សាទរទិវាពលកម្មអន្តរជាតិ

បទពាក្យ១០

ឧសភា ទីមួយ ទិវា បុណ្យពលកម្ម
ប្រតិទិន ចារចាំ កត់ត្រា សិទ្ធិសេរី
ថ្ងៃសម្រាក ការងារ បងប្អូន ទាំងប្រុសស្រី
និយោជិត ចាស់ថ្មី រួមទាំង កម្មករផង។

ការងាររដ្ឋ ឯកជន ក្រុមហ៊ុន និងរោងចក្រ
បុគ្គលិក គ្រប់ថ្នាក់ ក្រុងខេត្ត លែងសៅហ្មង
សែនសប្បាយ រីករាយ អនេក ពេកកន្លង
មានមិត្តភក្រ្ត ប្អូនបង ត្រេកអរ ថ្ងៃលំហែ។

ខ្លះជួបជុំ ញាតិមិត្ត គូកន ដើរកំសាន្ត
កំពង់សោម ល្ហើយប្រាណ ឆ្នេរកែប សែនជាប់ស្នេហ៍
ភ្នំបូកគោ ពពក វិលវល់ មេឃប្រួលប្រែ
ទន់ស្រទំ ផងដែរ ស្រិបស្រួល មនោរម្យ។

មួយថ្ងៃឈប់ ស្រាកស្រាន្ត ធូរស្បើយ បានមួយរយៈ
ស្អែកការកិច្ច ចាប់ទាក់ វក់វី ពូនផ្តុំជ្រំ
ទាំងព្រឹកល្ងាច ខ្លះយប់ រសៀល មូលមីរជុំ
កាលរាត្រី ប្រោះព្រំ កំលាំង សម្រាប់ស្អែក។

ខំបញ្ចេញ ញើសឈាម ថ្នល់ថ្នូរ ជាមួយប្រាក់
ខំពុះពារ សស្រាក់ សស្រាំ គិតបែងចែក
រឿងជីវិត ក្រពះ កូនចៅ ដែលពឹងផ្អែក
មិនប្រកាន់ ប្រកែក ការងារ ទាបថោកឡើយ ។

ទាំងការងារ ខ្ពស់ទាប ជ្រាបតាម ក្រមក្រឹត្យច្បាប់
មាត្រាចង រ៉ាយរ៉ាប់ សព្ទសារ មិនកន្តើយ
និយោជិត កម្មករ មានសិទ្ធិ បានល្ហែល្ហើយ
ក្រមការងារ ជាត្រើយ កល់កើយ ស្វែងរកសិទ្ធិ។

មានជំលោះ ត្រូវដោះ ស្រាយស្រស់ ដោយប្រត្យក្ស
រឿងវិវាទ ទងទាក់ ចៅហ្វាយ និយោជិត
ចំណងកិច្ច សន្យា ការកិច្ច និងប្រាក់ពិត
មើលមាត្រា ត្រូវគិត សញ្ជឹង ឱ្យបានច្បាស់។

សេរីភាព កូដកម្ម ឡុកអៅ (lock out) មាតុភាព
សហជីព ថែមទៀត បង្កើត មិនក្រឡាស់
សមាគម ចូលរួម មូលផ្តុំ មិត្តថ្មីចាស់
អនុញ្ញាត ប្រកាស ផ្តល់សិទ្ធិ ជូនប្រជា។

ទិវាបុណ្យ ការងារ ពលកម្ម អន្តរជាតិ
មិត្តកម្មករ ព្រោងព្រាត សាទរ ថ្ងៃវេលា
ទិវានេះ ពិតមាន ឆ្នាំក្រោយ រៀងគ្រប់គ្រា
និយោជិត ផងគ្នា កម្មករ សែនរីករាយ ។

International-Labor-Day-2015-2

ប្រភពរូបភាព ៈ www.totalhangout.com

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែ​ឧសភា 2, 2015, in កំណាព្យ. Bookmark the permalink. Comments Off on សាទរទិវាពលកម្មអន្តរជាតិ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: