កាលពីថ្ងៃសុក្រ ៦មករា កន្លងទៅនេះ លោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារាំង បាន​ប្រកាស​ថា បារាំង​នឹង​បង្កើត​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ​តែ​ម្នាក់ឯង ទោះបី​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប​មិន​ឯកភាពគ្នា​ក៏ដោយ។ការ​បង្កើត​ពន្ធ​នេះ​អាចនឹង​ជា​សំណុំរឿង​ចម្បង​មួយ ក្នុង​ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ។ តើ​ពន្ធ​លើ​ផលិតផល​ហិរញ្ញវត្ថុ​គឺ​ជា​អ្វី? បង្កើត​ដើម្បី​អ្វី?

បទវិភាគ​របស់ សេង ឌីណា

គំនិតបង្កើតពន្ធលើការជួញដូរផលិតផលហិរញ្ញវត្ថុបានចាប់កំណើតឡើង កាលពីឆ្នាំ១៩៧២ ពី​សេដ្ឋវិទូអាមេរិកម្នាក់ គឺលោកជេមស៍ តូប៊ីន (James Tobin) សាស្រ្តាចារ្យសេដ្ឋកិច្ច នៅ​សកលវិទ្យាល័យ Yale និងសកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែលសេដ្ឋកិច្ច នៅឆ្នាំ១៩៨១។ ហេតុដូច្នេះហើយទើបគេនាំគ្នាប្រសិទ្ធិនាមថា “ពន្ធតូប៊ីន”។

តាមគំនិតពីដំបូង លោកតូប៊ីន ចង់ឲ្យបង្កើតពន្ធនេះ ទៅលើតែទីផ្សាររូបិយវត្ថុតែប៉ុណ្ណោះ។ គោលដៅចម្បង គឺដើម្បីកម្រិតសកម្មភាពជួញដូរបែប Speculative ដែលជាដើមចម បង្ក​ឲ្យ​មានអស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ ចំណែកលុយដែលបានពីការប្រមូលពន្ធនេះ គេអាចយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។ ក្រោយមក គំនិត​របស់​លោក​តូប៊ីន ត្រូវបានគេយកទៅពង្រីកបន្តទៅលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវេទីវ (Derivatives) ជាដើម។

ការយកពន្ធលើផលិតផលហិរញ្ញវត្ថុ មានន័យថា នៅពេលដែល​មាន​ការទិញលក់​ផលិតផល​ហិរញ្ញវត្ថុ (រូបិយវត្ថុបរទេស ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវាទីវ ជាដើម) គេត្រូវ​បង់ពន្ធតាមអត្រាមួយកំណត់ (០,១% ០,៥% ឬ១% នៃតម្លៃផលិតផល) ដូចក្នុងករណី​ទិញលក់​ផលិតផល នៅលើទីផ្សារធម្មតាដែរ។

ជាទូទៅ គេសង្កេតឃើញថា ការទិញដូរស្ទើតែគ្រប់មុខទំនិញតែងតែមានពន្ធ។ សូម្បីតែ​ការទិញ​ចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបង់ពន្ធដែរ គឺពន្ធលើតម្លៃបន្ថែម។ ចំណែកការទិញដូរផលិតផលហិរញ្ញវត្ថុវិញ មិនត្រូវបានគេយកពន្ធនោះទេ ដែលជាហេតុ​ធ្វើឲ្យ​មានការរិះគន់ថា ជារឿងមិនយុត្តិធម៌។ អ្នកក្រីក្រតូចតាចគ្រាន់តែទិញម្ហូបអាហារ​ក៏ត្រូវ​បង់​ពន្ធ។ ចំណែកឯអ្នកជួញដូរផលិតផលហិរញ្ញវត្ថុ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ បែរជាមិនបង់ពន្ធទៅវិញ។

វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់បំណុលអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ បានធ្វើឲ្យចលនា​គាំទ្រ​ពន្ធលើផលិតផលហិរញ្ញវត្ថុកើតមានកាន់តែខ្លាំងឡើងថែមទៀត។ អ្នកដែលគាំទ្រ ដូចជានៅបារាំង ជាដើម យល់ថា ពន្ធនេះមិនត្រឹមតែអាចជួយរក្សាស្ថិរភាពហិរញ្ញវត្ថុនោះទេ ប៉ុន្តែ លុយដែលបានពីការប្រមូលពន្ធនេះអាចនឹងជួយកាត់បន្ថយឧនភាពថវិការបស់រដ្ឋ​ទៀតផង។

គណៈកម្មការអឺរ៉ុបបានស្នើឲ្យបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ នៅក្នុងក្របខ័ណ្ឌសហភាព​អឺរ៉ុប​ទាំងមូល។ សំណើនេះបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសអាល្លឺម៉ង់ បារាំង និង​អ៊ីតាលី។ ក៏ប៉ុន្តែ អង់គ្លេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យហិរញ្ញវត្ថុ បានជំទាស់​យ៉ាង​ដាច់អហង្ការ។

កាលពីថ្ងៃសុក្រ លោកនីកូឡា សាកូហ្ស៊ី បានប្រកាសថា បារាំងនឹងបង្កើតពន្ធលើ​ផលិតផល​ហិរញ្ញវត្ថុ​តែម្នាក់ឯង ទោះបីគ្មានការឯកភាពគ្នាក្នុងសហភាពអឺរ៉ុបក៏ដោយ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ និងអ៊ីតាលីវិញហាក់ដូចជាមិនចង់ដើរតាមផ្លូវរបស់លោកសាកូហ្ស៊ីនេះទេ ដោយនៅ​ទទូច​ទាមទារ​ឲ្យមានពន្ធ ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប ឬយ៉ាងហោចណាស់ ក្នុងក្របខ័ណ្ឌប្រទេស​ចាយ​លុយអឺរ៉ូ (១៧ប្រទេស)។

គេបារម្ភថា ប្រសិនបើពន្ធលើផលិតផលហិរញ្ញវត្ថុមិនត្រូវបង្កើតនៅគ្រប់ប្រទេសទេនោះ អ្នក​ជួញដូរ​ផលិតផលហិរញ្ញវត្ថុនឹងរត់ចេញពីប្រទេសមានពន្ធ ទៅរកស៊ីនៅក្នុង​ប្រទេស​ដែល​អត់​ពន្ធ។ ក្នុងករណីនេះ ប្រទេសដែលបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុនឹងត្រូវ​ទទួលរង​នូវ​ការ​ខូចខាត​ខ្លាំង។ ប្រាក់ចំណូលមកពីការប្រមូលពន្ធក៏បានតិច។ មូលធនក៏ត្រូវហូរចេញទៅកាន់​ប្រទេស​ផ្សេង។ ការបិទទ្វារឈប់រកស៊ីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏អាចបណ្តាលឲ្យ​ប្រជាជន​បាត់បង់ការងារធ្វើ។ ស្ថិរភាពហិរញ្ញវត្ថុក៏មិនប្រាកដថាអាចធានាបាន ព្រោះ បើ​វិបត្តិ​ហិរញ្ញវត្ថុកើតឡើងនៅប្រទេសផ្សេង វានៅតែអាចរាលដាលមកដល់វិញជាដដែល។

បទពិសោធន៍ជូរចត់នេះ ប្រទេសស៊ុយអែតធ្លាប់បានឆ្លងកាត់រួចមកហើយ។ កាលពីឆ្នាំ១៩៨៤ ស៊ុយអែតបានសម្រេចបង្កើតពន្ធលើការជួញដូរភាគហ៊ុន ដោយកំណត់អត្រា ០,៥%។ ក៏ប៉ុន្តែ គ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយការបង្កើតពន្ធនេះ សកម្មភាពជួញដូរមូលបត្រនៅស៊ុយអែត​បាន​ធ្លាក់ចុះរហូតដល់ទៅ ៨៥%។ លុយដែលបានពីការប្រមូលពន្ធនេះ ដែលពីដំបូង​គេ​ប៉ាន់ប្រមាណ​ថានឹងអាចបាន ១ ៥០០លាន ក្នុងមួយឆ្នាំ ទីបំផុត បានត្រឹមតែ ៥០លាន​ប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែតក៏បានសម្រេចលុបពន្ធនេះចោលវិញ នៅឆ្នាំ១៩៩១។

នៅពេលនេះ ប្រទេសធំៗមួយចំនួន ដូចជា អាមេរិក អង់គ្លេស កាណាដា ចិន និងឥណ្ឌា ជាដើម សុទ្ធតែប្រឆាំងនឹងការបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ៕

Posted on ខែមករា 19, 2012, in នាទីច្បាប់តាមវិទ្យុបារាំងអន្តរជាតិ, នីតិពន្ធដារ និង គយ, ព័ត៌មានទាក់ទងវិស័យច្បាប់, សេដកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on តើ​អ្វីទៅ​ជា​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ?.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: