ប្រភព៖ RFI

  (http://www.khmer.rfi.fr/credit-downgrade-sarkozy-victim-of-his-own-strategy)

ការបាត់ចំណាត់ថ្នាក់​បំណុល AAA នៅ​តែ ១០០ថ្ងៃ មុន​ការបោះឆ្នោត​ប្រធានាធិបតី កំពុងតែ​ធ្វើ​ឲ្យ​ឱកាស​ជាប់ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​នីកូឡា សាកូហ្ស៊ី ​មាន​កាន់តែ​តិចទៅៗ។ លោក​សាកូហ្ស៊ី ដែល​បាន​យក​ចំណាត់ថ្នាក់​បំណុល​ធ្វើ​ជា​យុទ្ធសាស្រ្ត​សំខាន់ ក្នុង​ការ​រកសំឡេង​គាំទ្រ​ពី​ប្រជាជន កំពុង​តែ​រងគ្រោះ​ដោយ​យុទ្ធសាស្រ្ត​របស់​ខ្លួនឯង។

បទវិភាគ​របស់ សេង ឌីណា

បើគេ​ក្រឡេក​មើលទៅ​មួយ​ឆ្នាំមុន ប្រជាជន​បារាំង​មិនសូវជា​យកចិត្ត​ទុក​ដាក់​លើ​​ចំណាត់ថ្នាក់​​​បំណុល AAA ប៉ុន្មាន​នោះទេ។ បច្ចុប្បន្ន ចំណាត់ថ្នាក់​បំណុល​បាន​ក្លាយ​ជា​សំណុំរឿង​សំខាន់ គឺ​ជា​លទ្ធផល​នៃ​យុទ្ធសាស្រ្ត​របស់​​​លោក​នីកូឡា ​សាកូហ្ស៊ី​ខ្លួនឯង​។

អស់រយៈពេល​ជាច្រើន​ខែ​កន្លងមក​ហើយ ដែល​លោក​នីកូឡា សាកូហ្ស៊ី និង​មន្រ្តី​រដ្ឋាភិបាល​បារាំង តែងតែ​លើកយក​​ចំណាត់ថ្នាក់​បំណុល AAA មកធ្វើ​ជា​សំណុំរឿង​សំខាន់។ លោក​សាកូហ្ស៊ី​បាន​ចេញមុខ​​តាំង​ខ្លួន​ជា​អ្នក​ការពារចំណាត់ថ្នាក់នេះ ព្រោះ​ការ​បាត់បង់​ចំណាត់​ AAA នេះ នឹង​ធ្វើ​ឲ្យ​បារាំង​ត្រូវ​បង់ការ​ប្រាក់​ខ្ពស់ ដើម្បី​ខ្ចី​លុយ​ពី​ទីផ្សារ​មូលបត្រ។

ដើម្បី​ជំរុញ​ការ​​ធ្វើ​កំណែទម្រង់​មួយ​ចំនួន ដែល​ប្រជាជន​មិនសូវ​គាំទ្រ ដូចជា ការ​ដំឡើង​អាយុ​ចូលនិវត្តន៍ ការ​កាត់បន្ថយ​មុខចំណាយ​សាធារណៈ ការ​កាត់បន្ថយ​បុគ្គលិក​រដ្ឋ និង​ការ​ដំឡើង​ពន្ធដារ​ ជាដើម លោក​សាកូហ្ស៊ី​តែងតែ​លើកឡើង​ថា កំណែទម្រង់​ទាំងនេះ គឺ​ជា​រឿង​ចាំបាច់ ដើម្បី​កាត់បន្ថយ​បំណុល​របស់​បារាំង ចៀសវាង​កុំ​ឲ្យ​បារាំង​បាត់បង់​ចំណាត់ថ្នាក់ AAA។

ការការពារ​ចំណាត់ថ្នាក់ AAA នេះ ក៏​ជា​យុទ្ធសាស្រ្ត​មួយ​ដ៏សំខាន់​ដែរ​របស់​លោក​សាកូហ្ស៊ី ក្នុងការ​ប្រជែង​ជាមួយបេក្ខជន​បក្ស​ប្រឆាំង ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី២២ មេសា និង​ថ្ងៃទី៦ ឧសភា ខាងមុខ។

លោក​សាកូហ្ស៊ី​បាន​ខិតខំ​ព្យាយាម​ទាញ​អារម្មណ៍​របស់​ពលរដ្ឋ​បារាំង​ឲ្យ​ផ្តោត​លើ​​ចំណាត់ថ្នាក់ AAA នេះ ដើម្បី​បង្ហាញ​ថា នៅ​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ មាន​តែ​លោក​ទេ ដែល​មាន​បទពិសោធន៍ និង​មាន​សមត្ថភាព ដើម្បី​ដឹកនាំ​បារាំង​ឲ្យ​ឆ្លង​ផុត​ពី​វិបត្តិ​នេះ។ ​​លោក​ហ្វ្រង់ស័រ អូឡង់ (François Holland) ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​សង្គមនិយម (Parti Socialiste) ហើយ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នាំមុខគេនោះ មិនដែល​ទាំង​ធ្វើ​ជា​រដ្ឋមន្រ្តី​ម្តងផង ប្រាកដ​ជា​មិន​មាន​បទពិសោធន៍ ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​នេះ​បានទេ។

ប៉ុន្តែ ទីបំផុត នៅសល់តែ ១០០ថ្ងៃ មុនដល់​ពេល​បោះឆ្នោត ចំណាត់ថ្នាក់​ AAA ក៏ត្រូវ​របូត​ពីដៃ។ គណបក្ស​ប្រឆាំង​បាននាំគ្នា​រិះគន់​ថា ការណ៍​ដែល​បារាំង​ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​នេះ គឺ​ជា​បរាជ័យ​នៃ​នយោបាយ​​របស់​លោក​សាកូហ្ស៊ី ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងទៅនេះ។ ឱកាស​ជាប់ឆ្នោត​​ជាថ្មី​របស់​លោក​សាកូហ្ស៊ី ដែល​កំពុងតែ​មាន​ប្រជាប្រិយភាព​ធ្លាក់​ដុនដាប​ស្រាប់នោះ កាន់តែ​មាន​តិច​ទៅៗ៕

Posted on ខែមករា 22, 2012, in នយោបាយប្រទេសផ្សេងៗ. Bookmark the permalink. Comments Off on ចំណាត់ថ្នាក់ AAA៖ យុទ្ធសាស្រ្ត “កាំបិត​ចិត​ដង​ឯង” របស់​លោក​សាកូហ្ស៊ី.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: