ប្រភព​ ​RFI

ចំពោះ​មុខ​តំណាង​​ប្រទេស​​មហាអំណាច​ទាំង​៥ ជា​សមាជិក​​ អចិន្ត្រៃយ៍​របស់​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​​​​អង្គការ​សហប្រជាជាតិ​រួម​ មាន ​ចិន ​អាមេរិក​ បារាំង​ អង់គ្លេស​ និង​​រុស្ស៊ី​ នៅ​​ព្រឹក​​ថ្ងៃ​ទី​​២០ ​ខែ​​មករា​​នេះ ​លោក​​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​ បាន​ជំរុញ​​ឲ្យ​​ប្រទេស​​មហា​អំណាច​​ទាំង​​៥​ ចុះ​ហត្ថលេខា​​លើ​​ពិធី​សារ​​នៃ​​សន្ធិសញ្ញា​ស្ដីពី​ តំបន់​​អាស៊ី​អាគ្នេយ៍​ គ្មាន​​អាវុធ​​នុយក្លេអ៊ែរ​។​ ក្នុង​នាម​​ជា​​ប្រធាន​​អាស៊ាន ​ប្រមុខ​​ការទូត​​កម្ពុជា​​ចង់​ឲ្យ​​ប្រទេស​​មហា​អំណា​ច​ទាំង​​៥​ ចុះ​ហត្ថលេខា​​លើ​​ពិធីសារ​​នោះ​នៅ​ក្នុង​​កិច្​ចប្រជុំ​នា​​ខែ​​កក្កដា​​ ខាង​មុខ​។​​

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

20/01/2012 by លី ម៉េងហួរ

លោក ហោ ណាំហុងរដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​ជួប​ជាមួយ​ឯក​អគ្គរាជទូត ឯកអគ្គរដ្ឋទូត និង​ភារធារី ស្ថានទូត​អាមេរិក អង់គ្លេស បារាំង ចិន និង​ទូត​រុស្ស៊ី កាលពី​ព្រឹក​មិញ​។

ក្រោយ​ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ ប្រហែល ១ ម៉ោង លោក កុយ គួង អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​​កម្ពុ​ជា បានឲ្យដឹងថា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ហោ ណាំហុង បាន​ជំរុញ​ឲ្យ​ប្រទេស​មហាអំណាច​ទាំង​៥ធ្វើយ៉ាងណា​ឆ្លើយ​តប​​ឲ្យបាន​ឆាប់ ដើម្បី​​​​​ឲ្យ​អាចចុះហត្ថលេខា​លើពិធីសារ នៃសន្ធិសញ្ញា ស្តីពី តំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធ​នុយក្លេអ៊ែរ ក្នុងពេ​ល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ​។

​ការចុះហត្ថលេខា​របស់​ប្រទេស​មហាអំណាច​ទាំង​៥ លើ​ពិធីសារ នៃ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​លោក កុយ គួង អត្ថាធិប្បាយ​ថា ទី​១-​ដើម្បី​ធ្វើឲ្យ​តំបន់​អាស៊ីអាគ្នេយ៍ ជា​តំបន់​មួយ គឺ​ពិតជា​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ទី​២-​រួមចំណែក​ក្នុង​ការពង្រឹង​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​ នុយក្លេអ៊ែរ​។

​តាម​អ្នកនាំពាក្យ នៅក្នុង​ជំនួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​ទាំង​៥​នោះ លោក ហោ ណាំហុង បានប្រគល់​ឯកសារ ជាពិសេស​សំណួរ ៣ ដែល​កម្ពុជា​សុំឲ្យ​ប្រទេស​មហាអំណា​ច​ទាំង​៥ ឆ្លើយបំភ្លឺ​ឲ្យបាន​ឆាប់​។ សំណួ​រទាំង​៣​នោះ មាន​លក្ខណៈ​បច្ចេកទេស​លម្អិត ដែល​លោក កុយ គួង សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ទេ​។

​នៅ​ឆ្នាំ​១៩៩៥ អាស៊ាន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ស្ដីពី តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ នៅ​ឆ្នាំ​១៩៩៧ សន្ធិសញ្ញា​នេះ បាន​ចូល​ជា​ធរមាន​។ ការពិគ្រោះ​យោបល់​ផ្ទាល់​រវាង​អាស៊ាន និង​ប្រទេស​មហាអំណាច​ទាំង​៥ បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០០១ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហាណូយ និង​កិច្ចប្រជុំ​ជាច្រើន​ទៀត រហូត​មក​ដល់​ឆ្នាំ​២០១១ ទើប​ប្រទេស​មហាអំណាច​ទាំង​៥ បាន​ឯកភាព​ជា​គោលការណ៍ដើម្បី​ចុះ​ហត្ថលេខា​​លើ​ពិធីសារនៃ​សន្ធិសញ្ញាស្តីពី តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ​។

​លោក កុយ គួង បាន​បន្ថែមថា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និង​ភារធារី នៃ​ប្រទេស​មហា​អំណាច​​ទាំង​៥ មិន​បាន​មាន​យោបល់​អ្វី​ទេ តែ​គេ​សន្យាថា នឹង​បញ្ជូន​សំណើ​នេះ ទៅ​ឲ្យ​រដ្ឋាភិបាល​។​

​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ទូត​តំណាង​ប្រទេស​មហាអំណាច​ទាំង ៥ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ បាន​ធ្វើឡើង ក្រោយពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត នៅ​​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២​។

ជា​លទ្ធផល កិច្ចប្រជុំ បាន​ឯកភាព ជំរុញ​ឲ្យមាន​ការវិវ​ឌ្ឍ​ន៍ ក្នុង​ការចរចា​រវាង​អាស៊ាន ជាមួយ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែ​រ ទាំង ៥ ប្រទេស ស្តីពី ពិធីសារ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​ឲ្យបាន​ឆាប់ នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ក្នុង​ការកសាង​របប​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​៕​

Posted on ខែមករា 23, 2012, in ព័ត៍មានទូទៅ. Bookmark the permalink. Comments Off on កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​៥​ ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា គ្មានអាវុធនុយក្លេអ៊ែរ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: