ផ្សារ​​មូលបត្រ​កម្ពុជា​នឹង​ចាប់​ផ្តើម​ជួញដូរ​ជា​សាធារណៈ​ក្នុង​១​ខែ​ឬ​២​ខែ​ទៀត​

ប្រភព៖ RFI (http://www.khmer.rfi.fr/node/70294)
ដោយ គី សុខលីម
ផ្សារ​​មូលបត្រ​​កម្ពុជា​នឹង​​ចាប់​ផ្តើម​​ជួញដូរ​​ក្នុង​​១​​ខែ​​ឬ​​២​​ខែ​​ទៀត។​ ក្រុមហ៊ុន​​របស់​​រដ្ឋ​​ចំនួន​​៣​​នឹង​​ចូល​​រួម​​បោះ​​ភាគហ៊ុន​​លក់​​នៅ​​លើ​​ទីផ្សារ​​មុន​​គេ។​ លោក ​គាត ឈន់ ​រដ្ឋ​​មន្រ្តី​​ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ​ ​​​បាន​​បញ្ជាក់​​ថា​​ការ​​ពន្យារ​ពេល​​វេលា​​ជួញដូរ​​នៅ​​ក្នុង​​ក្រុមហ៊ុន​​ផ្សារ​មូលបត្រ​​កម្ពុជា​​មិន​ត្រូវ​​ចាត់​ទុក​​ជា​​ការ​​ខាត​បង់​​ពេល​​វេលា​​ទេ។ ​តែ​​ ការ​​ពន្យារ​ពេល​​នេះ​​បាន​​ធ្វើ​​អោយ​​មាន​ការ​​គិត​គូរ​​ពី​​ក្របខណ្ឌ​​គតិ​យុត្តិ​​ប្រសើរ​ជាង​​មុន។​

សេចក្តីរាយការណ៍​របស់ គីសុខលីម ពីភ្នំពេញ
15/01/2012 by គី សុខលីម

បន្ទាប់​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មន្ត្រី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដែល​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​អាទិត្យ​នេះ​ថា ទីផ្សារ​មូលបត្រ​កម្ពុជា​នឹង​ដាក់​អោយ​ដំណើរ​ការ​ជួញដូរ​ជា​ផ្លូវការ​នៅ​ក្នុង​១​ខែ​ឬ​២​ខែ​ទៀត​ខាង​មុខ​នេះ។
ការ​ប្រកាស​ម្តង​នេះ​ទំនង​ជា​រឿងពិត​ពីព្រោះ​ក្រប​ខ័ណ្ឌគតិយុត្តិ​មួយ​ចំនួន​បាន​រៀបចំ​អស់​ហើយ។
បើយោង​តាម​ប្រភព​ដដែល ក្រុមហ៊ុន​រដ្ឋ​ចំនួន​៣​គ្រោង​នឹង​ដាក់​អោយ​ជួញដូរ​មូលបត្រ​របស់​ខ្លួន​ជា​សាធារណៈ​។ ក្រុមហ៊ុន​ទាំងនោះ​ជារួម​មាន៖រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ ទូរគមនាគមន៍​កម្ពុជា​និង​កំពង់ផែស្វយ័ត​កំពង់សោម។
លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា ការ​យឺតយ៉ាវ​ក្នុងការ​បង្កើត​ទីផ្សារ​មូលបត្រ​នាពេល​កន្លងមក​គឺ​មិនមែន​កើតឡើង​ដោយសារ​អសមត្ថភាព​ឬ​ដោយ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​វា​បង្កឡើង​ដោយ​កត្តា​សត្យានុម័ត​មួយ​ចំនួន​ក្នុង​​នោះ​មាន​ការ​រៀបចំ​ច្បាប់​នានា​ជាដើម។  
ការ​ពន្យារពេល​ជាច្រើន​លើកច្រើន​សា របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​ផ្សារមូលបត្រ​នេះ​ញ៉ាំង​អោយ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក គាត ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ពន្យល់​បកស្រាយ​វិញ​ថា ការ​ពន្យារ​ពេល​វេលា​ជួញដូរ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មិនត្រូវ​ចាត់ទុក​ជា​ការ​ខាតបង់​ពេល​វេលា​ទេ ។
ផ្ទុយ​ទៅ​វិញ ការ​ពន្យារ​ពេល​នេះ វា​បាន​ផ្តល់​នូវ​ពេល​វេលា​បន្ថែម​ទៀត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ដូចជា គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុងការ​គិតគូរ​អោយ​បាន​ល្អិតល្អន់​អំពី​ក្របខ័ណ្ឌ​គតិយុត្តិ​និង​ក៏​ដូចជា​យុទ្ធនាការ​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក​និង​ក្រៅស្រុក ដើម្បី​ចូលរួម​នៅក្នុង​ទីផ្សារ​នេះ ។ លោក គាត ឈន់ បាន​សង្កត់​ធ្ងន់​ថា៖”យើង​មិន​ចង់​ដើរ​ទៅមុខ​១​ជំហាន ហើយ​ដើរថយ​ក្រោយ​២​ជំហាន​នោះ​ទេ”។
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ​ដែល​ជា​ដៃគូរ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​នោះ​ទើប​ផ្តល់​ជំនួយ​​អេក្រង់ ទូរទស្សន៍​ទំហំធំ ៦ម៉ែត្រ គុណ ៨ ម៉ែត្រ​ដាក់​តាំង​នៅ​លើ​សួនច្បារ​ផ្លូវភ្លោះ​ខាង​ត្បូង​វិមាន​កាណាឌីយ៉ា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។
គួរ​កត់​សម្គាល់​ថា ផ្សារ​មូលបត្រ​កម្ពុជា​គ្រោង​នឹង​ដាក់​អោយ​ជួញដូរ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ​ប៉ុន្តែ​សាធារណជន​សាមញ្ញ​និង​អ្នក​ជំនាញ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​នៅ​មិន​ទាន់​យល់​ដឹង​ច្រើន​ពី​ប្រតិបត្តិការ​​ផ្សារ​ភាគហ៊ុន​នៅ​ឡើយ​ទេ៕

TAGS: កម្ពុជា – សេដ្ឋកិច្ច – ហិរញ្ញវត្ថុ
Advertisements

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែ​មករា 29, 2012, in សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ផ្សារ​​មូលបត្រ​កម្ពុជា​នឹង​ចាប់​ផ្តើម​ជួញដូរ​ជា​សាធារណៈ​ក្នុង​១​ខែ​ឬ​២​ខែ​ទៀត​.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: