បរមាធិប្បាយគតិយុត្ត

ប្រធានៈ ការទទួលខុសត្រូវតាមកិច្ចសន្យា និងការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

សេចក្តីផ្តើមៈ

ការទទួលខុសត្រូវតាមកិច្ចសន្យា ខុសពីការទទួលខុសត្រូវដោយអំពើអនីត្យានុកូល តាមគោលការណ៍របស់វានីមួយៗ ។    ចំពោះការទទួលខុសត្រូវ តាមកិច្ចសន្យា     ការជួសជុលសំណងការខូចខាតមានមូលហេតុកើតចេញពី ការមិនប្រតិបត្តិ​កាតព្វកិច្ចឬក៏ការប្រតិបត្តិមិនបានត្រឹមត្រូវនូវកាតព្វកិច្ចតាមកិច្ចសន្យា។ ចំណែកឯ ការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)វិញ សំណងជួសជុលព្យសនកម្ម មានមូលហេតុកើតចេញពីអត្ថិភាពនៃទោសកម្ម ឬក៏ឧបទោសកម្មដែលអនុញ្ញាតឱ្យជនរងគ្រោះទទួលបានសំណងជួសជុលព្យសនកម្ម។

         តើភាពខុសគ្នានៃប្រភពលើការទទួលខុសត្រូវនេះ នាំមកនូវការអនុវត្តនូវរបបគតិយុត្តខុសគ្នាឬយ៉ាងណា?

ទាក់ទងនឹងរឿងនេះ វាមានការពិភាក្សាដែលកើតចេញពី  គំនិតពីរក្រុម​គឺ ក្រុមឯកនិយម និងក្រុមទ្វេកនិយមដែលបានជំទាស់នឹងទ្រឹស្តីនាចុងសតវត្សទី១៩ រហូតដល់ ទសវត្ស៣០។​ ទ្រឹស្តីវិទូនៃក្រុមឯកនិយម បានសង្កត់ទៅលើ កាតព្វកិច្ចនីត្យានុកូលសម្រាប់ធ្វើជាសំណងជួសជុល ។ រីឯក្រុមទ្វេកនិយម ផ្អែកលើការជំទាស់នៃប្រភព គឺ ច្បាប់​និងកិច្ចសន្យា។

នៅទសវត្ស៣០ មានអ្នកនិពន្ធជាច្រើនបានផ្តល់ជាគំនិតនៃការធ្វើសំយោគដែលមានទស្សនៈដូចប្រព័ន្ធបច្ចុប្បន្ន។​ ប្រព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយ   ភាពខុសគ្នារវាងការទទួលខុសត្រូវតាម​កិច្ចសន្យា និងការទទួលខុសត្រូវដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)(ជំពូក១)។  ប៉ុន្តែ យើងមានការកត់សម្គាល់នូវភាពខុសគ្នាស្តួចស្តើងមួយចំនួន(ជំពូក២)។

តួសេចក្តី

ជំពូក១ៈ ការបញ្ជាក់ពីភាពខុសគ្នា

ផ្នែក១ៈ ខ្លឹមសារនៃភាពខុសគ្នា

កថាខណ្ឌ១ៈ ភាពខុសគ្នាក្នុងលក្ខខណ្ឌនៃការប្រតិបត្តិលើ  ការទទួលខុសត្រូវតាមកិច្ចសន្យានិងអំពើអនីត្យានុកូល

ក. ការដាក់កំហិតជាគោលការណ៍បង្ខំ ក្នុងរឿងកិច្ចសន្យា ប៉ុន្តែវាមិនចាំបាច់សម្រាប់រឿងនីតិបដិលោមការណ៍ទេ(អំពើអនីត្យានុកូល)។

ខ. ថិរវេលានៃអាជ្ញាយុកាល មិនដូចគ្នាជានិច្ចនោះទេ។

គ. ភស្តុតាង​មានលក្ខណៈងាយស្រួលក្នុងរឿងនីតិបដិលោមការណ៍(អំពើ​អនីត្យានុកូល)។ នីតិបដិលោមការណ៍( ​អំពើអនីត្យានុកូល) មានពស្តុតាងខុសពីរឿងកិច្ចសន្យា។ ​ភស្តុតាងសម្រាប់​នីតិបដិលោមការណ៍នេះ  ជាការបង្ហាញតាម គតិយុត្តការណ៍​ ដោយសេរី ។

ឃ. ច្បាប់កើតថ្មី ត្រូវយកមកអនុវត្តភ្លាម    សម្រាប់ការទទួលខុសត្រូវ   នីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។ ចំណែកឯ​ការទទួលខុសត្រូវ តាមកិច្ចសន្យា វិញ ជា គោលការណ៍ វាមិនទាក់ទងទេ ។ វាទាក់ទងតែនឹងច្បាប់ណាដែលកិច្ចសន្យាបានបង្កើតឡើងនាពេលនោះ ។

ង. លក្ខណៈវិនិច្ឆ័យនៃ  ការទទួលខុសត្រូវតាមកិច្ចសន្យា ឬដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)​ អាចដើរតួនាទីនៅក្នុងការកំណត់នៃយុត្តាធិការ  សមត្ថភាពដោយនីតិជាតិ និងដោយនីតិអន្តរជាតិឯកជន។

លើសពីនេះទៅទៀត ចំពោះនីតិអន្តរជាតិឯកជននេះ វាត្រូវបានកំណត់ដោយច្បាប់អនុវត្តផងដែរ(loi applicable) ។

កថាខណ្ឌ២ៈភាពខុសគ្នាក្នុងអានុភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា និងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)

វាមានភាពខុសគ្នាបីដែលត្រូវគូសបញ្ជាក់ដោយឡែកពីគ្នាៈ

ក. អត្ថិភាពនៃទណ្ឌកម្មដោយឯកទេសកម្មកិច្ចសន្យា​( ការរំលាយកិច្ចសន្យាដោយការមិនប្រតិបត្តិកាតព្វកិច្ច (resolution pour inexécution) អញ្ញត្រកម្មនៃការមិនប្រតិបត្តិកាតព្វកិច្ច (exception d’inexécution ) ការកែ លស់កិច្ចសន្យា (réfaction du contrat ) ដោយចៅក្រម។

ខ. អលទ្ធភាពលើការជួសជុលព្យសនកម្មមិនបានដឹងជាមុន (le dommage imprévisible) ក្នុងរឿងកិច្ចសន្យា។

គ. អប្រសិទ្ធិភាពនៃប្រការ(ខ) ព្រមព្រៀង ឬ ប្រការ(ខ)កម្រិតលើការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ផ្នែក២ៈ ការដាក់ការប្រតិបត្តិនៃភាពខុសគ្នា

កថាខណ្ឌ១ៈ វិធាននៃការមិនត្រួតគ្នាលើការទទួលខុសត្រូវ

ក. វិធាននៃការមិនត្រួតគ្នា   លើការទទួលខុសត្រូវ មានន័យទី១គឺ  យើងមិនអាចប្រមូលផ្តុំ បញ្ចូលគ្នា នូវវិធានទាំងឡាយសម្រាប់ការទទួលខុសត្រូវទាំងពីរបានទេ។​ ដូច្នេះ ជាលក្ខណៈបញ្ជា យើងត្រូវជ្រើសរើស វិធានណាមួយ មកអនុវត្ត​ ឬមួយវិធាននៃការទទួលខុសត្រូវតាមកិច្ចសន្យា​ឬមួយវិធាននៃ

ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ខ. ម៉្យាងវិញទៀត សាលាវិនិច្ឆ័យ បានធ្វើការសម្រេចថា វិធានមិនត្រួតគ្នាមានវិបាក(អានុភាព)សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល) ដាច់ដោយឡែក ចេញពី កំហុសដែលត្រូវបានប្រពឹត្តក្នុងការប្រតិបត្តិកាតព្វកិច្ចដែលបានកើតចេញពីកិច្ចសន្យា។

កថាខណ្ឌ២ៈ វិបាក(អានុភាព)នៃវិធានៈ ភាពចាំបាច់នៃការកំណត់យ៉ាងច្បាស់លាស់ពីវិសាលភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា

ដើម្បីស្គាល់នូវដែនកំណត់នៃការអនុវត្តលើការទទួលខុសត្រូវតាមកិច្ចសន្យា ​យើងត្រូវផ្តល់ជាខ្លឹមសារនៃវិសាលភាពកិច្ចសន្យា។នៅក្នុងរឿងនេះ យើងត្រូវត្រួតពិនិត្យ យ៉ាងពិតជាដោយឡែកៈ

ក. កិច្ចសន្យាមួយត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ( សំណួរនៃបុរេកិច្ចសន្យា)

ខ. យើងមានវត្តមាននៃកាតព្វកិច្ចតាមកិច្ចសន្យា(​យុត្តិសាស្រ្តបានបង្កើននូវចំនួនកាតព្វកិច្ចដែលជាបន្ទុករបស់អ្នកវិជ្ជាជីវៈ(អ្នកមានជំនាញ មុខរបរ) ។

គ. ការមិនប្រតិបត្តិកាតព្វកិច្ចមិនអាចដាក់ទោសលើកូនបំណុល​ ហើយ​ជាការដាក់ទណ្ឌកម្មដល់ម្ចាស់បំណុល( បញ្ហាលើអានុភាពមិនដាច់ខាតនៃកិច្ចសន្យា)។

ជំពូក២ៈ ភាពស្តួចស្តើងនៃការខុសគ្នា

ផ្នែក១ៈ ការដាក់ជាចំណោទលើភាពសមហេតុផលនៃការខុសគ្នា

កថាខណ្ឌ១ៈ ភាពដូចគ្នានៃលក្ខខណ្ឌប្រតិបត្តិ

ក. សរព័ន(បណ្តុំ)នៃកំហុស​ជាធម្មតា ត្រូវយកមកគិត ទោះបីមានកម្រិតនៃទំងន់របស់វាយ៉ាងណាក៏ដោយ។

ខ. សំណងជួសជុលលើព្យសនកម្មផ្លូវចិត្ត​ត្រូវបានទទួលយក​ក្នុងរឿងកិច្ចសន្យា​ក៏ដូចក្នុងរឿងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

គ. ចំណងហេតុផល​ត្រូវបានដឹង​ដោយវេទយិតភាព(ដោយងាយនឹងចាប់អារម្មណ៍)ដូចគ្នាសុទ្ធសាធ ក្នុងប្រភេទទាំងពីរនៃការទទួលខុសត្រូវ។

កថាខណ្ឌ២ៈ ភាពដូចគ្នាក្នុងអានុភាព

ជាបឋមយើងអាចធ្វើការកត់សម្គាល់ថា គោលការណ៍នៃសំណងជួសជុលទាំងស្រុងលើការខូចខាត  ត្រូវបានអនុវត្តលើប្រភេទណាមួយនៃការទទួលខុសត្រូវ។

ជាសរុប វាមានអត្ថិភាពនៃនីតិរួមនៃការទទួលខុសត្រូវរដ្ឋប្បវេណីដែលត្រូវពង្រឹង និងភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវ ស្ថិតជាអាថ៌កំបាំង មើលមិនឃើញ ងងឹតសូន្យ ។

ផ្នែក២ៈ ការផ្លាស់ប្តូរនៃភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ

បំលាស់ទីកន្លែងដែលត្រូវបានចោទប្រកាន់ តិចឬច្រើននៃភាពខុសគ្នារវាងការទទួលខុសត្រូវទាំងពីរ ជាលក្ខណៈរួមចំពោះរបបពិសេសនៃការទទួលខុសត្រូវ។​យើងអាចផ្តល់ជាឧទាហរណ៍ពីរៈ

កថាខណ្ឌ១ៈ. ច្បាប់បារាំងឆ្នាំ១៩៨៥ស្តីពីគ្រោះថ្នាក់ចរាចរណ៍

ច្បាប់ត្រូវយកមកអនុវត្ត គឺច្បាប់នេះ ទោះបី បុគ្គលត្រួវបានដឹកជញ្ជូនតាមរយៈកិច្ចសន្យាក៏ដោយ។

កថាខណ្ឌ២ៈបទបញ្ជាសហភាពអ៊ឺរ៉ុប ស្តីពីផលិតផលគ្រោះថ្នាក់

មាត្រា១​នៃបទបញ្ជាចុះថ្ងៃទី២៥ កក្កដាឆ្នាំ១៩៨៥ ទាក់ទងនឹងការទទួលខុសត្រូវនៃផលិតផលគ្រោះថ្នាក់បានបញ្ញត្តថាៈផលិករ​ត្រូវទទួលខុសត្រូវលើព្យសនកម្មដែលបានបង្កឡើងដោយផលិតផលរបស់គេ។

ដូច្នេះ ភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវបានដឹង ធ្វើការកំណត់បែងចែកនោះទេ។

បទបញ្ជាសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ចូលទៅក្នុងនីតិជាតិផងដែរ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Posted on ខែវិច្ឆិកា 25, 2015, in កិច្ចការប្រតិបត្តិនិស្សិត, នីតិរដ្ឋប្បវេណី, នីតិឯកជន, បរមាធិប្បាយ, វិធីសាស្រ្តសិក្សា. Bookmark the permalink. Comments Off on បរមាធិប្បាយគតិយុត្ត.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: