រីករាយ ទិវាសិទ្ធិកុមារ

បទពាក្យ ៨

ស្លឹកឈើទុំ រុះរោយ តាមធម្មជាតិ
ចាកចោលឃ្លាត រាត់រាយ ធ្លាក់ពាសដី
ប្រួលប្រែពណ៌ សម្បុរ ចាស់ផ្លាស់ថ្មី
អាប់រស្មី លែងខ្ចី ដល់វេលា ។

ឬស្សីងាប់ ទំពាំង ដុះជំនួស
ចូលមកជួស បន្ត ដើមជរា
ប្អូនប្រុសស្រី កុមារ ស្នងគ្រប់គ្នា
ជាតិទាមទារ ពង្រឹង ខ្លឹមឱ្យបាន ។

ពិតមែនហើយ យើងជា យុវជន
ចេះទន់ភ្លន់ រាបសារ លំឱនប្រាណ
រួមសាមគ្គី ពួតដៃ រស់សុខសាន្ត
ញាតិសន្តាន រាប់អាន ចងជាមិត្ត។

ក្រឡេកមើល ប្អូនៗ ជាកុមារ
មានវាសនា រស់រាន និងមានសិទ្ធិ
ច្បាប់មាត្រា ចងចារ មិនប្រឌិត
ថ្លែងគំនិត មតិ តាមឆន្ទៈ។

ដល់អាយុ ប្រាំមួយ ឆ្នាំចូលរៀន
ច្បាប់ប្រទាន ថ្លៃថ្លា យ៉ាងជឿជាក់
ចូលសិក្សា មិនបង់ ថ្លៃជាធ្នាក់
ទីពំនាក់ ចំណេះ ជាមូលដ្ឋាន ។

សិទ្ធិទទួល បាននូវ ការអប់រំ
មានទ្រនំ ជម្រក សុខក្សេមក្សាន្ត
សិទ្ធិការពារ ទង្វើ ទាំងប៉ុន្មាន
ច្បាប់មិនស្មាន ដាក់ទោស ទណ្ឌឡើយណា ។

ក្មេងអាយុ តិចជាង ដប់បួនឆ្នាំ
ត្រូវចងចាំ ទង្វើ គ្រប់អាត្មា
បក្កភាព មិនបាន ចែងមាត្រា
សន្មតថា កុមារ គ្មានទោសឡើយ ។

រាល់ទង្វើ កើតចេញ ពីក្មេងក្មាង
មានភស្តុតាង បង្អែក ជាខ្នល់ខ្នើយ
ឳពុកម្តាយ ជាអ្នក ចាំឆ្លងឆ្លើយ
ចំលងត្រើយ ជួសជុល ជាសំណង ។

ពីដប់បួន តិចជាង ដប់ប្រាំបី
ប្អូនប្រុសស្រី ចំនង ចាប់ជាប់ចង
មានសាមគ្គី ជាមួយ ម៉ែឪផង
ចូលរួមសង រួមគ្នា ជំងឺចិត្ត។

បើមានទោស ព្រហ្មទណ្ឌ ជាប់ជាមួយ
រឿងភ័យព្រួយ ដាក់គុក ចូលកៀកកិត
ពន្ធនាគារ មិនមាន ដាក់ទោសក្រិត
អប់រំស្និទ្ធ កែប្រែ ក្នុងមណ្ឌល ។

សូមចូលរួម អបអរ សាទរក្រៃ
ប្អូនថ្លើមថ្លៃ កុមារ ស្រស់និមល
មិថុនា ទីមួយ មិនរវល់
បាត់អំពល់ មិនខ្វល់ សែនរីករាយ ។

Childrens-Day-celebration -4pendulo.org

ប្រភពរូបភាពៈ pendulo.org

Advertisements

About Chin Vannara

ប្លក់នេះរៀបចំឡើង សម្រាប់ការសិក្សា ស្រាវជ្រាវ ជាផលប្រយោជន៍ដល់និស្សិត និង អ្នកស្រាវជ្រាវទាំងឡាយ​។

Posted on ខែ​មិថុនា 1, 2015, in កំណាព្យ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ រីករាយ ទិវាសិទ្ធិកុមារ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: