ប្រភព៖ RFI  (http://www.khmer.rfi.fr/)

រយៈពេល​៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែល​ខ្មែរក្រហម​កាន់អំណាច​នៅ​កម្ពុជា ​ប្រជាជន​កម្ពុជា​ ប្រមាណ​ជិត​២លាន​នាក់ បាន​បាត់បង់​ជីវិត។ ក៏ប៉ុន្តែ នៅក្នុង​បរិបទ​នៃ​សង្រ្គាម​ត្រជាក់ ដែល​មាន​ការ​ប្រឈមមុខ​គ្នា​យ៉ាង​ក្តៅគគុក​រវាង​ប្លុក​សេរី និង​ប្លុក កុម្មុយនិស្ត បទឧក្រិដ្ឋ​របស់​ខ្មែរក្រហម​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បំភ្លេច​ចោល​ បិទភ្នែក ធ្វើ​មិនដឹង មិនឮ អស់​រយៈពេល​ជិត​៣០ឆ្នាំ។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

នៅដើមឆ្នាំ១៩៧៩ នៅពេល​ដែល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សង្រ្គោះ​ជាតិ​កម្ពុជា ​បាន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ (របប​ខ្មែរក្រហម) ពិភពលោក​ទាំងមូល​ក៏បាន​ដឹង​ អំពី​ការ​សម្លាប់​រង្គាល ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​​លើ​ប្រជាជន​កម្ពុជា នៅក្នុង​ពេល​ដែល​ពួកគេ​កាន់អំណាច។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ សហគមន៍​អន្តរជាតិ​មិនត្រឹមតែ​មិនបាន​ថ្កោលទោស​ខ្មែរ​ក្រហម​នោះទេ តែ​ថែមទាំង​បាន​គាំទ្រ​ពួកនេះ​ទៀតផង។ នេះ​ក៏ដោយសារតែ ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ជាពិសេស អាមេរិក និង​ចិន បាន​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម​ នៅ​កម្ពុជា។ វៀតណាម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ដែល​ជា​គូប្រជែង​របស់​អាមេរិក និង​ចិន។

នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ត្រជាក់ ប្រទេស​មហាអំណាច​នាំគ្នា​គិតតែ​ពី​ការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា ដោយ​យក​ប្រទេស​តូចតាច​មក​ធ្វើ​ជា​ឈ្នាន់។ ​ឯ​រឿង​ទុក្ខសោក​វេទនា​របស់​ប្រជាជន​តូចតាច និង​រឿង​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះនោះ មិនជា​រឿង​សំខាន់​ទេ សម្រាប់​ប្រទេស​មហាអំណាច​ទាំងអស់នេះ។

ការផ្តួចផ្តើមគំនិត ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​កើតចេញ​ដំបូង​គេ ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​បើក​សវនាការ​ជំនុំជម្រះ​ដោយ​កំបាំងមុខ លើ​ សាឡុត ស ហៅ ប៉ុល ពត នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ និង អៀង សារី ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស។ មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងពីរ​រូប​នេះ ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

ក៏ប៉ុន្តែ ការ​កាត់ទោស​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ច្រានចោល ក្នុង​ហេតុផល​ថា តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា មិនមែន​ជា​តុលាការ​ឯករាជ ព្រោះ​កម្ពុជា​​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​វៀតណាម។

នៅឆ្នាំ១៩៧៩ គណៈកម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប. បាន​បដិសេធ​មិន​ពិនិត្យ​របាយការណ៍​មួយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​ពី​ភស្តុតាង​ និង​សក្ខីកម្ម ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរ​ក្រហម។ ចាប់ពី​ពេល​នោះ​មក រាល់​ការ​ព្យាយាម​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ដែល​បាន​រួចជីវិត​ពី​របប​ខ្មែរ​ក្រហម ក្នុង​ការ​នាំយក​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស ត្រូវ​បាន​រាំងខ្ទប់​ដោយ​អ.ស.ប. ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ក្នុងការ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម​នៅ​កម្ពុជា។

មេដឹកនាំ​ខ្មែរ​ក្រហម​ក៏​បន្ត​រស់នៅ​ដោយ​សេរី រួចផុត​ពី​រាល់​ការចោទប្រកាន់​ទាំងអស់។ មិនតែប៉ុណ្ណោះ ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​នោះ ថែមទាំង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​តំណាង​ខ្មែរ ដែល​ជា​ជន​រងគ្រោះ ប្រចាំ​នៅអ.ស.ប.​​ទៀតផង។

រហូត​ដល់​ថ្ងៃទី២៣ ខែ​សីហា ឆ្នាំ​១៩៩១ នៅពេល​ដែល​កិច្ចចរចា​ស្វែងរក​សន្តិភាព កំពុង​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​ប៉ារីស ទើប​អនុគណៈកម្មការ​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិ​មនុស្ស ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស អនុម័ត​សេចក្តី​សម្រេច​​មួយ ទទួលស្គាល់​ជា​លើក​ដំបូង​បំផុត​ថា​​ ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ពិត​ជា​កើតមាន​មែន នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម។

ក៏ប៉ុន្តែ នៅពេលនោះ បើ​ទោះជា​អាមេរិក និង​ចិន​​បាន​កាត់បន្ថយ​ការ​គាំទ្រ​លើ​ខ្មែរក្រហម​ហើយ​ក៏ដោយ តែ​ខ្មែរក្រហម គឺ​ជា​ភាគី​ដ៏​សំខាន់​មួយ ក្នុង​កិច្ចចរចា​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា។ ហេតុនេះហើយ​បានជា​​រាល់​លទ្ធភាព​ក្នុងការ​នាំយក​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស​ នៅ​តុលាការ​អន្តរជាតិ​នៅតែ​ត្រូវបាន​គេ​ច្រានចោល​ដដែល។ សូម្បី​តែ​ពាក្យ​ “អំពើ​ប្រល័យ​ពូជសាសន៍” និង​ពាក្យថា “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ” ក៏​ត្រូវបាន​គេ​បដិសេធ​មិនយក​មក​ប្រើ​ដែរ នៅក្នុង​រាល់​ឯកសារ​ផ្លូវការ ដូចជា នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ជាដើម ពាក្យថា “អំពើ​ប្រល័យ​ពូជសាសន៍” និង “ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ” ត្រូវបាន​ជំនួស​មកវិញ​ដោយ​ពាក្យ “នយោបាយ និង​សកម្មភាព​ពី​អតីតកាល”។

រហូតដល់ខែមិថុនា ឆ្នាំ១៩៩៧ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​អគ្គលេខាធិការ​អ.ស.ប. កូហ្វ៊ី​ អាណាន់ (Kofi Annan) ស្នើសុំ​ឲ្យ​អ.ស.ប.​​ជួយ​ដល់​កម្ពុជា ក្នុង​ការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។

នៅពេលនោះ អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី​ខ្មែរក្រហម​ ដែល​ត្រូវបាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​កាត់ទោស​ប្រហារ​ជីវិត កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩ បាន​ចុះចូល​ជាមួយ​ រដ្ឋាភិបាល ហើយ​ថែមទាំង​ត្រូវបាន​ព្រះមហាក្សត្រ នរោត្តម សីហនុ លើកលែងទោស​ទៀតផង។

នៅចុងឆ្នាំ១៩៩៧ មហាសន្និបាត​អ.ស.ប.​ បាន​អនុម័ត​ទទួលយក​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​តុលាការ​ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។ ក៏ប៉ុន្តែ ភាព​មិនចុះសម្រុងគ្នា​​ រវាង​អ.ស.ប.​ និង​​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​រចនាសម្ព័ន្ធ​​របស់​តុលាការ និង​បញ្ហា​លើកលែងទោស​ អៀង សារី បាន​ធ្វើឲ្យ​កិច្ចចរចា​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម​ត្រូវ​ជាប់គាំង​ជាច្រើន​លើក ហើយ​បាន​អូសបន្លាយ​ពេល​រហូត​ដល់ទៅ​​៦ឆ្នាំ ទើប​​បង្កើត​បាន​ជា​តុលាការ​កូនកាត់​មួយ​ឡើង នៅ​ឆ្នាំ២០០៤៕

Advertisements

Posted on ខែមករា 19, 2012, in ខ្មែរក្រហម. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ៣០ឆ្នាំ​នៃ​និទណ្ឌភាព​របស់​មេដឹកនាំ​ខ្មែរក្រហម.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: