ដោយភ្នំពេញប៉ុស្ត៍

Friday, 27 April 2012 12:05
Don Weinland

ភ្នំពេញៈ ផ្សារហ៊ុនកម្ពុជាបានធ្លាក់ចុះចាប់តាំងពីថ្ងៃអង្គារ ដោយចំនួនភាគហ៊ុន ដែលធ្វើការជួញដូរកាលពីម្សិលមិញ បានធ្លាក់ចុះមកនៅត្រឹម៣ ៤៥៣ ពោលគឺជិត១០០ភាគរយ បើធៀបបរិមាណកាលពីថ្ងៃចន្ទ។
ទោះបីមានការប្រែប្រួលខ្លាំងពីវិនិយោគិនតាមស្ថាប័ន ទៅជាវិនិយោគិនលក់រាយក៏ដោយ អ្នកជំនាញសង្កត់ធ្ងន់ទៅលើពេលវេលា និងភាពអត់ធ្មត់សម្រាប់ទីផ្សារដែលទើបនឹងចាប់ផ្តើម ដោយមានតែភាគហ៊ុនក្រុមហ៊ុនមួយប៉ុណ្ណោះដាក់ឲ្យមានការជួញដូរ។
អ្នកមកពីខាងក្នុងវិស័យនេះ បានឲ្យដឹងថា ចំណុចចាប់ផ្តើមដ៏ខ្ពស់សម្រាប់រដ្ឋាករទឹកភ្នំពេញ (PPWSA) បានរួមចំណែកធ្វើឲ្យការជួញដូរនេះធ្លាក់ចុះ។
ភាគហ៊ុន PPWSA បិទក្នុងតម្លៃ ៨ ៨០០រៀល ពោលគឺធ្លាក់ចុះ ៤,៨៦ភាគរយនៃដែនកំណត់៥ភាគរយ។ ភាគហ៊ុនជាង៥៩ម៉ឺនហ៊ុន មិនបានដាក់លក់ ហើយជិត១លានហ៊ុនទៀត មិនត្រូវបានដាក់លក់នៅមុននេះមួយថ្ងៃ។
លោក Dao Duy Anh អគ្គនាយករងប្រចាំក្រុមហ៊ុនមូលបត្រកម្ពុជា វៀតណាមបានឲ្យដឹងកាលពីម្សិលមិញថា៖ «ក្នុងតម្លៃដើមវិនិយោគិនមួយចំនួនបានទទួលផលចំណេញយ៉ាងច្រើន»។ លោកបានបន្ថែមថា៖ «នេះជាឱកាសវិនិយោគដំបូងមួយសម្រាប់ប្រជាជនកម្ពុជា ហើយវាពិតជានាំមកនូវក្តីរំភើបជាច្រើន នៅប៉ុន្មានថ្ងៃដំបូង»។ លោកបានបញ្ជាក់ថា ចាប់តាំងពីការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) មក ភាគហ៊ុនរបស់រដ្ឋាករទឹកបានកើនពីតម្លៃ១,៥៧ដុល្លារ ដល់ ២,៥៥ដុល្លារកាលពីថ្ងៃចន្ទ។ លោក បន្ថែមទៀតថា តម្លៃនេះពិតជាខ្ពស់ បើគិតពីពេលចាប់ផ្តើម។
បន្ទាប់ពីមានការផ្ទេរភាគហ៊ុនពីវិនិយោគតាមស្ថាប័នទៅវិនិយោគិន លក់រាយ ពាណិជ្ជករមូលបត្ររង់ចាំឲ្យតម្លៃរបស់វាថានឹងមិនឡើងថ្លៃខ្ពស់ ពេក។
អនុបាតតម្លៃ និងផលចំណេញរបស់រដ្ឋាករទឹកមានចំនួន២៨ដង ខ្ពស់ជាងតម្លៃក្នុងតំបន់។ នេះបើតាមរបាយការណ៍របស់ SBI Royal Securities កាលពីម្សិលមិញ។ ផលធៀបជាមធ្យមក្នុងតំបន់សម្រាប់២០១២ គឺពី១១ ទៅ១២ដង។
អនុបាតជាមធ្យោបាយ ដែលពាណិជ្ជករមូលបត្រវាស់តម្លៃភាគហ៊ុន ដែលអាចខ្ពស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែជាទូទៅទាបសម្រាប់ក្រុមហ៊ុនរដ្ឋដែលមានកំណើនយឺតយ៉ាវ តែស្ថិរភាព។
លទ្ធផលរបស់ផ្សារមូលបត្រកម្ពុជានៅដើមដំបូង មានភាពខុសគ្នាពីលទ្ធផលរបស់ផ្សារមូលបត្រឡាវ ដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០១១។
សន្ទស្សន៍ផ្សារហ៊ុនឡាវ ដែលមានក្រុមហ៊ុនពីរចូលរួម គឺក្រុមហ៊ុនថាមពលរបស់រដ្ឋ និងធនាគារធំជាងគេរបស់ឡាវ បានកើនឡើង ៨៧ភាគរយ ក្នុងរយៈពេល១៥ថ្ងៃដំបូង នៃការជួញដូរ មុនពេលធ្លាក់ចុះទាបជាងតម្លៃពេលធ្វើ IPO ទៅទៀត បន្ទាប់ពី១១ខែក្រោយមក។ នេះបើតាមទិន្នន័យរបស់ផ្សារហ៊ុនឡាវ។
លោក Han Kyung-tae នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុនមូលបត្រ តុងយ៉ាងស៊ីឃ្យូរីធី ឲ្យដឹងថា ទោះបើយ៉ាងនេះក្តី បរិមាណជួញដូររបស់រដ្ឋាករទឹក ខ្លាំងជាងក្រុមហ៊ុន Banque Pour Le Commerce Lao (BPLCL) ទៅទៀត។
BPLCL បានដាក់លក់ ២០,៥លានហ៊ុន ដោយមធ្យមភាគហ៊ុន១២៨ ៣០៥ ត្រូវជួញដូរក្នុងអំឡុងពេល៧ថ្ងៃដំបូង។ នេះបើតាមទិន្នន័យផ្សារហ៊ុនឡាវ។
តាមទិន្នន័យរបស់ផ្សារភាគហ៊ុនកម្ពុជា ក្នុងរយៈពេល៧ថ្ងៃដំបូង រដ្ឋាករទឹក បានចេញលក់ភាគហ៊ុន ៣៤០ ២៧៥ហ៊ុន ។ រដ្ឋាករទឹកភ្នំពេញ គ្រប់គ្រងដោយរដ្ឋបានចេញលក់ភាគហ៊ុន ១៣ លានហ៊ុន។
លោក Han Kyung-tae បានលើកឡើងថា៖ «ការធ្លាក់ចុះនូវការជួញដូរភាគហ៊ុនរបស់រដ្ឋាករទឹកភ្នំពេញ មិនមានជាការភ្ញាក់ផ្អើលនោះទេ»។ លោកបានឲ្យដឹងថា វិនិយោគិនលក់រាយ ប្រញាប់លក់នៅពេលមានសញ្ញានៃការធ្លាក់ចុះលើកដំបូង។ អ្នកទិញនឹងរង់ចាំរហូតដល់តម្លៃរបស់វាមានស្ថិរភាព។
លោក Dao Duy Anh មកពីក្រុមហ៊ុនមូលបត្រកម្ពុជា វៀតណាមបានឲ្យដឹងថា ភាគីអ្នកទិញបានរួមចំណែកធ្វើឲ្យប៉ះពាល់ដល់ការជួញដូរ។
វិនិយោគិនតាមស្ថាប័នមួយចំនួន នៅក្រៅប្រទេសកត់សម្គាល់អំពីបញ្ហាទាក់ទងនឹងឈ្មួញជើងសានៅ កម្ពុជា ហើយមានការបារម្ភខ្លះៗអំពីការផ្ទេររវាងគណនីឈ្មួញជើងសានិង គណនីធនាគារ។
លោក Kim Dae-chon អ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្សារមូលបត្រកូរ៉េ ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយផ្សារមូលបត្រកម្ពុជាឲ្យដឹង ថា ផ្សារមូលបត្រកម្ពុជានឹងត្រូវការភាពអត់ធ្មត់ និងទំនុកចិត្តពីភាគីទាំងអស់។ លោកឲ្យដឹងតាមទូរស័ព្ទពីប្រទេសកូរ៉េ ថា៖ «វាដូចជាកូនក្មេងអ៊ីចឹង ដូច្នេះវាត្រូវការពេលវេលា»៕ CS

Advertisements

Posted on ខែ​មេសា 29, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ការ​ជួញ​ដូរ​នៅ​ក្នុង​ផ្សារមូលបត្រ​បន្ត​ធ្លាក់.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: