ក្នុងរយៈពេលចុងក្រោយនេះ ទាំងអ្នកនយោបាយទាំងអ្នកសេដ្ឋកិច្ចបានប្រកាសថា ប្រទេសកម្ពុជាបាននិងកំពុងខ្វះកម្លាំងពលកម្មនៅក្នុងវិស័យជាច្រើន ដូចជាវិស័យកសិកម្ម ឧស្សាហកម្មនិងសេវាកម្ម។ តើមូលហេតុអ្វីបានជាប្រទេសកម្ពុជាខ្វះកម្លាំងពលកម្ម?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗកន្លងមកនេះបានប្រកាសថា ប្រទេសកម្ពុជាខ្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ កសិកម្ម និងសំណង់។ ព្រមពេលជាមួយគ្នា លោកនាយករដ្ឋមន្រ្តីអំពាវនាវកុំអោយប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុក ទៅក្រៅប្រទេសពីព្រោះនៅទីនោះ ពលករខ្មែរនៅតែធ្វើការនៅក្នុងវិស័យដូចខាងលើនេះដែរ។

លោក លី តេកហេង ប្រធានប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពីពេលថ្មីៗ នេះក៏បានប្រកាសដែរថា រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាត្រូវការជ្រើសរើសកម្មករកាត់ដេរ ចំនួន២ម៉ឺននាក់។ រោងចក្រកំពុងខ្វះកម្លាំងពលកម្មនៅក្នុងវិស័យនេះ។ វិស័យកាត់ដេរត្រូវការកម្មករជំនាញកាត់ដេរ ជំនាញពិនិត្យគុណភាព ជំនាញជួសជុលម៉ាស៊ីន ជំនាញច្នៃម៉ូតនិងជំនាញដទៃមួយចំនួនទៀត។ នាពេលកន្លងមក ដោយសារកម្ពុជាខ្វះកម្មករជំនាញខាងធ្វើម៉ូតសម្លៀកបំពាក់ រោងចក្រមួយចំនួនបានប្រើប្រាស់កម្មករជំនាញបរទេស។ មូលហេតុនៃកង្វះកម្លាំងពលកម្មក្នុងវិស័យកាត់ដេរពីព្រោះរោងចក្រថ្មី ៗទើបបង្កើតនៅក្នុងប្រទេសកម្ពុជាច្រើន។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរជិត៤០០រោងចក្រនិងមានកម្មករប្រមាណ ជា៣សែន៥ម៉ឺននាក់។

អ្នកជំនួញនិងរដ្ឋាភិបាលនាំគ្នាប្រកាសពីកង្វះខាតកម្លាំងពលកម្មនៅ ក្នុងវិស័យជាច្រើនប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើនបែរជានាំគ្នា ស្រែកថា ពួកគេគ្មានការងារធ្វើទៅវិញ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?

សម្រាប់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មូលហេតុនៃកង្វះកម្លាំងពលកម្មនៅក្នុងវិស័យនេះគឺដោយសារប្រាក់ខែ ទាប។ កម្មករកាត់ដេរទទួលបានប្រាក់បៀវត្សរ៍ ៦១ ដុល្លារមួយខែ។ ប្រាក់ខែនេះពួកគេមិនអាចរស់បានដោយសមរម្យនោះទេ។ ដើម្បីអាចរស់បានកម្មករត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងយ៉ាងច្រើន ក្នុងមួយថ្ងៃ។ ដោយសារប្រាក់ខែតិច កម្មករខ្មែរមួយចំនួនសុខចិត្តទៅលក់កម្លាំងពលកម្មនៅឯបរទេស ដូចជា៖ប្រទេសថៃ ម៉ាឡេស៊ីនិងប្រទេសកូរ៉េខាងត្បូងជាការប្រសើរជាង។
សម្រាប់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាវិញ បញ្ហាចម្បងដែលពិបាកជ្រើសរើសកម្លាំងពលកម្មគឺដោយសារកង្វះព័ត៌មាន រវាងកម្មករនិងរោងចក្រ។ កម្មករមិនដឹងទៅរកការងារធ្វើនៅទីណារីឯរោងចក្រវិញ មិនដឹងជាទៅរកកម្មករនៅកន្លែងណា។

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាក៏បានប្រកាសដែរ ថា ប្រទេសកម្ពុជាខ្វះកម្មករជំនាញ។ កង្វះខាតកម្មករជំនាញគឺជាឧបសគ្គនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
បើផ្អែកលើអំណះអំណាងខាងលើនេះ គេពិតជាអាចនិយាយបានថា ប្រទេសកម្ពុជាបាននិងកំពុងខ្វះកម្លាំងពលកម្ម។ ប៉ុន្តែខ្វះនេះគឺខ្វះតែកម្លាំងកម្មករជំនាញទេ។ ខ្វះកម្មករជំនាញ ពីព្រោះប្រទេសក្រីក្រមួយនេះខ្វះខាតសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស។ តាមពិត កង្វះខាតសាលាបណ្តុះបណ្តាលជំនាញជារឿងមួយប៉ុន្តែកំហុសឆ្គងរបស់ និស្សិតខ្មែរជារឿងមួយផ្សេងទៀត។
និស្សិតស្ទើរ៩០%មិនចង់បន្តការសិក្សាដែលធ្វើការនៅហាលក្តៅទេពោលគឺ ពួកគេចង់រៀនតែមុខវិជ្ជាណាដែលអាចអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់។ ម្យ៉ាងវិញទៀត និស្សិតភាគច្រើនចង់រៀនតែមុខជំនាញណាដែលគ្រប់គ្រងគេ។ រៀនដើម្បីកាន់កាប់ជំនាញខ្លួនឯងពួកគេមិនសូវចង់រៀនទេ។
ដោយសារតែកំហុសឆ្គងនេះហើយ ទើបវិស័យសេដ្ឋកិច្ចខ្មែរមួយចំនួនខ្វះកម្មករជំនាញ។ រីឯក្នុងវិស័យផ្សេងទៀត មានអតិផរណាកម្លាំងពលកម្មទៅវិញ។ បច្ចុប្បន្ននេះ និស្សិតដែលមានសញ្ញាបត្រខ្ពស់មានជំនាញធ្វើការក្នុងម៉ាស៊ីនត្រជាក់ និងគ្រប់គ្រងគេ ពិបាករកការងារធ្វើ ពីព្រោះក្នុងវិស័យនេះ ការងារមិនសូវមានច្រើនទេ។
សរុបសេចក្តីមក ប្រទេសកម្ពុជាមិនខ្វះកម្លាំងពលកម្មទេ ប៉ុន្តែបញ្ហានៅត្រង់ថា កម្លាំងពលកម្មមិនត្រូវបានបែងចែកច្បាស់លាស់និងម្យ៉ាងទៀតគឺដោយសារ ប្រាក់ខែទាប។
ដូច្នេះ ដើម្បីកុំអោយប្រទេសកម្ពុជាខ្វះកម្មករជំនាញតែបែរជាមានអតិផរណា និស្សិតនៅក្នុងវិស័យផ្សេងទៅវិញនោះ និស្សិតខ្លួនឯងមុននឹងចាប់យកមុខជំនាញអ្វីមួយ ពួកគេត្រូវថ្លឹងថ្លែងតម្រូវការទីផ្សារអោយបានច្បាស់លាស់ជាមុនសិន។ ម្យ៉ាងវិញទៀត និស្សិតមិនត្រូវមានទស្សនៈថា រៀនដើម្បីធ្វើជាអ្នកធំនិងរៀនដើម្បីដឹកនាំគេនោះទេ៕

Advertisements

Posted on ខែ​មិថុនា 9, 2012, in សេដ្ឋកិច្ចកម្ពុជា. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា​ខ្វះ​កម្លាំង​ពលកម្ម?.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: