Monthly Archives: ខែធ្នូ 2015

ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ

បទពាក្យ ៨

មិគសិរ ជំនោរ ព្រឹកព្រលឹម
ភក្រ្តញញឹម ត្រេកអរ រីករាយក្រៃ
ម្ភៃប្រាំបី ខែធ្នូ ក្តីស្រមៃ
ដែលជាថ្ងៃ ទទួល សញ្ញាបត្រ។

យុវជន និស្សិត យុវតី
ទាំងប្រុសស្រី អបអរ មិនស្ងៀមស្ងាត់
នៅកោះពេជ្រ វាយោ បក់រសាត់
ពពកផាត់ នាំមក ជំនួបគ្នា។

ឆ្នាំពីរពាន់ ដប់ប្រាំ នក្ខត្តប្ញក្ស
នាពេលព្រឹក រំលឹក ថ្ងៃទិវា
សែនសាទរ អំណរ មិត្តមីងមា
ជាវេលា រំភើប ឥតឧបមា។

មួកអាវខោ សំពត់ តុបតែងកាយ
មិត្តទាំងឡាយ ជួបជុំ សាស្រ្តាចារ្យ
អ្នកខ្លះមក ជាមួយ មិត្តម៉ាក់ប៉ា
មានបាច់ផ្កា ក្រពុំ គួរស្នេហ៍ស្និទ្ធ។

ក្រោយពីពេល សម្តេច តេជោថ្លែង
ស្តីតាក់តែង ខ្លឹមសារ យ៉ាងជាប់ចិត្ត
ជ័យលាភី សប្បាយ ថតរូបផ្តិត
ខ្លះកៀកកិត ភឿនភក្រ្ត មិត្តភក្តី។

មួយឆ្នាំម្តង ជាថ្ងៃ ឱឡារិក
មិនជាញឹក ជុំជួប មិត្តប្រុសស្រី
គិតនាំគ្នា កំសាន្ត ស្តាប់តន្រ្តី
ដល់រាត្រី អាធ្រាត្រ គិតបែកគ្នា។

រូបភាពបន្ថែមប្រភពពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements

សំណេរលើបណ្តាញសង្គម(Social Network)

បទពាក្យ ៧

ទ្វីបលោកទាំងប្រាំ ឃ្លាតសែនឆ្ងាយ
តែសារទាំងឡាយ ឆាប់រហ័ស
ពីជំនាន់មុន យូរថ្ងៃណាស់
តែឥលូវច្បាស់ លឿនយ៉ាងឆាប់។

ទ្វីបអាម៉េរិក ទ្វីបអាស៊ី
សារឆ្លងវក់វី ងាយឆក់ចាប់
ហើរចូលអ៊ឺរ៉ុប ពិតបានប្រាប់
សៀងសូរសណ្តាប់ សព្ទឆ្លើយឆ្លង។

ហ្វេសប៊ុក ( facebook) ទ្វីតធ័រ( twitter) ប្លក(blog) ព័ត៌មាន
អស់លោកស្មេរស្មៀន ប្រាថ្នាប៉ង់
ផ្សព្វផ្សាយដំណឹង ច្រើនកន្លង
សាសព្ទប្អូនបង រយពាន់លាន។

បណ្តាញសង្គម យើងសព្វថ្ងៃ
ពិតច្រើនក្រាស់ក្រៃ ដែលកើតមាន
អក្ខរាថ្លាថ្លែង សព្វកោះកៀន
មានខ្លះបំពាន សិទ្ធិមនុស្ស។

វាចាហោះហើរ ថ្លែងចរចា
មានផ្លែមានផ្កា រីករោយរុះ
ស្មេរខ្លះនិពន្ធ ចាក់ទម្លុះ
ឆ្កឹះឆ្កៀលវះពុះ ថ្លើមប្រមាត់។

មនុស្សមានសិទ្ធិ គ្រប់អាត្មា
ច្បាប់ក្បួនមាត្រា មិនបានបាត់
ផ្លូវកាយផ្លូវចិត្ត កុំចូលកាត់
យើងត្រូវប្រយ័ត្ន អ្នកដទៃ
កេរ្តិ៍ឈ្មោះកិត្តិយស តួនាទី
ត្រូវគិតសំភី ចេះលកលៃ
សំណៅសំណេរ គិតរំពៃ
រវៀសរវៃ គិតសឹមគូរ។

មិត្តអើយៗមិត្ត មិត្តទាំងឡាយ
ទោះបីនៅឆ្ងាយ មាមីងពូ
សៀងសព្ទ បញ្ជូន មិនជាយូរ
ទុកដាក់ក្នុងទូ តាមអនឡាញ។

សម័យហ្វេសប៊ុក សព្ទសៀងសូរ
មានខ្លះកកូរ ពិតស្មុគ្រស្មាញ
ខូមិន( comment) ផុស (post) ស្យែ (share) មានបណ្តាញ
រាយចាក់ចងត្បាញ គ្រប់កន្លែង។

ថ្លែងថ្លាដំណឹង បរិហារ
ឆ្លងឆ្លើយវាចា ដែលសម្តែង
មានក្រឹត្យក្រមច្បាប់ ពិតបានចែង
អ្នកត្រូវចេះក្រែង រអែងផង។

ទុក្ខទោសព្រហ្មទណ្ឌ រដ្ឋប្បវេណី
មានក្រមទាំងពីរ បានចងក្រង
សំណងជួសជុល ណាប្អូនបង
មាត្រាបានចង ជាស្រេចហើយ។

ប្រភពរូបភាពៈwww.faz.net

BBBBBfacebook-macht-die-anleger

រឿងក្តីអនុវត្ត (case study/ cas pratique)

       ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។

នៅខែមុនកន្លងមក  គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿងឱ្យទៅមិត្តរួមការងារជាមួយម្នាក់  ក្នុងថ្លៃ៥០០ដុល្លារ ។ ​កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាន នៃសហគ្រាសធ្វើការរបស់អ្នកទាំងពីរ ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ ។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ ។

នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន ឈ្មោះ សាន​មានបំណង  ទិញផ្ទះមួយល្វែង ។ ដើម្បីជួយកូនគាត់ ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពីធនាគារ ចំនួន៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការធនាគារ។ ​លើសពីនេះទៅទៀត ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាន នូវការសន្យាហ៊ីប៉ូតែកលើផ្ទះត្រូវទិញ។ បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។

សំគាល់ៈ ​​ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ ត្រូវបានផ្តោតទៅលើបញ្ហាទម្រង់ ឬបញ្ហាភស្តុតាង និងទ្រឹស្តីទូទៅនៃកិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង ដែលបាន រៀននៅឆ្នាំទី១ ត្រូវបានសន្មតថា បានរៀនរួចហើយ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

សិទ្ធិមនុស្ស

បទពាក្យ ៨

ផ្កាក្រពុំ រីករោយ តាមរដូវ
តាមក្រមក្រឹត្យ តម្រូវ ពីធម្មជាតិ
មានក្លិនពណ៌ ចម្រុះ យ៉ាងព្រោងព្រាត
តាមសន្តាន ផៅញាតិ ដុះលើដី។

សត្វទាំងឡាយ ម្រឹគី និងម្រឹគា
មានបក្សា ជាគ្នា គូបក្សី
ឈ្លូសក្តាន់ប្រើស ទន្សោង ខ្លាដំរី
ក្នុងទឹកមច្ឆាត្រី មានជីវិត។

មនុស្សយើង គ្រប់រូប មានកំណើត
មាតាបានបង្កើត រូបយ៉ាងពិត
ប្រសូត្រពី ឧទរ មិនប្រឌិត
បាននាំមក នូវសិទ្ធិ គ្រប់អាត្មា។

សិទ្ធិស្រែកយំ ង៉ាៗ ទទួលខ្យល់
ពន្លឺត្រូវបានផ្តល់ ដល់រូបា
សិទ្ធិទារអឹម មឹមអេង ថ្នមជីវ៉ា
បៅសុដនមាតា នៅពេលឃ្លាន។

ដល់អាយុ ឈានចូល ប្រាំមួយឆ្នាំ
ឪពុកម្តាយត្រូវចាំ កុំបំពាន
យើងត្រូវនាំ កុមារ ឱ្យចូលរៀន
ព្រោះវិជ្ជាជាស្ពាន ផ្តល់ទ្រព្យា។

លុះដល់វ័យ ពេញរូប ដប់ប្រាំបី
ប្អូនៗទាំងប្រុសស្រី ពិតទាមទារ
អារម្មណ៍ប្លែក គេងគិត ប៉ងរកគ្នា
ចាប់ចូលដល់ វេលា រកស្នេហ៍ស្នង។

ចាប់ទំនាក់ ទាក់ទង ប្រតិព័ទ្ធ
បែរចែចង់ លូកមាត់ ចាប់សាសង
ហ៊ានប្រលែង កៀកកិត ហើយផ្តោះផ្តង
រឹតស្នាលស្និទ្ធ កន្លង ចងមេត្រី។

បងមានសិទ្ធិ លើអូន ជាភរិយា
អូនហៅបង ថាជា ប្តីស្វាមី
តាមអាពាហ៍ ពិពាហ៍ រៀបការស្រី
ជីវិតមាន  រស្មី  តរៀងទៅ។

ជីវិតពិត ក្រេបរស បឋមវ័យ
ផ្តេកផ្តិតស្និទ្ធ ប្រពៃ ស្នេហ៍ជ្រាលជ្រៅ
កល់ខ្នល់ខ្នើយ ប្រលោម ប្រលែងពៅ
មជ្ឈិមវ័យ  នែបនៅ មិនអឹមអៀន។

បច្ឆិមវ័យ ឈានចូល វ័យរោយរុះ
ធម្មជាតិ ផ្តើមជ្រុះ គិតសីលទាន
វ័យឈានចូល និវត្តន៍ ដែលជាស្ពាន
មិនបំពាន ប្រទាន ដោយច្បាប់រដ្ឋ ។

 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈpoetrysync.blogspot.com www.stephaniedaily.com www.adhoc-cambodia.org www.moorematt.org www.bobcrespo.com www.thunderclap.it pixhder.com

សំណួរមេរៀន នីតិកាតព្វកិច្ច

១.ដូចមេ្តចដែលហៅថាកិច្ចសន្យាឱឡារិក?ចូរផ្តល់ឧទាហរណ៍។

២.ដូចមេ្តចដែលហៅថាកិច្ចសន្យាប្រត្យក្ស(ភណ្ឌិក) ? ចូរផ្តល់ឧទាហរណ៍។

៣.ចូរអ្នកពន្យល់ពីគោលការណ៍ព្រមព្រៀងនិយម?

៤.ចូរអ្នកបកស្រាយពីគោលការណ៍នៃទ្រឹស្ដីស្វ័យភាពនៃឆន្ទៈ?

៥.នៅពេលប្រលង ប្រធានបទមួយស្តីពីសេរីភាពក្នុងការចុះកិច្ចសន្យា

តើអ្នកបកស្រាយពីចំណុចអ្វីខ្លះ?

៦.តើការកំណត់ខ្លឹមសារ អត្ថន័យនៃកិច្ចសន្យាមានចែងក្នុងមាត្រាណានៃអត្ថបទគតិយុត្ត :
ក. ខ្មែរ
ខ. បារាំង

៧.ចូរអ្នកសូត្រមាត្រាទាំងនេះ(មាត្រាទាក់ទងសំណួរទី៦)។