ក្រុមហ៊ុន Facebook ដែលជាបណ្តាញសង្គមតាមអ៊ីនធ័រនែតដ៏ធំបំផុតនៅលើ ពិភពលោក ទើបបានជូនដំណឹងនៅថ្ងៃសុក្រនេះអំពីការដាក់លក់ ជាសាធារណៈ ភាគហ៊ុន ៤២១ លានភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលប័ត្រនៅញូវយកដោយ១ភាគ ហ៊ុនមានតម្លៃ ៣៨ ដុល្លារ។ ប្រតិបត្តិការនេះ នៅពេលចាប់ធ្វើភា្លមបានទាក់ទាញទឹកចិត្តអ្នកវិនិយោគទុនជាច្រើន ហួសពីការគ្រោងទុក។

សេចក្តីរាយការណ៍របស់ នុយ ប៊ែរណាដែត

18/05/2012 by នុយ ប៊ែរណាដែត

នៅសហរដ្ឋអាមេរិក–Facebook បណ្តាញសង្គមតាមអ៊ីនធ័រនែតដ៏ធំបំផុតនៅលើពិភពលោក បានចាប់ដាក់លក់ភាគហ៊ុន របស់ខ្លួន  ៤២១ លាន ភាគហ៊ុននៅលើទីផ្សារមូលប័ត្រនៅទីក្រុង ញូវយក ដោយ ១ភាគហ៊ុន ថ្លៃ៣៨ដុល្លារអាមេរិក ។ បណ្តាញសង្គម  Facebook ដែលត្រូវបានបង្កើតឡើងកាលពី៨ឆ្នាំមុនដោយនិស្សិតម្នាក់នៃ សាកល វិទ្យាល័យ Harvard  ឈ្មោះ Mark Zuckerberg  មកទល់ពេលនេះ  មានសមាជិករបស់ខ្លួន ប្រមាណ៩០០ លាននាក់។
នៅពេលចាប់បើកលក់ភាគហ៊ុន Facebookនៅលើទីផ្សារមូលប័ត្រភ្លាម ចំនួនអ្នកវិនិយោគទុនដែលសុំទិញភាគហ៊ុនរបស់Facebookកើនកំរិត ខ្ពស់រហូតដល់ ២៥% លើសពីការគ្រោងទុក ។ គឺជាឯតទគ្គកម្មមួយ សំរាប់ ក្រុមហ៊ុនបណ្តាញសង្គម  Facebook នេះ ព្រោះថា បើមួយភាគហ៊ុនមានតម្លៃ៣៨ដុល្លារនោះ ក្រុមហ៊ុនFacebook ដែលមានដាក់លក់៤២១ លានភាគហ៊ុននឹងមានតម្លៃភាគហ៊ុនសរុបប្រមាណ ១០៤ពាន់លានដុល្លារ ។
ដូច្នេះ ភាគហ៊ុនរបស់ Facebookនឹងមានតម្លៃ ខ្ពស់ជាង ក្រមហ៊ុន  Disney ឬ ក៏  Mc Donald’sទៅទៀត ។

បន្ទាប់ពី ការដាក់លក់ភាគហ៊ុន របស់  Facebook លោក Mark Zuckerberg ដែលជាស្ថាបនិក Facebookមានចំណែកភាគហ៊ុនរបស់ខ្លួនជិត៥៦%នៃដើមទុនក្រុមហ៊ុន។ រីឯអ្នកទិញ  ភាគហ៊ុន របស់ Facebook វិញ ជឿទុកចិត្តថាក្រុមហ៊ុន Facebook អាចនឹងរកប្រាក់ចំណូលកើនថែមទៀតរហូត ដល់ ២៧ដងនៃប្រាក់ចំណូល របស់ Facebook នៅឆ្នាំ២០១១ -ប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម ។  គ្រាន់តែឆ្នាំ ២០១១ ប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មនេះ  មាន ប្រមាណ ៣១៥០ លានដុល្លារ គឺប្រមាណ ៨៥% នៃ ប្រាក់ចំណូលសរុបប្រចាំឆ្នាំ។

ការជឿទុកចិត្តពេក របស់អ្នកទិញវិនិយោគទុន នៃក្រុមហ៊ុន Facebook ក៏អាចជាគ្រោះថ្នាក់ មួយដែរពីព្រោះគេនៅមិនទាន់ដឹងថាតើក្រុមហ៊ុន Facebook ត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យបា្រក់ចំណូល របស់ខ្លួនបានកើនឡើងជាលំដាប់ជាងពេលបច្ចុប្បន្ននេះ ។

រហូតមកទល់ពេលនេះ គេនៅតែមន្ទិលសង្ស័យពីប្រសិទ្ធិភាពនៃមធ្យោបាយរកប្រាក់ចំណូល បានមកពីការផ្សាយពាណិជ្ជកម្ម។ ជាក់ស្តែងក្រុមហ៊ុន Facebook បានបាត់បង់ អតិថិជនមួយរបស់ខ្លួននោះគឺ ក្រុមហ៊ុន ផលិតរថយន្ត អាមេរិក General Motor ដែល ទើបតែបានបោះបង់ចោល មធ្យោបាយផ្សាយពាណិជ្ជកម្ម នៅតាម បណ្តាញសង្គម Facebookនេះ ៕

Posted on ខែមិថុនា 9, 2012, in សេដកិច្ចអន្តរជាតិ. Bookmark the permalink. Comments Off on Facebook​​ ​ដាក់​​លក់​​ភាគ​ហ៊ុន​​របស់​​ខ្លួន​​ជា​​សាធារណៈ​​.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: