សិទ្ធិមនុស្ស

បទពាក្យ ៨

បេះដូងផ្ទុកឈាមទ្រទ្រង់ជីវិត
ខួរក្បាលគិតបែងចែកអាក្រក់ល្អ
កើតជាចិត្តគំនិតយល់ខ្មៅស
មានឬក្រធំតូចខ្ពស់ឬទាប។

សរីរាង្គទាំងពីរដំណើរការ
ដឹងយល់ព្រឹត្តការណ៍បានជ្រួតជ្រាប
ចិត្តនាំជាសង្រ្គាមសន្តិភាព
សណ្តាប់និងរបៀបដែលរស់នៅ។

ហប្ញទ័យធាតុអត្តនោម័តិ
ចេះអារកាត់គិតគូរយ៉ាងជ្រាលជ្រៅ
អារម្មណ៍ដិតដក់លើរូបស្រីពៅ
មកនិងទៅកើតដោយក្តីប្រាថ្នា។

មានជីវិតស្រូបខ្យល់ដកដង្ហើម
សិទ្ធិមនុស្សចាប់ផ្តើមគ្រប់អាត្មា
សិទ្ធិមានជីវិតរស់លើលោកា
សិទ្ធិបញ្ចេញវាចានិយាយស្តី។

ផ្តល់ជាមតិដើរហើរប្រជុំ
មានទ្រនំកម្មសិទ្ធិលើផ្ទះដី
សិទ្ធិការពារខ្លួនប្រជាប្រុសស្រី
ប្រពន្ធប្តីយល់សិទ្ធិសហព័ទ្ធ។

សិទ្ធិនយោបាយចូលរួមបោះឆ្នោត
គិតថ្លឹងថ្លែងមិនឆោតមិនបិទមាត់
សិទ្ធិសេដ្ឋកិច្ចនិងអភិវឌ្ឍ
រកស៊ីមិនហាមឃាត់គិតកែច្នៃ។

ចូលរួមសមាជិកគណបក្ស
ឬសបានចាក់ប្រជាធិបតេយ្យ
ជ្រកកោនរស់នៅព្រឹកល្ងាចយប់ថ្ងៃ
ចាប់កាន់ដៃចូលរួមសមាគម។

សិទ្ធិកុមារទ្រទ្រង់ផ្លូវចិត្តកាយ
គូរគិតនិងត្រួសត្រាយស្រោចពូនជ្រំ
បង្ហាត់បង្រៀនបណ្តុះអប់រំ
ពុទ្ធិចូលប្រោះព្រំពិតស្នងជាតិ។

សិទ្ធិស្រ្តីរាល់រូបត្រូវបានការពារ
គ្រប់វេលាគិតគូរមិនឃ្លៀងឃ្លាត
មាតុភាពសំរាកមិនរវាត
ផ្តល់ដល់ញាតិជាស្រ្តីបំពេញការ។

សិទ្ធិលើកស្ទួយដល់ជនខ្វាក់គថ្លង់
យោងយិតគិតស្រោចស្រង់កុំសង្កា
ផ្គត់ផ្គង់ជីវភាពផ្តល់វាសនា
នូវមុខរបរណាដែលធ្វើបាន។

រូបកាយមនុស្សមិនត្រូវបំពាន
ប៉ងរុករានទន្រ្ទានមិនសុខសាន្ត
វាយដំច្រំធាក់ប៉ះពារអង្គប្រាណ
កុំរំខានសំលាប់បាញ់ឱ្យក្ស័យ។

ទ្រព្យសម្បត្តិមាសពេជ្រប្រាក់កែវកង
ប្រាថ្នាប៉ងបំណងជាប់និស្ស័យ
ការពារជានិច្ចភោគផលទោះយប់ថ្ងៃ
ស្ថិតនៅជាប់ក្នុងដៃជាកម្មសិទ្ធិ។

មរតកត្រូវស្នងទៅទាយាទ
សន្តានញាតិកូនចៅរួមមូលមិត្ត
ច្បាប់ចែងយ៉ាងជាក់ច្បាស់មិនប្រឌិត
គោលការណ៍ពិតយុត្តិធម៌ត្រឹមត្រូវ។

ទារកក្នុងគភ៌តោងផ្ទៃមាតា
ពិតជាមានវាសនាច្បាប់បើកផ្លូវ
មានចំណែកមរតកផងកូវ
ភូមិឋានវាលស្រែស្រូវមិនបង់បាត់។

នៅពេលមនុស្សទទួលមរណៈ
សពបានដាក់ក្នុងផ្នូរមិនរសាត់
សិទ្ធិខ្លះនៅមានមិនបានកំចាត់
មិនផាយផាត់ស្ងៀមស្ងាត់ច្បាប់ការពារ។

ហាមជីកគាស់បន្ទោបង់លើផ្នូរ
ថែរក្សាផង់ផូរដូរទាមទារ
បំពានរុករានរំលើងជាគ្នា
មិនឱ្យមកសសៀរបំពារក្បែរ។

ប្រជាពលរដ្ឋចូលរួមលើកស្ទួយ
ពន្លកត្រួយស្គាល់សិទ្ធិជាហូរហែ
គោរពសិទ្ធិគ្នាយល់ថ្នមថ្នាក់ថែ
ពូជពង្សខ្មែររស់ដោយសុខសាន្តត្រាណ។

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85

ប្រភពរូបភាព ៈ  www.fanpop.com

Posted on ខែធ្នូ 11, 2014, in កំណាព្យ. Bookmark the permalink. Comments Off on សិទ្ធិមនុស្ស.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: