ប្រភព RFI   (http://www.khmer.rfi.fr/mauvaises-conditions-de-soins-dans-des-hopitaux-cambodgiens)

នៅ​កម្ពុជា​បច្ចុប្បន្ន​ សុខភាព​សាធារណៈ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ ដែល​បង្ក​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម។​នៅ​​ពេល​​មាន​​ជំងឺ​​ម្តងៗ​​ ប្រជាពល​រដ្ឋ​​ខ្មែរ​អ្នកក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ ​ប្រទេស​ កំពុង​ប្រឈម​បញ្ហា​មិន​ប្រាកដ​ប្រជា​នៃ​សុខាភិបាល​ក្នុង​ស្រុក។ ​តម្លៃ​ខ្ពស់,​ការ​ព្យាបាល​មិន​សូវ​មាន​ប្រសិទ្ធិភាពនិង​ភាព​​អនាធិបតេយ្យ​ នៅ​ក្នុង​ការ​ឃោសនា​និង​ដាក់​លក់​ថ្នាំ​ពេទ្យ​ ឬ​ផលិតផល​ទាក់ទង​នឹង​សុខភាព​កំពុង​កើត​មាន​ពេញ​បន្ទុក។​ ក្រៅ​ពី​នោះ​ គ្រូពេទ្យ​មួយចំនួន​បាន​សម្លឹង​ឃើញ​ប្រាក់​ជាធំ ​ដោយ​បំភ្លេច​ចោល​ក្រមសីលធម៌​វិជ្ជាជីវៈ។​ទាំងនេះ​ជា​គ្រោះថ្នាក់​ធំធេង​ សម្រាប់​សង្គម​កម្ពុជា។

នៅ​ពេល​ដែល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ​គ្រួសារ​អ្នក​មាន​លទ្ធភាព​បាន​ស្វែង​រក​​ជា​បឋម​ការ​ចាក​ចេញ​ទៅ​ព្យាបាល​នៅ ​ក្រៅ​ប្រទេស​ ដូច​ជា​សាំងហ្គាពួរ​ ថៃ ​ឬ​វៀតណាម​ ទៅ​តាម​លទ្ធភាព​ធនធាន​ដែល​ខ្លួន​មាន។ ​និន្នាការ​ដែល​នៅ​តែ​បន្ត​កើត​ឡើងនិង​កើន​ឡើង​កាន់​តែ​ខ្លាំង​នេះ​បាន​ បង្ហាញ​ពី​ការ​បាត់បង់​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​វិស័យ​សុខាភិបាល​ ក្នុង​ស្រុក។ ​ប៉ុន្តែ ​គ្រួសារ​អ្នកក្រីក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រត់​រក​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ក៏​មន្ទីរ​ពហុព្យាបាល​ឯកជន​ក្នុង​ស្រុក​នោះ​ឡើយ។ ​បញ្ហា​ដែល​កំពុង​ចោទ​ឡើង​ក្នុង​វិស័យ​សុខា​ភិបាល​​កម្ពុជា​បច្ចុប្បន្ន​គឺ ​ទី១៖ ​គុណភាព​នៃ​ការព្យាបាល​មិន​សូវ​ល្អ ​តែ​តម្លៃ​ខ្ពស់ ​ទី២៖ ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​គ្រូពេទ្យ ​និង​ទី៣៖ ​ភាព​អនាធិបតេយ្យ​ក្នុង​ការឃោសនា​ផលិតផល​ដែល​ទាក់ទង​នឹង​សុខភាព​ រួមទាំង​ថ្នាំ​ពេទ្យ​មួយចំនួន​ផង។

ជាការពិត​ណាស់ ​បញ្ហា​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​ច្រើន​យ៉ាង​ ដូចជា​គ្រូពេទ្យ​ជាច្រើន​នៅ​មាន​កម្រិត​ជំនាញ​ទាប ​សីលធម៌​គ្រូពេទ្យ​ធ្លាក់​ចុះ​ដោយសារ​គ្រូពេទ្យ​មួយ​ចំនួន​ហាក់​ដូចជា​មើល​ ឃើញ​ប្រាក់​ជាធំ ​រីឯ​ការ​គ្រប់គ្រង​វិស័យ​សុខាភិបាល​នៅ​ធូរ​រលុង​ដែល​បង្កើត​ឲ្យ​មាន​ភាព​ អនាធិបតេយ្យ​ក្នុង​ការ​ឃោសនា​អំពី​សេវាកម្ម​សុខាភិបាល ​និង​ផលិតផល​សុខភាព​ខុស​ពី​ការពិត។​ ដើម្បី​ប្រាក់​ គ្រូពេទ្យ​ខ្លះ​បាន​បង្ខំចិត្ត​ព្យាបាល​ជំងឺ​ដើម្បី​ទាក់ទាញ​អតិថិជន​ ដូចជា​ប្រើ​ថ្នាំ​ហួស​កម្រិត​ដើម្បី​ឲ្យ​អ្នក​ជំងឺ​ឆាប់​ជា​ដោយ​មិន​បាន​គិត ​ពី​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។​ គ្រូពេទ្យ​ខ្លះ​ឲ្យ​ថ្នាំ​ទៅ​អ្នក​ជំងឺ ​ជាពិសេស​ជំងឺ​កុមារ​តែម្តង​ ដោយ​លាយ​ថ្នាំ​រួច​ជាស្រេច​ដើម្បី​កុំ​ឲ្យ​អតិថិជន​ចំណាំ​បាន​ថា​ជា​ ថ្នាំអ្វី? ​គ្រូពេទ្យ​ខ្លះ​ទៀត​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នកជំងឺ​ព្យូរ​សេរ៉ូម​ឬទទួល​ ការវះកាត់​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​សូម្បី​តែ​ស្ថានភាព​អ្នក​ ជំងឺ​មិន​ទាន់​តម្រូវ​ឲ្យ​ទទួល​ការ​វះកាត់​ក៏ដោយ។ ​មាន​កន្លែង​ព្យាបាល​ជំងឺ​ខ្លះ​ទៀត​មិន​ដាក់​ស្លាក​សញ្ញា​ត្រឹមត្រូវ​ទេ​ ពោលគឺ​អ្នក​ជំងឺ​អាច​ទៅ​ពិគ្រោះ​ជំងឺ​បាន​តាម​រយៈ​ការ​ណាត់​តាម​ទូរស័ព្ទនៅ​ កន្លែង​មួយ​ដែលហាក់​ដូច​ជា​លួច​លាក់។
ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​ជនរងគ្រោះ​នឹង​ត្រូវ​គេ​ប្រញាយ​គ្នា​ដឹក​ទៅ​កន្លែង​សង្គ្រោះ​ដោយ​ទារ​ ប្រាក់​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​សង្គ្រាម​ដណ្តើម​ម៉ូយ​របស់​រថយន្ត​សង្គ្រោះ​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច​ រយៈ​ពេល​ចុងក្រោយ​នេះ​បន្ទាប់​ពី​មាន​ចំណាត់ការ​ពី​ក្រសួង​សុខាភិបាល។ ងាក​ទៅ​មើល​កន្លែង​លក់​ថ្នាំ​ពេទ្យ​វិញ ​មាន​ឱសថស្ថាន​ជាច្រើន​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​ ឱសថស្ថាន​​ខ្លះ​ទៀត​គ្មាន​ឱសថការី​ជា​អ្នក​ឈរ​លក់​ថ្នាំ​ពិតប្រាកដ​ឡើយ។

​នៅ​កម្ពុជា​ មនុស្ស​ទូទៅ​អាច​ទិញ​ថ្នាំ​ពេទ្យ​បាន​តាម​ចិត្ត​ចង់​ ឬ​ក៏​អ្នកលក់​ថ្នាំ​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​ផ្សំ​ថ្នាំ​ឲ្យ​អ្នកជំងឺ​ដោយ​​ ខ្លួនឯង​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា។ ​ផលិតផល​ថ្នាំពេទ្យ ​ឬ​ផលិតផល​ដែល​ទាក់​ទង​​​នឹង​សុខភាព​ត្រូវ​បាន​គេ​ឃោសនា ​និង​ដាក់លក់​តាម​ទំនើង​ចិត្ត។ ​តើ​ទាំង​នេះ​មិន​មែន​ជា​ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​ទេឬ? ​និយាយ​បែប​នេះ ​គេ​ក៏​មិន​ត្រូវ​ភ្លេច​គ្រូពេទ្យ​ខ្លះ​ដែល​បាន​ខិតខំ​គោរព​ក្រមសីលធម៌ ​និង​បាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​លើក​កម្ពស់​វិស័យ​សុខាភិបាល​នោះ​ដែរ។ ​អ្នក​ទាំងនោះ​គួរ​តែ​ទទួល​បាន​ការគោរព ​និង​លើក​ទឹកចិត្ត។
យ៉ាងណា​ក៏ដោយ​ ក្រសួង​សុខាភិបាល​គួរ​គ្រប់គ្រង​វិស័យ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​សព្វថ្ងៃ។

ក្រៅពី​ការ​បង្កើន​គុណភាព​សុខាភិបាល,​ ការ​ពង្រឹង​សីលធម៌​គ្រូពេទ្យ ​និង​ធ្វើ​ឲ្យ​សុខាភិបាល​មាន​តម្លៃ​ថោក​សម្រាប់​ជនក្រីក្រ​គឺជា​រឿង​សំខាន់ ​និង​ត្រូវ​ចាត់​វិធានការ​ជាបន្ទាន់។​ បន្ទាប់​មក​ទៀត ​ការ​គ្រប់គ្រង​អាជីវកម្ម​ថ្នាំពេទ្យ ​និង​ផលិតផល​ទាក់ទង​នឹង​សុខភាព​គឺជា​រឿង​ចាំបាច់​មិន​អាច​ខាន​បាន​ពីព្រោះ​ ថា​ ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​នេះ​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដែរ​ក្នុង​ ការ​បំផ្លាញ​ថវិកា​គ្រួសារ​របស់​ពលរដ្ឋខ្មែរ​ដោយសារ​តែ​ការ​ជឿ​ទៅលើ​ការ​ ឃោសនា​មិន​សមហេតុផល។ ​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​គឺជា​ គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព​សាធារណៈ ​ក៏ដូច​ជា​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល៕

ពាក្យគន្លឹះ : កម្ពុជា

Posted on ខែមករា 23, 2012, in នាទីសុខភាព. Bookmark the permalink. Comments Off on ការ​គ្រប់​គ្រង​វិស័យ​សុខាភិ​បាល​មិន​បាន​ល្អ​ជា​គ្រោះ​ថ្នាក់​ធំធេង!.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: