ​នៅ​ភ្នំពេញ។ ពេលនោះហើយដែលអង្គការចាត់តាំងខ្មែរក្រហម ទាំងខាងយោធា និង​ខាង​នយោបាយ​ត្រូវបាន​រលំរលាយ​ជា​ស្ថាពរ។

មេដឹកនាំខ្មែរក្រហមប្រឈមមុខនឹងការកាត់ទោស

នៅពេលនេះ ជាង៣០ឆ្នាំ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ អតីត​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហមកំពុងប្រឈមមុខនឹងការកាត់ទោសចំពោះបទឧក្រិដ្ឋ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ក្នុងពេល​កាន់អំណាច។ អៀង សារី និងខៀវ សំផន បាន​ទទួលស្គាល់​ថា ក្នុងពេល​ដែល​ពួកគេ​កាន់អំណាច គឺពិតជាមានការសម្លាប់រង្គាលមែន ក៏ប៉ុន្តែ នៅក្នុង​តុលាការ មិនមាន​អ្នកណាម្នាក់​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ទទួលខុសត្រូវលើបទឧក្រិដ្ឋនេះ​ទេ ដោយ​ម្នាក់ៗ​ព្យាយាម​ឆ្លើយដោះសារថា មិនបានដឹងរឿង ឬមិនមានអំណាច។

ចំណែកនួន ជា វិញ ដែលជាមនុស្សមានអំណាចទីពីរ បន្ទាប់ពី ប៉ុល ពត មិនត្រឹមតែមិន​ទទួលស្គាល់​កំហុសរបស់ខ្លួននោះទេ តែថែមទាំងអះអាង នៅក្នុងអង្គសវនាការថា ខ្មែរក្រហម គឺ​ជា​អ្នកស្នេហាជាតិ លះបង់សាច់ញាតិ ប្តូរជីវិត ដើម្បីការពារប្រទេស​ពី​ការ​ឈ្លានពាន​របស់​វៀតណាម។

ជាទូទៅ គេសង្កេតឃើញថា នៅពេលនិយាយដល់ការសម្លាប់រង្គាលប្រជាជនកម្ពុជា ក្នុង​សម័យ​កម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមស្ទើរតែទាំងអស់ នាំគ្នា​ឆ្លើយ​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ ជាពិសេស ទៅលើវៀតណាម និងទៅលើ ប៉ុល ពត ដែល​បាន​ស្លាប់​បាត់​ទៅហើយ៕

Advertisements

Posted on ខែ​មករា 19, 2012, in ខ្មែរក្រហម. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ការ​រលំរលាយ​នៃ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: