ប្រភព៖​ RFI   (http://www.khmer.rfi.fr/hungary-new-constitution-draws-concerns )

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​ទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​មើល​ឡើង​វិញ អំពី​​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ហុងគ្រី ដែល​អាច​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប។ កាល​ពីថ្ងៃ​ចន្ទ ប្រជាជន​ហុងគ្រី​ប្រមាណ​ជា ១០ម៉ឺននាក់ បាននាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែលគេ​យល់ថា កំពុង​តែ​នាំ​ហុងគ្រី​ទៅ​រក​របប​ដឹកនាំ​បែបផ្តាច់ការ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា

គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី Viktor Orban ដែល​​​បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​​សំឡេង​ភាគច្រើន​ ២ភាគ៣ ក្នុង​សភា​ហុងគ្រី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ បាន​​រៀបចំ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី កាលពី​ខែ​មេសា ឆ្នាំ​២០១១។ ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​​ទើប​នឹង​​​ចូលជាធរមាន កាលពីថ្ងៃ​ទី១ មករា ២០១២​កន្លងទៅនេះ។

នៅថ្ងៃ​ចន្ទ ​ទី២ មករា នៅពេល​ដែល​រដ្ឋាភិបាល​​កំពុង​រៀបចំ​ពិធី​អបអរ​សាទរ​រដ្ឋធម្មនុញ្ញ​ថ្មី ក្រុមប្រឆាំង​ប្រមាណ​ជិត ១០ម៉ឺននាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​ក្នុង​​រដ្ឋធានី​​ប៊ុយដាប៉ែស ដើម្បី​​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែល​ពួកគេ​យល់ថា កំពុងតែ​ប្រែក្លាយ​ហុងគ្រី​ឲ្យ​ទៅ​ជា​ប្រទេស​​ផ្តាច់ការ ដោយ​បាន​កាត់បន្ថយ​អំណាច​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាត់បន្ថយ​ឯករាជ្យ​​នៃ​ប្រព័ន្ធ​តុលាការ ព្រមទាំង​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការ Amnesty International រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ព្រមទាំង​សហភាព​អឺរ៉ុប​ ក៏​ធ្លាប់​បាន​រិះគន់​​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ដែរ។

កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​ទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ធ្វើការ​ត្រួតពិនិត្យ​មើល​ថា តើ​រដ្ឋធម្មនុញ្ញថ្មី​របស់​ហុងគ្រី​​ស្រប​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​​របស់​សហភាព​អឺរ៉ុប​ដែរ​ឬទេ? យោងតាម​អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប នៅ​ពេលនេះ គណៈកម្មការ​អឺរ៉ុប​កំពុង​តែ​​ធ្វើការ​សិក្សា​លម្អិត​លើ​រដ្ឋធម្មនុញ្ញ​ថ្មីនេះ​ហើយ។

គួរ​បញ្ជាក់ថា ហុងគ្រី គឺ​ជា​សមាជិក​សហភាព​អឺរ៉ុប។ កាលពីខែ​ធ្នូ​កន្លងទៅនេះ ដោយសារ​តែ​ភាពចម្រូងចម្រាស​ជុំវិញ​រដ្ឋធម្មនុញ្ញ​ថ្មី​ គណៈកម្មការ​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​សម្រេច​ផ្អាក​កិច្ចចរចា​​​ជាមួយ​រដ្ឋាភិបាល​ហុងគ្រី លើ​កញ្ចប់ថវិកា​ប្រមាណ ១៥ ទៅ​២០​ពាន់លាន​អឺរ៉ូ ដែល​គេ​គ្រោង​ផ្តល់​ឲ្យ​ហុងគ្រី ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច៕

Advertisements

Posted on ខែ​មករា 19, 2012, in នាទីច្បាប់តាមវិទ្យុបារាំងអន្តរជាតិ, នីតិសាធារណះ, ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ហុងគ្រី​កំពុង​ធ្វើឲ្យ​សហភាព​អឺរ៉ុប​ព្រួយបារម្ភ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: