ប្រភព RFI   http://www.khmer.rfi.fr/complicated-relations-between-china-us-and-taiwan()

ចិន-អាមេរិក-តៃវ៉ាន់ –
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 30 កក្កដា 2011 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 30 កក្កដា 2011

មន្រ្តី​ជាន់ខ្ពស់ចិន និង​អាមេរិក​បាន​ជួប​ប្រជុំ​គ្នា កាល​ពីថ្ងៃ​សុក្រ ២៩ កក្កដា ២០១១ នៅ​ទីក្រុង​វ៉ាស៊ីងតោន ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​ដែល​អាមេរិក​ចង់​លក់​គ្រឿង​សព្វាវុធ​ទៅ​ ឲ្យ​កោះតៃវ៉ាន់។ អាមេរិក​ព្យាយាម​ស្វះស្វែង​រក​ការយោគយល់​​គ្នា​ជាមួយ​ចិន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​តានតឹង ដូច​កាល​ពី​ឆ្នាំ​ទៅមិញ​ទៀត។ ការជួយ​ពង្រឹង​វិស័យការពារជាតិ​តៃវ៉ាន់ គឺ​ជា​កាតព្វកិច្ច​​ដែល​មាន​ចែងក្នុង​ច្បាប់​អាមេរិក ក៏ប៉ុន្តែ ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួ​យ​ចិន​ក៏​ជា​ផលប្រយោជន៍​ជាតិ​ដ៏សំខាន់​មួយ​ ដែរ។

បទវិភាគ​របស់ សេង ឌីណា

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យដឹង​ថា នៅថ្ងៃ​ទី១ តុលា ២០១១​ខាងមុខនេះ រដ្ឋាភិបាល​អាមេរិក​​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​​ជុំវិញ​សំណើ​របស់​តៃវ៉ាន់ ដែល​សុំ​ទិញ​យន្តហោះ​ចម្បាំង​ធុន F-16 ចំនួន ៦៦​គ្រឿង។

កាលពីថ្ងៃ​សុក្រ ម្សិលមិញ ជំនួប​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង នៅ​ទីក្រុង​វ៉ាស៊ីងតោន រវាង​មន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន ដែល​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ និង​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក។ ខ្លឹមសារ​នៃ​ជំនួប​បិទទ្វារ​នេះ​មិនត្រូវ​បានគេ​ប្រកាស​ឲ្យដឹង​ជា​សាធារណៈ​ នោះទេ។ ក៏ប៉ុន្តែ យោងតាម​បណ្តាញ​សារព័ត៌មាន​ចិន​ស៊ីនហួ (Xinhua) ក្នុង​កិច្ចប្រជុំនេះ មន្រ្តី​ការទូត​ចិន​បាន​​សង្កត់ធ្ងន់អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន ដែល​ជំទាស់​ជានិច្ច​ចំពោះ​ការលក់​អាវុធ​អាមេរិក​ទៅ​ឲ្យ​កោះតៃវ៉ាន់ ពីព្រោះ​ វា​ធ្វើ​​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​ចិន-អាមេរិក​ផង និង​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​សន្តិភាព​រវាង​ចិនដីគោក និង​កោះតៃវ៉ាន់​ផង។

គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០១០​កន្លងទៅនេះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​សម្រេច​អនុញ្ញាត​លក់​គ្រឿង​សព្វាវុធ​ មួយចំនួន​ ទៅ​ឲ្យ​កោះតៃវ៉ាន់ ក្នុង​នោះ​​រួមមាន​ជាពិសេស មីស៊ីល​ប្រឆាំង​មីស៊ីល និង​ឧទ្ធម្ភាគចក្រ​យោធាដ៏ទំនើប ប្រភេទ Black Hawk ។ ការ​សម្រេច​នោះ​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​យ៉ាងខ្លាំង រហូត​​បាន​​ផ្អាក​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​អស់រយៈពេល​ជាច្រើន​ខែ។

កិច្ចប្រជុំ​រវាង​មន្រ្តី​អាមេរិក និង​ចិន កាល​ពី​ម្សិលមិញ​នេះ ទំនង​ជា​ធ្វើ​ឡើង​ក្នុង​គោលដៅ​ ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​បញ្ចៀស​​​ភាព​ចម្រូងចម្រាស​ជាថ្មី​ទៀត នៅ​ពេល​​រដ្ឋាភិបាល​អាមេរិក​ ធ្វើ​ការសម្រេច​រឿង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ នៅ​ខែ​តុលា​ខាងមុខ។

កាល​ពី​ដើម​ខែ​កក្កដា កន្លងទៅ​ថ្មីៗនេះ លោក​ម៉ៃក៍ មូលិន (Mike Mullen) នាយសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន។ ទាក់ទង​នឹង​សំណុំរឿង​តៃវ៉ាន់ លោក​មូលិន​បាន​ប្រាប់​សមភាគី​ចិន​ថា ការលក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ គឺ​ជា​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​អាមេរិក ព្រោះ​វា​មាន​ចែង​ក្នុង​ច្បាប់ ដែល​សភា​អាមេរិក​អនុម័ត កាល​ពី​ឆ្នាំ​១៩៧៩។

កាលពី​សប្តាហ៍​មុន គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​អាមេរិក (House of Representatives) បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​​សម្រេច​លើ​ការ​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។

គួរ​រំឭកឡើងវិញ​ថា នៅមុនឆ្នាំ​១៩៧៩ សហរដ្ឋ​អាមេរិក​ទទួលស្គាល់​​តែ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) មួយ​ប៉ុណ្ណោះ​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន។ ក៏ប៉ុន្តែ នៅ​ខែ​មករា ឆ្នាំ​១៩៩៧៩​ អាមេរិក​ក៏​បាន​ផ្លាស់ប្តូរ​មក​​ទទួល​ស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ ប្រជាមានិត​ចិន (ចិន​ដីគោក) វិញ​ម្តង ហើយ​ទទួលស្គាល់ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​​នៃ​​ប្រទេស​ចិន មិនមែន​ជា​រដ្ឋ​ឯករាជ​នោះទេ (នយោបាយ​ចិនមួយ)។

ក៏ប៉ុន្តែ នៅ​ឆ្នាំ​ដដែល​នោះ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ (Taiwan Relations Act) បង្កើត​កាតព្វកិច្ច​ឲ្យ​រដ្ឋាភិបាល​អាមេរិក​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ​ដូចមុន ក្នុង​នោះ​រួមមាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌ និង​ពាណិជ្ជកម្ម ព្រមទាំង​ទំនាក់ទំនង​ការទូត​ក្រៅផ្លូវការ។ ច្បាប់​នេះ​ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ផ្គត់ផ្គង់​ គ្រឿងសព្វាវុធ​​ សម្រាប់​ឲ្យ​តៃវ៉ាន់​ទុក​ការពារ​ខ្លួន។ បើទោះជា​អាមេរិក​មិនដាក់តាំង​ស្ថានទូត​នៅ​តៃវ៉ាន់ ក៏ប៉ុន្តែ ការិយាល័យ​នៃ​វិទ្យាស្ថាន​មួយ ឈ្មោះ American Institute of Taiwan ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្រុង​តៃប៉ិ ដែល​​មាន​បេសកកម្ម​ប្រហាក់ប្រហែល​នឹង​ស្ថានទូត​ដែរ។

និយាយ​ជារួម ជាផ្លូវការ អាមេរិក​​ទទួលស្គាល់​តែ​រដ្ឋាភិបាល​ចិន​ដីគោក មិនទទួលស្គាល់​តៃវ៉ាន់ ក៏ប៉ុន្តែ ក្នុង​ការ​អនុវត្ត​ជាក់ស្តែង តៃវ៉ាន់​នៅតែ​ជា​សម្ព័ន្ធមិត្ត​ជាយុទ្ធសាស្រ្ត​របស់​អាមេរិក​ដដែល។

ក៏ប៉ុន្តែ ពីមួយឆ្នាំ​ទៅមួយឆ្នាំ នៅពេល​ដែល​ចិន​ដីគោក​មាន​កម្លាំង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង ផលប្រយោជន៍​របស់​អាមេរិក​នៅចិន​ក៏​មាន​កាន់តែ​ច្រើន។ ការរក្សា​ទំនាក់ទំនង​ល្អ​​ជាមួយ​ចិន កាន់តែ​ក្លាយ​ជា​រឿង​ចាំបាច់​មួយ​របស់​រដ្ឋាភិបាល​អាមេរិក។ ទំនាក់ទំនង​អាមេរិក-ចិន-តៃវ៉ាន់ ក៏​បាន​ក្លាយ​​បន្តិចម្តងៗ​ទៅ​ជា​​ “ស្នេហាត្រីកោណ” ដ៏ស្មុគស្មាញ​មួយ។

រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​កាន់តែ​ខ្លាំង ដោយ​ព្យាយាម​ថ្លឹងថ្លែង​​មិន​ឲ្យ​សំណុំរឿង​តៃវ៉ាន់​ក្លាយ​ជា​ឧបសគ្គ​​រារាំង ​ទំនាក់ទំនង​ជាមួយ​ចិនដីគោក។ ភាពប្រយ័ត្នប្រយែង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​​ការពន្យារពេល​លក់​អាវុធ​ ទៅឲ្យ​តៃវ៉ាន់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

គួរ​បញ្ជាក់ថា តៃវ៉ាន់​បាន​ស្នើ​ទិញ​សព្វាវុធ​ជាច្រើន​ពី​អាមេរិក​ ក្នុងនោះ​ក៏​មាន​សំណើ​សុំទិញ​យន្តហោះ​ចម្បាំង​ទំនើបៗ និង​នាវាមុជទឹកផងដែរ។ សំណើ​នេះ​ត្រូវ​បាន​​លោក​ប្រធានាធិបតី​​ប៊ូស​យល់​ព្រម​ជា​គោលការណ៍​តាំង​ពី​ ឆ្នាំ​២០០១​ម៉្លេះ។ ក៏ប៉ុន្តែ រហូត​មកទល់​ពេលនេះ ជាង​ ១០​ឆ្នាំ​កន្លងទៅហើយ រដ្ឋាភិបាល​អាមេរិក​នៅតែ​មិនទាន់​លក់​​យន្តហោះ​ចម្បាំង និង​នាវាមុជ​ទឹក​ទៅ​ឲ្យ​តៃវ៉ាន់​នៅឡើយ៕

Posted on ខែមករា 23, 2012, in នយោបាយប្រទេសផ្សេងៗ. Bookmark the permalink. Comments Off on ទំនាក់ទំនង​ស្មុគស្មាញ​ក្នុង “ស្នេហា​ត្រីកោណ” ចិន-អាមេរិក-តៃវ៉ាន់.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: