Monthly Archives: ខែវិច្ឆិកា 2014

ការអភិវឌ្ឍនូវសំណេរ

ជាការពិតណាស់ សមត្ថភាព ចាប់យកពុទ្ធិ មានបួន គឺ អាន ស្តាប់ និយាយ និង សរសេរ ។ ដូច្នេះ សមត្ថភាពសរសេរដែលជាផ្នែកមួយនៃសមត្ថភាពទាំង ៤ អ្នកសិក្សា និង អ្នកផ្ទេរនូវពុទ្ធិ ក៏ត្រូវ ចាប់អារម្មណ៍ និងមិនត្រូវបំភ្លេចចោល នោះទេ។

ក្រៅពីពង្រឹងនូវសមត្ថភាពនិយាយ អ្នកផ្ទេរពុទ្ធិ និងអ្នកសិក្សា ក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនូវសមត្ថភាពសរសេរផងដែរ ។ តែសំណេរនេះ បើយើងមានសមត្ថភាពនិយាយ បកស្រាយ ពន្យល់ នោះវាងាយណាស់ឈានទៅរក ការរៀនសរសេរ ។ នៅពេលនរណាម្នាក់មានសមត្ថភាពនិយាយ បានល្អ នោះគេពិតជាអាចសរសេរបានល្អ គ្រាន់តែស្មេរត្រូវ ដឹងពីវិធីសាស្រ្តសរសេរទៅតាមប្រភេទនៃសំណេរ ។ ក្នុងវិស័យច្បាប់ ប្រភេទសំណេរមាន ដូច ជា ពិគ្រោះយោបល់ផ្នែកច្បាប់លើរឿងក្តីណាមួយ វិភាគសាលដីកា ប្ញ បរមាធិប្បាយគតិយុត្ត ជាដើម ។
ទាក់ទងនឹងវិធីសាស្រ្តសរសេរនេះ និស្សិតច្បាប់ ត្រូវ ពិគ្រោះ អានសៀវភៅ វិធីសាស្រ្តគតិយុត្ត របស់ ក្រុមស្រាវជ្រាវ និង ចងក្រងដោយ ក្រុមការងារសហប្រតិបត្តិការបារាំង និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

វិធីសាស្រ្តសរសេរបរមាធិប្បាយបានល្អ ស្មេរត្រូវគិតពីប្លង់ ជាមុន ។ ប្លង់ដែលល្អ គឺយើងខិតខំរកប្លង់ដែលមាន គំនិតធំពីរ ដែល យើង ត្រូវបែងចែក ជា២ជំពូក ប្ញ ២ផ្នែក ។ បន្ទាប់មក យើង ធ្វើការបែងចែក ជា ផ្នែករង ប្ញជា កថាខណ្ឌ និង បែងចែក ជា ចំនុច ក. ខ. តទៅទៀតជាដើម ។

ឧទាហរណ៍ ប្រធានបទទាក់ទងនឹង ការបង្កើតកិច្ចសន្យា វាមានប្លង់ ៖

ផ្នែក ១ៈ​ លក្ខខណ្ឌនៃការបង្កើត
កថាខណ្ឌ  ១ៈ ការព្រមព្រៀង និង សមត្ថភាព
កថាខណ្ឌ ២ៈ កម្មវត្ថុ និងមូលហេតុ ប្ញ តម្លៃតបស្នង
ផ្នែកទី ២ៈ ទណ្ឌកម្មនៃការមិនគោរពលក្ខខណ្ឌនៃការបង្កើត
កថាខណ្ឌ ១ៈ ប្រភេទទណ្ឌកម្មៈ មោឃភាព និងការលុបចោល
កថាខណ្ឌ ២ៈ អានុភាពនៃទណ្ឌកម្ម

Advertisements

កត្តាពីរនៃកត្តាផ្សេងៗទៀតដែលជួយជម្រុញដល់ការពង្រឹង និង ការអភិវឌ្ឍ គុណភាពអប់រំ

គួរពុំគួរសូមមេត្តាអភ័យទោស !

ខ្ញុំបាទ សូមចូលរួមមតិលើការអភិវឌ្ឍគុណភាពអប់រំក្នុងវិស័យឧត្តមសិក្សា ។

ខ្ញុំសូមមានមតិយ៉ាងខ្លី ទាក់ទងនឹងការជំរុញ និង ពង្រឹងគុណភាពអប់រំ ក្នុងវិស័យឧត្តមសិក្សាឆ្លងតាមបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យឧត្តមសិក្សាកន្លងមក ។

គុណភាពអប់រំពិតជាផ្អែកលើកត្តាផ្សេងៗជាចម្បង ដូចជា កត្តាសិស្សផ្ទាល់ខ្លួន កត្តាគ្រូ កត្តាជីវភាពរបស់គ្រូ កត្តាសាលា សំភារៈរូបវន្ត សំភារៈសិក្សា សៀវភៅ បណ្ណាល័យ កត្តាគ្រួសារ មាតាបិតា អាណាព្យាបាល កត្តាបរិយាកាសសង្គម នយោបាយ មិត្តភក្តិ កត្តាទំនាក់ទំនងអន្តរជាតិក្នុងតំបន់ និងជាសាកល កត្តាលុបបំបាត់ទំលាប់ចាស់ កត្តាវិធីសាស្រ្ត … ពិតប្រាកដណាស់។ តាមការពិនិត្យ និង អង្កេត តាមដាន ពីទង្វើ សកម្មភាព កម្រិតប្រែប្រួល កំណើន ការធ្លាក់ចុះ នៃគុណភាព ពីមួយឆ្នាំទៅមួយឆ្នាំ និង សិក្សាពីគុណភាពសិក្សារបស់និស្សិតសាកលវិទ្យាល័យ ។

ខ្ញុំបាទសូមលើកយកកត្តា ២ ដែល ជាការចូលរួមអភិវឌ្ឃគុណភាពអប់រំទទួលបានចំណេះដឹងពិត និងចងចាំ ទុកជា ធនធានសម្រាប់និស្សិតខ្លួនឯងដើម្បីឈានទៅរកការងារធ្វើបានគ្រប់ៗគ្នា មានទាំងគុណភាពពិត គឺ ៖

១. កត្តាសិស្សផ្ទាល់ខ្លួន

នៅពេលនិស្សិតបានជ្រើសរើសជំនាញសិក្សានៅគ្រឹះស្ថាន សាកលវិទ្យាល័យណាមួយហើយ និស្សិតត្រូវតាំងខ្លួនសិក្សាពិតប្រាកដច្បាស់លាស់ មានន័យថា ត្រូវមកសិក្សាឱ្យបានជាប់លាប់ កុំអវត្តមាន សិក្សាពីមួយថ្ងៃទៅមួយថ្ងៃ តាមដាន ត្រងត្រាប់ ស្តាប់គ្រូ ពន្យល់ណែនាំ កត់ត្រា និងអង់អាចក្លាហាន ហ៊ានសួរ និងឆ្លើយ ហើយថែមទាំងឧស្សាហ៍ អនុវត្តជំនាញរបស់ខ្លួន ដែលបានសិក្សាតាមទ្រឹស្តី មេរៀន ដែល គ្រូបានពន្យល់ ណែនាំ ថែមទាំងរៀនស្រាវជ្រាវបន្ថែម នៅបណ្ណាល័យ តាមអនឡាញ ជាដើម ។ និស្សិតត្រូវ អនុវត្តជាប្រចាំ ជារៀងរាល់ពេលសិក្សា គ្រប់មុខវិជ្ជា ពីមួយថ្ងៃទៅមួយថ្ងៃ កុំទុកយូរ តាមទម្លាប់របស់ខ្លួន ។ និស្សិតត្រូវកែទម្លាប់ចាស់ចោល ច្រើនតែមិនសិក្សា មេរៀនបន្តិចម្តងៗ ច្រើនតែទុកចោលមិនយកចិត្តទុកដាក់ពេលសិក្សា ពីមួយថ្ងៃទៅមួយថ្ងៃ លុះដល់ពេលប្រលងទើបសិក្សា ប្ញ នាំគ្នាថតចំលងឯកសារត្រៀមទុកចំលងទៅវិញ ។ លើសពីនេះទៅទៀត និស្សិតត្រូវអានជាមុននូវ មេរៀន សៀវភៅ ដែលគ្រូនឹងបង្រៀនពេលខាងមុខ ដើម្បីចាប់យកខ្លឹមសារខ្លះៗ ងាយស្រួលស្តាប់ការបកស្រាយ ពន្យល់ ពេលសិក្សា និង គិត ស្វែងរកសំណួរសួរគ្រូ ។

២.កត្តាប្រើប្រាស់វិធីផ្ទេរពុទ្ធិ

វាជាការពិតណាស់ វិធី២យ៉ាង សម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើពីគ្រូទៅដល់សិស្សគឺ ៖ វីធីដែលមានគោលវិធីពីរគឺ គ្រូមជ្ឈមណ្ឌល និងសិស្សមជ្ឈមណ្ឌល ។ ទន្ទឹមនឹងនេះ ខ្ញុំសូមចូលរួមជាមតិយោបល់ ផងដែរ ទៅលើការផ្ទេរនូវពុទ្ធិនេះ ។
ការមិនបំភ្លេចចោលនូវកាអនុវត្តដែលកើតចេញពីសិស្ស ជាកត្តាចម្បងណាស់ ខ្វះមិនបាន ដែលជំរុញឱ្យសិស្សចេះនិងចងចាំពិតប្រាកដ ។ដូច្នេះ រាល់ការផ្ទេរចំណេះដឹងចំណេះធ្វើដល់សិស្ស លោកគ្រូ អ្នកគ្រូ គួរតែ ជំរុញឱ្យសិស្ស អនុវត្តនូវទ្រឹស្តី ដែលបានសិក្សា ។ ដូចជា ជាបឋម គ្រូត្រូវរៀបចំ មេរៀន ខ្លឹមសារជាមុន សម្រាប់ផ្ទេរចំណេះដល់សិស្សពីមួយពេលសិក្សាទៅមួយពេលសិក្សា ជា សៀវភៅ ជាកម្រងមេរៀន (គ្រូត្រូវមានសៀវភៅ ប្ញ កម្រងមេរៀន រៀបចំដោយខ្លួនឯង ដែលផ្ទុកដោយវត្ថុបំណងមេរៀន និង ប្លង់មេរៀន សម្រាប់ មួយឆមាស ដែលត្រូវបង្រៀន)ដើម្បីឱ្យសិស្សបានអានមុនពេលរៀនមេរៀន និងប្រាប់ទៅសិស្សនូវឯកសារត្រូវស្រាវជ្រាវបន្ថែម នៅទីណាដែលពួកគេអាចរកបាន ។បន្ទាប់មក ពេលចាប់ផ្តើមរៀន ក្រោយពីរំលឹកមេរៀនចាស់ដែលបានសិក្សា
កន្លងមក គ្រូត្រូវប្រកាសប្លង់ និងវត្ថុបំណងមេរៀនសម្រាប់ថ្ងៃនេះ ដែលសិស្សបានអាន ប្ញ ស្រាវជ្រាវបន្ថែម នៅផ្ទះ ហើយណែនាំដល់សិស្សម្នាក់ ប្ញ ពីរនាក់ ដែលត្រូវឡើងមកធ្វើបទបង្ហាញ មេរៀនដែលគ្រូបានសរសេរ ពន្យល់ ទុកដល់សិស្សជាមុន ដើម្បីវាយតំលៃការសិក្សានៅផ្ទះរបស់សិស្ស ថាគេបានកាន់សៀវភៅ បានអាន បានស្រាវជ្រាវបានប៉ុន្មាន ។ ក្នុងពេលសិស្សធ្វើបទបង្ហាញ គ្រូត្រូវតាមដាន អង្កេត កត់ត្រា សកម្មភាព សិស្ស ធ្វើបទបង្ហាញ និង សិស្សអង្គុយស្តាប់ (សូមបញ្ញាក់ថា ការធ្វើបទបង្ហាញនេះត្រូវតែសិស្សដទៃទៀតចូលរួមស្តាប់ តាមដាន និងចូលរួមនិយាយ ពន្យល់ បកស្រាយ សួរនិងឆ្លើយទាំងអស់គ្នា ផងដែរ) ។ ក្រោយពីសិស្សធ្វើបទបង្ហាញរួចមក គ្រូត្រូវលើកសរសើរ និង កែលំអរ បំពេញបន្ថែមនូវចំនុចខ្វះខាត និងទាញអារម្មណ៍សិស្សឱ្យចាប់យកចំណេះដឹងសម្រាប់ថ្ងៃដែលរៀនពេលនេះ ហើយគ្រូត្រូវធ្វើបទបង្ហាញដោយចាប់យកនូវខ្លឹមសារចំៗ ច្បាស់លាស់ ដែលជាវត្ថុបំណងសម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើសម្រាប់ថ្ងៃបង្រៀន ដល់សិស្ស ព្រមទាំងបន្ថែម នូវបទពិសោធន៍ការងារដែលបានអនុវត្តទាក់ទងនឹងទ្រឹស្តី ខ្លឹមសារមេរៀន ។ជាចុងបញ្ចប់ គ្រូមិនត្រូវភ្លេច ផ្ទៀងផ្ទាត់ថា តើ សិស្សទទួលបានពុទ្ធិ ចំគោលដៅ វត្ថុបំនងនៃមេរៀនដែរប្ញទេ? ថែមទាំង ទុកពេលឱ្យសិស្សមានសំណួរ ចោទ សួរ ហើយ គ្រូត្រូវឆ្លើយ ដល់សិស្ស ភ្លាមៗ ឱ្យអស់ចំងល់ និងភ្លឺច្បាស់ក្នុងចិត្តរបស់សិស្ស ។

នេះគ្រាន់តែ ជាកត្តា ២ នៃកត្តាផ្សេងៗទៀត ដែលអាចជម្រុញដល់ការសិក្សា ការផ្ទេរចំណេះដឹង ចំណេះធ្វើ ដល់សិស្ស មួយផ្នែក ក្នុងការចាប់យកពុទ្ធិ ។ វាជាទស្សនៈរបស់ស្មេរផ្ទាល់ប៉ុណ្ណោះ ។

គួរតែនឹកដល់ ពាក្យពេចន៍ដែលបានពោលថា បង្រៀនឱ្យចេះស្ទូចត្រី ប្រសើរជាង ឱ្យត្រីដោយមិនចេះស្ទូច ។

ហេតុអ្វីបានជា Steve Jobs មិនឲ្យកូនគាត់ប្រើ iPhones ឬ iPads ?.