មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​FMI ​ស្នើកុំឲ្យ​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ខ្លាំងពេក​

ប្រភព៖  RFI (http://www.khmer.rfi.fr/asia/20120125-FMI-POUR-UNE-RIGUEUR-MODEREE )
ដោយ សៀក សារិន
នៅខណៈពេល​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៃឆ្នាំ២០១២​អាច​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​ ​ ហើយនិង​តំបន់​អឺរ៉ូ​អាចជួប​នឹង​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ​ នៅថ្ងៃ​អង្គារ​ទី២៤​មករា​ម្សិលមិញ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​បាន​ស្នើ​រដ្ឋាភិបាល​កុំឲ្យ​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ខ្លាំងពេក​។ ​ ពីព្រោះ​វា​អាច​ក្លាយ​ជា​កត្តា​អវិជ្ជមាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

សេចក្តីរាយការណ៍របស់​ សៀក សារិន
25/01/2012 by សៀក សារិន
នៅពេលថ្មីៗនេះ​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​បាន​ប៉ាន់​ប្រមាណថា​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅឆ្នាំ២០១២​នេះ​អាច​ស្រុត​ធ្លាក់​មកនៅ​ត្រឹម​៣,៣%​ទល់នឹង​៤%​ដែលធ្លាប់​បាន​គ្រោងទុក​កាលពី​៤ខែមុន។​ ដូច្នេះ​ ឃើញថា​អត្រា​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅឆ្នាំ២០១២​មាន​កម្រិត​ទាបជាង​កាលពី​ឆ្នាំ២០១១​ដែល​មាន​៣,៨%។​ តួលេខ​នេះ​សម្រេចបាន​ក៏​ដោយសារតែ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​មហាប្រទេស​អាស៊ី​ទាំងពីរ​ពោលគឺ​ប្រទេសចិន​ដែលអាច​មាន​៨,២%​នៅឆ្នាំ២០១២​ ​ ហើយនិង​ប្រទេស​ឥណ្ឌា​ដែល​អាចមាន​៧%។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ប្រមើល​ឃើញថា​ ​ សេដ្ឋកិច្ច​នៃ​តំបន់​អឺរ៉ូ​អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​ធ្ងន់ធ្ងរ។​ ជាពិសេស​នៅ​ខណៈពេល​ដែល​ប្រទេស​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​សំខាន់ៗ​ទាំងពីរ​ពោលគឺ​ប្រទេស​អាល្លឺម៉ង់​ដែលអាច​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​តែ​០,៣%​នៅឆ្នាំ២០១២​និង​ប្រទេស​បារាំង​តែ​០,២%​ប៉ុណ្ណោះ។​
រីឯ​ផលិតផល​ដុល​សរុប​នៃ​ប្រទេស​អ៊ីតាលី​វិញ​អាច​ធ្លាក់​បាត់បង់​អស់​២,២%​ ​ និងអាច​ធ្លាក់​បាត់​បង់​អស់​១,៧%​សម្រាប់​ប្រទេស​អេស្ប៉ាញ។​ ដូច្នេះ​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ទាំងមូល​ ផលិតផល​ដុល​សរុប​អាច​ស្រុត​បាត់បង់​អស់​០,៥%​ ឬ​អាច​មាន​ច្រើន​ជាងនេះ​ទៅទៀត​ ​ នេះ​បើ​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​។
មូលហេតុ​ដែល​ជំរុញ​ឲ្យ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ស្នើ​កុំឲ្យ​រដ្ឋាភិបាល​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ខ្លាំងពេក​ ​ ដោយហេតុថា​ ​ កង្វះ​ហិរញ្ញប្បទាន​របស់រដ្ឋ​និង​កង្វះ​ឥណទាណ​ធនាគារ​អាច​ជា​កត្តា​ដ៏​សែន​អវិជ្ជមាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​ ហើយ​ការ​ស្វែង​រក​សមតា​ថវិកា​ទៀតសោត​ក៏​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​អនុលោម​តាម​ស្ថានភាព​នៃ​ប្រទេស​នីមួយៗ​ ​ ពុំត្រូវ​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​តឹងរ៉ឹង​ជ្រុលពេកឡើយ៕
TAGS: មូលនិធិរូបិយវត្ថុអន្តរជាតិ – សហភាពអឺរ៉ុប – សេដ្ឋកិច្ច

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែមករា 28, 2012, in សេដ្ឋកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​FMI ​ស្នើកុំឲ្យ​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ខ្លាំងពេក​.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: