ប្រភព RFI

  (http://www.khmer.rfi.fr/asia/20120117-LA-CHINE-COMPTE-PLUS-DE-CITADINS-QUE-DE-RURAUX)

ជាលើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសចិន​ដែល​មាន​ ប្រជាជន​ចិន​រស់នៅ​ក្នុង​ទីក្រុង​ច្រើន​ជាង​នៅ​តាម​ជនបទ។​ នេះជា​ការប្រកាស​ឲ្យដឹង​ដោយ​រដ្ឋាភិបាលចិន​នៅ​ថ្ងៃអង្គារ​ទី១៧​មករា​ ឆ្នាំ២០១២។​ បើយោងតាម​តួលេខ​របស់​ការិយាល័យ​ជាតិ​ខាងស្ថិតិ​ ​ នៅចុង​ឆ្នាំ២០១១នេះ​ ​ មាន​ប្រជាជន​ចិន​ប្រមាណ​៦៩០លាន​នាក់​រស់​នៅក្នុង​ទីក្រុង​ហើយមាន​ប្រមាណ​ ៦៥៦លាន​នាក់​រស់​នៅ​តាម​ស្រុកស្រែចម្ការ។​ តើទាំងនេះ​បណ្តាល​មកពី​មូលហេតុ​អ្វី?

បទវិភាគរបស់​ សៀក សារិន

17/01/2012 by សៀក សារិន

នារយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ​ ​ គេ​កត់​សម្គាល់​ឃើញ​មាន​ប្រជាជន​ចិន​កាន់តែ​ច្រើនឡើងៗ​រត់​មក​រស់នៅ​ក្នុង​ ទីក្រុង។​ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ចិន​ធ្វើ​បែបនេះ​មានច្រើន៖

ទី១-​ បណ្តាល​មកពី​មាន​បញ្ហា​បញ្ឈប់​សមូហភាវកម្ម​ក្នុង​វិស័យ​កសិកម្ម។
ទី២-​ ឧស្សាហូបនីយកម្ម​ដែល​មាន​កាន់តែ​ខ្លាំងឡើងៗ​ក្នុង​ប្រទេសចិន​បាន​ទាក់ទាញ​ ប្រជាកសិករ​ឲ្យ​រត់​មក​រស់នៅ​ក្នុង​ទីក្រុង​ដើម្បី​លក់​កម្លាំង​បម្រើ​ ការងារ​ក្នុង​រោងចក្រ​ដែល​រក​ប្រាក់​បាន​ច្រើនជាង​ធ្វើការ​នៅ​តាម​ជនបទ។

ក្នុង​១ឆ្នាំៗ​មាន​ប្រជាជន​ចិន​ប្រមាណ​២១លាន​នាក់​ដែល​រត់​មក​រស់នៅ​ក្នុង​ ទីក្រុង។​ ហេតុ​ដូច្នេះហើយ​បាន​ជា​បច្ចុប្បន្ននេះ​ មាន​ប្រជាជន​ចិន​ប្រមាណ​៦៩០លាន​នាក់​រស់​នៅក្នុង​ទីក្រុង​ដែល​តំណាង​ដល់ទៅ​ ៥១,២៧%​នៃ​ប្រជាជនចិន​សរុប​ដែល​មាន​១ ៣៤៧លាន​នាក់​ហើយមាន​ប្រមាណ​៦៥៦លាន​នាក់​រស់​នៅ​តាម​ស្រុកស្រែ​ចម្ការ។​ គួរកត់​សម្គាល់ថា​ ​ កាលពី​៣០ឆ្នាំមុន​ប្រជាជនចិន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​មានតែ​២០%​ប៉ុណ្ណោះ។

ហើយ​ប្រជាជនចិន​រស់នៅក្នុង​ទីក្រុង​នឹង​បន្ត​កើនឡើង​រហូត​ដល់ទៅ​៨០០លាន​នាក់ ​នៅ​រវា​ឆ្នាំ២០២០​ខាងមុខនេះ។​ នេះបើ​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​ដែលបាន​ផ្សាយ​ឲ្យដឹង​នៅ​ខែតុលា ​ឆ្នាំ២០១១​កន្លងទៅ។​ នេះ​បាន​សេចក្តីថា​ ​ នៅចុង​ទសវត្សរ៍​នេះ​ ​ នឹងមាន​ប្រជាជន​ចិន​ប្រមាណ​ជាង​១០០លាននាក់​នឹង​រត់​មករស់​នៅ​ក្នុង​ទីក្រុង​ បន្ថែមទៀត។

បើ​នៅតែ​បែបនេះ​ ​ នៅ​រយៈពេល​២០ឆ្នាំ​ខាងមុខ​នឹងមាន​ប្រជាជន​ចិន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ តំណាង​ដល់ទៅ​៧៥%​នៃ​ប្រជាជន​ចិន​សរុប​។​ ហើយទាំងនេះ​ច្បាស់​ជា​បង្ក​បង្កើត​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ធ្វើឲ្យ​ ប៉ះពាល់​ដល់​វិស័យ​បរិស្ថាន​និង​ការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​របស់​ ប្រទេសចិន។

ការស្ទុះ​កើនឡើង​ខ្លាំង​នៃ​នគរូបនីយកម្ម​នឹង​តម្រូវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ ដ៏​សែន​ខ្លាំងក្លា​ ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​ វិស័យ​ដឹកជញ្ជូន​ ​ វិស័យ​ថាមពល​ ​ និង​ការ​សម្អាត​ទឹក​សម្រាប់​ប្រើប្រាស់​…..។ល។…..

ការស្ទុះ​កើន​ឡើង​យ៉ាង​ឆាប់ហ័ស​នៃ​វិស័យ​នគរូបនីយកម្ម​ចិននេះ​ក៏​នឹង​បង្ក​ ឲ្យ​កើតមាន​ផងទៀត​ “ភាពតានតឹង”​ រវាង​ “អ្នកក្រុង​ថ្មីថ្មោង”​ និង​ “អ្នកក្រុង​ជើងចាស់”​ ។​ ដោយហេតុថា​ ​ ​ “អ្នកក្រុង​ថ្មីថ្មោង”​ ​គ្មាន​សិទ្ធិ​ទទួលបាន​នូវ​សេវា​សង្គម​ក្នុង​វិស័យ​សុខាភិបាល​ឬ​អប់រំ​ដូច​​ “អ្នកក្រុង​ជើងចាស់”​ ឡើយ។​ ហេតុដូច្នេះហើយ​ ​ បាន​ជា​កូន​ចៅ​របស់​​ “អ្នកក្រុង​ថ្មីថ្មោង”​ បាន​ចាប់​ធ្វើការ​ទាមទារ​ឲ្យមាន​សិទ្ធិ​ដូច​កូនចៅ​”អ្នកក្រុង​ជើងចាស់”​ ក្នុងការ​ទទួលបាន​នូវ​សិទ្ធិ​សង្គម​ក្នុង​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ។ ​ ហើយ​ស្ថានភាព​តានតឹងនេះ​ មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​នៅខណៈ​ដែលមាន​ប្រជាកសិករ​ចិន​កាន់​តែ​ច្រើន​ រត់​មក​រស់នៅ​ក្នុង​ទីក្រុង។​ សូម​បញ្ជាក់ថា​ ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០២៥​ ប្រទេស​ចិន​អាចនឹង​មាន​ទីក្រុង​ដែល​មាន​ប្រជាជន​យ៉ាងតិច​១លាន​នាក់​រស់នៅ​ ដល់ទៅ​២២១​ទីក្រុង​ ​ ហើយមាន​២៣ទីក្រុង​ដែល​មាន​ប្រជាជន​យ៉ាងតិច​៥លាន​នាក់​រស់នៅ​ ​ ទល់នឹង​ទ្វីប​អឺរ៉ុប​ទាំងមូល​ដែលមាន​ទីក្រុង​ដែល​មាន​ប្រជាជន​១លាននាក់​ រស់នៅ​តិចជាង​៤០។

នៅក្នុង​ជំនួប​ហ្វ័ររូម​អភិវឌ្ឍន៏​សហគ្រាស​ចិន​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ ​​ សហគ្រិន​ចិន​យល់​ឃើញថា​ ​ អភិក្រម​នៃ​នគរូបនីយកម្ម​អាច​ជា​កត្តា​វិជ្ជមាន​ជួយ​ជំរុញ​ដល់​ការ​ទិញដូរ​ ហូបចុក​ផ្ទៃក្នុង​របស់​ប្រទេសចិន។​ ដោយហេតុ​ថា​ ​ បើមាន​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​កាន់តែ​ច្រើន​ ​ ទទួលបាន​ការអប់រំ​ខ្ពស់​ ​ នោះ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​ចិន​ក៏​អាច​វិវឌ្ឍ​ទៅរក​បច្ចេកវិទ្យា​ កាន់តែ​ខ្ពស់​ផងដែរ​ ​ ហើយ​ប្រាក់ចំណូល​ដែល​រកបាន​ដោយ​អ្នក​ទីក្រុង​ដែលមាន​កាន់តែ​ច្រើនឡើងៗ​ក៏​ ពិតជា​បច្ច័យ​ដ៏​វិជ្ជមាន​ជួយ​ជំរុញ​វិស័យ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​របស់​ ប្រទេសចិន៕

Posted on ខែមករា 23, 2012, in ព័ត៍មានទូទៅ. Bookmark the permalink. Comments Off on ប្រជាជន​ចិនរស់នៅ​ក្នុងទីក្រុង​មានច្រើន​ជាង​នៅតាម​ជនបទ​.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: