តើ​បញ្ហាសេដ្ឋកិច្ច​បច្ចុប្បន្ន​នៅបស្ចិមលោក​នឹងប៉ះពាល់​ទ្វីប​អាស៊ី​ឬទេ?​

លោកប្រធានាធិបតីចិន​ ហ៊ូ ជិនតាវ និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ម៉ានមហាន​ សិង្ហ

លោកប្រធានាធិបតីចិន​ ហ៊ូ ជិនតាវ និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ម៉ានមហាន​ សិង្ហ

© RFI
ប្រភព៖​RFI
(http://www.khmer.rfi.fr/asia/20120127-crise-economique-europeenne-peut-elle-toucher-les-pays-asiatiques)
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ស្រមោល​នៃ​វិបត្តិ​សេដ្ឋកិច្ច​មួយ​ថ្មី​ផ្តើម​លេច​ឡើង​ហើយ​នៅ​បស្ចិមលោក។​ វា​បណ្តាល​មក​ពី​ការ​ដើរ​អូស​ជើង​នៃ​សេដ្ឋកិច្ច​អាមេរិកាំង និង​លទ្ធភាព​នៃ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន នា​ពេល​ឆាប់ៗ​ខាង​មុខ ព្រម​ទាំង​បំណុល​វ័ណ្តក​របស់​តំបន់​ចាយ​លុយ​អឺរ៉ូ។ សួរ​ថា​តើ​វិបត្តិ​ថ្មី​មួយ​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដែរ​ឬ​ទេ​ដល់​ទ្វីប​អាស៊ី?
ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​នេះ ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន រីក​ចម្រើន​បាន​ប្រមាណ​៦០% ​ រីឯ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ី​កំពុង​លូតលាស់​ដទៃ​ផ្សេង​ រីក​ចម្រើន​បាន​ប្រមាណ​៥០% ​ទល់​នឹង​៣%​តែ​ប៉ុណ្ណោះ​សម្រាប់​សេដ្ឋកិច្ច​នៃ​បណ្តា​បស្ចិម​ប្រទេស។​ ម្ល៉ោះ​ហើយ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ​ថា ​សសរ​ទ្រូង​នៃ​អនុភាព​ពិភពលោក​បាន​និង​កំពុង​បន្ត​ចល័ត​ចេញ​ពី​តំបន់​មហា​សមុទ្រ​អាត្លង់តិក​ទៅ​កាន់​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ហើយ។

មែន​ទែន​ទៅ ​ការ​ប្រែប្រួល​បែប​នេះ​នៃ​ជញ្ជីង​តុល្យភាព​អន្តរជាតិ​បាន​ផ្តើម​ឡើង​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ ​ក៏​ប៉ុន្តែ ​បាតុភាព​នេះ វា​មាន​ចលនា​រត់​លឿន​ខ្លាំង​ខុស​ប្រក្រតី តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០០៨​មក។ មូលហេតុ​ចម្បង ​គឺ​មក​ពី​វិបត្តិ​សកល​ឆ្នាំ​២០០៨​បាន​ច្របាច់​ក​បស្ចិម​លោក​ដែល​កំពុង​បន្ត​បាក់​កម្លាំង​ខ្លាំង និង​បាន​ប៉ះពាល់​អាស៊ី​សើៗ​តែ​ប៉ុណ្ណោះ។ ជាក់​ស្តែង​នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ កំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​មាន​មិន​ដល់​៣​%​ល្អ​ផង​ ០,៨%​តែ​ប៉ុណ្ណោះ​សម្រាប់​តំបន់​ចាយ​លុយ​អឺរ៉ូ ទល់​និង​៨% ជា​មធ្យមភាគ​សម្រាប់​ទ្វីប​អាស៊ី​ បើ​គេ​កុំ​រាប់​បញ្ចូល​ប្រទេស​ជប៉ុន។​តួលេខ​បាន​ធ្លាក់​រឹងរឹត​តែ​ទាប ​សម្រាប់​បស្ចិមលោក​នៅ​ឆ្នាំ​២០១១​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​នេះ ដោយហេតុ​តែ​ការ​ដើរ​អូស​ជើង​នៃ​សេដ្ឋកិច្ច​អាមេរិក​និង​អឺរ៉ុប ចាប់​តាំង​ពី​ត្រីមាស​ទី​បួន ត​រហូត​មក​ទល់​ដើម​ឆ្នាំ​២០១២​នេះ។
ជា​ការ​ពិត​ណាស់​ដែល​ថា សេដ្ឋកិច្ច​ដើរ​អូស​ជើង​របស់​បស្ចិម​ប្រទេស រួម​និង​វិបត្តិ​ជំពាក់​បំណុល​គេ​វ័ណ្ត​ក​របស់​តំបន់​ចាយ​លុយ​អឺរ៉ូ​នឹង​ច្បាស់​ជា​ជះ​ចំហាយ​ទៅ​លើ​ទ្វីប​អាស៊ី​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក៏​ប៉ុន្តែ​ចំហាយ​អាក្រក់​នេះ​នឹង​មិន​អាច​ប៉ះពាល់​អាស៊ី​ខ្លាំង​ទេ។ ម្យ៉ាង​គឺ​មក​ពី​សេដ្ឋកិច្ច​របស់​ចិន​និង​របស់​ឥណ្ឌា​ដែល​គេ​ព្យាករ​ឃើញ​ថា​នឹង​អាច​កើន​ដល់​ទៅ​៨,៣% និង​៧,៥%​យ៉ាង​តិច​នៅ​ឆ្នាំ​២០១២​នេះ​នឹង​បន្ត​ជួយ​អូសទាញ​បណ្តា​សេដ្ឋកិច្ច​អាស៊ី​ដទៃ។ ម្យ៉ាង​ទៀត គឺ​មក​ពី​បណ្តា​ប្រទេស​អាស៊ី លើកលែង​តែ​ជប៉ុន​មួយ​ចេញ មិន​ជំពាក់​បំណុល​គេ​វ័ណ្ឌក។
វា​ជា​ការ​មួយ​សមហេតុ​សម​ផល​ហើយ​ដែល​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​ពី​អាមេរិក​និង​ពី​អឺរ៉ុប​នឹង​ប៉ះពាល់​ដល់​ប្រទេស​ចិន​និង​ដល់​បណ្តា​ប្រទេស​អាស៊ី​ខ្លះ​ដូច​ជា​សិង្ហបុរី​កូរ៉េ​ខាង​ត្បូង ឬ​តៃវ៉ាន់​ជា​ដើម។ ក៏​ប៉ុន្តែ ចិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​យក​មក​បន្ត​អនុវត្ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ក្នុង​គោលដៅ​បង្កើន​ឧបភោគ​បរិភោគ​លើ​ទី​ផ្សារ​ផ្ទៃ​ក្នុង ដែល​នឹង​អាច​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ទំនិញ​ទៅ​អាមេរិក​និង​អឺរ៉ុប។
ដោយ​ឡែក​ ប្រទេស​ជប៉ុន​ជា​ករណី​ពិសេស។ ​វា​គឺ​ជា​ការ​ពិត បំណុល​សាធារណៈ​របស់​ប្រទេស​អាស៊ី​មួយ​នេះ​ធំ​ណាស់ ច្រើន​ណាស់ ច្រើន​លើស​បំណុល​របស់​បណ្តា​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ទៅ​ទៀត។ ក៏​ប៉ុន្តែ រដ្ឋ​ជប៉ុន​មិន​មែន​ជំពាក់​លុយ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ដូច​អឺរ៉ុប​និង​អាមេរិក​ទេ។ រដ្ឋ​ជប៉ុន​ជំពាក់​លុយ​ប្រជាជន​ជប៉ុន​ជាពិសេស ដ្បិត​ជប៉ុន​ជា​ប្រទេស​ដែល​មាន​សំច័យធន​ច្រើន​សន្ធឹក​សន្ធាប់ ដោយសារ​តែ​ពលរដ្ឋ​ជប៉ុន​ម្នាក់ៗ​ពូកែ​សន្សំ​លុយ​ទុក​ក្នុង​ធនាគា។ អ៊ីចឹង​ហើយ បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ក្តាប់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​បាន​ល្អ​គ្រាន់​បើ​ជាង​ពួក​រដ្ឋាភិបាល​អឺរ៉ុប។ ម្ល៉ោះ​ហើយ ទោះ​ជា​ត្រូវ​បាន​ប៉ះពាល់​ខ្លាំង​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក្តី ក៏​សេដ្ឋកិច្ច​ជប៉ុន​នឹង​អាច​កើន​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ក្រោយ​ពី​បាន​ដើរ​ថយ​ក្រោយ​បួន​ត្រី​មាស​ជាប់ៗ​គ្នា​រួច​មក។
សរុប​មក​វិញ ក្នុង​រយៈកាល​ខ្លី​តំបន់​អាស៊ី​នឹង​បន្ត​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា។ ក៏​ប៉ុន្តែ ក្នុង​រយៈ​កាល​មធ្យម នឹង​អាច​មាន​ឧបសគ្គ​មួយ​ចំនួន​កើត​ឡើង ជា​ពិសេស​នៅ​ពេល​ណា ដែល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ចិន​ផ្តើម​សឹក​ឬ​ដំណើរ​ការ​មិន​ល្អ ពីព្រោះ​តែ​វិបត្តិ​សង្គម​និង​នយោបាយ​ជាយថាហេតុ។ អ្នក​ណា​ក៏​យល់​ដែរ​ថា ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​លឿន​រហ័ស​ផ្គួប​ផ្សំ​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិជា្ជ​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ដឹង​កាន់​តែ​ច្រើន និង​ទ្រាំ​កាន់​តែ​មិន​បាន នៅ​ចំពោះមុខ​អយុត្តិធម៌​សង្គម​និង​របប​នយោបាយ ផ្តាច់ការ។ ក្រៅ​ពី​នេះ អ្នក​ណា​ក៏​យល់​ដែរ​ថា សេដ្ឋកិច្ច​ដែល​កើន​លឿន​ពេក​តែងតែ​ខ្វះ​តុល្យភាព ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី​ចិន​វេន ជាប៉ាវ(Wen Jiabao) ខ្លួន​ឯង​ធា្លប់​បាន​និយាយ​ហើយ​ថា «សេដ្ឋកិច្ច​ចិន គ្មាន​ស្ថិរភាព​និង​គ្មាន​តុល្យភាព​ល្អ មិន​អាច​ឋិតថេរ​យូរ​លង់​បាន​ទេ»៕
Advertisements

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែ​មករា 28, 2012, in សេដ្ឋកិច្ចអន្តរជាតិ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ តើ​បញ្ហាសេដ្ឋកិច្ច​បច្ចុប្បន្ន​នៅបស្ចិមលោក​នឹងប៉ះពាល់​ទ្វីប​អាស៊ី​ឬទេ?​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: