ប្រភព  RFI  (http://www.khmer.rfi.fr/asia/20110404)

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត ដោយ​សូម​​និយាយ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​តៃវ៉ាន់។
នៅ​លើ​ក្រឡា​អុក​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន និង​នៅ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃ ចិន ​ដី​គោក​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​បើ​ធៀប​ទៅ​នឹង​ចិន​តៃវ៉ាន់ បាន​ន័យ​ថា ចិន​កុម្មុយនិស្ត​ប្រៀប​បាន​នឹង​សត្វ​ឆ្មា រី​ឯ​ចិន​តៃវ៉ាន់​វិញ​ប្រៀប​បាន​នឹង​សត្វ​កណ្តុរ។

ចំពោះ​ថ្នាក់​ដឹកនាំ​ចិន អូសទាញ​តៃវ៉ាន់​មក​ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ជា​ការ​មួយ​ចាំបាច់​បំផុត។ ពីព្រោះ​ចិន​នឹង​មិន​អាច​មាន​ឈ្មោះ​ជា​មហា​អំណាច​តំបន់ ឬ​ជា​មហា​អំណាច​ពិភពលោក​ពិត​ប្រាកដ​បាន​ទេ ប្រសិន​បើ​នៅ​តែ​មាន​ដូច​អ៊ីចឹង​ត​ទៅ​ទៀត ចិន​ដី​គោក និង​ចិន​តៃវ៉ាន់ ចិន​កុម្មុយនិស្ត និង​ចិន​ប្រជាធិបតេយ្យ នៅ​លើ​ឆាក​អន្តរជាតិ។

វត្តមាន​នៃ​ប្រទេស​ចិន​ពីរ​បាន​ផ្តើម​ឡើង តាំង​ពី​ឆ្នាំ​១៩៤៩​មក​ម្ល៉េះ។ កាល​ណោះ កង​ទ័ព​អ្នក​ជាតិ​និយម​ចិន​ដែល​ដឹកនាំ​ដោយ ជាង កាយជាក​ (Chiang Kai-Shek) បាន​ច្បាំង​ចាញ់​កង​កម្លាំង​កុម្មុយនិស្ត​របស់ ម៉ៅ សេទុង (Mao Tsé-Toung) ហើយ​បាន​មក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិន នៅ​លើ​កោះ​តៃវ៉ាន់។ រី​ឯ ម៉ៅ សេទុង វិញ បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ឆ្នាំ​១៩៤៩ នោះ​ដែរ។

ក្រោយ​មក ចិន​ដី​គោក​បែរ​ទៅ​ខាង​ពិភព​កុម្មុយនិស្ត ចំណែក​តៃវ៉ាន់​វិញ ចុះ​ចូល​ជាមួយ​លោក​សេរី ជាហេតុ​ធ្វើ​ឲ្យ​ដែនដី​ទាំង​ពីរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​ប្រឆាំង​គ្នា ទាំង​នៅ​លើ​វិស័យ​របប​នយោបាយ ទាំង​នៅ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច។ នៅ​ខាង​ចិន​ដី​គោក គឺ​ជា​អំណាច​ផ្តាច់ការ និង​សេដ្ឋកិច្ច​ផែនការ។ នៅ​ខាង​ចិន​តៃវ៉ាន់​វិញ គឺ​ជា​របប​ពហុបក្ស និង​សេដ្ឋកិច្ច​ផ្សារ​សេរី។

តាម​ការ​ពិត គ្មាន​ឡើយ​វប្បធម៌​នយោបាយ​រួម​រវាង​ចិន​ដី​គោក​ និង​ចិន​តៃវ៉ាន់ ហើយ​ក៏​គ្មាន​ដែរ​ប្រវត្តិសាស្ត្រ​រួម។ ពីព្រោះ​កាល​ពី​ដើម តៃវ៉ាន់​បាន​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​ចិន​តែ​ដប់​ឆ្នាំ​ ប៉ុណ្ណោះ គឺ​ពី​ឆ្នាំ​១៨៨៥​ដល់​ឆ្នាំ​១៨៩៥។ នៅ​ឆ្នាំ​១៨៩៥ សន្ធិសញ្ញា​មួយ​ដែល​មាន​ឈ្មោះ​ថា​សន្ធិសញ្ញា​Shimonoseki បាន​ផ្ទេរ​តៃវ៉ាន់​ទៅ​ឲ្យ​ជប៉ុន ហើយ​ជប៉ុន​បាន​បាត់​បង់​កោះ​នេះ​ទៅ​វិញ​នៅ​ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​បាន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ។ និយាយ​រួម ក្រៅ​ពី​ភាសា គ្មាន​ឡើយ​អត្តសញ្ញាណ​រួម​និង​ព្រហ្មលិខិត​រួម រវាង​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​ក្រឡា​អុក​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ចិន​ដី​គោក​ប្រៀប​បាន​នឹង​សត្វ​ឆ្មា រី​ឯ​ចិន​តៃវ៉ាន់​វិញ​ប្រៀប​បាន​នឹង​សត្វ​កណ្តុរ។ នៅ​ចំពោះមុខ​មហា​យក្ស​ចិន​កុម្មុយនិស្ត​ដែល​សហគមន៍​អន្តរជាតិ​កោតខ្លាច តៃវ៉ាន់​ដែល​ជា​ដី​មួយ​កូន​ដុំ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​សមុទ្រ ពឹង​ពាក់​បាន​តែ​ទៅ​លើ​ប្រទេស​សម្ព័ន្ធ​មិត្រ​ពីរ​ឬ​បី​តែ​ប៉ុណ្ណោះ ដែល​នៅ​ឆ្ងាយ​ឬ​សែន​ឆ្ងាយ​ពី​ខ្លួន។ សម្ព័ន្ធភាព​នោះ​ទៀត​សោត មិន​អាច​ជា​សម្ពន្ធ័ភាព​សម្រាប់​យុទ្ធសាស្រ្ត​យោធា​វាយលុក​បាន​ទេ គឺ​សម្រាប់​តែ​យុទ្ធសាស្ត្រ​ការពារ​មួយ​មុខ​ប៉ុណ្ណោះ​ក្នុង​ករណី​ណា​ដែល​មាន ​ការ​ឈ្លានពាន​ពី​សំណាក់​ចិន​ដី​គោក។

បើ​និយាយ​ពី​ចំនួន​មនុស្ស​វិញ ប្រជាជន​តៃវ៉ាន់​ប្រមាណ​ជាង​២៣​លាន​នាក់ គ្មាន​ទម្ងន់​ឡើយ នៅ​ចំពោះ​មុខ​ប្រជាជន​ចិន​ដី​គោក​ប្រមាណ​ជាង​១ ៣០០​លាន​នាក់។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​ចិន​ដី​គោក​កំពុង​បង្កើន​សមត្ថភាព​យោធា ក្នុង​គោលដៅ​បង្រួបបង្រួម​ចិន​ពីរ​ឲ្យ​ទៅ​ជា​ចិន​តែ​មួយ តៃវ៉ាន់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​ការ​ទូត​បន្តិច​បន្តួច​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខ្លួន​ឋិត​ក្នុង​ភាព​ឯកា ខ្លាំង​ពេក​នៅ​លើ​ឆាក​អន្តរជាតិ។

តាម​ការ​ពិត ជោគ​វាសនា​របស់​តៃវ៉ាន់ អាស្រ័យ​សឹង​ទាំង​ស្រុង​ទៅ​លើ​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ដូច​មាន​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៨០ ជា​ឧទាហរណ៍​ជាក់​ស្តែង​ស្រាប់។ កាល​ណោះ អាមេរិក​ដែល​បាន​សម្រេច​ចិត្ត​សម្រួល​ទំនាក់​ទំនង​ជាមួយ​ចិន​កុម្មុយនិស្ត​ វិញ បាន​បំភ្លេច​ចោល​ទាំង​ស្រុង​ពាក្យ​សន្យា​របស់​ខ្លួន​ថា​គាំ​ទ្រ​និង​ការពារ​ តៃវ៉ាន់​រៀង​រហូត។ គឺ​ការ​ផ្លាស់​ប្តូរ​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋអាមេរិក​បែប​នេះ​ហើយ ដែល​បាន​បើក​លទ្ធភាព​ឲ្យ​ចិន​ដី​គោក​ឡើង​មក​អង្គុយ​អាសនៈ​អង្គការ​ សហប្រជាជាតិ ជំនួស​​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧១។

ស្ថានភាព​រឹងរឹត​តែ​ធ្ងន់ធ្ងរ​សម្រាប់​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧២ នា​ពេល​ដែល​ប្រធានាធិបតី​អាមេរិក Nixon បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កុម្មុយនិស្ត។ ពីព្រោះ​កាល​នោះ សេចក្តី​ថ្លែង​ការណ៍​រួម​នៅ​សៀងហៃ​រវាង​ចិន​និង​អាមេរិក​ទទួល​ស្គាល់​ជា​លើក ​ទី​មួយ​បង្អស់​គោលការណ៍​នៃ​ឯកភាព​របស់​ចិន ដែល​ក្រោយ​មក​ក្លាយ​ជា​គោលការណ៍​ប្រទេស​ចិន​តែ​មួយ​គត់ នៅ​លើ​ឆាក​អន្តរជាតិ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៧៩ អាមេរិក​បាន​សម្រេច​បិទ​ជា​ស្ថាពរ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​តៃវ៉ាន់ ហើយ​បាន​បែរ​មក​សម្រួល​ទំនាក់ទំនង​ទូត​ជា​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​វិញ។

តាំង​ពី​ពេល​នោះ​មក ចិន​កុម្មុយនិស្ត​ឈប់​ប្រើ​ពាក្យ​រំដោះ​តៃវ៉ាន់​នៅ​ក្នុង​សុន្ទរកថា​ជា​ ផ្លូវការ​ហើយ​ស្នើ​នៅ​ឆ្នាំ​១៩៨៣​ឲ្យ​តៃវ៉ាន់​ទទួល​យក​លក្ខន្តិកៈ​ជា​តំបន់​ រដ្ឋបាល​ពិសេស ពោល​គឺ​តៃវ៉ាន់​អាច​បន្ត​រក្សា​ស្វ័យភាព​និង​ប្រព័ន្ធ​គ្រប់គ្រង​ដាច់​ដោយ​ ឡែក​របស់​ខ្លួន​ត​ទៅ​ទៀត​បន្ទាប់​ពី​បង្រួបបង្រួម​ជា​មួយ​ចិន​ដី​គោក​ហើយ។ តែ​កាល​ណោះ តៃវ៉ាន់​ច្រាន​ចោល​មិន​ព្រម​ទទួល​សំណើ​នេះ។ ម៉្លោះហើយ តាំង​ពី​ពេល​នោះ​មក តំបន់​ដៃ​សមុទ្រ​Formose ក្លាយ​ជា​ចំណុច​ក្តៅ​គគុក​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​លោក ដោយហេតុតែ​ជម្លោះ​កាន់​ខ្លាំង​ឡើង រវាង​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់។

ម្តង​ហើយ​ម្តង​ទៀត ចិន​ដី​គោក​គំរាម​ថា​នឹង​ប្រើ​កម្លាំង​ទ័ព​វាយ​យក​តៃវ៉ាន់។ ថ្នាក់ដឹកនាំ​ចិន​អះអាង​ថា នឹង​មាន​អន្តរាគមន៍​យោធា​ភ្លាម​មួយ​រំពេច បើ​សិន​ជា​ទី​មួយ តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ ទី​ពីរ​បើ​សិន​ជា​តៃវ៉ាន់​ហ៊ាន​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ ក្នុង​គោលដៅ​ផលិត​គ្រាប់បែក​បរមាណូ និង​ទី​បី​បើ​សិន​ជា​តៃវ៉ាន់​នៅ​តែ​ចចេស​មិន​ព្រម​ចរចា ដើម្បី​បង្រួបបង្រួម​ចិន​ទាំង​ពីរ​ឲ្យ​ទៅ​ជា​ចិន​តែ​មួយ​ទេ​នោះ។

សហរដ្ឋអាមេរិក​វិញ បន្ត​លាក់​បាំង​បំណង​ពិត​ប្រាកដ​របស់​ខ្លួន។ នៅ​ម្ខាង អាមេរិក​ទទួល​ស្គាល់​ជា​ផ្លូវការ​គោលការណ៍​ប្រទេស​ចិន​តែ​មួយ។ នៅ​ម្ខាង​ទៀត អាមេរិក​ប្រឆាំង​មិន​ឲ្យ​ចិន​កុម្មុយនិស្ត​ប្រើ​កម្លាំង​យោធា​វាយ​យក​ តៃវ៉ាន់​ទាំង​កម្រោល។ និយាយ​បែប​ផ្សេង អាមេរិក​ចង់​ឲ្យ​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់​អង្គុយ​ចរចា​រក​ដំណោះស្រាយ​ដោយ ​សន្តិវិធី។ នៅ​ក្នុង​បរិបទ​បែប​នេះ អាមេរិក​ចាំ​បាច់​ត្រូវ​តែ​លាក់​បាំង​ជំហរ​ពិត​ប្រាកដ​របស់​ខ្លួន ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​តៃវ៉ាន់​បាន​ចិត្ត​ហ៊ាន​ប្រកាស​ឯករាជ្យ និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ចិន​កុម្មុយនិស្ត​ឡើង​ដៃ ហ៊ាន​ប្រើ​ទ័ព​វាយ​យក​តៃវ៉ាន់៕

ពាក្យគន្លឹះ : ចិនតៃវ៉ាន់
Advertisements

Posted on ខែ​មករា 23, 2012, in ព័ត៍មានទូទៅ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ចិន និង តៃវ៉ាន់ ៖ ឆ្មានិងកណ្តុរ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: